នៅពេលដែលកញ្ញា កឹម មនោវិទ្យា ដែលជាសកម្មជននយោបាយខ្មែរមួយរូប កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសស្វីស កាលពីខែកញ្ញាឆ្នាំមុន លោក កឹម សុខា ដែលជាឪពុករបស់កញ្ញាបានទូរស័ព្ទទៅកញ្ញា។ លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បានប្រាប់កូនស្រីរបស់លោកថា ភ្នាក់ងាររដ្ឋាភិបាលកំពុងវាយឆ្មក់ចូលក្នុងផ្ទះរបស់គ្រួសារលោកនៅក្នុងរាជធានីភ្នំពេញ។
កញ្ញា កឹម មនោវិទ្យា វ័យ ៣៦ ឆ្នាំ រូបនេះ បាននិយាយរៀបរាប់នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទីភ្នាក់ងារព័ត៌មាន AP ថា៖ «គាត់បានប្រាប់ខ្ញុំថា ពួកគេដាក់ខ្នោះដៃគាត់»។
អស់រយៈពេលជាច្រើនខែក្រោយមក ឪពុករបស់កញ្ញានៅតែជាប់នៅក្នុងពន្ធនាគារដដែល ដោយប្រឈមមុខនឹងការជាប់ទោសពីបទក្បត់ជាតិ ចំណែកឯកញ្ញាវិញ គឺកំពុងតែស្ថិតនៅក្នុងសហរដ្ឋអាមេរិក។
កញ្ញាបាននិយាយថា កញ្ញាមិនអាចត្រឡប់ទៅប្រទេសកម្ពុជាវិញនោះទេ ពីព្រោះកញ្ញាខ្លាចថា កញ្ញានឹងត្រូវគេចាប់ខ្លួនដែរ ដែលនេះជាផ្នែកមួយនៃការបង្ក្រាបរបស់រដ្ឋាភិបាលដែលបានរំលាយគណបក្សសង្គ្រោះជាតិ បំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងបង្ខំឲ្យអ្នកនយោបាយខ្មែរ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានរាប់រយនាក់ រស់នៅនិរទេសខ្លួននៅក្នុងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសថៃ និងប្រទេសផ្សេងៗទៀត។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ បានបង្កើនវិធានការជាច្រើនដើម្បីប្រឆាំងនឹងស្ថាប័នព័ត៌មាន និងអ្នកនយោបាយប្រឆាំង អស់រយៈពេលជាងពីរឆ្នាំកន្លងមក ខណៈដែលការបោះឆ្នោតថ្នាក់ជាតិដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនេះ កាន់តែខិតជិតចូលមកដល់។
លោក ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣ ទសវត្សរ៍មកហើយនោះ បានអះអាងកាលពីឆ្នាំមុនថា លោកនឹងប្តេជ្ញា «កម្ចាត់មនុស្ស ១ រយ ទៅ ២ រយនាក់» ដើម្បីការពារសន្តិសុខជាតិ និងបានផ្តល់យោបល់ឲ្យដៃគូប្រឆាំងរបស់លោកឲ្យ «ត្រៀមក្តារមឈូសឲ្យហើយទៅ»។
អ្នកនាំពាក្យគណបក្សកាន់អំណាច និងរដ្ឋាភិបាលមិនបានឆ្លើយសំណួររបស់ទីភ្នាក់ងារព័ត៌មាន AP ទាក់ទងនឹងបញ្ហានេះនោះទេ។
កាលពីខែកុម្ភៈ រដ្ឋាភិបាលបានផ្សព្វផ្សាយសៀវភៅមួយក្បាលកម្រាស់ ១៣២ ទំព័រ ដែលអះអាងថា «ប្រជាធិបតេយ្យពិតប្រាកដមិនត្រូវផ្លាស់ប្តូរនោះទេ... តែផ្ទុយទៅវិញ មានតែប្រជាធិបតេយ្យក្លែងក្លាយទេដែលត្រូវកម្ចាត់ចោល»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បាននិយាយថា «បរិយាកាសនៃសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយនៅកម្ពុជា» មានការ «ធ្លាក់ចុះយ៉ាងខ្លាំង» ចាប់តាំងពីដើមឆ្នាំ ២០១៧ មក។ អង្គការនេះបានបញ្ជាក់ថា របបដឹកនាំសព្វថ្ងៃនេះបានចាត់វិធានការ «ចាប់ខ្លួនតាមតែអំពើចិត្ត និងរំលោភបំពានផ្សេងៗទៀត» និងបានប្រឹងប្រែងដើម្បីបង្ហាញឲ្យឃើញថា ការរិះគន់ប្រឆាំងដោយអហិង្សាលើបញ្ហាអំពើពុករលួយ បញ្ហាសិទ្ធិដីធ្លី និងបញ្ហាផ្សេងៗទៀត គឺជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
កញ្ញា កឹម មនោវិទ្យា និងសមាជិកគណបក្សសង្គ្រោះជាតិផ្សេងទៀតដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស កំពុងតែធ្វើយ៉ាងណាឲ្យគណបក្សនេះនៅតែមានដំណើរការទៅមុខដដែល។ ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសដទៃទៀតឲ្យរឹតត្បិតលើការធ្វើដំណើររបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទៅក្រៅប្រទេស ប៉ុន្តែព្យាយាមបញ្ចៀសមិនឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាទូទៅណាមួយដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ។
ពួកគេក៏កំពុងតែអំពាវនាវឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតនៅក្នុងខែនេះផងដែរ ដោយពួកគេបានប្រើប្រាស់បណ្តាញសង្គមដើម្បីជំរុញឲ្យពលរដ្ឋខ្មែរចូលរួមនៅក្នុង «យុទ្ធនាការម្រាមដៃស្អាត»។ នៅក្នុងប្រទេសកម្ពុជា អ្នកបោះឆ្នោតត្រូវជ្រលក់ម្រាមដៃនៅក្នុងទឹកខ្មៅ បន្ទាប់ពីបានបោះឆ្នោតហើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានព្រមានថា ជនណាដែលជំរុញឲ្យមានការធ្វើពហិការការបោះឆ្នោត ឬរារាំងដល់ដំណើរការបោះឆ្នោត នឹងប្រឈមមុខនឹងបទល្មើសព្រហ្មទណ្ឌ។
ការឈឺចាប់ហួសនឹងថ្លែង
កញ្ញា កឹម មនោវិទ្យា និងអ្នកដទៃទៀតដែលកំពុងរស់នៅនិរទេសខ្លួនបានធ្វើដំណើរនៅទូទាំងសហរដ្ឋអាមេរិក និងទៅកាន់ទ្វីបអឺរ៉ុប ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសផ្សេងៗទៀតដើម្បីផ្សព្វផ្សាយសាររបស់ពួកគេ ជជែកជាមួយនឹងអ្នកការទូត អ្នកតំណាងរាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។
ខណៈដែលពួកគេកំពុងធ្វើការតស៊ូមតិពីក្រៅប្រទេសឲ្យមានការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជា អ្នកនយោបាយដែលរស់នៅនិរទេសខ្លួនទាំងនេះកំពុងមានអារម្មណ៍ថា បាត់បង់អ្វីម្យ៉ាង និងឃ្លាតឆ្ងាយពីគ្រួសារ។
លោក សៀ ភារម្យ ដែលជាសកម្មជនសិទ្ធិដីធ្លីម្នាក់ដែលបានភៀសខ្លួនទៅសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០១៧ ដោយបានទុកចោលភរិយា និងកូន ៣ នាក់របស់លោក អាយុពី ៥ ទៅ ១១ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បាននិយាយថា៖ «ខ្ញុំនឹកគ្រួសាររបស់ខ្ញុំ នឹកកូនៗរបស់ខ្ញុំ។ ការឈឺចាប់នេះ វាហួសនឹងថ្លែងទៅហើយ»។
កញ្ញា កឹម មនោវិទ្យា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា ការរស់នៅនិរទេសខ្លួនរបស់កញ្ញានៅក្រៅ ប្រទេសដូចនេះគឺជា «ការសាកល្បងលើភាពរឹងមាំ និងការតស៊ូ» របស់កញ្ញា។ កញ្ញាបានបន្ថែមថា៖ «ខ្ញុំស្ទើរតែក្លាយជាមនុស្សគ្មានផ្ទះសម្បែងរស់នៅទៅហើយ»។ កញ្ញាស្នាក់នៅជាមួយមិត្តភក្តិ ហើយកញ្ញាមិនប្រាកដថា ត្រូវទៅណានោះទេ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ កញ្ញាបានលើកឡើងថា «ខ្ញុំទៅកន្លែងណាដែលខ្ញុំអាចធ្វើការតស៊ូមតិបាន»។
ក្នុងរយៈពេលមួយខែក្រោយមក បន្ទាប់ពីឪពុករបស់កញ្ញាត្រូវបានចាប់ខ្លួន លោកស្រី មួរ សុខហួរ ដែលជាអនុប្រធានមួយរូបនៃគណបក្សសង្គ្រោះជាតិ បានទទួលព័ត៌មានសម្ងាត់ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ពីររូបថា លោកស្រីក៏អាចនឹងត្រូវគេចាប់ខ្លួនផងដែរ។
លោកស្រី មួរ សុខហួរ វ័យ ៦៤ ឆ្នាំរូបនេះ បាននិយាយថា លោកស្រីចង់នៅប្រទេសកម្ពុជា ប៉ុន្តែកូនៗរបស់លោកស្រីបញ្ចុះបញ្ចូលលោកស្រីឲ្យចាកចេញពីប្រទេសកម្ពុជា ហើយប្រឹងប្រែងធ្វើការពីប្រទេសដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
កាលពីចុងខែឧសភាកន្លងទៅនេះ លោកស្រី មួរ សុខហួរ និងកញ្ញា កឹម មនោវិទ្យា បានធ្វើដំណើរទៅកាន់ប្រទេសន័រវែសដើម្បីចូលរួមវេទិកាសេរីភាពអូស្លូ (Oslo Freedom Forum) ដែលជាវេទិកាប្រមូលផ្តុំទៅដោយអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសុន្ទរកថាមួយនៅក្នុងវេទិកានេះ លោកស្រី មួរ សុខហួរ បានជំរុញឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្ម «លើអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធទៅនឹងការគាបសង្កត់» នៅក្នុងប្រទេសកម្ពុជា។
លោកស្រីបាននិយាយថា៖ «បណ្ដាប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកមិនគួរទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខុសច្បាប់នោះទេ»។
សហរដ្ឋអាមេរិកបានបង្ហាញ «ក្តីបារម្ភយ៉ាងខ្លាំង» អំពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា និងបានចោទជាសំណួរថាតើការបោះឆ្នោតនៅថ្ងៃអាទិត្យទី ២៩ ខែកក្កដាខាងមុខនេះ អាចមានភាពសេរី និងយុត្តិធម៌ដែរឬទេ។
កាលពីខែមិនា សេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា ខ្លួនបានកាត់ថវិកាជំនួយសម្រាប់ជួយដល់រដ្ឋាភិបាលកម្ពុជាចំនួន ៨ លាន ៣ សែនដុល្លារអាមេរិក ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង «ដើម្បីធានាថា ពន្ធប្រាក់ចំណូលរបស់ពលរដ្ឋអាមេរិកាំងដែលបង់ជូនរដ្ឋាភិបាលអាមេរិក នឹងមិនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់សកម្មភាពប្រឆាំងលទ្ធិប្រជាធិបតេយ្យនោះទេ»។
បន្ថែមពីនេះទៀត សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្ម ហើយប្រទេសអាល្លឺម៉ង់ក៏បានរឹតត្បិតលើទិដ្ឋាការធ្វើដំណើរសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាផងដែរ។
ប្រទេសជប៉ុនបានបន្តផ្តល់ប្រាក់ជំនួយដើម្បីជួយគាំទ្រដល់ការបោះឆ្នោតនេះ។ ក្រុមមេដឹកនាំគណបក្សប្រឆាំងដែលរស់នៅនិរទេសខ្លួនបានអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនផ្តាច់ជំនួយនេះ។
អាជ្ញាធរកម្ពុជាបានអះអាងថា ក្រុមមេដឹកនាំគណបក្សប្រឆាំង សកម្មជនសហគមន៍ និងអ្នកកាសែតកំពុងធ្វើការជាមួយនឹងសហរដ្ឋអាមេរិក និង «បណ្ដាប្រទេសមហាអំណាច» ដទៃទៀត ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក ហ៊ុន សែន និងក្រុមមន្ត្រីរដ្ឋាភិបាលផ្សេងទៀតបានប្រើពាក្យ «បដិវត្តន៍ពណ៌» ដើម្បីពណ៌នាសកម្មភាពទាំងនេះ។
លោក ហ៊ុន សែន បានសរសេរនៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីឆ្នាំ ២០១៦ ថា កងកម្លាំងប្រដាប់អាវុធទាំងអស់គឺមានតួនាទីធានាយ៉ាងណាមិនឲ្យមានបដិវត្តន៍ពណ៌ណាមួយកើតឡើងនៅក្នុងប្រទេសកម្ពុជា។ បដិវត្តន៍ពណ៌បែបនោះនឹងប៉ះពាល់ដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ កងកម្លាំងប្រដាប់អាវុធត្រូវតែការពាររដ្ឋាភិបាលស្របច្បាប់។
សមត្ថកិច្ចរបស់រដ្ឋ
រដ្ឋាភិបាលកម្ពុជាបានលើកយកការរិះគន់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលហៅប្រព័ន្ធផ្សព្វផ្សាយខ្លះនៅក្នុងសហរដ្ឋអាមេរិកថាជា «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ» មកធ្វើជាមូលហេតុសម្រាប់ការត្រួតត្រាតឹងតែងជាងមុនរបស់ខ្លួនលើវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថានៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ក្រោយមក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងមក ថា៖ «លោកប្រធានាធិបតី ដូណាល់ ត្រាំ គិតថា សេចក្ដីរាយការណ៍របស់ស្ថាប័នទាំងនោះមិនបានឆ្លុះបញ្ចាំងពីការពិតនោះទេ ដែលនេះគឺជាការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ។ នេះមានន័យថា សេរីភាពនៃការបញ្ចេញមតិត្រូវតែគោរពតាមច្បាប់ និងសមត្ថកិច្ចរបស់រដ្ឋ»។
កាលពីខែកញ្ញា ឆ្នាំមុន សារព័ត៌មាន Cambodian Daily ដែលជាសារព័ត៌មានផ្សាយជាភាសាអង់គ្លេសដែលល្បីឈ្មោះដោយសារការរាយការណ៍មិនដកថយលើបញ្ហាអំពើពុករលួយ និងការរំលោភបំពានអំណាចផ្សេងៗ បានប្រកាសថា ខ្លួនត្រូវបានគេបង្ខំឲ្យបិទទ្វារ ដោយសារតែលទ្ធផលដែលបណ្ដាលមកពី «ការគំរាមកំហែងផ្លូវច្បាប់ហួសហេតុ» និងបញ្ជីបង់ប្រាក់ពន្ធដារក្លែងក្លាយដែលធ្វើឡើងដោយរដ្ឋាភិបាល។
ទំព័រមុខចុងក្រោយបំផុតរបស់សារព័ត៌មាននេះរួមមានព័ត៌មានដែលមានចំណងជើងថា «ការធ្លាក់ចូលទៅក្នុងរបបផ្ដាច់ការទាំងស្រុង» និងព័ត៌មានស្តីអំពីលោក កឹម សុខា ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ លោក ហ៊ុន សែន បានហៅលោក កឹម សុខា ជាសាធារណៈថាជា «អាយ៉ងបរទេស»។
កាលពីខែឧសភាកន្លងទៅនេះ កាសែតភ្នំពេញប៉ុស្តិ៍ ដែលត្រូវបានគេចាត់ទុកថាជាកាសែតឯករាជ្យដែលនៅសល់ចុងក្រោយនៅក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកជំនួញម្នាក់ទិញ ដែលអ្នកជំនួញរូបនោះធ្លាប់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយដែលធ្លាប់បានធ្វើការឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ ក្រោយពីកាសែតនេះត្រូវបានលក់មក អ្នកសារព័ត៌មានល្បីៗមួយចំនួនដែលធ្វើការឲ្យកាសែតនេះត្រូវបានបណ្ដេញចេញ ឬលាលែងពីការងារ។
រដ្ឋាភិបាលក៏បានបិទស្ថានីយវិទ្យុប្រមាណ ២០ ស្ថានីយ និងបានចាប់ខ្លួនអតីតអ្នករាយការណ៍ព័ត៌មានពីររូបដែលបម្រើការឲ្យវិទ្យុអាស៊ីសេរី ដែលជាវិទ្យុឧបត្ថម្ភដោយសហរដ្ឋអាមេរិក។ លោក អួន ឈិន និងលោក យៀង សុធារិន ដែលជាអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីនេះ ដំបូងត្រូវបានចោទប្រកាន់ពីបទបើកដំណើរការ «ស្ទូឌីយោខារ៉ាអូខេមិនមានអាជ្ញាប័ណ្ណ» ប៉ុន្តែក្រោយមកត្រូវបានចោទប្រកាន់ពីបទផ្ដល់ «ព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិទៅឲ្យរដ្ឋបរទេស»។
បញ្ហាទាំងនេះជាបញ្ហាថ្មីៗបំផុតនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ សង្គ្រាមស៊ីវិល និងការគាបសង្កត់ផ្សេងៗអស់រយៈពេលជាងកន្លះសតវត្សកន្លងមក។
ពលរដ្ឋខ្មែរជិត ២ លាននាក់បានស្លាប់នៅក្នុងរបប «វាលពិឃាត» របស់ពួកខ្មែរក្រហម ដែលជារបបកុម្មុយនិស្តមួយដែលបានគ្រប់គ្រងប្រទេសកម្ពុជាចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ លោក ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងឆ្នាំ ១៩៨៥ ប៉ុន្តែអំពើហិង្សារវាងក្រុមបដិបក្ខផ្សេងៗនៅតែបន្តរហូតដល់ពេលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ ១៩៩១។
ក្នុងរយៈពេលមួយទសវត្សរ៍ ឬជាងមួយទសវត្សរ៍កន្លងមកនេះ ការតវ៉ារបស់ពលរដ្ឋមានការកើនឡើង ដោយសារបញ្ហាសិទ្ធិដីធ្លី ការកាប់ព្រៃឈើដ៏រង្គាល និងលក្ខខណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរ។
ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនមេដឹកនាំការតវ៉ាមួយចំនួន និងបានកាត់ទោសមនុស្សមួយចំនួននៅក្នុងនីតិវិធីតុលាការ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានបញ្ជាក់ថាជានីតិវិធី «មិនស្របទៅតាមស្តង់ដារ សូម្បីតែស្តង់ដារដែលជាគោលការណ៍មូលដ្ឋានសម្រាប់សវនាការយុត្តិធម៌ក៏ដោយ»។
លោក សៀ ភារម្យ ដែលជាសកម្មជនសិទ្ធិដីធ្លីម្នាក់បាននិយាយថា «អ្នកមានអំណាច និងអ្នកមានប្រាក់» ទទួលបានប្រយោជន៍ពីការអភិវឌ្ឍ និងការរឹបអូសដីធ្លី ខណៈដែលអ្នកក្រទទួលបានសំណងតិចតួចសម្រាប់ការបាត់បង់ដីធ្លីរបស់ពួកគេ។
លោកបាននិយាយថា៖ «រដ្ឋាភិបាល និងក្រុមហ៊ុនទាំងនោះកំពុងធ្វើជំនួញជាមួយគ្នា។ នៅពេលអ្នកឭថា កន្លែងណាមួយមានការអភិវឌ្ឍ ទីនោះនឹងមានទឹកភ្នែក និងការរងទុក្ខវេទនា»។
សត្វខ្លា និងពស់
អ្នកតាមដានស្ថានការណ៍មួយចំនួនបានតាមដានលើការបង្កើនសកម្មភាពប្រឹងប្រែងរបស់របបដឹកនាំរបស់លោក ហ៊ុន សែន នៅក្នុងការរារាំងមិនឲ្យមានការប្រឆាំងពាក់ព័ន្ធនឹងការស្លាប់របស់លោក កែម ឡី ដែលជាអ្នកអត្ថាធិប្បាយនយោបាយមួយរូប និងជាអ្នករិះគន់លើរបបដឹកនាំសព្វថ្ងៃនេះ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៦ គឺក្នុងរយៈពេលពីរថ្ងៃក្រោយមក បន្ទាប់ពីលោកបាននិយាយនៅតាមវិទ្យុអំពីរបាយការណ៍មួយដែលចេញផ្សាយដោយអង្គការ Global Witness ដែលវិភាគទៅលើទ្រព្យសម្បត្តិដែលក្រុមគ្រួសាររបស់លោក ហ៊ុន សែន បានកាន់កាប់។
ការស្លាប់របស់លោកកែម ឡី ត្រូវបានមនុស្សភាគច្រើនយល់ថាជាឃាតកម្មដែលមានលក្ខណៈនយោបាយ។ មនុស្សរាប់ម៉ឺននាក់បានចូលរួមនៅក្នុងការដង្ហែសពរបស់លោកនៅតាមដងផ្លូវ។ អ្នកនយោបាយខាងគណបក្សប្រឆាំងជឿថា ការចូលរួមរបស់ពលរដ្ឋក្នុងចំនួនដ៏ច្រើនបែបនេះធ្វើឲ្យរដ្ឋាភិបាលមានការភ្ញាក់ផ្អើល។
អ្នកស្រី ប៊ូ រចនា ដែលជាភរិយារបស់លោក កែម ឡី មិនដែលបានប្រឡូកនៅក្នុងឆាកនយោបាយនោះទេ ប៉ុន្តែចាប់តាំងពីពេលដែលស្វាមីរបស់អ្នកស្រីបានស្លាប់មក អ្នកស្រីបានចាប់ផ្តើមនិយាយអំពីជំងឺសង្គម និងជំងឺនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានចាកចេញពីប្រទេសកម្ពុជា និងទទួលបានសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលីនៅដើមឆ្នាំនេះ។
លោកស្រីបានប្រាប់សារព័ត៌មាន AP ថា៖ «ខ្ញុំមិនអាចរស់នៅក្នុងប្រទេសដែលពោរពេញទៅដោយសត្វខ្លា និងសត្វពស់នោះទេ»។
អ្នករស់នៅនិរទេសខ្លួនខ្លះជឿថា លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០១៧ បានបង្កើនការភ័យខ្លាចបន្ថែមទៀតនៅក្នុងជួរគណបក្សកាន់អំណាច ដែលធ្វើឲ្យគណបក្សនេះភ័យខ្លាចថា ខ្លួនកំពុងប្រឈមនឹងគ្រោះថ្នាក់បាត់បង់អំណាចរបស់ខ្លួន។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់នេះ គណបក្សសង្គ្រោះជាតិបានឈ្នះអាសនៈជិត ៤៤ ភាគរយ ចំណែកឯគណបក្សកាន់អំណាចវិញ បានឈ្នះអាសនៈតិចជាង ៥១ ភាគរយ។
បីខែក្រោយមក បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ បានបញ្ចប់ទៅ រដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខា។ បន្ទាប់មក ពីរខែក្រោយមកទៀត តុលាការកំពូលបានសម្រេចតាមការទាមទាររបស់រដ្ឋាភិបាលនៅក្នុងការរំលាយគណបក្សសង្គ្រោះជាតិ។ សាលដីការបស់តុលាការកំពូលក៏បានហាមឃាត់មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាង ១ រយនាក់មិនឲ្យធ្វើសកម្មភាពនយោបាយក្នុងរយៈពេល ៥ ឆ្នាំ។
កញ្ញា កឹម មនោវិទ្យា បាននិយាយថា៖ «យើងបានបាត់បង់អ្វីៗទាំងអស់។ យើងមិនមានគណបក្សទៀតទេ។ ប្រទេសយើងកំពុងស្ថិតនៅក្នុងភាពងងឹត»។
កញ្ញាបានចំណាយពេលភាគច្រើនរបស់កញ្ញានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន តាំងពីឪពុករបស់កញ្ញាត្រូវបានគេចាប់ខ្លួនមក។ កញ្ញាបាននិយាយថា កញ្ញាយំនៅពេលអ្នកនិរទេសខ្លួនដទៃទៀតសួរកញ្ញាអំពីលោក កឹម សុខា។
កញ្ញាបានប្រឡូកនៅក្នុងសកម្មភាពនយោបាយកាលពីឆ្នាំ ១៩៩៣ នៅពេលដែលកញ្ញាមានវ័យជំទង់ គឺនៅក្នុងពេលបោះឆ្នោតថ្នាក់ជាតិលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ កញ្ញាបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាមួយនឹងឪពុករបស់កញ្ញា ដែលកាលនោះបានឈ្នះមួយអាសនៈនៅក្នុងរដ្ឋសភា។ កញ្ញាបាននិយាយទៅកាន់អ្នកបោះឆ្នោតដោយផ្ទាល់ និងបានចែកចាយខិត្តប័ណ្ណដែលបង្ហាញពីគោលនយោបាយគណបក្សរបស់ឪពុកកញ្ញា។
កញ្ញាបានរំឭកថា៖ «យើងទាំងអស់គ្នាយល់ថា នេះជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវល្អៗជាច្រើនដែលនឹងកើតឡើង។ មនុស្សគ្រប់គ្នាជឿជាក់ទៅលើដំណើរការបោះឆ្នោតនេះ ដោយសារតែការបោះឆ្នោតនេះត្រូវបានរៀបចំឡើងដោយអង្គការសហប្រជាជាតិ»។
នៅពេលនោះ គណបក្សហ៊្វុនស៊ីនប៉ិចរបស់សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ដែលជាគូប្រជែងនយោបាយរបស់លោក ហ៊ុន សែន បានឈ្នះការបោះឆ្នោត ប៉ុន្តែលោក ហ៊ុន សែន មិនព្រមលះបង់អំណាចនោះទេ។ លោក ហ៊ុន សែន និងសម្ដេចក្រុមព្រះបានយល់ព្រមចែកអំណាចគ្នា ប៉ុន្តែលោក ហ៊ុន សែន បានដណ្ដើមអំណាចពេញលេញមកកាន់កាប់វិញ ដោយការធ្វើរដ្ឋប្រហារយោធាមួយនៅក្នុងឆ្នាំ១៩៩៧។
ក្រោយមក កញ្ញា កឹម មនោវិទ្យា បានធ្វើការឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សនានានៅក្នុងប្រទេសកម្ពុជា និងនៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារពិភពលោកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០០៦។ នៅពេលនោះ កញ្ញាកំពុងតែជិះនៅលើយន្តហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីនាំប្អូនស្រីរបស់កញ្ញាទៅរៀននៅសាកលវិទ្យាល័យ។ កញ្ញាបានដឹកនាំកិច្ចប្រឹងប្រែងមួយដែលជំរុញឲ្យមានការដោះលែងឪពុករបស់កញ្ញា និងអ្នកទោសនយោបាយផ្សេងៗទៀត។
កញ្ញានិយាយថា នៅពេលដែលលោក កឹម សុខា ត្រូវបានចាប់ខ្លួនជាលើកដំបូង គេអនុញ្ញាតឲ្យមានអ្នកទៅសួរសុខទុក្ខគាត់បាន។ កញ្ញាបានបន្ថែមថា នៅពេលនោះ ឥទ្ធិពលពីសហរដ្ឋអាមេរិក និងពីម្ចាស់ជំនួយនៃបណ្ដាបស្ចិមប្រទេសផ្សេងៗទៀត បានជួយបន្ទន់ជំហររបស់រដ្ឋាភិបាលប្រឆាំងនឹងអ្នករិះគន់។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ដោយសារតែចិនបានបង្កើនការវិនិយោគ និងឥទ្ធិពលរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាមិនសូវព្រួយបារម្ភពីមតិរបស់អន្តរជាតិនោះទេ។
កញ្ញាបានបន្ថែមថា នៅពេលនេះ គ្មាននរណាម្នាក់ត្រូវបានគេអនុញ្ញាតឲ្យចូលទៅសូរសុខទុក្ខលោក កឹម សុខា នៅក្នុងពន្ធនាគារនោះទេ។ កញ្ញាមានការបារម្ភ ដោយសារតែឪពុកកញ្ញា ដែលមានវ័យ៦៥ ឆ្នាំហើយនោះ មានបញ្ហាសុខភាព ដែលអាចកាន់តែយ៉ាប់យ៉ឺនឡើងដោយសារតែការឃុំឃាំងនេះ។
កញ្ញាមិនដឹងថា នៅពេលណាកញ្ញានឹងអាចជួបឪពុករបស់កញ្ញា ឬក៏អាចត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនោះទេ។ ប៉ុន្តែកញ្ញាបាននិយាយថា កញ្ញានឹងស្វែងរកមធ្យោបាយ។
កញ្ញាបាននិយាយថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅប្រទេសកម្ពុជាវិញ ហើយខ្ញុំនឹងមិនលះបង់ការតស៊ូនោះទេ។ ប្រទេសកម្ពុជាជាប្រទេសរបស់យើង។ យើងមិនអាចអនុញ្ញាតឲ្យក្រុមមនុស្សមួយក្ដាប់តូចទាត់យើងចេញពីប្រទេសរហូតនោះទេ»៕
ប្រែសម្រួលដោយ លោក ប៊ុន ប៉េងហ៊ុយ