អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Amnesty International) នៅថ្ងៃពុធនេះ បានស្នើឲ្យរដ្ឋាភិបាល និងក្រុមគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ រកដំណោះស្រាយដល់ការរំលោភបំពានសិទ្ធិមនុស្សនានា និងឲ្យតាំងចិត្តក្នុងការធានាថា កាតព្វកិច្ចរបស់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្សអន្តរជាតិជាចំណុចសំខាន់បំផុតមួយ ទាំងក្នុងពេលធ្វើយុទ្ធនាការ និងក្រោយអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ អង្គការនេះក៏បានស្នើឲ្យអាជ្ញាធរគោរព ការពារ និងលើកកម្ពស់សិទ្ធិនានា ដែលក្នុងនោះមានសិទ្ធិបញ្ចេញមតិទាំងក្នុងទីសាធារណៈ និងតាមបណ្តាញសង្គម។ នេះបើយោងតាមសេចក្តីប្រកាសបន្ទាន់មួយរបស់អង្គការលើកលែងទោសអន្តរជាតិដែល VOA ទទួលបាន។
ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតសភាសម្រាប់នីតិកាលទីប្រាំមួយនេះ មានគណបក្សនយោបាយធំមួយគឺគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេស ត្រូវបានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មើលឃើញថា ឈ្នះការបោះឆ្នោតរួចទៅហើយ ដោយសារអវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងដែលទទួលបានសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតនឹងគណបក្សគ្រប់គ្រងប្រទេស ក្នុងបោះឆ្នោតជាតិ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីរដងចុងក្រោយកន្លងមក។ ក្រៅពីបក្សគ្រប់គ្រងប្រទេសមានគណបក្សនយោបាយ១៩ផ្សេងទៀត ដែលមួយចំនួនមិនសូវមានគេដឹងឮ និងមិនសូវមានគេស្គាល់ ឬទើបត្រូវបានបង្កើតឡើងប៉ុន្មានសប្តាហ៍មុនយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមកាលពីដើមខែកក្កដានេះ។
យុទ្ធនាការឃោសនាបោះឆ្នោតនេះត្រូវគេមើលឃើញថា បានកើតមានឡើង ក្រោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើឲ្យមានការកែប្រែច្បាប់ជាច្រើន ដែលនាំទៅដល់ការរំលាយចោលគណបក្សប្រឆាំង និងការរឹតបន្តឹងកាន់តែខ្លាំងឡើងលើសេរីភាពបញ្ចេញមតិ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីបញ្ចេញទស្សនៈ យោបល់អំពីសង្គម និងនយោបាយ។
សេចក្តីប្រកាសរបស់អ្នកស្រី Clare Algar នាយិកាប្រតិបត្តិការសកលរបស់អង្គការAmnesty International ដែល VOA បានទទួលនៅថ្ងៃពុធនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្ម និងលុបចោលច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីបញ្ជាក់ថា ការរឹតបន្តឹងទាំងឡាយទៅលើសេរីភាពនៃការប្រមូលផ្តុំ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់សិទ្ធិមនុស្ស និងបទដ្ឋានស្តីពីសេរីភាពនៃការជួបជុំដោយសន្តិវិធី ក្នុងនោះមានមាត្រា២១នៃកតិកាស្តីពីសិទ្ធិស៊ីវិល និងនយោបាយ (ICCPR) ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ។
អង្គការលើកលែងទោសអន្តរជាតិបានអះអាងក្នុងសេចក្តីប្រកាសរបស់ខ្លួនតាមន័យដើមថា៖
«រដ្ឋាភិបាលបានគំរាមកំហែងចាត់វិធានការប្រឆាំងអ្នកទាំងឡាយណា ដែលអំពាវនាវ ញុះញង់ និងរារាំងពលរដ្ឋមិនឲ្យបោះឆ្នោត ក្រោយពីគណបក្សប្រឆាំងដែលត្រូវបានរំលាយបានអំពាវនាវឲ្យធ្វើពហិការការបោះឆ្នោត ដែលគណបក្សកាន់អំណាចអះអាងថា ជាការញុះញង់ដើម្បីធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោត។ ជាងនេះទៅទៀត ទោះបីសេរីភាពនៃការជួបជុំដោយសន្តិវិធីត្រូវបានធានាដោយរដ្ឋធម្មនុញ្ញយ៉ាងណាក្តី ក៏សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដែលចូលរួមក្នុងការជួបជុំដោយសន្តិវិធីនោះ បានប្រឈមនឹងការធ្វើកិច្ចអន្តរាគមន៍ ការចាប់ខ្លួន និងអំពើហិង្សាពីប៉ូលិស និងក្រុមអាជ្ញាធរដែលមិនស្ថិតក្រោមច្បាប់ផ្សេងទៀត»។
សេចក្តីប្រកាសរបស់អង្គការ Amnesty International ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានស្នើឲ្យបង្កើតបទប្បញ្ញត្តិ និងចេញនូវបទប្បញ្ញត្តិលម្អិតដែលកំពុងអនុវត្ត ដើម្បីរៀបចំក្រមប្រតិបត្តិនៃការប្រើប្រាស់កម្លាំង ដោយឲ្យអ្នកអនុវត្តច្បាប់អនុលោមតាមគោលការណ៍មូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់កម្លាំង និងកាំភ្លើងដោយមន្ត្រីអនុវត្តន៍ច្បាប់ និងបទដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត។
អង្គការ Amnesty International បានស្នើឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយបញ្ចប់ការគាបសង្កត់ប្រតិបត្តិការ និងចលនាសកម្មនិយមរបស់អង្គការក្រៅរដ្ឋាភិបាល ហើយធ្វើវិសោធនកម្ម ឬក៏លុបចោលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា (LANGO) ដោយអនុលោមទៅតាមកាតព្វកិច្ចខាងសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា ប្រកបដោយការបើកទូលាយជាសាធារណៈ មានតម្លាភាព និងមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល និងសាធារណជន។ ស្រដៀងគ្នានេះដែរ រដ្ឋាភិបាល និងគណបក្សនយោបាយ ត្រូវធ្វើវិសោធនកម្ម ឬក៏លុបចោលច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីសហជីព ដើម្បីធ្វើឲ្យច្បាប់ទាំងនោះស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ការងារ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ប្រតិកម្មតបទៅនឹងការរិះគន់ និងការផ្តល់អនុសាសន៍ទាំងអម្បាលម៉ានរបស់អង្គការ Amnesty International ដោយលើកឡើងថា កម្ពុជាមិនបានរឹតត្បិតសិទ្ធិពលរដ្ឋនោះឡើយ ហើយចោទថា អង្គការនេះមិនយល់ពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ដោយហេតុតែបានស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា តាមតែរបាយការណ៍ប៉ុណ្ណោះ។
«រាជរដ្ឋាភិបាលមានតែការគិតគូរលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យលោកទៅបំពេញករណីកិច្ច និងកាតព្វកិច្ចរបស់ពលរដ្ឋនៅក្នុងការបោះឆ្នោត»។
លោកបានបន្ថែមថា៖
«ការព្រួយបារម្ភរបស់គាត់ហ្នឹង វាគ្រាន់តែជាការសម្តែងមតិមួយ ដែលចង់ឲ្យគេមើលឃើញពីខាងក្រៅមកថា សភាពការណ៍កម្ពុជា វាមិនល្អ បាទ»។
លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលស្គាល់ថា មានការរឹតត្បិតសិទ្ធិពលរដ្ឋ ហើយលំហប្រជាធិបតេយ្យក៏បានរួញតូច នៅពេលមានការគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល មានការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្ស ហើយស្ថានភាពសិទ្ធិសេរីភាពពលរដ្ឋបានធ្លាក់កាន់តែយ៉ាប់យ៉ឺនទៅ ក្រោយការរំលាយគណបក្សប្រឆាំង។ លោកថា គណបក្សនយោបាយ និងសង្គមស៊ីវិលផ្សេងទៀត មានតួនាទីចម្បងក្នុងការស្តារឡើងវិញនៃស្ថានភាពអាក្រក់នេះ។
«យើងស្វាគមន៍ចំពោះការព្រួយបារម្ភ ហើយនឹងការលើកឡើងរបស់គាត់ហ្នឹង ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់យើងហ្នឹងគឺយើងតស៊ូប្រយុទ្ធហ្នឹង គឺដើម្បីមួយចំណែក ធ្វើការលើកស្ទួយសិទ្ធិមនុស្សឡើងវិញ លើកស្ទួយសេរីភាពបញ្ចេញមតិ ជាពិសេសសេរីភាព ក្នុងការចូលរួមក្នុងវិស័យនយោបាយហ្នឹងហើយ»។
អង្គការ Amnesty International ដែលជាចលនាសកលប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងនយោបាយ បានស្នើឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយកម្ពុជាដែលនៅសេសសល់សម្រាប់ចូលរួមបោះឆ្នោតជាតិខាងមុខនេះ គោរពសិទ្ធិបញ្ចេញមតិ ដោយរាប់បញ្ចូលការបញ្ចេញមតិលើបណ្តាញសង្គម គោរពឯករាជ្យភាពរបស់តុលាការ និងបញ្ឈប់ការប្រើប្រាស់ការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំងដែលតវ៉ាដោយសន្តិវិធី និងធានាឲ្យមានការដោះលែងជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌចំពោះអ្នកទាំងឡាយដែលត្រូវបានចាប់ខ្លួន ក្នុងនោះមានអតីតអ្នកកាសែតរបស់វិទ្យុអាសេរីពីរនាក់ គឺលោក អួន ឈិន និងលោក យៀង សុធារិន និងសកម្មជនសិទ្ធិដីធ្លីគឺអ្នកស្រីទេព វន្នី ដោយសារតែពួកគេបានអនុវត្តសិទ្ធិមនុស្សដោយសន្តិវិធី។
ប៉ុន្តែលោកសុខ ឥសាន ថ្លែងថា ការដោះលែងអ្នកជាប់ពន្ធនាគារទាំងអស់នោះនឹងក្លាយជាការកសាងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។ លោកអះអាងថា មានតែការតស៊ូខាងច្បាប់ទេ ទើបអាចធ្វើឲ្យអ្នកទាំងនោះទទួលបានសេរីភាពឡើងវិញ។
«បញ្ហាសំខាន់គឺអ្នកណាដែលប្រព្រឹត្តលើ្មសច្បាប់ អ្នកនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ស្របទៅតាមគោលការណ៍ដែលយើងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ អីចឹង ខ្ញុំយល់ថា បើសិនណាជាភ្នាក់ងារអាស៊ីសេរីហ្នឹង គាត់ត្រឹមត្រូវ គាត់មិនមានជាប់ពិរុទ្ធភាពទេ ខ្ញុំយល់ថា វាអត់មានបញ្ហាអីទេ»។
លោកសាម អ៊ីន មិនយល់ស្របនឹងការអធិប្បាយរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចទេ។ លោកថា ប្រសិនបើគណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់បានដឹកនាំប្រទេសនោះ នោះសិទ្ធិ និងសេរីភាពសព្វបែបយ៉ាង ដែលបានបាត់បង់ទៅក្នុងរដ្ឋាភិបាលចាស់នឹងបានវិលមកវិញសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូប។
លោកមានប្រសាសន៍ថា៖
«ហើយបើសិនយើងមានឱកាសឈ្នះឆ្នោត ទៅដឹកនាំរដ្ឋាភិបាលតែម្តង អាហ្នឹងវាងាយស្រួលទេ។ យើងនឹងផ្តល់សិទ្ធិសេរីភាពពេញលេញទៅឲ្យអ្នកទោសនយោបាយទាំងអស់ រួមមានលោកកឹម សុខា លោកមាជ សុវណ្ណារ៉ា អ្នកទោសមនសិការផ្សេងទៀត សកម្មជនដីធ្លីគឺអ្នកស្រីទេព វន្នីអីជាដើមហ្នឹង គឺដោះលែងឲ្យគាត់មានសិទ្ធិសេរីភាពឡើងវិញ»។
លោកបានបន្ថែមថា សិទ្ធិពេញលេញផ្នែកនយោបាយក៏នឹងត្រូវបានផ្តល់ជូនទៅអតីតសមាជិកគណបក្សសង្គ្រោះជាតិ១១៨នាក់ឡើងវិញផងដែរ ប្រសិនបើគណបក្សលោកបានដឹកនាំរដ្ឋាភិបាល។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត ដែលបានឃ្លាំមើលការរៀបចំការបោះឆ្នោតជាតិលើកទីប្រាំមួយនេះដែលមិនមានគណបក្សដែលអាចប្រជែងនឹងគណបក្សប្រជាជនកម្ពុជានោះ ក៏បានផ្តើមកិច្ចពិភាក្សាអំពីការបោះឆ្នោតដ៏ចម្រូងចម្រាសនេះផងដែរ។
ក្នុងវេទិកាពិភាក្សាមួយស្តីពីការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី បានថ្លែងថា ប្រទេសប្រជាធិបតេយ្យជាច្រើនរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដកការគាំទ្ររបស់ខ្លួនពីការបោះឆ្នោតនាចុងខែកក្កដានេះ។ លោកថា ការបោះឆ្នោតលើកនេះនឹងមិនតំណាងឲ្យការអនុវត្តសិទ្ធិនយោបាយតាមប្រព័ន្ធប្រជាធិបតេយ្យនោះទេ តែជាការធ្វើពិធីបុណ្យសពចុងក្រោយឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៅវិញ។
ក្នុងវីដេអូមួយដែលបង្ហោះបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោកនិយាយថា៖
«ដូច្នេះអ្នកទាំងឡាយដែលទៅតាមដានអ្វីដែលនឹងកើតឡើងនៅក្នុងការបោះឆ្នោតនៅប្រទេសកម្ពុជានោះ នឹងបានឃើញនូវអ្វីដែលមិនមែនជាការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះឡើយ តែវានឹងជាការធ្វើពិធីបុណ្យសពចុងក្រោយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលបានប្រសូតិឡើងជាមួយការសន្យា និងក្តីរំភើបជាង២៥ឆ្នាំកន្លងមក ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
លោក Phil Robertson បាននិយាយបន្តថា នៅមុនការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដានេះ គណបក្សកាន់អំណាចបានរំលាយចោលគណបក្សប្រឆាំង ដែលគណបក្សកាន់អំណាចយល់ថា មានបំណងធ្វើបដិវត្តន៍ពណ៌ ដោយមានអ្នកគាំទ្រជាជនបរទេសដ៏អាថ៌កំបាំង ហើយក៏មានការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចជាកាសែត The Cambodia Daily និងបិទហ្វ្រេកង់ផ្សាយបន្តព័ត៌មានពីវិទ្យុឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពោលគឺសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។
លោកបានបន្ថែមថា មានការដាក់ពង្រាយមេដឹកនាំយោធាឲ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងការដាក់ពង្រាយអ្នកសង្កេតការណ៍ចេញពីសហព័ន្ធយុវជនដែលដឹកនាំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកហ៊ុន ម៉ានី។ លោក Phil Robertson បានលើកឡើងអំពីការគំរាមកំហែងផ្សេងទៀតទៅលើការធ្វើយុទ្ធនាការរបស់ក្រុមប្រឆាំង ដែលទាមទារឲ្យប្រជាពលរដ្ឋមានម្រាមដៃស្អាតប្រឆាំងនឹងការបោះឆ្នោត។ លោកជឿថា ទាំងអស់នេះនាំឲ្យការបោះឆ្នោតខាងមុខនេះមិនមែនជាការបោះឆ្នោតពិតប្រាកដនោះឡើយ។
«ដូច្នេះ ទីបំផុតទៅ យើងនឹងមិនឃើញការបោះឆ្នោតដែលជាការបោះឆ្នោតពិតប្រាកដនោះទេ។ យើងនឹងមិនឃើញការបោះឆ្នោត ដែលលទ្ធផលរបស់វាបានមកពីការអនុវត្តលទ្ធិប្រជាធិបតេយ្យទេ តែយើងនឹងឃើញអ្វីផ្សេង»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មិនយល់ស្របនឹងការថ្លែងរបស់ក្រុមអ្នកសង្កេតការណ៍នានាឡើយ ហើយថា មានតែប្រជាពលរដ្ឋខ្មែរទេ ដែលនឹងសម្រេចជោគវាសនានៃប្រទេសជាតិខ្លួននោះ។ លោកមានប្រសាសន៍ថា អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានដកហូតមិនឲ្យមេដឹកនាំខ្មែរក្រហមប៉ុល ពតកាន់កាប់ និងទុកឲ្យទំនេរចោល១១ឆ្នាំ តែកម្ពុជានៅតែបន្តដំណើររបស់ខ្លួនបានមកទល់ពេលបច្ចុប្បន្ននេះ។
«ប្រជាពលរដ្ឋទទួលខុសត្រូវលើជោគវាសនា។ ប្រជាពលរដ្ឋទទួលខុសត្រូវលើជីវភាពរបស់ខ្លួនបានន័យថា ១១ឆ្នាំ ក្រោយពីអាសនៈ [កម្ពុជានៅអង្គការសហប្រជាជាតិ]ដកមិនឲ្យប៉ុល ពតកាន់កាប់ ហើយទុកអាសនៈឲ្យនៅទំនេរហ្នឹង ប្រជាពលរដ្ឋកម្ពុជាគឺបានបន្តការរស់រានមានជីវិត ដោយខ្លួនឯង បាទ។ អីចឹងមតិរបស់អន្តរជាតិ មិនមែនលើកទីមួយទេ ចេះតែអីចេះអីចុះណា៎»។
អង្គការ Amnesty International បានប្រកាសលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃពុធនេះថា៖
«ការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនេះនៅព្រះរាជាណាចក្រកម្ពុជា។ យើងសុំយកឱកាសនេះដើម្បីធ្វើការរំឭកដល់រដ្ឋាភិបាលថា រដ្ឋាភិបាលត្រូវតែការពារសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជានៅក្នុងអំឡុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុតគឺសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចអំពីផលវិបាកនៃការបញ្ចេញមតិរបស់ខ្លួន»៕