នៅពេលលោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បន្តព្រមានគាបសង្កត់បន្ថែមទៀតតាមផ្លូវតុលាការលើក្រុមគណបក្សប្រឆាំងដែលត្រូវបានគេផាត់ចេញពីការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨នោះ លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនេះបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញសា្តរស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាជាបន្ទាន់។
លោកសម រង្ស៊ីអះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកហ៊ុន សែនកំពុងប្រឈមមុខការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកសម រង្ស៊ី ស្ថាបនិកគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលតាមសំណើរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧នោះ បានស្រង់យកចំណុចសំខាន់ៗចេញពីអត្ថបទបញ្ចេញមតិរបស់លោកចេញផ្សាយដោយកាសែត Asia Times មកអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៩នេះថា៖
«រដ្ឋាភិបាលហ៊ុន សែនសព្វថ្ងៃជារដ្ឋាភិបាលខុសច្បាប់ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយក្នុងខែកក្កដា២០១៨។ ការបោះឆ្នោតក្លែងក្លាយនេះបានទាញ ប្រទេសកម្ពុជាថយក្រោយ ឲ្យវិលត្រឡប់ទៅរកប្រព័ន្ធបក្សតែមួយ ដូចពេលមុនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១»។
លោកសម រង្ស៊ីបានចោទលោកហ៊ុន សែនថា ជាមេដឹកនាំខុសច្បាប់ ដែលបានប្លន់អំណាចពីប្រជារាស្ត្រខ្មែរ។
ផ្នែកមួយនៃអត្ថបទរបស់លោកចេញផ្សាយដោយកាសែត Asia Times កាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៩នោះ លោកសម រង្ស៊ីបានសរសេរជាភាសាអង់គ្លេសនិងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ដូចគ្នានឹងជនផ្តាច់ការឯទៀត ដែលប្រឈមនឹងការដាក់ទណ្ឌកម្មអន្តរជាតិដែរនោះ ហ៊ុន សែនកំពុងតែចាប់ប្រជារាស្ត្រខ្មែរធ្វើចំណាប់ខ្មាំងដើម្បីសម្លុតសហគមន៍អន្តរជាតិឲ្យធ្វើខ្វាក់ចំពោះរបបផ្តាច់ការរបស់គាត់»។
ក្នុងអត្ថបទដដែលនោះ លោកសម រង្ស៊ីបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៥ដើម្បីជួសជុលដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកសម រង្ស៊ី ដែលបានរស់នៅដោយនីរទេសខ្លួននៅឯប្រទេសបារាំង បានសរសេរថា ដូចតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបដែរ អ្នកស្រី Federica Mogherini បានបញ្ជាក់ហើយថា ដំណោះស្រាយរួមនៃវិបត្តិនយោបាយនៅប្រទេសកម្ពុជា ត្រូវមានប្រាំចំណុច៖
«ទីមួយដោះលែងលោកកឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ទីពីរ ទម្លាក់ចោលរាល់ការចោទប្រកាន់មកលើថ្នាក់ដឹកនាំទាំង១១៨នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់។ ទីបី បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។ ទីបួនសងគណបក្សសង្គ្រោះជាតិវិញនូវតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ។ ទីប្រាំបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភាឡើងវិញ ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ និងដោយមានការត្រួតពិនិត្យពីអន្តរជាតិ»។
លោកសម រង្ស៊ីលើកឡើងទៀតថា លោកហ៊ុន សែនកំពុងតែកេងចំណេញពេលវេលា និងបំភ័នសហគមន៍អន្តរជាតិថា ស្ថានការណ៍ប្រទេសកម្ពុជាបានវិលត្រឡប់មករកភាពធម្មតាវិញហើយ ក្រោយពីអ្វីដែលលោកហ៊ុន សែនអះអាងថា គណបក្សសង្គ្រោះជាតិបានរលាយបាត់ហើយ។
លោកបានបន្តថា៖
«តែការអះអាងរបស់ហ៊ុន សែនដែលថា គណបក្សសង្គ្រោះជាតិបានរលាយបាត់ហើយនោះគឺខុសទាំងស្រុងពីការណ៍ពិត ពីព្រោះថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិភាគច្រើនលើសលប់ នៅតែមានជំហររឹងមាំដដែល ហើយចង់ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ»។
លោកសម រង្ស៊ីអះអាងថា ក្នុងចំណោមមន្ត្រីគណបក្សប្រឆាំង១១៨នាក់ ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយប្រាំឆ្នាំនោះគឺមានតែពីរនាក់ប៉ុណ្ណោះដែលនឹងត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយលោកហ៊ុន សែន ខណៈដែលមន្ត្រី១១៦នាក់ផ្សេងទៀតនៅមានភក្តីភាពនឹងគណបក្សរបស់ពួកគេ ដែលពួកគេចង់ឲ្យមានដំណើរការឡើងវិញ។
នៅថ្ងៃនៃការចេញផ្សាយអត្ថបទរបស់លោកសម រង្ស៊ីនោះ លោកហ៊ុន សែនបានប្រតិកម្មខ្លាំងៗទៅនឹងការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបមកលើការនាំទំនិញរបស់កម្ពុជាចេញទៅអឺរ៉ុប។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣កាត់រាជធានីភ្នំពេញនិងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៩កន្លងទៅនោះ លោកហ៊ុន សែនបានព្រមានថា លោកនឹងដាក់ការគាបសង្កត់ឲ្យខ្លាំងទៀតលើក្រុមប្រឆាំងដែលការគាបសង្កត់នោះអាចនឹងត្រូវធ្វើទៅតាមផ្លូវតុលាការ ប្រសិនបើសហភាពអឺរ៉ុបដកកម្ពុជាចេញពីប្រព័ន្ធអនុគ្រោះពន្ធតាមកម្មវិធីពាណិជ្ជកម្ម«អនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA។
ស្របពេលនឹងការថ្លែងព្រមាននេះ លោកហ៊ុន សែនក៏បានព្រលយពីការចង់មានការសន្ទនាឡើងវិញជាមួយសហគមន៍អឺរ៉ុបដើម្បីសង្គ្រោះក្រុមប្រឆាំងលោក។
ប៉ុន្តែមុនការឲ្យដឹងពីចេតនារបស់លោកក្នុងការជជែកជាមួយសហគមន៍អឺរ៉ុបដើម្បីកែច្នៃស្ថានការណ៍ឡើងវិញទាក់ទងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហគន៍អឺរ៉ុបចេញពីកម្ពុជានោះ លោកហ៊ុន សែនបានព្រមានច្រំដែលៗថា មិនអាចមានបរទេសណាមកគំរាមលោកបានឡើយ ហើយថា បើមានទណ្ឌកម្មណាមួយមកលើកម្ពុជានោះ នោះលោកនឹងវាយកម្ទេចក្រុមគណបក្សប្រឆាំងឲ្យខ្ទេចខ្ទីថែមទៀត។
«បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ ស្មើនឹងវាយសម្លាប់បក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឲ្យច្បាស់ ឲ្យច្បាស់ ព្រោះគ្មានរឿងអី ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអ៊ីចឹងហើយ ឲ្យវាទៅបណ្តោយទៅ! ជាន់កឯងថែម! អាហ្នឹងវាមានរឿងតែប៉ុណ្ណឹង! ហ្ហែងខូច អញកាត់ទោសហ្ហែង។ អានេះជាផ្លូវច្បាប់ តែហ្ហែងទៅអំពាវនាវឲ្យគេបំផ្លាញកម្ពុជា អ៊ីចឹងមានអី ត្រូវទុកឲ្យហ្ហែងរស់តទៅទៀត? ឲ្យច្បាស់! សុំកុំប្រមាថ ហើយសុំកុំព្រមានចំពោះកម្ពុជា»។
លោកហ៊ុន សែន ដែលបានប្រកាសខួបលើកទី៣៤ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៩នោះ ថ្លែងបន្ថែមទៀតថា ប្រទេសជាច្រើននៅលើសាកលលោកមានការនឿយណាយនឹងពាក្យថា«ទណ្ឌកម្ម»។
«អាល្បែងគំរាមដកនេះ ដកនោះ ទណ្ឌកម្មនេះ ល្មមៗឈប់ហើយ ល្មមឈប់ហើយ។ លើពិភពលោកនេះ គេធុញទ្រាន់ណាស់ទៅហើយ!»
មួយថ្ងៃក្រោយការព្រមានធ្ងន់ៗរបស់លោកហ៊ុន សែនយ៉ាងដូច្នេះ លោកសម រង្ស៊ីបានចេញសារនយោបាយតាមទំព័រហ្វេសប៊ុករបស់លោក ដោយបានលើកឡើងពីលក្ខខណ្ឌចម្បងៗ ដែលអាចនាំដល់ការស្រាយវិបត្តិនយោបាយនៅកម្ពុជា។
លោកសម រង្ស៊ីបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៩តាមន័យដើមថា៖
«ខ្ញុំចង់ប្រាប់ទៅហ៊ុន សែនថា៖ ខឹងគោ កុំទៅវ៉ៃរទេះ! បើខឹងទណ្ឌកម្មពីសហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់លាននាក់ នៅប្រទេសកម្ពុជា។ ខ្ញុំសម រង្ស៊ី ជាមនុស្សតែម្នាក់គត់ ដែលបានជំរុញយ៉ាងសកម្មឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើរបបផ្តាច់ការរបស់ហ៊ុន សែនឯង»។
លោកសម រង្ស៊ីបានបន្ថែមថា៖
«បើហ៊ុន សែនឯងចង់បញ្ចៀសទណ្ឌកម្មទាំងនោះ ពីព្រោះបើហ៊ុន សែនឯងអាណិតប្រជារាស្ត្រមែន ហ៊ុន សែនឯងគ្រាន់តែបញ្ឈប់ការគាបសង្កត់មកលើប្រជារាស្ត្រ ហើយចាប់ផ្តើមចរចាជាមួយសហភាពអឺរ៉ុបដើម្បីធ្វើឲ្យស្រុកយើងទទួលបានលទ្ធិប្រជាធិបតេយ្យវិញមកគឺរឿងទណ្ឌកម្មនេះវាចប់ទៅហើយ»។
ក្នុងអត្ថបទបញ្ចេញមតិរបស់លោកសម រង្ស៊ី ដែលបានចេញផ្សាយដោយកាសែត Asia Times តាមអ៊ីនធើណិតកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ លោកសម រង្ស៊ីបានចោទលោកហ៊ុន សែនថា បានចាប់លោកកឹម សុខាធ្វើជាចំណាប់ខ្មាំង ក៏ប៉ុន្តែលោកកឹម សុខានៅតែមិនចុះញ៉ម។ លោកសម រង្ស៊ីអះអាងថា លោកកឹម សុខាមិនព្រមបែកពីរូបលោកនោះទេ។
លោកសម រង្ស៊ីបានសរសេរក្នុងន័យដើមថា៖
«ករណីកឹម សុខាគឺជាចំណុចគន្លឹះ និងចំណុចខ្សោយក្នុងយុទ្ធសាស្ត្ររបស់ហ៊ុន សែន ពីព្រោះហ៊ុន សែនទាល់ច្រកហើយពេលនេះ។ គាត់ត្រូវតែដោះលែងកឹម សុខា ពីព្រោះគ្មានភស្តុតាងអ្វី និងគ្មានមូលដ្ឋានអ្វីដើម្បីកាត់ទោសកឹម សុខា ឡើយ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរបានទេ នៅថ្ងៃពុធនេះ។ ចំណែកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាដើមបណ្តឹងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ បានបង្វែសំណួរទៅស្ថាប័នតុលាការ។
«សំណុំរឿងរបស់នែកឹម សុខាស្ថិតនៅក្នុងសមត្ថកិច្ចរបស់តុលាការ ហើយតុលាការមិនទាន់ទាំងបានជម្រះផង។ កន្លងមក មានប្តឹងចុះ ប្តឹងឡើង ប្តឹងដោះលែងបណ្តឹងនៅក្រៅឃុំ ខាតពេលអស់ប៉ុន្មានឆ្នាំហើយ គ្រាន់តែប្តឹងចុះប្តឹងឡើង តុលាការមិនទាន់បានកាត់ អង្គសេចក្តីផងហ្នឹងគឺថា អង្គសេចក្តីទេ។ អ៊ីចឹង យ៉ាងណាក៏ដោយ គឺក្មួយអញ្ជើញទៅ។ ខ្ញុំបង្វែរសំណួរនេះជូនទៅស្ថាប័នតុលាការចុះ ដើម្បីលោកឆ្លើយសំណួររបស់ក្មួយ។ ពូអត់មានសិទ្ធិនឹងឆ្លើយរឿងហ្នឹងនោះទេ បាទ»។
នៅថ្ងៃពុធនេះ លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបភ្លាមៗទៅនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងការបើកសវនាការកាត់ទោសលោកកឹម សុខាទេ។
ដោយឡែក ក្នុងពេលមានការឆ្លើយឆ្លងដាក់គ្នា រវាងលោកហ៊ុន សែន និងលោកសម រង្ស៊ីទាក់ទិនការសំពងខាងហិរញ្ញវត្ថុពីសហគមន៍អន្តរជាតិមកលើកម្ពុជានោះ នៅឯសហរដ្ឋអាមេរិកឯណោះវិញ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានឲ្យដឹងពីការចូលរួមជាមួយនឹងសហភាពអឺរ៉ុបដើម្បីពិនិត្យមើលឋានៈអនុគ្រោះពន្ធដែលកម្ពុជាបានចំណេញប្រាក់ប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ពីការនាំចូលផលិតផលកម្ពុជាចូលទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ការអនុគ្រោះពន្ធក្រោមកម្មវិធី«អនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» (EBA) បានធ្វើឱ្យកម្ពុជាចំណេញប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ ហើយក្រោមកម្មវិធី GSP កម្ពុជានាំទំនិញចូលទីផ្សាររបស់សហរដ្ឋអាមេរិកចំនួន៤០០លានដុល្លារនៅឆ្នាំ២០១៧ដោយមិនបង់ពន្ធគយ។
កាលពីខែវិច្ឆិកាឆ្នាំ២០១៨ ធនាគារពិភពលោកក៏បានចេញរបាយការណ៍មួយ ព្រមានថា ហានិភ័យជាច្រើនអាចកើតមានទៅលើកំណើនសេដ្ឋកិច្ចពិតប្រាកដរបស់កម្ពុជា បើសិនក្នុងករណីដែលមានការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប តាមកម្មវិធីពាណិជ្ជកម្ម EBA ពីកម្ពុជា។ ទីផ្សារសហភាពអឺរ៉ុបស្មើនឹងជាង១ភាគ៣នៃការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា ដែលរួមមានផលិតផលសម្លៀកបំពាក់ និងស្បែកជើង។
ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា៦,៨ភាគរយក្នុងឆ្នាំ២០១៩នេះ គឺថយពីអត្រា៧,១ភាគរយក្នុងឆ្នាំ២០១៨។ កំណើននេះត្រូវបានរំពឹងថា នឹងកើនក្នុងអត្រា៦,៨ភាគរយដដែលសម្រាប់ឆ្នាំ២០២០៕