លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានជំរុញឲ្យមានការរក្សាលំនឹងតម្លៃទំនិញលើទីផ្សារដើម្បីធានាថា រាល់ការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ-កម្មការិនី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគឺជាការដំឡើងប្រាក់ខែពិតប្រាកដ។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្វើឡើងខណៈដែលតែងមានការត្អូញត្អែរថា តម្លៃទំនិញលើទីផ្សារស្ទើរគ្រប់មុខតែងឡើងថ្លៃ រាល់ពេលដែលមានការប្រកាសដំឡើងប្រាក់បៀវត្សរ៍។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តតាកែវ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងថា ការដំឡើងប្រាក់ខែជាបន្តបន្ទាប់ដល់កម្មករ-កម្មការិនី មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើឡើងទន្ទឹមនឹងការដែលតម្លៃទំនិញលើទីផ្សារមិនមានការកើនឡើង។ លោកបន្ថែមថា ការដំឡើងប្រាក់ខែជាទូទៅនឹងអាចក្លាយជាការឡើងប្រាក់ខែពិតប្រាកដ លុះត្រាតែតម្លៃទំនិញលើទីផ្សារមិនឡើងថ្លៃ។
លោកបញ្ជាក់ថា៖
«ជាមួយនឹងការដំឡើងបៀវត្សរ៍ឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ-កម្មារិនី ក៏ត្រូវខិតខំរក្សានូវលំនឹងទំនិញក្នុងទីផ្សារដើម្បីធានាឲ្យកម្លាំងទិញពិតប្រាកដដែលបានមកពីការដំឡើងបៀវត្សរ៍ឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ-កម្មការិនីរបស់យើងផងដែរ»។
យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣ទសវត្សរូបនេះមិនបានបញ្ជាក់ថា តើការរក្សាលំនឹងតម្លៃទំនិញលើទីផ្សារត្រូវធ្វើឡើងដោយរបៀបណានោះទេ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានរដ្ឋាភិបាលប្រកាសដំឡើងជាបន្តបន្ទាប់ ដែលក្នុងនោះមានចន្លោះពី១លានរៀលទៅជិត១លាន២សែនរៀល សម្រាប់ខែមករាឆ្នាំ២០១៩។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគឯករាជ្យ លើកឡើងថា យោងតាមតម្លៃទំនិញលើទីផ្សារនៅកម្ពុជា គេឃើញថា ប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការដែលមានចំនួនជាង១លានរៀលមិនទាន់គ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំខែនៅឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់បន្ថែមដោយប្រើប្រាស់ថវិកាជាតិក្នុងការដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការជាជាងការខំប្រឹងបង្កើត និងពង្រឹងបក្ខពួករបស់ខ្លួន។
លោកមាស នីបញ្ជាក់អំពីចំនួនប្រាក់ខែដែលមន្រ្តីរាជការអាចចំណាយបានសមរម្យថា៖
«អាចពី៣០០រយដុល្លារឡើងទៅ បានន័យថា មួយថ្ងៃអាចត្រូវបាន១០ដុលា្លរក្នុងមួយថ្ងៃ។ ហើយអាចពី៣០០ដុលា្លរឡើងទៅ ទៅដល់៥០០អីហ្នឹង។ អាហ្នឹងអាចគ្រាន់ឲ្យគ្នារស់បានស្រួលបន្តិច។ ប៉ុន្តែបើក្រោមហ្នឹង ដូចរាល់ថ្ងៃកម្មករគ្នាបានត្រឹមតែ១៧០ឬក៏១៨០ ហើយមានតែធ្វើការលើសម៉ោងអាចបាន២០០អ៊ីចឹងទៅ។ អ៊ីចឹងវានៅទាបនៅឡើយទេ បើប្រៀបធៀបជាមួយការចំណាយជាក់ស្តែងប្រឈមទៅនឹងរឿងទីផ្សារ»។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកើនដល់ចំនួន១៨២ដុល្លារក្នុងមួយខែ ចាប់ពីឆ្នាំ២០១៩។
លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ VOA ថា យោងតាមលក្ខណៈវិទ្យាសាស្រ្ត និងសេដ្ឋកិច្ច តម្លៃទំនិញលើទីផ្សារកម្ពុជាបច្ចុប្បន្នធៀបនឹងប្រាក់ឈ្នួលគោលសម្រាប់កម្មករ-កម្មការិនី មិនធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មការ-កម្មកានីនោះទេ។
លោកមានប្រសាសន៍ថា៖
«ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់យើងជារៀងរាល់ដងនេះគឺយើងតែងតែកំណត់លើសពីអត្រាអតិផរណា ដែលជាទូទៅ អត្រាអតិផរណានេះគឺជាការវាស់នូវកម្រិតកើនឡើងនៃថ្លៃទំនិញនានានៅទីផ្សារ គិតជាមធ្យមភាគ»។
រាល់ពេលដែលប្រាក់ខែកម្មករ-កម្មការិនីត្រូវបានដំឡើង គេសង្កេតឃើញថា តម្លៃទំនិញស្ទើរគ្រប់ប្រភេទលើទីផ្សារ ក៏តែងឡើងថ្លៃជាបន្តបន្ទាប់។ ការណ៍នេះធ្វើឲ្យកម្មករនៅតែបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្ដាលឲ្យមានគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិតជាដើម។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា លើកឡើងថា ប្រាក់ខែគោលរបស់កម្មករចំនួន១៨២ដុលា្លរមិនទាន់ជាចំនួនដែលអាចធ្វើឲ្យកម្មកររស់នៅមានជីវភាពធម្មតាបាននៅឡើយ។ លោកបន្តថា ទន្ទឹមនឹងប្រាក់ឈ្នួលមិនទាន់គ្រប់សម្រាប់កម្មករ ការកើនឡើងនូវតម្លៃទំនិញលើទីផ្សារកាន់តែជាបន្ទុកធ្វើឲ្យកម្មករប្រឈមនឹងបញ្ហាក្នុងការរស់នៅ។
លោកអាត់ ធន់បន្ថែមថា ការទប់ស្កាត់ការកើនឡើងនូវតម្លៃទំនិញលើទីផ្សារអាចធ្វើទៅបាន ប្រសិនបើរដ្ឋាភិបាលមានយន្តការជាក់លាក់។
លោកបញ្ជាក់ថា៖
«រដ្ឋាភិបាលត្រូវពិនិត្យមើលក្រុមហ៊ុនវិនិយោគ ឬក៏ការនាំចូលនូវទំនិញសព្វសារពើគ្រប់ប្រភេទហ្នឹង តើវានាំចូលពីខាងណា? ហើយមុខទំនិញអីដែលជាប្រភពនៃការកើនឡើងនូវអតិផរណាហ្នឹង? អ៊ីចឹងត្រូវទប់អាហ្នឹងឲ្យបាន។ ក្នុងករណីកន្លែងណាដែលប៉ះពាល់ជីវិតកម្មករទូទៅ រដ្ឋអាចឧបត្ថម្ភធនដើម្បីទប់ស្កាត់អតិផរណាហ្នឹងបាន។ ហើយមួយទៀត ការដំឡើងប្រាក់បៀវត្សរ៍នេះគឺត្រូវតែដំឡើងទៅតាមចំនួនដែលបំពេញតម្រូវការរស់នៅចាំបាច់របស់កម្មករ ព្រោះកាលណាតែធានាតម្រូវការរស់នៅចាំបាច់បានហើយ អានេះអត់ឡើងទៀត មានន័យថា គាត់អាចរស់បាន»។
ការទាមទារដំឡើងប្រាក់ខែរបស់កម្មករ-កម្មការិនីចាប់ផ្តើមកើតមានជាបន្តបន្ទាប់តាំងពីមុនឆ្នាំ២០០០មក ពោលគឺអំឡុងគណបក្សសម រង្ស៊ីដែលមានលោកសម រង្ស៊ីជាប្រធាននាពេលនោះ បានដឹកនាំឲ្យមានការតវ៉ាដើម្បីទាមទារការដំឡើង ខណៈដែលប្រាក់ខែកម្មករនាពេលនោះ មានត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។
នៅមុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សាជាបន្តបន្ទាប់។
កាលពីដើមឆ្នាំ២០១៤កន្លងទៅ បាតុកម្មអហិង្សាទាមទារការដំឡើងប្រាក់ឈ្នួលបានប្រែក្លាយជាអំពើហិង្សាមួយក្បែរផ្លូវវេងស្រេង ពេលមានការបង្ក្រាបដោយកម្លាំងទ័ព៩១១ដែលជិតដឹតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការបង្ក្រាបនាពេលនោះបានបណ្ដាលឲ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ។
ក្រោយការចរចានៅឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករត្រូវបានដំឡើងមួយកម្រិតទៀតគឺពី១២៨ដុល្លារដល់១៤០ដុល្លារ៕