ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ជំរុញ​ឱ្យ​មាន​សហ​ប្រតិបត្តិ​ការ​យោធា​ ​និង​​ដោះ​លែង​លោក​​ កឹម សុខា


រូបឯកសារ៖ ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកបដានៅខាងមុខទីស្នាក់ការកណ្តាលបក្ស ទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកបដានៅខាងមុខទីស្នាក់ការកណ្តាលបក្ស ទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សរបស់ខ្លួនជាបន្ទាន់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ខណៈ​កម្ពុជា​​កំពុង​បន្ត​រង​ការ​រិះគន់​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​ដោយ​សារ​តែ​ការ​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស​ ​ក្រោយ​គណបក្ស​របស់​លោក​​​ហ៊ុន សែន​​ឈ្នះ​ការ​បោះឆ្នោត​ដែល​មិនមាន​គណបក្ស​ប្រឆាំង​នោះ​  នៅ​សប្តាហ៍​​​នេះ​ ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង ​និង​អាស៊ី​អាគ្នេយ៍​ ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​លើក​ឡើង​ពី​​ ការ​ពង្រឹង​សហ​ប្រតិបត្តិ​ការ​យោធា ​និង​ការ​ដោះលែង​លោក​កឹម សុខា។

ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍​ ​ដែល​កំពុង​ធ្វើ​ទស្សន​កិច្ចក្នុង​ប្រទេស​កម្ពុជា​ ​បានជំរុញ​ឱ្យមានកិច្ច​សហ​ប្រតិបត្តិការ​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ ​និង​អនុវត្ត​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ ​ដែល​រួម​មាន​ការ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​លោក​ កឹម សុខា។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចេញ​នៅ​ថ្ងៃទី​១៥​ ​ខែ​មករា​ឆ្នាំ២០១៩​នេះ​បញ្ជាក់​ថា​ ​ លោក ​Joseph H. Felter​ ​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិកទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៥​ ​និង​ទី​១៦ខែ​មករា​ឆ្នាំ​២០១៩។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​លោក​ឧបការី​រង​បាន​ជួប​ជាមួយឧត្តម​សេនីយ៍ នាង ផាត​ ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិដើម្បី​ពិភាក្សា​ពី​ចក្ខុ​វិស័យ​រួម​ពាក់ព័ន្ធ​នឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​និងពិភាក្សា​ពី​ការ​ដែល​ទំនាក់​ទំនង​រវាងយោធា​ ​និង​យោធា​ដ៏​ល្អ​មួយ​អាច​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន​បាន​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ។

លោក ​Joseph H. Felter​ ​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិកទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍។ (រូប​ថត​ពី​គេហទំព័រ​ផ្លូវការ​ក្រសួង​ការពារ​ប្រទេស​អាមេរិក)
លោក ​Joseph H. Felter​ ​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋ​អាមេរិកទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង​ ​និង​អាស៊ី​អាគ្នេយ៍។ (រូប​ថត​ពី​គេហទំព័រ​ផ្លូវការ​ក្រសួង​ការពារ​ប្រទេស​អាមេរិក)

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​បញ្ជាក់​ថា៖​

«លោក​នឹង​ពិភាក្សា​ពី​ជំហាន​បន្ទាប់​សម្រាប់​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​យោធា​ ​និង​យោធា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​ភាព​ជឿន​លឿន​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​ ​និង​អនុវត្ត​កំណែ​ទម្រង់ ​ដែល​រួមមាន​ការ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​លោក ​កឹម សុខា​ ​ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរ​ការ​ដោយ​សេរី»។​

VOA​ ​មិន​អាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ នាង ផាត​ ​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​បាន​ទេ។​

ដំណើរ​ទស្សនកិច្ច​របស់​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋអាមេរិក​រូប​នេះធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិនៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៨ ​បញ្ចប់​ទៅ​ដោយ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ​ដោយសារ​អវត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ។​ ​នៅ​មុន​ការ​បោះឆ្នោត​នោះ​ ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​ប្រធាន​គណបក្ស​នេះគឺ​លោក ​កឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ​ព្រម​ទាំង​មាន​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​លើ​សំឡេង​ប្រឆាំង ​សង្គម​ស៊ីវិល ​និង​សារ​ព័ត៌មាន​ឯករាជ្យ​ជាដើម។​

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ធ្វើឡើង​បន្ទាប់​ពី​សារ​ព័ត៌មាន​បរទេស​មួយ​ផ្សាយ​ថា​កម្ពុជា​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​មួយ​ នៅ​ក្នុង​ខេត្តកោះកុង​ ​ដែល​ទំនង​ជា​មាន​គោល​ដៅ​សម្រាប់​បម្រើ​ដល់​សកម្មភាព​នាវាចរណ៍របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។​ ​យ៉ាង​ណាក្តី​ ​របាយ​ការណ៍​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ថា​ ​ជា​រឿង​មិន​ពិត។

លោក​ មាស នី​ ​អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម​ ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​ឧបការី​រង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​សហ​រដ្ឋអាមេរិក​មក​កាន់​កម្ពុជា​នេះ​ ​បង្ហាញ​ថា ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​មាន​បំណង​ក្នុង​ការ​រក្សា​ទំនាក់​ទំនងជាមួយ​កម្ពុជា​ទាំង​ផ្នែក​ការទូត​ ​និង​យោធា។​ ​លោក​បន្ថែម​ថា ដំណើរ​ទស្សន​កិច្ច​នេះ​អាច​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា​ ​ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុងបារម្ភ​ពី​សម្ពាធ​ផ្សេងៗ​របស់​អន្តរជាតិ។

លោក​មាន​ប្រសាសន៍​ថា៖​

«វា​នឹង​អាច​មាន​ចាប់​ផ្តើម​ពន្លឺ​ភ្លើង​ខៀវ​ខ្លះ​ឡើង​មកវិញ ​នៅ​ក្នុង​ការ​ជួយឲ្យ​កម្ពុជា​ហ្នឹង​បាន​ធ្វើ​ទំនាក់​ទំនង​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ដទៃ​ដែរ​ ជាពិសេស​សហ​រដ្ឋ​អាមេរិក ​ហើយ​នឹង​ចិន​ដោយ​ស្មើ​ភាព​គ្នា​ នៅ​ក្នុង​ស្ថាន​ភាព​ដែល​កម្ពុជា​អាច​នាំ​គ្នា​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​គន្លងប្រជាធិបតេយ្យ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​វិញ»។

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក​ ​កម្ពុជា​ និង​អាមេរិក​តែង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ​ដែល​ហៅ​ថា ​CARAT ​ជា​រៀង​រាល់​ឆ្នាំ។​ ​ប៉ុន្តែ​ចាប់​តាំង​ពី​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​មាន​ភាព​រកាំរកូស​ ​ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៧មក​ ​សមយុទ្ធ​នោះ​ត្រូវ​បាន​លុប​ចោល​ ដោយ​កម្ពុជា​អះអាង​ថា​ ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​អនុវត្ត។​ ​យ៉ាងណាក្តី​ ក្រោយ​ការ​ផ្អាក​សមយុទ្ធ​ជាមួយ​អាមេរិក​ប្រមាណ​ជា​១​ឆ្នាំ​ ​កម្ពុជា​ក៏​បាន​ចាប់​ផ្តើម​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន​វិញ៕

XS
SM
MD
LG