ក្រុមមន្ត្រីគណបក្សកាន់អំណាចនៅសប្តាហ៍នេះ ថ្លែងការពារភាពរឹងមាំក្នុងបក្សរបស់ខ្លួននិងចាត់ទុកការចោទប្រកាន់របស់លោកសម រង្ស៊ី អំពីការបែកបាក់ផ្ទៃក្នុងបក្សថា ជាចេតនាញុះញង់ឲ្យមានភាពប្រទូសរាយនៃក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
កាលពីសប្តាហ៍មុន លោក សម រង្ស៊ីដែលជាអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំបំផុតនៅប្រទេសកម្ពុជា ហើយដែលពេលនេះត្រូវបានតុលាការរំលាយចោលនោះ បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកស ខេងកំពុងរៀបចំបែកពីលោកហ៊ុន សែន។
លោកសម រង្ស៊ីបានអធិប្បាយបន្ថែមតាមន័យដើមថា៖
«ព្រឹត្តិការណ៍មួយដ៏សំខាន់នឹងផ្ទុះឡើងក្នុងឆ្នាំ២០១៩ ពីព្រោះលោកហ៊ុន សែនចង់ដាក់កូនប្រុសគាត់ ហ៊ុន ម៉ានីជំនួសលោកស ខេងនៅក្រសួងមហាផ្ទៃ»។
ក៏ប៉ុន្តែនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA កាលពីថ្ងៃចន្ទថា នឹងគ្មានព្រឹត្តិការណ៍បែបនេះកើតឡើងនោះទេ។
«អានេះជាការស្រមើស្រមៃរបស់លោកសម រង្ស៊ីទេ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សកាន់តែរឹងមាំទៅ យើងដឹងហើយថា ពេលណាដែលយើងកាន់តែរឹងមាំគឺថា គូប្រកួតវាកាន់តែរកលេសគ្រប់វិធីបែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យយើងបែកបាក់គ្នា។ យើងដឹងរឿងហ្នឹង»។
លោក ខៀវ សុភ័គបានបញ្ជាក់ទៀតថា គ្មានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាដូចការចោទរបស់លោកសម រង្ស៊ីនោះដែរ។
«គោលដៅគណបក្សប្រជាជន ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺថា ដឹកនាំរដ្ឋាភិបាលនេះគឺចង់និយាយថា នែ៎ មានការសាមគ្គី ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ មិនអាចបែកបាក់ទៅណាបានទេ។ ហើយពាក្យថា មានការបែកបាក់ផ្ទៃក្នុងក្នុងជួរដឹកនាំគឺវាមានតាំងពីយូរមកហើយ តាំងពី១៩៧៩មកម្ល៉េះ ហើយអាពាក្យហ្នឹង វាចេះតែមានទៅ ប៉ុន្តែតាមពិត វាមិនដែលអី ហើយបើបែកបាក់តាមតែគេថាហ្នឹង ស្រុកខ្មែរយើងមិនបានប៉ុណ្ណឹងទេ»។
ភ្ជាប់ជាមួយនឹងការអធិប្បាយរបស់លោកលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី ក៏បានបង្ហោះវីដេអូឃ្លីបមួយដែលមានបទសម្ភាសន៍របស់លោកជាមួយវិទ្យអាស៊ីសេរី ដោយក្នុងបទសម្ភាសន៍នោះលោកសម រង្ស៊ីអះអាងថា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាអ្នករារាំងលោកមិនឲ្យចូលក្នុងប្រទេស ។ លោកសម រង្ស៊ីក៏អះអាងថា លោកស ខេងបានប្រាប់លោកថា វាជារឿងពិបាកក្នុងការធ្វើការជាមួយលោកហ៊ុន សែន ដែលពេលនេះជាប្រធានគណបក្សប្រជាជនកម្ពុជា។
ភ្លាមៗ ក្រោយការនិយាយរបស់លោកសម រង្ស៊ីយ៉ាងដូច្នេះ លោកស ខេងបានចេញសេចក្តីបដិសេធដ៏កម្រមួយនៅលើទំព័រហ្វេសប៊ុករបស់លោកដោយបានទាត់ចោលរាល់ការនិយាយរបស់លោកសម រង្ស៊ី។
«ការលើកឡើងរបស់លោកសម រង្ស៊ី ដែលនិយាយថា ខ្ញុំបានហាមឃាត់ គាត់មិនឲ្យវិលត្រឡប់មកប្រទេសវិញនោះគឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកដែលចូលរួមក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់លោកសម រង្ស៊ីមិនឲ្យវិលចូលស្រុកនោះទេ។ ប្រការនេះខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យលោកសម រង្ស៊ីមានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកាដើម្បីចាប់ខ្លួនលោកសម រង្ស៊ីរួចហើយ»។
នេះជាការថ្លែងបញ្ជាក់របស់លោកស ខេងនៅលើទំព័រហ្វេសប៊ុករបស់លោក។
លោកស ខេងបានថ្លែងបន្តថា៖
«ធាតុពិតគឺលោកសម រង្ស៊ីទេ ដែលខ្ញុំពិបាកធ្វើការជាមួយ»។
លោកស ខេងបានពណ៌នាបន្ថែមអំពីការចរចានយោបាយមួយកាលពីឆ្នាំ២០១៣ ដែលលោកថា បញ្ជាក់ពីចរិតនយោបាយក្រឡិចក្រឡុចរបស់លោកសម រង្ស៊ី។ ទំព័រហ្វេសប៊ុករបស់លោកស ខេងបានសរសេរថា៖
«ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៣ ខ្ញុំដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោកសម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ខ្ញុំនិងសម រង្ស៊ីបានជជែកគ្នាតាមទូរស័ព្ទអំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយរវាងគណបក្សទាំងពីរ។ ខ្ញុំបានសុំយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។ ខ្ញុំ និងលោកសម រង្ស៊ីបានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣នឹងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនោះនៅក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា។ ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម លោកកឹម សុខាបានជំទាស់នឹងសេចក្តីព្រាងនោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចាត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូលកម្លាំងប្រជាជនធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍ពណ៌ជាបន្តទៀត»។
លោកបានបន្ថែមថា៖
«ខ្ញុំសូមបញ្ជាក់ថា ខ្លួនខ្ញុំផ្ទាល់បានរួមការងារជាមួយសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែនគ្រប់កាលៈទេសៈដើម្បីដោះស្រាយបញ្ហាជាតិជាង៤០ឆ្នាំកន្លងមក ហើយជោគជ័យនៃការបោះឆ្នោតអាណត្តិទី៦កន្លងទៅនេះបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការឯកភាពខ្ពស់ និងភាពកាន់តែរឹងមាំនៃគណបក្សប្រជាជនកម្ពុជា»។
លោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងស្រដៀងគ្នានឹងលោកស ខេងថា គណបក្សប្រជាជនជាគណបក្សមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ។
«ជំងឺរបស់សម រង្ស៊ីជាជំងឺសម្តីមហារីកអ៊ីចឹង ដូច្នេះ អ្វីដែលគាត់និយាយហ្នឹងគឺគាត់កើតមហារីកខ្លួនឯងនឹងណា៎។ ចំណែកគណបក្សប្រជាជនកម្ពុជានៅតែរឹងមាំ នៅតែខ្លាំងក្លា ហើយសាមគ្គីភាពនៅតែមានកម្រិតខ្ពស់»។
ចំណែកលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរបានហៅការអធិប្បាយរបស់លោកសម រង្ស៊ីថា ជាការនិយាយឆ្កួតលីលា។ លោកថា គណបក្សកាន់អំណាចជាគណបក្សមានវិជ្ជាជីវៈត្រឹមត្រូវ និងគ្មានជំងឺបែកបាក់ផ្ទៃក្នុងដូចគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខាទេ។
«យើងឃើញបក្សនេះជាបក្សប្រកបដោយវិជ្ជាជីវៈ ហើយនិងថ្លៃថ្នូរឈរទៅលើការសាមគ្គីគ្នា ហើយបក្សនេះបង្ហាញអំពីកិច្ចពិភាក្សាគ្នា អត់មានសម្រេចចិត្តដោយថ្នាក់ដឹកនាំ ដែលខុសពីគណបក្សសម រង្ស៊ី ក៏ដូចជាគណបក្សសង្គ្រោះជាតិ ការសម្រេចនៅខាងលើទេ»។
គ្រាដែលលោកសម រង្ស៊ីបានបង្ហើបឲ្យដឹងអំពីការរង្គោះរង្គើផ្ទៃក្នុងបក្សប្រជាជនកម្ពុជានោះ គណបក្សសង្គ្រោះជាតិដែលលោកបានបង្កើតរួមគ្នាជាមួយលោកកឹម សុខាក៏ត្រូវគេមើលឃើញថា មានការបែកបាក់ផ្ទៃក្នុងបក្សដែលត្រូវបានតុលាការកម្ពុជារំលាយចោលផងដែរ។ នៅក្នុងគណបក្សប្រឆាំងដ៏ធំនេះ មានការបែងចែកបក្ខពួកនៃក្រុមដែលគាំទ្រលោកសម រង្ស៊ី និងក្រុមដែលគាំទ្រលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវអាជ្ញាធរក្រុងភ្នំពេញដាក់ឲ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះ។
លោក កឹម សុខា ដែលជាអតីតមេដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមេដឹកនាំគ្រប់និន្នាការបញ្ឈប់ការធ្វើនយោបាយបែបអគុណធម៌ និងជូនពរឲ្យកម្ពុជាលែងមានការគាបសង្កត់ជិះជាន់ និងគំរាមកំហែង។
លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមក៏បានជូនពរជាពិសេសដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឲ្យទទួលបានសុខសន្តិភាព និងវឌ្ឍនភាព តាមគោលការណ៍ប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការផ្សះផ្សាជាតិពិតប្រាកដ មិនយកខ្មែរណាជាសត្រូវ៕