ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

US​ធ្វើ​តាម​EUដើម្បី​កាត់​ផ្តាច់​ការអនុគ្រោះ​ពន្ធ​ពី​កម្ពុជា


លោក ​Chris Coons (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​​​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ​ ឌែលឡាវែ​ និង​លោកTed Cruz (ស្តាំ) សមាជិក​ព្រឹទ្ធសភា​​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ តិចសាស ស្នើ​សេចក្តីព្រាង​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍»​​​ឆ្នាំ​២០១៩។ (VOA)
លោក ​Chris Coons (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​​​អាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ​ ឌែលឡាវែ​ និង​លោកTed Cruz (ស្តាំ) សមាជិក​ព្រឹទ្ធសភា​​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ តិចសាស ស្នើ​សេចក្តីព្រាង​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍»​​​ឆ្នាំ​២០១៩។ (VOA)

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចូលរួម​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​ដើម្បី​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះ​ពន្ធ​ដែល​កម្ពុជាបាន​ចំណេញ​ប្រាក់​ជាច្រើនលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពីការនាំ​ផលិតផល​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក។

សេចក្តីព្រាង​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍»​នៅឆ្នាំ​២០១៩​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក ​Ted Cruz ​និង​លោក​ Chris Coons ​បាន​ដាក់ស្នើកាលពី​សប្តាហ៍​មុន​ដើម្បី​តម្រូវ​ឱ្យរដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ធ្វើ​ការពិនិត្យ​មើលឡើង​វិញ​លើឋានៈប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​(GSP)​ ដែល​សហរដ្ឋ​អាមេរិក​បានផ្តល់​ឱ្យ​កម្ពុជា​ជាថ្មី​កាលពីដើម​ឆ្នាំ​២០១៨។

លោក​គ្រីស ឃូន ​(Chris Coons) ​សមាជិក​ព្រឹទ្ធសភានៃ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ​ឌែលឡាវែ​ និង​ជា​សមាជិក​នៃ​គណៈកម្មការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​បរទេសបានបញ្ជាក់ប្រាប់វីអូអេថា ​៖

«ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​សញ្ញា​ដ៏​សំខាន់​មួយ​ចំពោះ​រដ្ឋាភិបាល​កម្ពុជាថា​ពួកគេ​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​លើ​សកម្មភាព​ខ្លះ​ឬ​ត្រូវ​ប្រឈម​នឹង​ការពិនិត្យ​មើល​ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ‍»។ ​

លោក​គ្រីស ឃូន ​បាន​បន្ថែម​ទៀត​ថា​នេះ​គឺជា​ការសម្តែង​ការព្រួយ​បារម្ភ​ដោយ​គណបក្ស​ទាំងពីរ​លើ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​កន្លងមក៖

«ខ្ញុំ​ពិត​ជា​មាន​ការព្រួយ​បារម្ភ​ខ្លះ​ពី​វិធី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ដើម្បី​បង្ក្រាប​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ ក្រុម​បក្ស​ប្រឆាំង​ និង​សូមស្វាគមន៍​ឱ្យ​មាន​សង្គម​បើក​ចំហរ​មួយ​នៅ​កម្ពុជា‍»។​

ដើម្បី​ទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​GSP ​កម្ពុជា​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​រដ្ឋសភា​ជាតិ​ដាក់ចេញ​ក្នុងនោះ​មានដូចជា​ការគោរព​សិទ្ធិ​កម្មករ ​លុបបំបាត់​ពលកម្ម​កុមារ​ ការពារ​កម្មសិទ្ធិ​បញ្ញានិង​មិនត្រូវ​រឹបអូស​ទ្រព្យ​សម្បតិ្ត​ពលរដ្ឋ​អាមេរិកាំង​ដោយ​មិន​ផ្តល់សំណង​ជាដើម។​

សហភាពអឺរ៉ុប​ក៏​កំពុង​តែ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​ដែល​កម្ពុជា​កំពុង​តែទទួលបាន​ដែរ​ដោយ​សារ​តែ​សកម្មភាពរដ្ឋាភិបាល​កម្ពុជាបង្ក្រាប​អង្គការ​សង្គមស៊ីវិល ​កម្មករ​និង​គណបក្ស​ប្រឆាំង។ ដំណើរការ​ដក​ហូត​បាន​ចាប់ផ្តើម​កាលពី​ខែតុលាឆ្នាំ​មុន​ហើយ​នឹង​មានកំណត់​ចំនួន​១ឆ្នាំ​មុននឹង​ប្រកាស​លទ្ធផល។​

ការអនុគ្រោះពន្ធ​ក្រោមកម្មវិធី​«រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ​(EBA)​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​៧០០​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗ​ហើយក្រោម​កម្មវិធី​GSP ​កម្ពុជា​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិកចំនួន​៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ដោយ​មិន​បង់ពន្ធគយ។

លោកសមាជិក​ព្រឹទ្ធសភាTed Cruz ​នៃ​រដ្ឋ​តិចសាស ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍ថា«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា‍»ឆ្នាំ​២០១៩​នេះ​នឹង​ធ្វើ​ឱ្យ​លោក​ហ៊ុនសែន​និង​រដ្ឋាភិបាល​របស់​គាត់​ទទួល​ខុសត្រូវ​ចំពោះ​ឥរិយាបថ​នេះ​និង​ដើម្បី«​ពង្រឹង​ជំហរ​ដែល​ដៃគូ​អឺរ៉ុប‍»កំពុង​ចាត់​វិធានការណ៍។

លោក​Ted Cruz​ បន្ថែម​ថា​៖

«សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​លើ​អនាគត​នយោបាយ​នៃ​កម្ពុជា​ដោយ​បង្កើត​ពាណិជ្ជកម្ម​គួរ​ឱ្យ​ទុកចិត្ត​បាន​ដូច​ដែល​បាន​កំណត់​នៅក្នុង​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ហៅថា​GSP។ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៃ​កម្ពុជា​បាន​កេងប្រវ័ញ្ច​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​ដែលផ្តល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប។ គាត់បាន​បរាជ័យ​មិនគោរព​តាម​និយាម​សិទ្ធិការងារ​ មើលស្រាល​ដល់សុច្ចរិតភាព​នៃការបោះឆ្នោត​នៅ​កម្ពុជា​ហើយ​បាន​ងាកឆ្ពោះ​ទៅប្រទេស​ចិន‍»។

ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ចាប់​ប្រធាន​គណបក្ស​គឺ​លោកកឹម សុខា​ដាក់​ពន្ធនាគារ​ហើយ​រៀបចំ​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​មុន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ឈ្នះ​យក​អាសនៈ​សភា​ទាំង​១២៥។ ការបោះឆ្នោត​នោះ​រងការរិះគន់​ពី​បស្ចិម​ប្រទេស​ប៉ុន្តែ​ប្រទេស​កុម្មុយនីស្ត​ចិន​បាន​គាំទ្រ​ទាំងផ្នែក​ថវិកា​និង​នយោបាយ។

លោក​ផែទ្រិក លៀហ៊ី ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ Vermont ​ធ្លាប់​បាន​សរសេរ​លិខិត​មួយ​កាលពី​ដើម​ឆ្នាំ​២០១៨ ​ស្នើ​ឱ្យ​លោកស្រី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ អង្គការ​សហប្រជាជាតិ​លើកឡើង​ពីក្តី​កង្វល់​ពី​ការបង្ក្រាប​លើ​កម្លាំង​ប្រជាធិបតេយ្យ​ប្រាប់​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក​ផែទ្រិក លៀហ៊ី​បាន​បញ្ជាក់​ប្រាប់​វីអូអេថា៖

«ប្រទេស​កម្ពុជា​បាន​ភ្លេច​អស់​ហើយ​ថា​អ្វី​ទៅ​ជា​រូបភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ‍»។​

សេចក្តី​ស្នើច្បាប់​នេះ​នៅ​មិនទាន់​ទៅ​ដល់​គណៈកម្មាធិការកិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​នៅឡើយ​ទេ​ប៉ុន្តែ​លោក​សមាជិក​ព្រឹទ្ធសភា​គ្រីស ឃូន ​បាន​បញ្ជាក់​ប្រាប់​វីអូអេ ​ថា​ គណៈកម្មាធិការ​អាច​នឹង​ពិនិត្យ​មើល​នៅ​រយៈពេល​ពីរ​ឬបីខែ​ខាងមុខ​ទៀត។

លោក​ខេវឹន ក្រេមមឺ ​(Kevin Cramer) ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​មកពីរដ្ឋ​North Dakota ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា​លោក​នៅ​មិន​ទាន់​បាន​ឃើញ​សេចក្តី​ស្នើ​ច្បាប់នោះ​នៅឡើយ​ទេ​ហើយ​ត្រូវ​សិក្សា​បន្ថែម​ទៀត​ប៉ុន្តែ​លោក​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​យើង​គួរតែ​ពិនិត្យ​មើល​គ្រប់​ឱកាស​ដែល​មាន​ដើម្បី​ជំរុញ​ឱ្យ​មាន​លទ្ធផល​ល្អ​នៅ​កម្ពុជា​និង​ប្រទេស​ដទៃ​ទៀត​ដូចៗគ្នា‍»។

ប្រទេស​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​ទប់​ទល់​នឹង​ការបិទ​បញ្ចប់​ឬ​ព្យួរ​ឋានៈអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដោយ​ធ្វើ​ការ​កែទម្រង់​រចនា​សម្ព័ន្ធ​ការងារ​នៅ​តាម​ច្រក​នាំ​ចេញ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​នឹង​អ្នកសារព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា​ដោយ​លោក​ទទួល​ស្គាល់​ថា​កម្មវិធី​នយោបាយ​កន្លង​មក​មិន​មាន​ប្រសិទ្ធភាព​ទេ​ហើយ​លោក​បាន​ណែនាំ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុឱ្យ​ចាប់ផ្តើម​ដំណើរការ​នេះ​ហើយ។

«គ្រាន់តែមុន​មក​អម្បាញ់មិញ​នេះ​ ខ្ញុំ​សម្រេច​ធ្វើ​ឱ្យ​សម្រាល​ទៅដល់​ក្រុមធុរៈកិច្ច​ ដែល​អាច​និយាយ​បាន​ថា​មាន​ភាពអនុគ្រោះ​ឬ​គ្មានភាព​អនុគ្រោះ​ បាន​សេចក្តី​ថា​កម្ពុជា​ធានា​ថា​រស់ក្នុង​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន‍»។​

លោក​ហ៊ុន សែនបាន​បញ្ជាក់​ថា​តាម​ច្រកនាំចេញ​គឺ​រដ្ឋ​នឹង​រក្សា​ទុក​តែ​ផ្នែកប៉ូលិស​អន្តោ​ប្រវេសន៍និងគយ​តែ​ប៉ុណ្ណោះ​ដោយ​ដក​ចេញ​ផ្នែក​មិន​ចាំបាច់​ដូច​ជា​កាំកុងត្រូលនិង​បញ្ចុះ​តម្លៃ​ម៉ាស៊ីនស្គែន​ទំនិញ​ជាដើម។

សហរដ្ឋ​អាមេរិក​ជាទីផ្សា​រនាំចេញ​ដ៏​ធំទីពីរ​របស់​កម្ពុជា​បន្ទាប់ពី​សហភាព​អឺរ៉ុប។ ​ក្នុង​មួយ​ឆ្នាំ​ៗ​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ចំនួន​ ជាង​៣ពាន់​លាន​ដុល្លារ។ ទំនិញ​ដែល​នាំ​ចូល​ច្រើន​ជាង​គេគឺសម្លៀក​បំពាក់ ​អាវចាក់ ​ស្បែកជើង ​ផលិតផល​ស្បែក ​និង​ផ្លាស្ទិក។

ការ​អនុគ្រោះពន្ធ​GSP ​ដែល​កម្ពុជា​ទទួលបាន​នឹង​មាន​សុពលភាពរហូតដល់​ថ្ងៃទី​៣១ខែធ្នូ​ឆ្នាំ​២០២០៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG