ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនពីផ្ទះសម្បែងដ៏ច្រើនណែនណាន់តាន់តាប់បានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននិយាយថាពួកគេបានសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំង ៦ នាក់ទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយនេះនៅរក្សាដដែលនិងបើកផ្លូវឲ្យមានការដោះដូរចំណាប់ខ្មាំងជាមួយអ្នកទោសបន្ថែមទៀតនៅក្រោមកិច្ចព្រមព្រៀងមួយដែលមានបំណងបញ្ចប់សង្គ្រាមជាង ១៥ ខែកន្លងមកនេះ។ សង្គ្រាមនេះបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សានិងធ្វើឲ្យពលរដ្ឋតំបន់នេះស្ទើរតែទាំងអស់ភៀសខ្លួនពីផ្ទះសម្បែង។
កន្លងមក អ៊ីស្រាអែលបានរារាំងជនជាតិប៉ាឡេស្ទីនមិនឲ្យត្រឡប់ទៅផ្ទះវិញនៅភាគខាងជើងតំបន់ហ្កាហ្សា ដោយបានចោទប្រកាន់ក្រុមហាម៉ាស់ថារំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់។ ប៉ុន្តែខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា ជនជាតិប៉ាឡេស្ទីនអាចធ្វើដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបានក្រោយពីកិច្ចព្រមព្រៀងថ្មីត្រូវបានសម្រេចឡើង។
មនុស្សដ៏ច្រើនណែនណាន់តាន់តាប់បានចាប់ផ្ដើមធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សាតាមផ្លូវជាប់សមុទ្រកាលពីព្រឹកថ្ងៃចន្ទ ដោយយកទៅជាមួយនូវរបស់របរនានាដែលពួកគេអាចយកបាន។ នេះបើតាមការបង្ហាញរបស់រូបភាពវីដេអូរបស់ AFP។
មន្ត្រីសន្តិសុខតំបន់ហ្កាហ្សាម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ជនភៀសខ្លួនពីផ្ទះសម្បែងជាង ២០០.០០០ នាក់បានត្រឡប់ទៅកាន់តំបន់ហ្កាហ្សានិងភាគខាងជើងនៃតំបន់នេះវិញ» ក្នុងរយៈពេលតែ ២ ម៉ោងដំបូងតែប៉ុណ្ណោះកាលពីថ្ងៃចន្ទ។
បើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ តង់និងជម្រកស្នាក់នៅចំនួន ១៣៥.០០០ គឺត្រូវការនៅក្នុងទីក្រុងហ្កាហ្សានិងផ្នែកភាគខាងជើងនៃតំបន់នេះដើម្បីទទួលក្រុមគ្រួសារដែលធ្វើដំណើរត្រឡប់ទៅកាន់តំបន់ទាំងនោះវិញ៕
ជនជាតិប៉ាឡេស្ទីនត្រឡប់ទៅភាគខាងជើងតំបន់ហ្កាហ្សាវិញក្រោយមានកិច្ចព្រមព្រៀងថ្មី

វេទិកាបញ្ចេញមតិ