ពលកម្មដោយបង្ខំក្នុងចំណោមក្រុមជនអំបូរ Uyghur ក្រុមជនអំបូរ Kazakh និងក្រុមជនជាតិភាគតិចផ្សេងទៀតកំពុងកើតឡើងនៅតំបន់ Xinjiang របស់ប្រទេសចិន និងតំបន់ទីបេ។ នេះបើយោងតាមរបាយការណ៍ស្តីពីទម្រង់ទាសភាពសម័យទំនើបរបស់លោក Tomoya Obokata ដែលជាប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ។
យោងតាម American Civil Liberties Union ប្រេសិតពិសេសគឺជា«អ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលមានសមត្ថកិច្ចតាមដាន ផ្តល់យោបល់និងរាយការណ៍ជាសាធារណៈ»អំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជាក់លាក់ណាមួយ និងអំពីការរំលោភសិទ្ធិមនុស្សនានានៅទូទាំងពិភពលោក។
របាយការណ៍ដែលមានចំណងជើងថា«ទម្រង់សហសម័យនៃទាសភាពដែលប៉ះពាល់ដល់បុគ្គលដែលជាសមាជិករបស់សហគមន៍ជនជាតិភាគតិច សាសនា និងភាសា ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី ១៣ ខែសីហា បានរកឃើញករណីខ្លះនៃពលកម្មដោយបង្ខំនៅតំបន់ Xinjiang និងទីបេដែល«អាចក្លាយជាទាសភាព»។
របាយការណ៍នេះបានឱ្យដឹងទៀតថា៖ «លើសពីនេះទៀត ដោយសារលក្ខណៈនិងវិសាលភាពនៃអំណាចដែលបានអនុវត្តលើកម្មករដែលរងផលប៉ះពាល់ក្នុងអំឡុងពេលនៃការធ្វើពលកម្មដោយបង្ខំ រួមទាំងការឃ្លាំមើលហួសហេតុ ការរស់នៅដោយរងការបំពាននិងលក្ខខណ្ឌការងារ ការរឹតត្បិតចលនាតាមរយៈការធ្វើពលកម្ម ការគំរាមកំហែង អំពើហិង្សាលើរាងកាយនិងឬផ្លូវភេទ និងការប្រព្រឹត្តអំពើអមនុស្សធម៌ ឬព្រៃផ្សៃដទៃទៀត។ ករណីខ្លះអាចក្លាយជាទាសភាពដែលអាចត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលតម្រូវឱ្យមានការវិភាគឯករាជ្យស៊ីជម្រៅបន្ថែមទៀត»។
យោងតាមរបាយការណ៍ដដែលនេះ ប្រទេសចិនបានអនុវត្តប្រព័ន្ធគ្រប់គ្រងដោយរដ្ឋចំនួនពីរ ដើម្បីដាក់មនុស្សក្នុងតំបន់ឱ្យទៅធ្វើការដោយបង្ខំ។ ពួកគេបានដាក់បញ្ចូលប្រព័ន្ធមួយតាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដែល«ជនជាតិភាគតិចត្រូវបានឃុំខ្លួន និងត្រូវធ្វើការ» និងវិធីសាស្រ្តមួយក្នុង«ការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្ទេរកម្លាំងពលកម្ម» ដែលផ្ទេរកម្មករច្រើនលើសលប់នៅតាមជនបទ«ចូលទៅក្នុងការងារផ្នែកបន្ទាប់បន្សំ»។
របាយការណ៍នេះក៏បានកំណត់ផងដែរនូវប្រព័ន្ធការងារដោយបង្ខំស្រដៀងគ្នានេះដែលត្រូវបានបង្កើតឡើងនៅក្នុងតំបន់ទីបេ «ជាកន្លែងដែលមានគម្រោងផ្ទេរការងារយ៉ាងទូលំទូលាយដោយបានផ្លាស់ប្តូរភាគច្រើនមុខរបរជាកសិករ អ្នកចិញ្ចឹមសត្វ និងកម្មករនៅតាមជនបទផ្សេងទៀតទៅជាការងារដែលមានជំនាញទាប និងទទួលបានប្រាក់ខែទាប»។
ចិនបានពណ៌នាកម្មវិធីទាំងនេះថាជាមធ្យោបាយបង្កើតឱកាសការងារសម្រាប់ជនជាតិភាគតិចដើម្បីបង្កើនប្រាក់ចំណូលរបស់ពួកគេ។ ប៉ុន្តែរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា «ការធ្វើការងារដោយមិនស្ម័គ្រចិត្តដែលបង្ហាញដោយសហគមន៍ដែលរងផលប៉ះពាល់មានវត្តមាននៅក្នុងករណីជាច្រើន»នៅក្នុងតំបន់ Xinjiang និងទីបេ។
ក្រុមអ្នកស្រាវជ្រាវមួយចំនួន បណ្ដាអង្គការសិទ្ធិមនុស្ស និងសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនចំពោះការបង្ខិតបង្ខំកម្លាំងពលកម្មលើក្រុមអំបូរជន Uyghur ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែមិថុនា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុវត្តច្បាប់ការពារពលកម្មដោយបង្ខំលើក្រុមអំបូរជន Uyghur ដោយហាមឃាត់ការនាំចូលផលិតផលដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើពលកម្មដោយបង្ខំពីតំបន់ Xinjiang។
រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធជាយូរមកហើយនូវការចោទប្រកាន់លើការធ្វើពលកម្មដោយបង្ខំនៅតំបន់ Xinjiang ហើយបាននិយាយថា ការរៀបចំកម្លាំងពលកម្មនៅក្នុងតំបន់គឺដើម្បីកាត់បន្ថយភាពក្រីក្រតែប៉ុណ្ណោះ ហើយអ្នកមកពីក្រុមជនជាតិផ្សេងៗគ្នាអាចជ្រើសរើសការងាររបស់ពួកគេបានដោយសេរី។
ការឆ្លើយតបពីសហរដ្ឋអាមេរិក
គណៈកម្មាធិការប្រតិបត្តិនៃសភាស្ដីពីប្រទេសចិនបានឱ្យដឹងនៅក្នុងការបង្ហោះសារតាម Twitter ថា របាយការណ៍នេះ«កំណត់អត្តសញ្ញាណក្រុមជនជាតិដែលត្រូវបានបង្ខិតបង្ខំកម្លាំងពលកម្ម ដែលមានក្រុមអំបូរ Uyghur ក្រុមជនអំបូរ Kazakh និងជនជាតិផ្សេងទៀតថាជាទម្រង់ទាសភាពសហសម័យ និងជំរុញឱ្យប្រទេសនានាឆ្លើយតបនឹងសកម្មភាពនេះតាមរយៈការរឹតត្បិតខ្សែសង្វាក់ផ្គត់ផ្គង់ដែលស្រដៀងទៅនឹងច្បាប់ទប់ស្កាត់ការធ្វើពលកម្មដោយបង្ខំលើក្រុមជនអំបូរ Uyghur»។
អង្គការ Uyghur Human Rights Project ហៅកាត់ថា UHRP ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ជំរុញឱ្យការិយាល័យអង្គការសហប្រជាជាតិស្ដីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍«វាយតម្លៃ និងឆ្លើយតបភ្លាមៗចំពោះការជួយដល់ក្រុមជនអំបូរ Uyghur និង Turkic ផ្សេងទៀត ដោយយោងលើរបាយការណ៍របស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលអះអាងថា សកម្មភាពរបស់រដ្ឋាភិបាលចិនអាចចាត់ទុកទាសភាពដែលស្មើនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
នាយកប្រតិបត្តិអង្គការ UHRP លោក Omer Kanat បាននិយាយថា៖ «សំណុំរឿងប្រឆាំងនឹងរដ្ឋាភិបាលចិននៅកម្រិតអង្គការសហប្រជាជាតិនៅតែបន្តធ្វើឡើង»។ លោកថ្លែងទៀតថា៖ «ឥឡូវនេះ វាគួរតែមិនអាចទៅរួចទេសម្រាប់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក ក្នុងការមិនអើពើនឹងភាពសាហាវយង់ឃ្នងនេះ»។
ការឆ្លើយតបពីប្រទេសចិន
កាលពីថ្ងៃពុធ ទី១៧ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានរិះគន់លោក Obokata ដោយនិយាយថា លោក«បំពានសមត្ថកិច្ចរបស់លោក បំពានលើក្រមសីលធម៌នៃនីតិវិធីពិសេស មួលបង្កាច់ និងប្រមាថ»ប្រទេសចិន។
លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ប្រទេសចិនថា «ប្រេសិតពិសេសមួយចំនួនសុខចិត្តជឿលើការភូតភរ និងព័ត៌មានមិនពិតអំពីតំបន់ Xinjiang ដែលផ្សព្វផ្សាយដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនផ្សេងទៀត និងកងកម្លាំងដែលប្រឆាំងនឹងចិន»។ លោកបានថ្លែងទៀតថា៖ «មិនធ្លាប់មានការធ្វើពលកម្មដោយបង្ខំនៅក្នុងតំបន់ Xinjiang ទេ។ រដ្ឋាភិបាលចិនដើរតាមទស្សនវិជ្ជាអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជនជាធំ ហើយបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់និយោជិត»។
កាលពីថ្ងៃទី ១២ ខែសីហា នៅក្នុងពិធីមួយដែលធ្វើឡើងនៅអង្គការពលកម្មអន្តរជាតិ(ILO) ឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានផ្តល់សច្ចានុមតិលើអនុសញ្ញាជាមូលដ្ឋានចំនួនពីររបស់អង្គការពលកម្មអន្តរជាតិស្តីពីពលកម្មដោយបង្ខំ។
កាលពីថ្ងៃទី ១៥ ខែសីហា លោក Wang បាននិយាយថា តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ គឺលោក Chen Xu បានអនុម័តច្បាប់ផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីពលកម្មដោយបង្ខំ និងការលុបបំបាត់អនុសញ្ញាពលកម្មដោយបង្ខំដល់អគ្គនាយករបស់អង្គការពលកម្មអន្តរជាតិ លោក Guy Ryder ។
លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៥ ខែសីហាថា «អនុសញ្ញាទាំងនេះគឺជាឧបករណ៍ច្បាប់អន្តរជាតិដ៏សំខាន់បំផុតសម្រាប់លុបបំបាត់ការធ្វើពលកម្មដោយបង្ខំ»។ លោកបានថ្លែងទៀតថា៖ «រដ្ឋាភិបាលចិនតែងតែប្រឆាំងនឹងការធ្វើពលកម្មដោយបង្ខំ។ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាទាំងពីរនៃកិច្ចព្រមព្រៀងរបស់ខ្លួន រដ្ឋាភិបាលចិនបានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហរម៉ឺងម៉ាត់របស់ខ្លួនលើការប្រឆាំងនិងការប្រយុទ្ធប្រឆាំងនឹងការធ្វើពលកម្មដោយបង្ខំ»៕
ប្រែសម្រួលដោយកញ្ញា អ៊ុន សុដាវី