ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​ចាប់​​ផ្តើម​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស​​មួយ​ទៅ​កាន់​ប្រទេស​ចិន


រូប​ឯកសារ៖ ប្រធាន​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet ចូល​រួម​កិច្ច​ប្រជុំ​មួយ​​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប.​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២។
រូប​ឯកសារ៖ ប្រធាន​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​លោកស្រី Michelle Bachelet ចូល​រួម​កិច្ច​ប្រជុំ​មួយ​​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប.​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២។

ប្រធាន​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃចន្ទ​នេះមាន​គម្រោង​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល៦ថ្ងៃ​ទៅ​កាន់​ប្រទេស​ចិន​ ដែល​ក្នុង​នោះ​ក៏​រួម​មានដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដាច់ស្រយាល Xinjiang ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ពី​លទ្ធភាពចូលបាន​ពេញលេញ​នៅ​តំបន់​នោះ​និង​ការឃោសនា​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Michelle Bachelet ដែល​ជា​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិជាន់​ខ្ពស់​ដំបូង​គេ ​ដែល​បាន​ទៅ​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​រយៈពេល​ជិត​២ទសវត្សរ៍​កន្លង​ទៅនេះកើតមាន​ឡើង​ខណៈ​ដែល​ចិន​កំពុង​ទទួលរង​ការ​ចោទ​ប្រកាន់ពី​ការ​រំលោភ​សិទ្ធិ​មនុស្សលើ​ក្រុម​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​តំបន់ Xinjiang ដែល​ស្ថិត​នៅ​តំបន់​ភាគ​ខាង​លិចឆ្ងាយ​នៃ​ប្រទេស​ចិន។

គណបក្ស​កុម្មុយនីស្ត​ចិន​ត្រូវបាន​គេ​ចោទប្រកាន់ថា​ បាន​ឃុំឃាំងជនជាតិ Uyghur និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម​ដទៃ​ផ្សេងៗ​ទៀតប្រមាណ​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​តំបន់​នេះ​ ​ ក្រោម​ការបង្រ្កាបផ្នែក​សន្តិសុខអស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ​ដែល​សហរដ្ឋ​អាមេរិក​ហៅ​ថា​ជា​អំពើ​«ប្រល័យ​ពូជសាសន៍» នោះ។

ប៉ុន្តែ ចិន​បានបដិសេធ​ដាច់​អហង្ការ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បាន​ហៅការ​ចោទ​ប្រកាន់​មក​លើ​ខ្លួន​នោះ​ ថា​ជា​ការ​«ភូតកុហក​ប្រចាំ​សតវត្សរ៍»។

លោក​ស្រី Bachelet មាន​គម្រោង​នឹង​ជួបតាម​អនឡាញ​ផង​ដែរ​ ជាមួយ​ប្រមុខ​បេសកកម្ម​ការទូត​ប្រមាណ​៧០​នៅ​ក្នុង​ប្រទេស​ចិននៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​យោង​តាម​ប្រភព​ការទូតមួយ​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន។

បន្ទាប់​មក​នៅ​ក្នុង​សប្តាហ៍​នេះ លោក​ស្រីក៏​មាន​គម្រោង​នឹង​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុង Urumqi និង Kashgar នៃ​តំបន់ Xinjiang និង​ទីក្រុង Guangzhou ដែល​ស្ថិត​នៅ​ផ្នែកខាង​ត្បូង​ប្រទេស​ចិន​ផង​ដែរ។

ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​និង​ជា​អតីត​ប្រធានាធិបតី​ប្រទេសឈីលី​ រូប​នេះ​ក៏​នឹង​ជួប​ជាមួយ​មន្ត្រីជាន់​ខ្ពស់ចិនក៏​ដូចអង្គការ​សង្គមស៊ីវិល តំណាង​ពាណិជ្ជកម្ម​និង​អ្នក​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៃការិយាល័យ​របស់​លោកស្រី​នៅ​មុន​ដំណើរទស្សនកិច្ច​ចាប់ផ្តើម។

មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ជាប់​គាំងក្នុង​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ​ដើម្បីទទួលបាន​ការធានា​មួយ​ថា ខ្លួន​អាច​ចូល​ទៅ​ដល់ទី​តាំងនានា​ក្នុង​តំបន់ Xinjiang ដោយ​សេរី​និង​គ្មាន​ការ​ហាមឃាត់។

ដោយ​ឡែក​សហរដ្ឋ​អាមេរិក​បានធ្វើការ​រិះគន់មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​ចិន​ដោយ​និយាយ​ថា ខ្លួន​មាន​ការ​បារម្ភជា​ខ្លាំងដែល​លោក​ស្រី Bachelet មិន​បានទទួល​នូវ​ការធានា​ណា​មួយ​ទៅ​លើ​អ្វី​ដែលលោក​ស្រី​ចង់​ឃើញ​នោះ​ឡើយ។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក Ned Price បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​មិន​រំពឹង​ទុក​ថា ចិន​នឹង​ផ្តល់​ការ​អនុញ្ញាតឱ្យ​លោក​ស្រី​ទៅ​មើល​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ ដើម្បីធ្វើ​ការវាយតម្លៃឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​និង​ដោយ​ឯករាជ្យ​ជុំវិញ​បរិយាកាស​សិទ្ធិ​មនុស្សនៅ​ក្នុង​តំបន់ Xinjiang នោះ​ទេ‍»៕

XS
SM
MD
LG