ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​កិច្ចសហ​ប្រតិបត្តិការ​ឥស្លាម​ត្រូវ​បាន​រង​ការចោទ​ប្រកាន់​ថា មិន​យកចិត្ត​ទុកដាក់​លើ​ជនជាតិ​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម​​នៅ​​ចិន


រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ថ្លែង​នៅ​ពេល​ចាប់ផ្តើម​នៃ​កិច្ចប្រជុំ​ពីរ​ថ្ងៃ​របស់​អង្គការ​កិច្ចសហ​ប្រតិបត្តិការ​ឥស្លាម​ដែល​មានប្រទេសចំនួន៥៧ជា​សមាជិក នៅ​វិមាន​សភា ក្នុង​ទីក្រុង អ៊ីស្លាម៉ាបាដ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ការប្រកាស​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ប្រទេសចិន បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិលើ​ជនជាតិ​អ៊ុយហ្គ័រ​កាន់​សាសនាឥស្លាម​នៅ​ខេត្ត Xinjiang ភាគ​ខាង​លិច​ប្រទេស​ចិន​នោះ ហាក់ដូចធ្វើ​ឲ្យ​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​លើ​អង្គការ​កិច្ចសហប្រតិបត្តិការឥស្លាម​ដែល​មាន​សមាជិក​៥៧​ប្រទេស​ដែល​នៅ​សប្តាហ៍​នេះ បាន​ផ្តល់​កិត្តិយស​ដល់​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក Wang Yi នៅ​វេទិការ​កម្រិត​ខ្ពស់មួយ។

លោក Yi ត្រូវ​បាន​ប្រទេស​ប៉ាគីស្ថាន​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី៤៨របស់​រដ្ឋមន្ត្រី​ការ​បរទេស​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​អង្គការ​ឥស្លាម OIC អញ្ជើញ​ឲ្យ​ចូល​រួមក្នុង​កិច្ចប្រជុំរបស់​អង្គការ​នេះ​ នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ​នៃ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស​មួយ​រូប​ ហើយ​បាន​ថ្លែង​សុន្ទកថានៅ​ក្នុង​ពិធី​បើកសន្និសីទ​កំពូល​នោះ។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​មានរដ្ឋាភិបាលបណ្តោះអាសន្ន​ដឹកនាំ​ដោយ​ក្រុមតាលីបង់​ដែល​កំពុង​អន្ទះសារ​ចង់​ឲ្យ​មាន​ការគាំទ្ រ​និងការធ្វើវិនិយោគរបស់​ចិន​ជា​ខ្លាំង។

ព្រឹត្តិការណ៍​ជួនគ្នា​នេះ បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិមនុស្សមួយដែល​មាន​ទីតាំង​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​យុទ្ធនាការ​គាំទ្រដល់​ក្រុមជនជាតិ​ភាគតិច​អ៊ុយហ្គ័រ មាន​ក្តីបារម្ភ​ ហើយ​បាន​ថ្កោលទោស​ការចូលរួមរបស់​រដ្ឋមន្ត្រី​ការបរទេស​ចិន​នេះ ​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការ OIC ក៏​ដូច​ជា​ការរក្សា​ការស្ងៀមស្ងាត់​របស់​អង្គការ​នេះ​ទៅ​លើ​ការ​ធ្វើបាប​របស់ចិន​លើជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​ដែល​ក្នុង​នោះ​ ក៏​មាន​ការឃុំ​ឃាំង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ជា​ជំរំអប់រំ​ជា​ថ្មី។

ក្រុម​យុទ្ធនាការគាំទ្រ​ជនជាតិ​អ៊ុយហ្គ័រ បាន​បញ្ជាក់​នៅ​លើ​គេហទំព័ររបស់​ខ្លួន​ថា «វា​ជា​រឿង​មួយ​ដែល​គួរឲ្យ​ភ័យខ្លាច​ដែល​បាន​ឃើញ​ប៉ាគីស្ថាន​អញ្ជើញលោក Wang Yi ធ្វើ​ជា​ភ្ញៀវ​កិត្តិ យស ខណៈ​ដែលក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម មិនមាន​សិទ្ធិ​ក្នុង​ការប្រកាស​ខ្លួន​ឯង​ថា ជា​ជន​ជាតិមូស្លីម​ ឬគោរព​ប្រតិបត្តិ​សាសនា​ឥស្លាម​នោះ»។

បើ​តាម​លោក Hasan Askari ជា​អ្នក​វិភាគ​កិច្ចការអន្តរជាតិ​មួយរូប​បាន​ឲ្យ​ដឹង​ថា ការអញ្ជើញ​របស់​ប្រទេស​ប៉ាគីស្ថាន​ឲ្យ​រដ្ឋមន្ត្រី​ចិន​រូប​នេះ​ ចូលរួមក្នុង​វេទិការ​របស់​អង្គការ OIC ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​មួយ​រូប​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណីរបស់​អង្គការ​នេះ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នោះ​ អាច​អញ្ជើញមន្ត្រី​ការទូត​ជាន់​ខ្ពស់ពី​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​របស់​អង្គការ​នេះ។

សហរដ្ឋ​អាមេរិក បាន​ចោទ​ប្រកាន់ចិន​ថា ​បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍និង​ឧក្រិដ្ឋកម្ម​សង្គ្រាមទៅលើ​ក្រុម​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​តំបន់ Xinjiang ដែល​ស្ថិត​នៅ​ភាគខាង​លិច​ប្រទេស​ចិន​ដែល​ក្នុង​នោះ​រួម​មានការបង្ខំឲ្យ​ធ្វើការ​ជា​ទំងន់ ការគ្រៀវ​ស្ត្រី​កុំ​ឲ្យ​មាន​កូន ​និង​ការចាប់​ឃុំឃាំង​តាម​ទំនើងចិត្ត​លើ​ជន​ជាតិអ៊ុយហ្គ័រ​ជាង១លាន នាក់​ក្នុងជំរំ​ឃុំឃាំង។

ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បដិសេធ​ការចោទ​ប្រកាន់​ទាំង​នេះ​ ហើយ​បាន​និយាយ​ថា​ ជន​ជាតិ​ភាគ​តិចគ្រប់ជាតិ​សាសន៍ទាំង​អស់ កំពុង​រស់​នៅដោយ​សេចក្តី​សុខសាន្តក្នុង​តំបន់​ Xinjiang ប្រទេស​ចិន៕

XS
SM
MD
LG