ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​សភា​អឺរ៉ុប​ដែល​ធ្វើ​ទស្សនកិច្ច​តៃវ៉ាន់ ប្រកាស​គាំទ្រ​តៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen និង​លោក Raphael Glucksmann ប្រធាន​គណៈកម្មាធិការ​ពិសេស​នៃ​សភា​អឺរ៉ុប​ស្តីពី​ការជ្រៀតជ្រែក​ពី​បរទេស ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen និង​លោក Raphael Glucksmann ប្រធាន​គណៈកម្មាធិការ​ពិសេស​នៃ​សភា​អឺរ៉ុប​ស្តីពី​ការជ្រៀតជ្រែក​ពី​បរទេស ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធាន​គណៈ​ប្រតិភូ​សភា​អឺរ៉ុប​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កោះតៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​តៃវ៉ាន់​ គឺ​ជា​«កំណប់​ទ្រព្យ»​ ដែល​ត្រូវ​តែការពារ​ដោយ​សន្យា​ថា​ នឹង​គាំទ្រ​កោះ​នេះ​ នៅពេល​ដែល​ភាពតាន​តឹង​រវាង​ទីក្រុង​ប៉េកាំង​និង​តៃប៉ិ​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ។ នេះ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

ប្រទេស​ចិន ​បាន​ទាមទារ​កោះ​តៃវ៉ាន់ ​ហើយ​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ក្នុង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​ដើម្បី​ធ្វើ​ឱ្យ​តៃវ៉ាន់​ឯកោ​នៅលើ​ឆាក​អន្តរជាតិ​ដោយ​ប្រឆាំង​ការ​ប៉ុនប៉ង​ដែល​ចាត់​ទុកកោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ជា​រដ្ឋ​ឯករាជ្យ។​ ការ​លុកលុយ​របស់​កងទ័ព​អាកាស​ចិន​នាពេល​ថ្មីៗ​នេះ​ចូល​ក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​ នាំ​ឱ្យ​មានការ​គាំទ្រ​ពី​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ ​រួមទាំង​ពី​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​អះអាង​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យូរ​អង្វែងគាំទ្រ​ការ​ការពារ​ខ្លួន​របស់​ដែន​កោះនេះ។​

គណៈប្រតិភូ​នេះ​ដឹកនាំ​ដោយ​លោក​ Raphael Glucksmann ​សមាជិក​សភា​សហភាព​អឺរ៉ុប​ដែល​ជា​ជនជាតិ​បារាំង​ដែល​ជា​អ្នក​រិះគន់​ចិន​ ហើយ​លោក​ស្ថិត​ក្នុង​ចំណោម​សមាជិក​សភា​ចំនួន​ប្រាំ​នាក់​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដាក់​ទណ្ឌកម្មកាលពី​ខែ​មីនា។​ ក្រុមនេះ​ ត្រូវ​បាន​ហៅ​ថា​ ជា​គណៈ​ប្រតិភូ​សភាអឺរ៉ុប«ផ្លូវការ»​ដំបូង​ទៅ​កាន់​ទីក្រុង​តៃប៉ិ។ ​លោក Glucksmann ​បាន​ហៅ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​តៃវ៉ាន់​ថា​ជា«កំណប់​ទ្រព្យ​ដែល​អ្នក​ប្រជា​ធិបតេយ្យ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ គួរ​លើក​តម្កើង ​និង​ការពារ»។​

នៅ​ពេល​គណៈ​ប្រតិភូ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី​ Tsai Ing-wen ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ លោក​បាន​និយាយ​ថា «យើង​បាន​មក​ទីនេះ​ដោយ​មាន​សារ​ដ៏​សាមញ្ញ ​និង​ច្បាស់លាស់​បំផុតថា អ្នក​មិន​នៅ​ឯកោ​ទេ។ អឺរ៉ុប​កំពុង​នៅ​ជាមួយ​អ្នក​ក្នុង​ការ​ការពារ​សេរីភាព ​និង​នីតិរដ្ឋ ​និ​ងសេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សជាតិ។​ វាជា​ពេល​ដ៏សំំខាន់​សម្រាប់​ពួកយើង​នៅ​សហភាព​អឺរ៉ុប​បង្ហាញ​ថា​ យើង​ជិះ​ក្នុង​ទូកតែ​មួយ​... ​បន្ទាប់​មក​យើង​ត្រូវ​ការ​របៀប​វារៈ​រឹងមាំ​សម្រាប់​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ និង​វិធាន​ការ​រឹងមាំ​កម្រិតខ្ពស់​ដើម្បី​កសាង​ភាព​ជាដៃគូ​រវាង​សហភាពអឺរ៉ុប​និង​តៃវ៉ាន់»។

ស្ថាន​បេសកកម្ម​ចិន​នៅ​ទីក្រុង​ព្រុចសែល​បាន​ព្រមាន​មុន​នេះ​ថា ​ដំណើរ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​របស់​សភា​អឺរ៉ុប​ នឹង​ «បំផ្លាញ​ផល​ប្រយោជន៍​ស្នូល​របស់​ចិន ​និង​ធ្វើ​ឱ្យ​ខូច​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ល្អ​រវាង​ចិន និងសហភាព​អឺរ៉ុប»។​ រដ្ឋាភិបាលក្រុង​ប៉េកាំង​ក៏បាន​ប្រតិកម្ម​ដោយ​ខឹងសម្បានៅពេលសមាជិក​ព្រឹទ្ធ​សភា​បារាំង​មួយ​ក្រុម ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​តៃប៉ិ​កាលពី​ខែ​មុន ​និង​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​តៃវ៉ាន់​លោក​ Joseph Wu​ ទៅប្រទេស​ស្លូវ៉ាគី ​និង​សាធារណរដ្ឋ​ឆែក។​

ទំនាក់ទំនង​រវាង​ចិន និងតៃវ៉ាន់ ​បាន​ធ្លាក់​ចុះចាប់​តាំង​ពី​អ្នកស្រី ​Tsai Ing-wen ​ឡើង​កាន់​តំណែង​ក្នុង​ឆ្នាំ ២០១៦​ ដោយ​អ្នកស្រី​ចាត់ទុក​កោះនេះ​ ជា​ប្រទេស​ដែល​មានអធិប​តេយ្យភាព​ពិតប្រាកដ ហើយ​មិន​មែនជា​ផ្នែក​មួយ​នៃ​ទឹកដី​ចិន​ទេ។ ​រដ្ឋមន្ត្រី​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា ​ ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៤ ទស​វត្សរ៍​ បន្ទាប់​ពីយន្តហោះ​ចម្បាំង​ចិន​ បាន​ហោះ​ចូល​ទៅក្នុង​តំបន់​ការពារ​ដែន​អាកាស​របស់​កោះ​កាលពី​ខែ​មុន ក្នុងចំនួន​ច្រើន​ជាងពេល​មុនៗ​ទាំងអស់៕

XS
SM
MD
LG