ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​តៃវ៉ាន់​​ព្រមាន​ចិន​​​កុំ​ឲ្យ​មក​ក្បែរ​​ខ្លួន​ ខណៈ​ចិន​ការពារ​ការ​ធ្វើ​សមយុទ្ធយោធា


រូបឯកសារ៖ ទង់ជាតិ​ចិន​និង​តៃវ៉ាន់​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​យន្តហោះ​យោធា​មួយ។ (Reuters)
រូបឯកសារ៖ ទង់ជាតិ​ចិន​និង​តៃវ៉ាន់​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​យន្តហោះ​យោធា​មួយ។ (Reuters)

ក្រសួង​ការ​ពារ​ជាតិ​កោះ​តៃវ៉ាន់កាលពី​ថ្ងៃ​ពុធ បាន​ព្រមាន​ពី​វិធានការ​ឆ្លើយ​តប​ខ្លាំងៗ​វិញទៅ​កាន់​ប្រទេស​ចិន ប្រសិន​បើកង​កម្លាំង​របស់​ចិន​ បានខិត​មកជិត​ដែន​កោះ​របស់​ខ្លួន​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានការពារ​នូវ​ការលុកលុយ​របស់​ខ្លួន​លើ​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​ថា​ជា​សកម្មភាព​មួយ​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​តែ​ប៉ុណ្ណោះ។ នេះ​បើតាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។

ភាព​តានតឹង​យោធា​ជាមួយ​ចិន​ដែល​បាន​អះ​អាង​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដ៏​អាក្រក់​ ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​កន្លង​ទៅ​នេះ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​កោះ​តៃវ៉ាន់​កាល​ពី​សប្តាហ៍​មុន។ លោក​បន្ថែម​ថា ចិន​អាចមាន​លទ្ធភាព​ក្នុងការ​ធ្វើ​សកម្មភាព​ឈ្លានពាន​ក្នុង​កម្រិតពេញ​លេញ​មួយ ​ទៅ​លើ​កោះ​តៃវ៉ាន់​នៅ​ត្រឹម​ឆ្នាំ​២០២៥ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​រូប​នេះ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​ បន្ទាប់​ពី​ចិន​បាន​ធ្វើ​សកម្មភាព​បំពាន​ទៅ​លើតំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់​ក្នុង​ទ្រង់​ទ្រាយ​ធំអស់​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​តុលា​មក​ ដែល​សកម្មភាព​នេះ​ត្រូវ​បាន​តៃវ៉ាន់​ចាត់​ទុក​ថា ជាការបង្កើន​សកម្មភាព​យោធារបស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ប្រឆាំង​កោះ​តៃវ៉ាន់។

ពុំ​មាន​ការបាញ់​ណាមួយ​កើត​ឡើង​នោះ​ទេ ខណៈ​ដែល​យន្តហោះរបស់​ចិន​ បាន​ស្ថិត​នៅ​ឆ្ងាយ​ពីដែន​អាកាស​របស់​តៃវ៉ាន់​ ដោយ​ផ្តោត​ទៅ​លើ​សកម្មភាពរបស់​គេ​នៅ​ខាង​ចុង​ផ្នែក​និរតី​ នៃ​តំបន់​ការពារ​ដែន​អាកាស​របស់​តៃវ៉ាន់។

នៅ​ក្នុង​របាយ​ការណ៍​មួយ​ទៅ​កាន់​សភា​តៃវ៉ាន់ ក្រសួង​ការពារជាតិ​តៃវ៉ាន់​លើក​ឡើង​ថា កងកម្លាំង​តៃវ៉ាន់​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មួយ​គឺ​ថា​ នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​វិញឲ្យ​បាន​ខ្លាំង​ក្លា​ ប្រសិន​បើ​កម្លាំង​របស់​ចិន​ដីគោកខិតមក​ក្បែរ​ដែន​កោះ​របស់​ខ្លួន​នោះ។ របាយ​ការណ៍​នេះ​មិន​បាន​និយាយលម្អិត​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បានសម្តែង​នូវ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​សមត្ថភាព​យោធា​របស់​ចិន​ដែល​កំពុង​កើន​ឡើង​ ​ដែល​ក្នុង​នោះមាន​ការបញ្ចេញ​នូវ​នាវា​ផ្ទុក​យន្តហោះ​ថ្មីៗ​ នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ និង​នាវា​ប្រយុទ្ធដែល​អាច​ធ្វើ​សកម្មភាព​ទាំង​លើ​ទឹក​និងលើ​ដី​បាន​ ត្រូវ​បាន​បញ្ចេញ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នោះ៕

XS
SM
MD
LG