ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ព្រមាន​ចិន​រឿង​ការបង្កើន​យុទ្ធនាការ «ដាក់​សម្ពាធ» លើ​តៃវ៉ាន់


រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក John Kirby និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ថា យុទ្ធនាការ​ដាក់​សម្ពាធ​មិន​បង្អង់​ដៃ​របស់​ប្រទេស​ចិន​លើ​តៃវ៉ាន់ ​គឺ​មានតែ​បង្កើន​ឱកាស​ឲ្យ​មាន​កំហុស​តែ​ប៉ុណ្ណោះ និង​ប្រហែលជា​អាច​បង្ក​ឲ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​ដោយ​អចេតនា។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​អំពី​ការ​បង្កើន​ភាព​តានតឹង​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​ព្រមាន​ថា យុទ្ធសាស្ត្រ «បង្កហេតុ» នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​លទ្ធផល​ផ្ទុយ​ពី​ការ​រំពឹង​ទុក។

លោក John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​បំភិត​បំភ័យ ដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ សម្ព័ន្ធមិត្ត និង​ដៃគូ​ដទៃ​ទៀត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កើន​សកម្មភាព​យោធា​របស់​ពួកគេ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងកើត និង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ។ យើង​ជឿ​ថា ទង្វើ​របស់​ចិន​ដូច​នេះ​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​និង​មានតែ​បង្កើន​ហានិភ័យ​នៃ​ការ​ប៉ាន់ស្មាន​ខុស​តែ​ប៉ុណ្ណោះ»។

លោក Kirby បាន​បន្ថែម​ថា ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​គឺ​នៅតែ «រឹងមាំ​ដូច​ថ្ម» ដដែល។

លោក​ថា៖ «យើង​មាន​ការ​ចាប់​អារម្មណ៍​ជាប់​ជានិច្ច​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​បន្ត​ជួយ​តៃវ៉ាន់​ក្នុង​ការ​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គោរព​តាម​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ការ​ខ្វែង​គំនិត​គ្នា​រវាង​ចិន​និង​តៃវ៉ាន់​នេះ»។

កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ចិន​និង​តៃវ៉ាន់​បាន​ឌឺដង​ដាក់​គ្នា​ទាក់ទិន​នឹង​រឿង​អធិបតេយ្យភាព​របស់​កោះ​តៃវ៉ាន់ បន្ទាប់ពី​ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់៕

លោក Ken Bredemeier នៃវីអូអេ ចូលរួម​រាយការណ៍​ក្នុង​សេចក្តីរាយការណ៍នេះ។

XS
SM
MD
LG