ប្រធានាធិបតីកោះតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ CNN ថា កងទ័ពអាមេរិកមួយចំនួនតូច កំពុងឈរជើងនៅកោះតៃវ៉ាន់ដើម្បីហ្វឹកហាត់ជាមួយទាហានតៃវ៉ាន់ដោយបញ្ជាក់អំពីវត្តមានរបស់ទាហានអាមេរិកនៅលើដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ហើយដែលប្រទេសចិនចាត់ទុកជារបស់ខ្លួន។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ភាពតានតឹងរវាងតៃវ៉ាន់និងចិនដែលថា ចិនអាចនឹងវាយយកតៃវ៉ាន់ដោយកម្លាំង បើចាំបាច់នោះ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ។
អ្នកស្រី Tsai Ing-wen បានប្រាប់បណ្តាញទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍ដែលបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា «យើងមានកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងបង្កើនសមត្ថភាពការពារជាតិរបស់យើង»។
នៅពេលគេសួរអំពីចំនួនទានហានអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅតៃវ៉ាន់ អ្នកស្រីគ្រាន់តែនិយាយថា «មិនច្រើនដូចគេគិតនោះទេ»។
ការបញ្ជាក់នេះ ធ្វើឡើងនៅពេលដែលចិនកំពុងបង្កើនសម្ពាធយោធាយ៉ាងខ្លាំងលើតៃវ៉ាន់ រួមទាំងបេសកកម្មយន្តហោះចម្បាំងរបស់ចិនម្តងហើយម្តងទៀតចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។
ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនរួមទាំងទីភ្នាក់ងារព័ត៌មាន Reuter ផង បានរាយការណ៍ថា មានការបណ្តុះបណ្តាលបែបនេះជាមួយកងទ័ពអាមេរិកនោះ ការបញ្ជាក់ជាផ្លូវការនេះ អាចធ្វើឱ្យទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់ តែធ្ងន់ធ្ងរឡើងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើសមយុទ្ធយោធាធំៗនៅជិតកោះតៃវ៉ាន់។
នៅពេលសួរអំពីអត្ថាធិប្បាយរបស់អ្នកស្រី Tsai Ing-wen រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បានប្រាប់អ្នកយកព័ត៌មានថា ទំនាក់ទំនងរវាងយោធាតៃវ៉ាន់-អាមេរិក«មានច្រើននិងញឹកញាប់» ហើយបានបន្តជាយូរមកហើយ។ លោកមិនបានបញ្ជាក់លម្អិតទេ។
សហរដ្ឋអាមេរិកក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់។ អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់ជារដ្ឋឯករាជ្យ ហើយបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់តៃវ៉ាន់។
នៅពេលគេសួរអំពីរបាយការណ៍ស្តីពីកងទ័ពអាមេរិកនៅតៃវ៉ាន់ ក្រសួងការបរទេសចិនបាននិយាយនៅដើមខែនេះថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ទំនាក់ទំនងយោធានិងការលក់អាវុធទៅឱ្យតៃវ៉ាន់ដើម្បីចៀសវាងការបំផ្លាញទំនាក់ទំនងទ្វេភាគី៕