ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​មាន​សុទិដ្ឋិនិយម​ចំពោះ​​បរិយាកាស​ធុរកិច្ច​​នៅ​កម្ពុជា


លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជានិងលោក Tasilo Brinzer អនុប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ចូលរួមក្នុងកិច្ចពិភាក្សាអំពី «ធុរកិច្ច និងកិច្ចអភិវឌ្ឍ» កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជានិងលោក Tasilo Brinzer អនុប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ចូលរួមក្នុងកិច្ចពិភាក្សាអំពី «ធុរកិច្ច និងកិច្ចអភិវឌ្ឍ» កាលពីថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

តំណាង​ពាណិជ្ជករ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​រីកចម្រើន​ ​សេដ្ឋ​កិច្ច​នៅ​កម្ពុជាហើយ​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​កំពុង​ព្យាយាម​កៀរគរ​អ្នក​វិនិយោគ​ពី​អឺរ៉ុប​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត។

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​សារព័ត៌មាន​មួយ​អំពី«ធុរកិច្ច​របស់​សហភាព​អឺរ៉ុប​ ​និង​ប្រទេស​កម្ពុជា»​ ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​Tassilo Brinzer​ ​អនុ​ប្រធាន​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ​(EuroCham)​ ​បាន​និយាយ​តាម​រយៈ​អ្នក​បកប្រែ​ថា៖​

​«ខ្ញុំ​គិត​ថា​បរិយាកាស​ធុរកិច្ច​ជាទូទៅ​នៅ​កម្ពុជា​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ទៀត​មាន​ភាព​ល្អ​ប្រសើរ។​ ​ក្រុម​ហ៊ុន​អាច​មក​វិនិយោគ​ដោយ​ផ្ទាល់​ហើយ​អាច​មាន​កម្មសិទ្ធិ​លើ​ផ្នែក​ប្រតិបត្តិការ​មួយ​រយ​ភាគ​រយ»។

​លោក​បាន​បន្ត​ថា​ ​EuroCham​ ​នឹង​ព្យាយាម​ជំរុញពិន្ទុ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ឲ្យកាន់​តែ​ល្អ។

លោក​ ​George Edgar​ ​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​រយៈពេល​១ថ្ងៃ​នោះ​ ​ក៏​បាន​ថ្លែង​ឱ្យ​ដឹង​ផង​ដែរ​ថា​សហភាព​អឺរ៉ុប​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​បី​បន្ទាប់​ពី​ចិន​និង​កូរ៉េ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុងប្រទេស​កម្ពុជា។​ ​ជាមួយគ្នា​នោះ​ដែរ​ ​អ្នក​ការ​ទូត​រូប​នេះ​ក៏​បន្ថែម​ថា​កម្ពុជា​បាន​ក្លាយ​ជា​អ្នកនាំ​កង់​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ធំ​ជាង​គេ​នៅ​ឆ្នាំ​២០១៧​ដែល​នាំមុខ​ចិន​តៃវ៉ាន់​ទៀត។

«ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ប្រែប្រួល។​ ខ្ញុំ​ចង់​ឲ្យ​មាន​មាន​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ទុន​របស់​អឺរ៉ុប​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា»។

មក​ដល់​ពេល​នេះ​ ​ក្រុម​ហ៊ុន​អឺរ៉ុប​ជាង​៥០០​ក្រុម​ហ៊ុន​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដូច​ជា​ក្រុម​ហ៊ុន​រថយន្ត​ ​Porshe​ ​ក្រុមហ៊ុន​ ​DHL​ ​ក្រុមហ៊ុន​ ​BMW​ ​ក្រុម​ហ៊ុន​ ​Mercedez​ ​និង​ក្រុម​ហ៊ុន​ ​Adidas​ ​ជា​ដើម​ ​ហើយ​ក្រុម​ហ៊ុន​ទាំង​នេះ​ បាន​ផ្ដល់​ការងារ​ដែល​មាន​លក្ខខ័ណ្ឌ​ល្អ​ប្រសើរ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រាប់​សែន​នាក់។ នេះ​បើ​យោង​តាម​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា។​

​លោក​ ​ស៊ាង ថៃ​ ​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​សាទរ​ចំពោះ​ការ​លើក​ឡើង​របស់​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។​ ​លោក​បាន​បន្ត​ថាកម្ពុជា​នឹង​ព្យាយាម​ ​សម្រប​ខ្លួន​តាម​ច្បាប់​អន្តរជាតិ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន​អឺរ៉ុប​បន្ថែម​ទៀត។

លោក​ ​ស៊ាង ថៃ​ ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​យ៉ាង​ដូច្នេះ​ថា៖​

«នៅ​មាន​ចំណុច​ខ្លះ​ ​អឺ​ច្បាប់​ទម្លាប់​ ​ដែល​យើ​ង​ត្រូវ​តែ​ធ្វើ​ឲ្យ​វា​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ។​ ​ជួនកាល​យើង​ទោះបី​ជា​យើង​ចូល​អាស៊ាន​ក៏​ដោយ​ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក៏​ដោយ​ ​យើង​ត្រូវ​តែ​ Update​ ​(ធ្វើ​បច្ចុប្បន្ន​ភាព)​ ​វា​អ៊ីចឹង​ទៅ​ណា»។

​សហភាព​អឺរ៉ុប ​បាន​នាំ​ចូល​ផលិត​ផលជាង​៤៥​ភាគរយ​ ​ចេញ​ពី​កម្ពុជា​ដូច​ជា​សំលៀកបំពាក់ ​ស្បែក​ជើង​ អង្ករ​និង​កង់។​ ​ទឹក​ប្រាក់​សរុប​នៃ​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​ប្រហែល​៥​ពាន់​លាន​អឺរ៉ូ​ ​ដែល​ស្មើ​នឹង​ជិត​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ដែលការ​នាំ​ចេញនេះមាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ​ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​នៃ​គណៈ​កម្មការ​សហ​ភាព​អឺរ៉ុប​ ​(Department of Trade of European Commission)និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប​ ​(European External Action Service)​ ​បាន​មក​បំពេញ​បេសកកម្ម​ស្វែង​រក​ការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ការ​ពិចារណា​អំពី​ឋានៈ​អនុគ្រោះ​ពន្ធ​កម្ពុជា​លើ​គម្រោង​«គ្រប់មុខ​ទំនិញ​លើកលែង​តែ​អាវុធ»​ ​ឬ​ហៅ​កាត់​ថា​EBAដែល​ជា​គម្រោង​មួយអនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា​សម្រាប់​នាំចូល​ទីផ្សារ​សហភាព​អឺរ៉ុប​ ​ហើយ​បាន​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បេសកកម្ម​របស់​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​នោះ​ ត្រូវ​គេ​ជឿ​ថា​មាន​គោលដៅ​ប្រមូល​ព័ត៌មាន​ មុន​នឹង​សម្រេច​ថា​តើ​នឹង​ដក​កម្ពុជា​ចេញ​ពី​គម្រោង​នេះ​ដែរ​ឬ​ទេ។

លោក​ ​George Edgar​ ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​និយាយ​ថា​កិច្ច​ពិភាក្សា​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ដោយ​លោក​មិន​អាច​និយាយ​បាន​ថា​ស្ថានភាព​នឹង​ទៅជា​យ៉ាង​ណា​នោះ​ទេ។​ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បន្ត​ថា​ ​សហភាព​អឺរ៉ុប​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​ច្បាប់​ពាណិជ្ជកម្ម​ផ្សេងៗ​ដើម្បី​សម្រួល​និង​ទាក់​ទាញ​ក្រុម​ហ៊ុន​វិនិយោគបន្ថែម​ទៀត៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG