ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​មាន​សន្ទុះ​ខ្លាំង​ តែ​ព្រមាន​ពី​ហានិភ័យ​នៃ​ការបាត់​​បង់​ការ​អនុគ្រោះពន្ធ


រូបថតផ្លាក​សញ្ញា ធនាគារ​ពិភពលោក។ (រូបថត Reuters)
រូបថតផ្លាក​សញ្ញា ធនាគារ​ពិភពលោក។ (រូបថត Reuters)

ក្រោយ​ពី​ការព្យាករណ៍​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ដែល​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងកើន​៧.២៥​ភាគរយ​នៅឆ្នាំ​២០១៨​នោះ​ ​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្យាករណ៍​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​៧​ភាគរយ​ សម្រាប់​ឆ្នាំ​២០១៨​ ​ដែល​ដូច​គ្នា​នឹង​ការ​ប៉ាន់ស្មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)ផងដែរ។​ ​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​ជួបហានិភ័យ​ ​ប្រសិន​បើ​ប្រទេស​នេះ​ ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់ការ​នាំចេញទំនិញ​របស់ខ្លួន​ទៅកាន់​ប្រទេស​មានសេដ្ឋកិច្ច​នាំមុខ​នោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាព​រឹងប៉ឹង​ដដែល​ក្នុង​ឆ្នាំ២០១៨​ ​ហើយ​កំណើន​សេដ្ឋកិច្ច​ស្ថិត​ក្នុង​កម្រិត​៧ភាគរយ​ ​ដោយ​ឈរ​លើ​ទស្សនៈ​សុទិដ្ឋិនិយម​របស់​វិនិយោគិន​និង​ការ​កើនឡើង​ចំណាយ​របស់​រដ្ឋាភិបាល​ ​ខណៈ​ឆ្នាំ​២០១៧​ ​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ត្រឹមតែ​ ​៦.៩​ ​ភាគរយ​ ​តែ​ប៉ុណ្ណោះ។

ធនាគារ​ពិភពលោកបានឲ្យ​ដឹង​បន្ថែមថា កំណើន​នេះ​នឹង​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយភាព​ក្រីក្រ​ឲ្យ​ធ្លាក់ចុះ​ថែម​ទៀត។ ​ប៉ុន្តែ​ ​ការកើនឡើងនៃ​ឱន​ភាព​សារ​ពើពន្ធ​ ​និង​ការ​ខូចខាត​បន្ទាប់បន្សំ​ពី​សង្គ្រាម​ពាណិជ្ជ​កម្មសកល​ជាហានិភ័យ​ចំពោះ​ទស្សន​វិស័យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ។​

ការ​ព្យាករណ៍​របស់ធនាគារ​ពិភពលោក​អំពី​កំណើន​សេដ្ឋ​កិច្ច​របស់​កម្ពុជាកើតមាន​ឡើង​ក្រោយ​ការ​ចេញ​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)​ ​និង​មូលនិធិរូបិយវត្ថុអន្តរជាតិ​(IMF)​ ​ ដែល​បាន​ឲ្យដឹង​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រវង្វង់​ ​៧ភាគរយ​ទៅ​៧.២៥​ភាគរយ​ជា​បន្តបន្ទាប់​គ្នា។​

យោង​តាមការ​ប្រកាស​អំពី​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បូព៌ា​ ​និងប៉ាស៊ីហិ្វក​ ​របស់​ការិយាល័យ​ធនាគារ​ពិភព​លោកប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​នាថ្ងៃព្រហស្បតិ៍​នេះ បាន​ឲ្យ​ដឹង​ថា​ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​បន្ត​មាន​ភាព​រឹងមាំ​ ​ជំរុញ​មួយ​ផ្នែក​ធំ​ដោយ​សារតម្រូវការ​នៅក្រៅ​ប្រទេស។

ការ​នាំចេញ​សម្លៀក​បំពាក់​ ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ ​និង​ផលិតផល​ស្បែកជើង​ ​កើន​បាន​ ១៦.២​ភាគរយ​ ​(មួយឆ្នាំលើមួយឆ្នាំ)​ ​ក្នុង​អំឡុង​៦ខែ​ដំបូងនៃ​ឆ្នាំ២០១៨​ ជាកំណើន​ពីរឆ្នាំ​ជាប់​គ្នា​ គឺ​កើន​ពី​៨.៣​ ​ភាគរយ​ ​នៅ​ចុងឆ្នាំ​២០១៧​។​ ​ក្នុង​អំឡុង​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ​ដែរ​ ការ​មក​ដល់​ភ្ញៀវទេសចរ​ ​បាន​កើន​ដល់​៣លាន​នាក់។​ ​តួលេខ​នេះ​ ​តំណាង​ឲ្យ​កំណើន​១៣.៦​ភាគរយ​ (មួយ​ឆ្នាំ​លើ​មួយឆ្នាំ​)​ ​បើធៀប​នឹង​កំណើន​ ​១១.៨​ ​ភាគរយ​ ​ក្នុង​ឆ្នាំ​២០១៧​ ​ក្រោម​សន្ទុះ​កំណើន​ខ្លាំង​នៃការ​មក​ដល់​ ​តាមជើង​អាកាស​របស់ទេសចរ​មក​ពីប្រទេសចិន។

ធនាគារ​ពិភព​លោក​ដែល​មាន​ទីស្នាក់​ការ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ភាព​ជឿជាក់​លើប្រព័ន្ធ​ធនាគារ​នៅតែ​បន្ត​រក្សា​ភាព​រឹងមាំ​ដដែល​ ​ហើយ​ប្រាក់​តម្កល់​របស់​ផ្នែក​ឯកជន​ ​ភាគច្រើន​ជាដុល្លារ​អាមេរិក​ កើន​២២.៤​ភាគរយ​ ​(ឆ្នាំលើ​ឆ្នាំ)​ ​គិតត្រឹម​ខែមិថុនា​ ឆ្នាំ​២០១៨។​ ​

ធន​បម្រុង​ដុល​អន្តរជាតិ​ ​កើនដល់​ ​៩ពាន់លាន​ដុល្លារ​អាមេរិក​ ​ឬ​សមមូល​ទៅ​នឹង​ប្រហែល​រយៈ​ពេល​៦ខែ​ ​នៃ​តម្លៃ​នៃ​កា​រនាំចូល។

កំណើន​ខ្លាំងក្លានៃ​សេដ្ឋកិច្ចកម្ពុជា​ ​ក៏​បាន​មួយ​ចំណែក​ធំ​ពីលំហូរ​ចូល​ការ​វិនិយោគ​ពីបរទេស​ដោយផ្ទាល់​ធំៗ។​ ​ការ​វិនិយោគ​ពីបរទេស​ដោយ​ផ្ទាល់​ត្រូវបាន​ប្រមាណ​ឃើញថា​ បាន​កើន​ជិត​១៤.៣​ភាគរយ​ ​(ឆ្នាំ​លើ​ឆ្នាំ)​ ក្នុង​អំឡុង​ប្រាំមួយ​ខែដំបូង​នៃ​ឆ្នាំ​២០១៨។

ធនាគារ​ពិភពលោក​បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា៖​

«ជាង​ពាក់​កណ្តាល​នៃ​ការ​ហូរចូល​ទឹកប្រាក់​វិនិយោគ​ក្នុង​ផ្នែកនេះ​គឺមក​ពី​ប្រទេស​ចិន​ ហើយ​វាត្រូវ​បាន​តម្រង់​ទិស​ទៅលើការ​អភិវឌ្ឍន៍​សំណង់​អគារ​ពាណិជ្ជកម្ម​ និង​អាគារ​ស្នាក់​នៅព្រម​ទាំង​ មួយ​ផ្នែក​តូច​ណា​មួយ​នោះ​ ទៅលើ​ផ្នែក​ផលិតកម្ម​ និង​កសិកម្ម។​ ​ចំណុច​គោលដៅ​ ទាក់​ទាញ​ខ្លាំង​ដែល​កំពុង​លេចធ្លោ​ក្នុង​កំណើន​នៃ​វិស័យនេះ​ រួមមាន​ទីរួម​ខេត្ត​ព្រះសីហនុ​ ដែល​ទឹក​ប្រាក់​នៃការ​វិនិយោគ​បរទេស​ផ្ទាល់​ មានការ​អនុម័ត​រួច​ មាន​ចំនួន​១២៦​លាន​ដុល្លារ​អាមេរិក គ្រាន់​តែ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២០១៨»។

សម្រាប់​ការ​បម្រើ​មើល​អនាគត​របស់​សេដ្ឋកិច្ច​កម្ពុជានោះ​ ធនាគារ​ពិភពលោក​បាន​ឲ្យដឹងថា​ ដោយ​សារ​តម្រូវ​ការ​ប្រើប្រាស់​លើ​សាកល​លោក​ឡើង​ដល់​កំពូល​ក្នុង​ឆ្នាំនេះ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ត្រូវបាន​រំពឹង​ទុកថា​ នឹង​នៅរក្សា​ភាព​ស្វាហាប់​ដដែល​ ​មុននឹង​ថមថយ​បន្តិចមក​នៅ​៦.៨ភាគរយ​ក្នុងឆ្នាំ​២០១៩​ ​និង​ឆ្នាំ​២០២០។

ទោះបី​កំណើន​ត្រូវបាន​ព្យាករណ៍​ថា​ នឹង​នៅខ្លាំង​យ៉ាងណា​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​ ក៏នឹង​ត្រូវប្រឈម​នឹង​ហានិភ័យ​ផងដែរ​ ក្នុងករណី​មាន​ការសើរើ​ឡើងវិញ​នៃការ​អនុគ្រោះពន្ធ​ដល់​ទំនិញ​កម្ពុជា​ និង​ការ​ធ្លាក់​ស្រុតចុះ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន។

ធនាគារ​ពិភព​លោក​បាន​សរសេរ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា៖​

«ហានិភ័យ​ធំ​ជាង​គេចេញ​មកពី​លទ្ធិការពារ​និយម​ដែល​កំពុង​តែលេចធ្លោ​ឡើង​ និងការ​សើរើ​ដែល​អាច​កើត​មាន​ចំពោះ​ភាពអនុគ្រោះ​របស់កម្ពុជា​ ក្នុងការទទួលបាន​លទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ​នៃបណ្តា​សេដ្ឋកិច្ច​ជឿនលឿន»។​

​យ៉ាងណា​ក៏​ដោយ​ ​ផលប៉ះពាល់​នោះ​ ​អាចប៉ះប៉ូវ​ ​មក​វិញ​ ​ដោយ​ការ​លេចឡើងនៃ​សក្តានុពល​វិជ្ជមាន​ក្នុង​ផ្នែកពាណិជ្ជកម្ម​ និងការ​បង្វែរ​ទុនវិនិយោគ​ពីប្រទេសចិន​ ​នៅ​ក្នុង​រយៈពេល​ពេល​ខ្លី​ណា​មួយ។​ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ សង្គ្រាម​ពាណិជ្ជកម្ម​នឹង​បង្កភាព​បន្ទុច​បង្អាក់​ដល់​ខ្សែ​ចង្វាក់​តម្លៃ​សាកល​ ​នឹង​ធ្វើ​ឲ្យ​វិនិយោគិន​ធ្លាក់​ទឹកចិត្ត​ ដែល​ជះ​ផល​ប៉ះពាល់​អាក្រក់​មកលើ​កម្ពុជា​ និងប្រទេស​ផ្សេង​ទៀត​ដែល​តម្រង់​ទិស​សេដ្ឋកិច្ច​ទៅ​រក​ការនាំ​ចេញ។​

ធនាគារពិភព​លោក​ បាន​បញ្ជាក់បន្ត​ទៀតក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា៖​

«ការ​ស្រុត​ចុះ​គំហុក​ណាមួយ​ក្នុង​សេដ្ឋកិច្ច​នៃប្រទេស​ចិន​ អាច​ធ្វើ​ឲ្យ​ធ្លាក់​ទឹកចិត្ត​ខ្លាំង​ ​ក្នុង​ទស្សន​វិស័យ​ ​ស្តីពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា»។​

ធនាគារ​នេះ​បាន​បន្ថែមថា​ ​ក្នុង​សេណារីយោ​ ​ដែល​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​គំហុក​ខ្លាំង​ កម្ពុជា​នឹង​រង​នូវ​ការធ្លាក់​ចុះ​នៃ​ចំនួន​មក​ដល់​របស់ភ្ញៀវ​ទេសចរ​ និង​ការ​ធ្លាក់​ចុះ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។​

ការ​បរិយាយ​របស់​ធនាគារ​ពិភពលោក​ ​ទាក់​ទិន​ការ​សើរើ​ដែល​អាច​កើត​មាន​ចំពោះ​ភាពអនុគ្រោះ​របស់​កម្ពុជា​ក្នុងការនាំចេញ​ទៅ​កាន់​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿនបាន​ធ្វើឡើង​ ​បន្ទាប់​ពី​សភា​អឺរ៉ុប ​បាន​ស្នើ​ឱ្យ​អ្នក​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​នៃ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ឱ្យ​ពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធសម្រាប់​ទំនិញ​កម្ពុជា​ចូល​ទៅ​ផ្សារ​អឺរ៉ុប​ ដោយ​បាន​លើក​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​លំហរ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ​និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​បណ្ដាល​មក​ពី​ការ​បង្ក្រាប​អ្នក​ជំទាស់​រដ្ឋាភិបាល​នា​ឆ្នាំ​កន្លងមក​ នៅ​មុន​ការ​បោះ​ឆ្នោត​ដែល​បក្ស​កាន់​អំណាច​បាន​ឈ្នះ​អសនៈ​ទាំង​អស់ក្នុង​សភា​ជាន់​ទាប​របស់​ប្រទេស។​ ​ការស្នើនេះបាន​ធ្វើ​ឡើង​កាលពីខែ​កញ្ញា​កន្លង​ទៅនេះ។

លោក​ ​Sudhi Shetty​ ​ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅក្នុងការិយាល័យ​ធនាគារ​ពិភពលោក​ក្នុងទីក្រុងភ្នំពេញ​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ កម្ពុជា​ចាំចាច់​ត្រូវ​ស្វែង​រក​ប្រភព​វិនិយោគទុន​ផ្សេងទៀត​ ដើម្បី​មក​ជំនួស​ឲ្យការ​បាត់​បង់​ទីផ្សារ​ដែល​មាន​ស្រាប់​សម្រាប់​នាំចេញ​ទំនិញ​របស់​ខ្លួន។

​លោកនិយាយ​ជា​ភាសា​អង់​គ្លេស​និង​ត្រូវបាន​ប្រែ​សម្រួលជា​ភាសាខ្មែរតាម​ន័យ​ថា៖

«អ្វីដែល​អាច​ជាការចង់បាន​របស់​កម្ពុជានោះ​គឺ​ ការព្យាយាម​ពង្រីក​ទាំងប្រភព​វិនិយោគទុន​ និង​គោល​ដៅនាំចេញ​ ​ហើយសម្លឹង​មើល​រក​ផ្លូវផ្សេង​ៗ​ដើម្បី​ធ្វើកិច្ចការ​ងារនេះ។​ ​ហើយ​ឥឡូវនេះ​ ជា​ពិសេស​ខ្ញុំគិតថា​ ​នៅក្នុង​បញ្ហា​វិនិយោគទុនបរទេស​នោះ អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ធ្វើការ​ពិចារ​ណា​នោះ​គឺ​ សម្លឹង​មើល​តាំងពី​ប្រភព​វិនិយោគទុន​បរទេស​ និង​រនាំង​នា​នា​ ​ក្រៅ​តែ​ពីអ្វីដែល​កម្ពុជា​កំពុង​ពឹង​ផ្អែក​លើខ្លាំង​បំផុត​រួចមក​ហើយ​នោះ»។

លោក​ ​Miguel Sanchez​ ​អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ ​បានយល់​ស្រប​នឹង​ការ​អធិប្បាយ​របស់​ ​Sudhi Shetty។​ ​លោក​លើកឡើង​ថា​ កម្ពុជា​ គួរសម្លឹង​រក​ដៃ​គូ​ពាណិ​ជ្ជកម្ម​ផ្សេង​ទៀត​ ក្នុងករណី​ដែលមាន​ការសើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ដល់​ទំនិញ​កម្ពុជា​មែននោះ។

«ដូចអ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើងនោះ​ ​ខ្ញុំ​ចង់​មានន័យថា​ អ្វី​ដែល​កម្ពុជា​អាច​ចាប់​ផ្តើមធ្វើ​នោះ​ គឺ​មើល​ទៅ​ក្នុង​លក្ខខណ្ឌ​នៃប្រ​ព័ន្ធ​អនុគ្រោះ​របស់​សហភាពអឺរ៉ុប​ ពីព្រោះ​កម្ពុជា​ត្រូវ​បំពេញ​តាមលក្ខខណ្ឌ​ជា​ច្រើន។​ ​ជាថ្មីម្តងទៀត​ ខ្ញុំ​មិនមែនជា​អ្នកជំនាញ​ក្នុង​រឿង​នេះទេ​ ប៉ុន្តែ នេះ​គឺ​កិច្ច​ការ​មួយ​ចំនួន​ដែល​អ្នក​អាចធ្វើ​ ដើម្បី​ត្រៀម​រួចរាល់​នៅឆ្នាំ​២០២៥​ ក្នុងការ​រំកិលពី​កម្មវិធី​អ្វីៗ​ទាំងអស់​វៀរ​លែងតែ​អាវុធ​ ទៅក្នុង​ប្រព័ន្ធ​អនុគ្រោះ​ផ្សេង​ទៀត​ ដែល​មាន​ភាពជាក់​លាក់​ដូចជា​សហគមន៍​អឺរ៉ុប»។

លោកបាន​បន្ថែមថា​ អ្វីដែល​កម្ពុជា​ អាចធ្វើ​បាន​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្លួននោះ​ ​គឺបន្ត​ធ្វើ​សមាហរណកម្ម​ជាមួយ​អាស៊ាន​ ក្នុងកិ​ច្ចការ​ជំនួញ​។

​លោក​ ​Miguel Sanchez​ ​និយាយ​ថា៖​

«​អ្វីផ្សេង​ទៀត​ដែល​កម្ពុជា​ អាច​ធ្វើ​បាន​នោះ​ ​គឺ​រក្សាការចូលរួម​ក្នុង​សមាគមអាស៊ាន​ ​ជាមួយការ​ធ្វើ​សមាហ​រណ​កម្ម​ដែលទាក់​ទង​នឹង​គំនិតផ្តួចផ្តើម​នា​នា។​ ​ដូច្នេះ​ ​ខ្ញុំគិ​ត​ថា នេះ​គឺ​ជា​ ​អ្វីមួយ​ផ្សេង​ទៀត​ដែល​ជាការ​ឈ្នះ​ ​ឈ្នះ​សម្រា​ប់​ កម្ពុជា»។

​ការបង្កា​ចំពោះ​ហានិភ័យ​ផ្សេងៗ​ ​មកលើ​ការវិវត្តន៍​ទៅមុខ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ត្រូវបាន​ត្រៀម​រួច​រាល់​ ​ក្នុង​ករណី​មានការ​ប្រែប្រួល​ណាមួយ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក។​ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល។

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​នៃរាជរដ្ឋាភិបាល​កម្ពុជា​ ​មានប្រសាសន៍​ថា៖​

«យើង​ត្រៀម​លក្ខណៈ​ការធ្វើ​ពិពិធកម្ម​ ចង់​និយាយថា​ diversity ​របស់​សេដ្ឋកិច្ច​យើង​ មិន​ឈរ​តែ​ពី​លើ​ ​តែរឿង​ការនាំ​ចេញ នូវកម្មន្តសាល​នោះ​ទេ​ រឿងកាត់ដេរ​ស្បែក​ជើងហ្នឹង​ យើងមានការ​នាំ​ចេញ​ ​ហើយ​ដទៃ​ទៀត​ ​ដូចជា​កសិកម្ម...​ ​ការនាំចេញ​កសិកម្ម​ ​ការនាំចេញ​ផលិតកម្មនេះ​ឯង​ ហើយ​យើង​មិន​ សេដ្ឋកិច្ច​កម្ពុជា​រស់តែ ទីផ្សារ​មួយ​កន្លែង​នោះទេ​ គឺគេមាន​ទីផ្សារ​ ដែល​គេមាន​ភាព​សម្បូរ​បែប​ ដោយសារ​កម្ពុជា​យើង​ស្ថិតនៅ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ដែល​យើង​អាច​រក​ទទួលបាន​គ្រប់​កន្លែង​ទាំង​អស់​បាទ»។

លោក​ ​មាស នី​ ​អ្នកសិក្សា​ស្រាវជ្រាវ​ខាងការ​អភិវឌ្ឍន៍​សង្គម​ ប្រាប់​ ​VOA​ ​នៅថ្ងៃ​ព្រហស្បតិ៍នេះថា​ រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​គិតគូ​ឲ្យបាន​ល្អិតល្អន់​ទៅប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ដែល​វាអាច​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុងកម្រិត​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះពន្ធ របូត​ចេញ​ពី​កម្ពុជា។ លោក​លើកឡើង​ផងដែរ​ថា​ កម្ពុជា​ ក៏មិន​អាច​ពឹង​ផ្អែក​តែលើការ​ដក​ដង្ហើម​ពីចិន​ផងដែរ​ ព្រោះថា​ ចិន​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​ដំណើរការបាន​មួយ​ស្របក់​ណាមួយប៉ុណ្ណោះ​ តែចិន​មិន​អាច​រ៉ាប់រង​ជីវភាពរាស្រ្តខ្មែរ​នោះឡើយ។

«​ខ្ញុំគិត​ថា រដ្ឋាភិបាល​គួរពិចារណា​ឡើង​វិញ​ ការពឹងទៅលើចិនខ្ញុំគិត​ថា​ ចិនអាច​ជួយ​ ​គ្រាន់តែ​ជួយ​ឲ្យរដ្ឋាភិបាល​រស់​ទេ​ ក៏ប៉ុន្តែ​មិន​អាច​ជួយបំពេញ​នូវការ​បាត់​បង់​នូវ​សេដ្ឋកិច្ច​ថ្នាក់​មីក្រូ​ គឺ​នៅ​តាម​គ្រួសារ​ ដូចជា​បាត់​បង់​ការងារ​អី​ របស់​កម្មករ​ ហើយ​នៅតាម​គ្រួសារនោះ​ គឺមិន​អាច​ជួយបាន​ទេ​។ ប៉ុន្តែ​ចិន​ខ្ញុំមាន​ជំនឿ​ចិន​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​គ្រាន់​តែម៉ារស់បាន​សម្រាប់​អាណត្តិ​នេះ​ ប៉ុន្តែ​សម្រាប់​ឲ្យមាន​សេដ្ឋកិច្ច​លូតលាស់​អីនោះ​ គឺមានការ​ពិបាក​»។

បើ​មើល​ទៅ​លើ​ការព្យាករណ៍​របស់​មូលនិធិរូបិយ​វត្ថុអន្តរជាតិ​ ​(IMF)​ ​និងធនាគារ​ ​ADB ​ សេដ្ឋកិច្ច កម្ពុជា​ ​ក៏​អាច​ប្រឈមនឹង​ហានិភ័យ​ជាច្រើន​ផងដែរ​ ពាក់​ព័ន្ធ​នឹង​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ការ ប្រែប្រួល​នៃទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ​និង​អន្តរ​ជាតិ​។ តាម​ការព្យាករណ៍​របស់​ខ្លួន​ចំពោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ដែល​គួរតែ​ស្ថិត​ក្នុង​កម្រិត​៧.២៥​ភាគរយនោះ​ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏​បាន​ឲ្យដឹងដែរ​ថា​ កំណើន​ដែល​មួយផ្នែកធំបានមកពី​ការកើនឡើង​នៃ​ការផ្តល់​ប្រាក់​កម្ចី របស់ធនាគារ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ ​បន្ត​ផ្តល់​ហានិភ័យ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​និង​ម៉ាក្រូ​សេដ្ឋកិច្ច។

ចំណែក​ធនាគារ​ ADB​ ​ក៏បាន​ឲ្យ​ដឹង​ពី​បញ្ហាមួយ​ចំនួន​ ​ដែល​អាចបង្កផលប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ​ដែល​ជា​សេដ្ឋកិច្ច​ពឹង​ផ្អែក​ខ្លាំង​លើ​ចរាចរណ៍​ប្រាក់​ដុល្លារ។​ ​ធនាគារ​ ADB​ និយាយថា​ ហានិភ័យ​ដែល​អាច​កើតមាន​ជា​ចម្បង ហើយ​អាច​បង្អាក់​កំណើននោះ​ គឺការ​រឹត​បន្តឹង​ដែល​លឿន​ជាង​ការ​រំពឹង​ទុក​នៃ​គោល​នយោបាយ​រូបិយប័ណ្ណរបស់​សហរដ្ឋ​អាមេរិក ​និង​ដំណើរ​ប្រែប្រួល​ងាយ​ឡើង​ចុះ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ​និង​អន្តរ​ជាតិ។​ ​ហានិភ័យ​ចម្បង​នៅ​ខាង​ក្នុង​ប្រទេស​នោះ​គឺការ​ហក់​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នៃ​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា។

សម្រាប់​ធនាគារ​ពិភពលោក​ ដើម្បីរក្សា​ឲ្យបាន​កំណើន​សេដ្ឋកិច្ច​កិច្ចជឿនលឿន​ និងបន្ថយ​ការ​ពឹងពាក់​ខ្លាំង​ហួសហេតុ​ ទៅលើ​មូលធន​មកពីក្រៅ «ប្រទេសកម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការ​សន្សំ​ និងការ​វិនិយោគ​ក្នុង​ស្រុក​ រាប់​ទាំង​តាម​រយៈ​ការ​ធ្វើពិពិធកម្ម​ផលិតផលហិរញ្ញវត្ថុ​ ការ​អភិវឌ្ឍន៍​ទីផ្សារ​បំណុល​ក្នុងស្រុក​ និងការ​ពង្រឹង​ការ​អនុវត្ត​គ្រប់​គ្រង​លើការ​វិនិយោគ​សាធារណៈ​ថែមទៀត»។

​ធនាគារ​ពិភពលោក​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា​ កម្ពុជានៅ​យឺត​ជាង​គេ​នៅ​ឡើយ​ក្នុងបណ្តា​ប្រទេស​ ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ កាលណា​គេនិយាយ​អំពីគុណភាព​ របស់​ហេដ្ឋា​រចនា​សម្ត័ន្ធ​ ​ហើយ​នៅ​ពឹង​ផ្អែកខ្លាំង​លើ​ជំនួយ​ និង​ហិរញ្ញប្បទាន​ពីបរទេស​ ​ដើម្បី​សាងសង់​បណ្តាញ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន៕

XS
SM
MD
LG