ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ ADB ព្យាករណ៍​ថា អតិផរណា​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ធ្លាក់​មក​ត្រឹម​២.៦%


រូប​ឯកសារ៖ អ្នក​ទេសចរ​ទស្សនា​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប កាល​ពី​​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧។

របាយការណ៍​របស់ ​​ADB​ បាន​ផ្ដល់​គុណ​សម្បត្តិ​ដែល​នាំ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ទៅ​ដល់​កំណើន​នៃ​ការ​នាំ​ចេញ ​និង​លំហូរ​នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​នេះ។

អត្រា​អតិផរណា​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ ​នឹង​ស្ថិត​នៅ​ត្រឹម​ ២.៦% ​តែ​ប៉ុណ្ណោះ ​ខណៈ​ដែល​កំណើន​នៃ​ការ​នាំ​ចេញ ​បូក​រួម​នឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ចិន ​នឹង​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ឱ្យ​រក្សា​បាន​អត្រា​៧%។ ​នេះ​បើ​តាម​ការ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ឬ​ ​ADB ​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ។​

ការ​ដាក់​ការព្យាករណ៍​អត្រា​អតិផរណា​របស់​ប្រទេស​កម្ពុជា​នៅ​ត្រឹម​ ២.៦%​នេះ​ ​ជា​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​សម្គាល់​ របស់​អ្នក​ជំនាញការ ​ADB ​ដែល​កាល​ពី​ខែ​មេសា​បាន​ព្យាករណ៍​ថា​អាច​មាន​អត្រា ​៣.២%។

​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ​ដែល​មាន​ចំណង​ជើង​ថា ​បច្ចុប្បន្នភាពនៃ​ការ​ប្រមើ​មើល​ការ​អភិវឌ្ឍ​របស់​ទ្វីប​អាស៊ី ​(Asian ​Development ​Outlook ​2018 ​Update) ​ADB​ បាន​លើក​ឡើង​ពី​ការ​ទម្លាក់​ការ​ព្យាករណ៍​អត្រា​អតិផរណាយ៉ាង​ដូច្នេះ​ថា៖​

​«អត្រា​ប្ដូរ​ប្រាក់​ដែល​ប្រកប​ដោយ​ស្ថិរភាព ​និង​កំណើ​ន​ក្នុង​ត្រឹម​កម្រិត​សម​ល្មម​នៃ​តម្លៃស្បៀង​អាហារ​ បាន​ជួយ​ប៉ះ​ប៉ូវ​លើស​ពី​គ្រប់​គ្រាន់​ទៅ​នឹង​សម្ពាធ​នៃ​អតិផរណា​បង្ក​ឡើង​ដោយ​ការ​កើន​ឡើង​តម្លៃ​ប្រេង​អន្តរជាតិ ​ដែល​នេះ​តម្រូវ​ឱ្យ​មាន​ការ​កែសម្រួល​បញ្ចុះ​ការ​ព្យាករណ៍​អំពី​អតិផរណា​សម្រាប់​ឆ្នាំ​នេះ ​និង​ឆ្នាំ​បន្ទាប់»។​

​តាម​រយៈ​របាយការណ៍​ដដែល ​ADB ​បាន​រក្សា​ការ​ទស្សន៍​ទាយ​របស់​ខ្លួន​កាល​ពី​ខែ​មេសា​ថា ​កម្ពុជា​នឹង​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​៧%​ សម្រាប់​ឆ្នាំ​២០១៨ ​ដែល​ការណ៍​នេះបណ្ដាល​មក​ពី​កំណើន​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក ​ការ​ចូល​មក​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ​ចិន​ និង​ក៏​ដូច​ជា​ចំណាយ​វាយ​ក្នុង​ស្រុក​របស់​ជន​ជាតិ​ខ្មែរ ​កាន់​តែ​មាន​សភាព​ក្លៀវក្លា​ជាង​មុន។

​គ្រាន់​តែ​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ដល់​ប្រទេស​កម្ពុជា​មាន​កំណើន​៧២.៦% ដែល​រួម​ចំណែកយ៉ាង​សកម្ម​ទៅ​ដល់​កំណើនភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​មក​ដល់​កម្ពុជា ​ដែល​មាន​អត្រា​១១.១%។ ​នេះ​បើ​យោង​តាម​ ADB។

​តួលេខ​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា​ ភ្ញៀវ​ទេសចរ​ចិន​បាន​រួម​ចំណែក​ភាគ​រយ​យ៉ាង​ធំ ​ជាមួយ​ចំនួន​មក​ដល់ ​១លាន​៩ម៉ឺននាក់ ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​សរុប ​៣លាន​៤សែននាក់​ ដែល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​៧​ខែ​ដើម​ឆ្នាំ២០១៨​នេះ។

​លោក ​Stephen ​Higgins ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​វិនិយោគ ​Mekong ​Strategic ​Partners ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា ​លោក​យល់​ស្រប​នឹង​ការ​គណនា​គន់​គូរ​របស់​ ADB ​ទម្លាក់​អត្រា​អតិផរណា​ព្យាករណ៍ ​និង​ការ​រំពឹង​ទុក​នៃ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ​តែ​លោក​បាន​កត់​សម្គាល់​ពី​ការ​ពឹង​ផ្អែក​«ជ្រុល»​ពី​លំហរ​ទីផ្សារ​ទេសចរ​ចិន។

​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​វិនិយោគ​រូប​នេះ ​បាន​ប្រាប់​VOA ​តាម​សារអេឡិចត្រូនិច ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ក្នុង​នាម​ជា​ធនាគារិក​មួយ​រូប​ អ្នក​មុខ​ជា​នឹង​ចាត់​ទុក​វា​ជា​កត្តា​ហានិភ័យ ​បើ​សិន​ជា​មាន​ការ​ពឹង​ផ្អែក​ខ្លាំង​ជ្រុល​ទៅ​លើ​អតិថិជន​តែ​មួយ​រូប។ ​នៅ​កម្រិត​ប្រទេស​ក៏​គ្មាន​អ្វី​ខុស​គ្នា​នោះ​ដែរ ​ហើយ​កម្ពុជា​គួរ​ណាស់​តែ​ជៀស​វាង​ការ​ពឹង​ផ្អែក​ច្រើនជ្រុល​ទៅ​លើ​ទីផ្សារ​ណា​មួយ​តែឯក​ឯង ​មិន​ថា​យើង​និយាយ​ក្នុង​បរិបទ​វិស័យ​ទេសចរណ៍​ឬ​វិស័យ​អ្វី​ដទៃ​ទៀត​នោះ​ទេ»។

​លោក​ ​Miguel ​Chanco ​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច ​Pantheon ​Macroeconomics ​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា ​លោក​យល់​ស្រប​ក្នុង​ការ​លើក​ឡើង​ដែរ​ថា ​ការ​ពឹងផ្អែក​កាន់​តែ​ខ្លាំង​ឡើង​របស់ឧស្សាហកម្ម​ទេសចរណ៍ទៅ​លើ​ទីផ្សារ​ប្រទេស​ចិន ​នឹង​ផ្ដល់​ឱ្យ​មហា​អំណាច​មួយ​នេះ​នូវ​«ស្លាប​សម្រាប់​អាច​រលាស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ទ្វេ​ភាគី​ជាមួយ​ប្រទេស​កម្ពុជា»។

​អ្នក​វិភាគ​សេដ្ឋ​កិច្ច​រូប​នេះ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ដូច​មាន​ឧទាហរណ៍​ពី​ប្រទេស​វៀតណាម​ ​អំឡុង​មាន​ការ​ជាប់​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៤​ជា​តឹក​តាង​ស្រាប់ ​ដែល​ទីក្រុង​ប៉េកាំង​មាន​ទាំង​លទ្ធភាព ​និង​ឆន្ទៈ​ក្នុង​ការ​កំណត់​អត្រា​លំហូរ​នៃ​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កាន់បណ្ដា​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ខ្លួន»។

​យ៉ាងណាក្ដី​លោក​ Miguel Chanco ​បាន​លើក​ឡើង​បន្ថែម​ថា​ក្នុង​រយៈ​ពេល​ខ្លី ​និង​រយៈ​ពេល​មធ្យម​នេះ ​លើក​មិន​រំពឹង​ថា​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ចិន​អាច​នឹង​ជួប​ភាព​ល្អក់​កករ​ដល់​ថ្នាក់​ថា​អាច​ជះ​ឥទ្ធិពល​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​ទេសចរណ៍នោះ​ទេ ​ហើយ​ថា​ទំនាក់​ទំនង​ដ៏​រឹង​មាំ​នៅ​ពេល​នេះ​នឹង​ជួយ​បន្ត​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។

ក្នុង​របាយការណ៍​ដែល​ធ្វើ​រង្វាយ​តម្លៃ​បរិបទ​សេដ្ឋកិច្ច​ទ្វីប​អាស៊ី ​ADB ​មិន​បាន​រួម​បញ្ចូល​ឬ​មាន​ការ​លើក​ឡើង​អំពី​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ​ពី​ការ​ប្រឈម​មុខ​ផ្នែក​នយោបាយ​រវាង​ទីក្រុង​ភ្នំពេញ​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិកនោះ​ឡើយ។

​សភា​អឺរ៉ុប​ក្នុង​ខែ​កញ្ញា​បាន​ស្នើ​ឱ្យ​អ្នក​សម្រេច​ចិត្ត​ផ្នែក​នយោបាយ​នៃ​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ឱ្យ​ពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធសម្រាប់​ទំនិញ​កម្ពុជា​ចូល​ទៅ​ផ្សារ​អឺរ៉ុប​ ដោយ​បាន​លើក​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​នៃ​លំហរ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ​និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​បណ្ដាល​មក​ពី​ការ​បង្ក្រាប​អ្នក​ជំទាស់​រដ្ឋាភិបាល​នា​ឆ្នាំ​កន្លងមក​ នៅ​មុន​ការ​បោះ​ឆ្នោត​ដែល​បក្ស​កាន់​អំណាច​បាន​ឈ្នះ​អសនៈ​ទាំង​អស់ក្នុង​សភា​ជាន់​ទាប​របស់​ប្រទេស។​

​ADB​ ​បាន​ធ្វើការ​កត់​សម្គាល់​ពី​ភាព​រស់​រវើក​នៃ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំៗ​ទាំង​ពីរ​នៅ​លោក​ខាង​លិច ​ដោយ​បាន​លើក​ឡើងថា​ នៅ​ក្នុង​រយៈពេល​៧​ខែ​ដើម​ឆ្នាំ​២០១៨​នេះ ​ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឹរ៉ុប​មាន​អត្រា​កំណើន​១៣.៧% ​ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​មាន​អត្រា​២៧.៤%។

​ក្រុមហ៊ុន​វាយ​តម្លៃ​ពិន្ទុ​ឥណទាន​អន្តរជាតិ​ Moody’s ​បាន​ចេញការវិភាគ​មួយកាលពីដើមខែ​សីហា ​ដោយ​ប្រមើ​មើល​ថា​ភាព​មិន​ចុះ​សម្រុង​គ្នា​ខាង​នយោបាយ ​រវាង​កម្ពុជា ​និង​លោក​ខាង​លិច ​នឹង​អាច​បង្ក​ជា​ក្ដី​រំខាន​ដល់​ការ​ចាក់​បញ្ចូល​សាច់​ប្រាក់​ជា​ជំនួយ​អភិវឌ្ឍន៍​មក​កាន់​ប្រទេស​មួយ​នេះ ​ហើយ​អាច​ធ្វើ​ឱ្យ​ការ​ព្យាយាម​រក្សា​ភាព​នឹង​នរ​នៃ​ឱនភាព​គណនី​ចរន្ត​ក្នុង​ប្រព័ន្ធ​ថវិកា​ជាតិ​របស់​ប្រទេស​ជួប​នឹង​បញ្ហា​រអាក់រអួល។​

​យ៉ាង​ណាក្ដី​ លោក​សេដ្ឋវិទូ​ Miguel Chanco​ បាននិយាយ​បន្ថែម​បង្ហាញ​ពី​ជំនឿ​ចិត្ត​របស់​លោក​ថា ​ទ្វារ​នៅ​តែ​បើក​ចំហរ​សម្រាប់​ឥវ៉ាន់​កម្ពុជា​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​ដោយ​រួច​ពន្ធ។ ​លោក​បាន​ទស្សន៍​ទាយ​ថា​ ដំណោះ​ស្រាយ​នយោបាយ​ដោយ​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ ​និង​លោក​ខាង​លិច ​នឹង​បន្ត​មាន​ជា​សន្សឹមៗ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង ​និង​ប្រឈម​មុខ​គ្នា​ខាង​នយោបាយ។

​ដោយ​ឡែក​លោក ​Stephen Higgins ​បាន​បញ្ចេញ​យោបល់​ស្រដៀង​គ្នា ​ដោយ​ថា​បើ​សិន​ជា​សហរដ្ឋ​អាមេរិក ​និង​សហ​ភាព​អឺរ៉ុប​យល់​ថា​ចាំ​បាច់​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា​មែន​នោះ ​ជម្រើស​ដែល​មាន​អាទិភាព​អាច​ជា​ការ​ដាក់​តម្រង់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​មន្ត្រី​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ក្រាប​តែ​ប៉ុណ្ណោះ។​ ​លើស​ពីនេះ​ភាពតាន​តឹង​ផ្នែក​ពាណិជ្ជ​កម្ម​រវាង​ចិន​និង​អាមេរិក ក៏​អាច​ផ្ដល់​ឱកាស​ដល់​ទីផ្សារ​កម្ពុជា​ផង​ដែរ។

​អ្នក​ប្រឹក្សា​យោបល់​ខាង​វិនិយោគ​រូប​នេះ​បាន​ប្រាប់​ VOA​ ជា​បន្ត​តាម​សារ​អេឡិច​ត្រូនិក​យ៉ាង​ដូច្នេះ​ថា៖​

​«ភស្តុតាង​ជា​លំនាំ​ផ្ទាល់​នោះ​គឺ​ថា ​កម្ពុជា​បាន​ចាប់​ផ្ដើម​រួច​ជា​ស្រេច​ក្នុង​ការ​សម្លឹង​ឃើញ​ថា ​មាន​ចំណាប់​អារម្មណ៍កាន់​តែ​ច្រើន​ឡើង​ពី​សំណាក់​ម្ចាស់​រោង​ចក្រ​ផលិតកម្ម​នានា ​ដែល​ប្រាថ្នា​ចង់​ចាក​ចេញ​ពី​ប្រទេស​ចិន ​ដោយ​សារ​តែរង​ផល​ប៉ះ​ពាល់​ពី​សំណាក់​សង្គ្រាម​ពាណិជ្ជកម្ម»។

​សេដ្ឋវិទូ​ជាន់​ខ្ពស់​មួយ​រូប​នៃ​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ​របស់ ​ADB​ ​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​របស់​ ​VOA​ ​សុំ​ការបំភ្លឺ​ជា​មតិ​យោបល់​នោះ​ទេ​ក្នុង​សប្ដាហ៍​នេះ។​ ​នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​ក្នុង​សប្ដាហ៍​នេះ​ លោក ​មាស ​សុខសេនសាន ​អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បង្វែរ​សំណួរ​ទៅ​កាន់ ​លោក ​ទេព​ ភិយោរិន​ អគ្គនាយក​គោល​នយោបាយ​របស់ក្រសួង​ដែល​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ។

​ក៏​ប៉ុន្តែ​បើ​មើល​ពី​ក្រសែ​ចក្ខុ​របស់ ​ADB​ មាន​បញ្ហាមួយ​ចំនួនផ្សេងទៀត​ដែល​អាច​ជះ​ផលប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋ​កិច្ច​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា ​ដែល​ជា​សេដ្ឋកិច្ច​ពឹង​ផ្អែក​ខ្លាំង​លើ​ចរាចរណ៍​ប្រាក់​ដុល្លារ។

ADB ​បាន​និយាយ​ក្នុង​របាយការណ៍ដដែល​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ហានិភ័យ​ចម្បង​ពី​ខាង​ក្រៅ​ទៅ​ដល់​ការ​ប្រមើមើល​នេះ​គឺ​ថា​ការ​រឹត​បន្តឹង​ដែល​លឿន​ជាង​ការ​រំពឹង​ទុក​នៃ​គោល​នយោបាយ​រូបិយប័ណ្ណរបស់​សហរដ្ឋ​អាមេរិក ​និង​ដំណើរ​ប្រែប្រួល​ងាយ​ឡើង​ចុះ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​តំបន់ ​និង​អន្តរ​ជាតិ។ ​ហានិភ័យ​ចម្បង​នៅ​ខាង​ក្នុង​ប្រទេស​នោះ​គឹ​ការ​ហក់​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នៃ​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា»។

​ក្រសួង​ការងារ​របស់​កម្ពុជា​ក៏​បាន​នឹង​កំពុង​ដឹក​នាំ​ការ​ប្រជុំ​ត្រី​ភាគី ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​រវាង​រដ្ឋាភិបាល ​ថៅកែ​រោងចក្រ ​និង​សហជីព​ដើម្បី​កំណត់​តម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​ក្រោយ ​សម្រាប់​កម្មករ​និយោជិក​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។ ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​បាន​កើន​ឡើង​ពី​តម្លៃ ​៨០ដុល្លារ​ ​ក្នុង​ឆ្នាំ​២០១៣​ ដល់​តម្លៃ ១៧០ដុល្លារ ក្នុង​ឆ្នាំ​២០១៨​នេះ។​

​ខណៈ​ដែល​បាន​និង​កំពុង​តម្រូវ​ឱ្យ​និយោជក​ថៅកែ​រោងចក្រ ​ឱ្យ​ទទួល​រ៉ាប់​រង​បង់​ប្រាក់​កាតព្វកិច្ច​ធានា​សន្តិសុខ​សង្គម​សម្រាប់​កម្មករ​កម្មការនី ​រដ្ឋ​អំណាច​ខ្មែរ​ក៏​បាន​សម្រេច​ក្នុង​ការ​តាក់​តែង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល ​ដែល​រង​ការ​រិះ​គន់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា​បាន​រឹត​ត្បិត​សិទ្ធិ​អំណាច​របស់​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​តស៊ូ​មតិ​អំពី​បញ្ហា​ប្រាក់​ឈ្នួល៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG