ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ឃោសនា​នៅខេត្ត​កណ្តាល​មិន​ហ៊ឹកហ៊ាក់ ​ព្រោះ​​ត្រៀម​សម្រាប់​ថ្ងៃចុង​ក្រោយ

  • ហ៊ាន សុជាតា

ទង់គណ​បក្ស​ប្រជាជន​កម្ពុជា​ដង្ហែ​តាម​ផ្លូវ​ អំឡុងពេល​ឃោសនា​បោះឆ្នោត។
ថ្ងៃ​បោះឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ យ៉ាង​ណាមិញ​ សភាព​ឃោសនា​គណបក្ស​នៅ​ក្នុង​ខេត្ត​កណ្តាល​បែរ​ជា​ស្ងប់ស្ងាត់ ​បើ​ប្រៀបធៀប​នឹង​រាជធានី​ភ្នំពេញ ប្រជា​ពលរដ្ឋ​នៅ​ទីនេះ​បានធ្វើ​ការ​ថ្លឹង​ថ្លែង​ពី​គុណ​សម្បត្តិ​របស់​គណបក្ស​កាន់​អំណាចក្នុង​អាណត្តិ​មុន​ និង​ចាប់ផ្តើម​គិត​ដល់​បញ្ហា​សំខាន់​នានា​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ក្នុង​អាណត្តិ​ក្រោយ​នេះ។

នៅក្នុងឃុំ​ព្រែក​ឫស្សី ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់​ដូចជា​មិន​ពុះ​កញ្ជ្រោល​ដូច​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ដោយ​រង់ចាំ​ធ្វើការ​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ឃោសនា​ទឹក​ផ្តាច់​ព្រ័ត្រ​នៅថ្ងៃ​ទី​២៦​ខែ​កក្កដា​។

យ៉ាងណា​ក៏ដោយ​ នៅទីនេះ ​ដែល​ជា​មណ្ឌល​ឈរ​ឈ្មោះ​បេក្ខជន​តំណាង​រាស្ដ្រ​របស់​លោក​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ជិត​ផុត​អាណត្តិ​ ប្រជាពល​រដ្ឋមួយ​ចំនួន​ ដែល​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស​ ហាក់ដូច​ជាមាន​ការ​ថ្លឹងថ្លែង​ចំពោះ​គណបក្ស​គ្រប់គ្រង​ប្រទេស​។​

លោក​ជឺ ភា​ ជា​មេការ​កន្លែង​លាង​រថយន្ត​មួយ​នៅ​ភូមិ​ឫស្សី​ ឃុំ​ព្រែក​ឫស្សី ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​បីគីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ខេត្ត​កណ្តាល​។​ លោក​ជឺ ភា​កោត​សរសើរ​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក​និយាយថា៖ «ការ​ដឹកនាំ​សព្វ​ថ្ងៃនេះ​ល្អ​ណាស់​ យើងសេរី​ រកបាន​ប៉ុណ្ណា​ ចាយ​ប៉ុណ្ណឹង​ បើយើង​រៀន​បាន​តិច​ ចង់​បាន​ប្រាក់​ខែ​ខ្ពស់​ ម៉េច​បាន​ដូច​គេ?​ ​បើ​គ្មាន​គាត់​ទេ​ ពួក​យើង​ក៏​មិន​បាន​សព្វ​ថ្ងៃ​នេះ​ដែរ ​មាន​ឡាន​ ​មាន​ថ្នល់​ មាន​ស្ពាន​ សាលារៀន​ វត្ត​អារាម​គ្រប់បែប​យ៉ាង»​។​

ដោយឡែក​លោក​ហ៊ីង ពិសិដ្ឋ​ហាក់​ដូចជា​ថ្លឹងថ្លែង​។ លោក​និយាយថា៖​ «ចំណុច​ខ្លះ​គាត់​បាន​កសាង​ជាតិ​ ក៏​គ្រាន់​បើដែរ ​តែ​បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​នៅ​តែមាន​ច្រើន​ ចង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​ជន​អន្តោ​ប្រវេសន៍​សំដៅ​លើជន​ជាតិ​វៀតណាម ​ហើយ​និង​វិនិយោគ​រយៈពេល​វែង​ ដូចជា​សម្បទាន​សេដ្ឋកិច្ច​ដីធ្លី​ជាប់​ព្រំដែន​វៀតណាម​ សុំ​ឲ្យ​គាត់​គិត​គូរ​ឡើង​វិញ»។​

នៅ​ក្នុង​ភូមិព្រែក​ឫស្សី​នេះ​មាន​ស្តង់​ឃោសនា​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិកក្រុម​ការងារ​នៃ​គណបក្ស​នេះ​ចំនួន​៧​នាក់​កំពុង​ប្រចាំ​ការ​ដើម្បី​ចាក់​សំឡេង​ឃោសនា។​

លោកសំ សារ៉ាត​ជា​អនុ​ប្រធាន​ភូមិ​ព្រែក​ឫស្សីដែល​ទើប​នឹង​បាន​សុំ​លា​លែង​តំណែង​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ឃោសនា។​ លោក​បាន​បង្ហាញ​ពី​គុណ​សម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា៖​«គណបក្ស​ប្រជាជន​អត់​ចេះ​ទំនេរ ​ធ្វើរហូត​ហ្នឹង​ គណបក្ស​ប្រជាជន»។​

ឃុំ​ព្រែក​ឫស្សី​មាន​ភូមិ​ចំនួន​៥​គឺ​ភូមិ​ព្រែកហូរ ​ភូមិព្រែក​អញ្ចាញ ​ភូមិ​ក្រពើ​ហារ ​ភូមិ​ឫស្សី ​និង​ភូមិ​ឫស្សីលើ​។

ក្រៅពី​ការ​ដាក់ស្តង់​ឃោសនា​ដែល​មាន​ចង​បដា​រូប​គណបក្ស​ប្រជាជន​កម្ពុជា​ និង​រូប​លោក​ហ៊ុនសែន​ឈរពេញ​ជំហរ​ ក្រុម​ឃោសនិក​បាន​ចាក់​ចម្រៀង​តាម​ឧឃោសន​ស័ព្ទ​ ដែល​រំឭក​អំពីសមិទ្ធិ​ផល​នានា​ ដែលខ្លួន​បាន​កសាង​ រីឯ​បដា​ដែល​ចង​តាម​ដង​ផ្លូវ​ជា​ហូរហែរក៏​បាន​ផ្តល់​ជា​សារ​នយោ​បាយ​ខ្លះៗ​ដែរ ​តួយ៉ាង​ដូចជា «ភូមិខ្ញុំ ​ប្រទេស​ជាតិខ្ញុំ ​អនាគត​ខ្ញុំ ​សម្តេច​តេជោ​សែន​ខ្ញុំ»​ និង​«មាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍»​ជាដើម។​

យ៉ាងណា​ក៏ដោយ​ អ្នកភូមិ​នៅ​ទីនេះ​ភាគ​ច្រើន​ដែល​ត្រូវ​បានជួប​សម្ភាស​បាន​លើក​ពី​បញ្ហា​អំពើ​ពុក​រលួយដែល​ចាំ​បាច់​ត្រូវ​តែស្រាយ​ចំពោះ​ការ​ដឹកនាំ​អាណត្តិ​ក្រោយ​នេះ។​

លោក​ពេច រុំ​ជាអ្នក​ភូមិព្រែក​ឫស្សី​លើ​ដែល​ជាភូមិ​មួយ​នៅ​ទល់​មុខ​គ្នា​ជាមួយ​ភូមិ​ព្រែក​ឫស្សី​ដែរ។ ​អ្នក​លក់​ទឹកកក​ដុំរូប​នេះ​ចង់ឲ្យ​មាន​ការ​ដោះស្រាយ​មិនត្រឹម​តែ​បញ្ហា​នៃ​អំពើ​ពុក​រលួយ​ទេ ​ប៉ុន្តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​បញ្ហា​បរិស្ថាន​ក៏ត្រូវ​ចាត់​ទុក​ជា​អាទិភាព​ដែរ។​

លោក​និយាយ​ថា៖​ «គណបក្ស​ប្រជាជន ​ឬ​រាជ​រដ្ឋាភិបាល​ គេ​អភិវឌ្ឍ​បាន​ល្អ​ណាស់​ តែ​ក៏​មាន​កំហុស​ខ្លះៗ​ដែរ​ ឃើញ​ពី​ការ​កាប់​ព្រៃ​ឈើ​ អំ​ពើ​ពុក​រលួយ។​ សំណូម​ពរ​ឲ្យ​មាន​ការ​រៀប​ចំ​ ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទៅ​លើ​ផ្លូវ​ផ្នល់​ឲ្យ​បាន​ល្អ​ជាង​ហ្នឹង ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ ពង្រឹង​ការ​អប់រំ​ ជា​ពិសេស​អំពើ​ពុក​រលួយ​ដែរ។ ហើយ​ការ​បំផ្លាញ​ព្រៃ​ឈើ​ដូច​ជា​សម្បើម​ណាស់»។​

ដោយ​ឡែក​ លោក​ផង រដ្ឋា​ជា​អ្នក​ភូមិព្រែក​ហូរ​ ដែល​មិន​សូវ​មាន​ភាព​រីក​ចម្រើន។ ​លោក​ទទូច​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ស្រប​ពេល​ដែល​អ្នក​ភូមិមួយ​ចំនួន​ទៀត​ត្អូញត្អែរ​ពី​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ។

លោក​និយាយថា៖​ «មើល​ឃើញ​ទៅ​ដូច​ពិបាក ​នៅតែ​ដដែលៗ​ មិន​សូវ​រីក​ចម្រើន​ផង។ ​បើ​អាច​ប្តូរ​ក៏​ល្អ​ដែរ»។​

ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​បាន​បង្ហាញ​វត្តមាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ឃុំ​ព្រែក​ឫស្សី​នេះ​ ក៏មាន​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ដែរ​ ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ខ្មែរ​ឈប់ក្រ​ ​បាន​ចូល​ឃោសនា​ក្នុង​ឃុំ​នេះ ​ប៉ុន្តែ​ការ​ឃោសនា​នៃ​គណបក្ស​ទាំង​ប៉ុន្មាន​នេះ​គ្រាន់​តែ​មាន​ជា​បដា​តំណាង​គណបក្ស​មួយៗតាម​ផ្លូវ​តែ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG