ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​ទៅ​ដល់​ប្រទេស​កម្ពុជា​ លោក​សម​ រង្ស៊ី​ប្រកាស​ថា ​លោក​គ្មាន​កំហុស​ទេ


លោក​សម​ រង្ស៊ី​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រទី​១៩​ខែ​កក្កដា​នេះ​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ដល់​រូប​លោក។
លោក​សម​ រង្ស៊ី​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រទី​១៩​ខែ​កក្កដា​នេះ​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ដល់​រូប​លោក។
ភ្នំពេញ៖ «និយាយ​ការណ៍​ពិត​ ខ្ញុំ​អត់​មាន​ទោស​អី​ទេ»។​
ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ទម្លាក់​ជើង​ពី​យន្តហោះ​ លោកសម ​រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​ថា ​លោក​មិន​មាន​ទោស​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​ទោស​ដោយសារ​ការ​លាប​ពណ៌។​

លោក​ថ្លែងប្រាប់អ្នកទទួល​ស្វាគមន៍​លោក​ថា៖ ​«ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ មិន​មែន​លើកលែង​ទោស​ទេ ​តែ​លាង​ពណ៌ ​ពីព្រោះ​គេ​លាប​ពណ៌​យើង។​ឥឡូវ​គេលាង​ពណ៌​ស្អាត​ហើយ»។​

លោក​សម​ រង្ស៊ី​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រទី​១៩​ខែ​កក្កដា​នេះ​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ដល់​រូប​លោក។​

លោក​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​១១​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គ្រោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ក្លែង​ឯកសារ​សារធារណៈ។​ ហើយ​លោក​បាន​និរទេស​ខ្លួន​ដើម្បី​គេច​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អាជ្ញាធរ​ខ្មែរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ។​

លោក​សម​ រង្ស៊ី​ឈរនៅ​លើ​វេទិកា​អម​ដោយ​លោក​កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ម៉ម ​សូណង់ដូ ​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ក្រោម​ការ​ស្រែក​គាំទ្រ​ និង​លើក​ទង់​ជាតិ​គ្រវី​ និងទង់​បក្ស​បក់​រវិចៗ​ពី​សំណាក់​អ្នក​គាំទ្រ​និង​សកម្មជន​នយោបាយ​ជា​ច្រើន​ពាន់​នាក់។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ទោះ​ជា​យ៉ាងណា​ លោក​បាន​សម្តែងការ​ដឹង​គុណ​ដល់​ព្រះ​មហាក្សត្រ​ដែល​បាន​លើកលែង​ទោស​ដល់​រូប​លោក។​

សារនយោបាយ​របស់​លោក​ដំបូង​បំផុត​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​គឺ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញពី​ភាព​អវិជ្ជមាន​ក្នុង​សង្គម​នោះ​គឺ​កំចាត់​អំពើ​ពុក​រលួយ​ ការពារ​ធនធាន​ធម្មជាតិ​ ការ​បង្កើត​ការងារ​ធ្វើ​សម្រាប់​ប្រជា​ពលរដ្ឋ ​ការ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ ​ការពារ​បូរណ​ភាព​ទឹកដី ​ការ​បើក​ប្រាក់​ខែ​ដល់​មនុស្ស​វ័យ​ចំណាស់​ បង្កើន​គុណ​ភាព​វិស័យ​សុខាភិបាល ​និង​ផ្លាស់ប្តូរ​ពី​សង្គម​អយុត្តិធម៌​មក​កាន់​សង្គម​យុត្តិធម៌​ជាដើម។​

លោក​ប្រកាស​ថា៖
«ខ្ញុំ​មក​ដល់​ហើយ​បងប្អូន​ ខ្ញុំ​មក​ជាមួយ​បង​ប្អូន។ ខ្ញុំ​សុំ​ចាប់​ដៃ​បង​ប្អូន​ ខ្ញុំ​សុំ​កៀក​ស្មា​បង​ប្អូន។ ​ខ្ញុំសុំ​តស៊ូ​ជាមួយ​បង​ប្អូន​ដើម្បី​សង្គ្រោះ​ជាតិ​យើង»។​

ជាមួយ​គ្នា​នេះ លោក​ជាម​ យៀប ​សមា​ជិក​គណៈ​កម្មាធិការអចិន្ត្រៃ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ហៅ​ការ​មកដល់​របស់​លោក​សម រង្ស៊ី​នេះ​ថា ​ជា​គុណ​សម្បត្តិ​របស់​គណបក្ស​របស់​លោក។​

លោក​បកស្រាយ​ថា៖​ «វត្តមាន​របស់​លោក​សម​ រង្ស៊ី ​ព្រឹក​មិញ​នេះ​គឺ​ជា​ការ​អនុគ្រោះ​មនោ​សញ្ចេតនានិង​គតិ​បណ្ឌិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចង់​បាន​សុខ​សន្តិភាព​ ព្រមទាំង​បង្រួបបង្រួម​ជាតិ​និង​ផ្សះផ្សារ​ជាតិ​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គាត់​ចូល​មក​ដោយ​ស្នើ​សុំ​ទៅ​ព្រះ​ករុណា​ឲ្យ​លើក​លែងទោស»។​

លោក​ម៉ម​ សូណង់ដូ​ នាយក​វិទ្យុ​សម្បុក​ឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ បាន​អំពាវនាវ​ដោយ​ត្រង់ៗ​ដោយ​រួម​ជាមួយ​លោក​សម រង្ស៊ី​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះឆ្នោត​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង​បច្ចុប្បន្ន។​

លោក​អំពាវនាវ​ថា៖​ «ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​កំណើត​របស់​លទ្ធិ​ប្រជាធិបតេយ្យ។ ​ការ​តស៊ូ​មិន​អត់​ប្រយោជន៍​ទេ។ ​ខ្ញុំ​ជាប់​គុក​បី​ដង។​ ដោយសារ​តែ​ខ្ញុំ​ជាប់​គុក​បី​ដង​ដោយ​ភាព​អយុត្តិធម៌ ​ដូច្នេះ​ត្រូវ​តែ​មាន​ភាព​ផ្លាស់​ប្តូរ»។​

ផ្ទុយ​ទៅ​វិញ​ លោក​ជាម​ យៀប​និយាយ​ថា ​គណបក្ស​របស់​លោក​នឹង​នៅ​តែ​ឈ្នះ​លើ​គណបក្ស​ប្រជែង​ បើ​ទោះ​ជា​ពេល​នេះ​មាន​វត្តមាន​លោក​សម​ រង្ស៊ី​ក៏ដោយ។​
លោក​អះអាងថា៖

«វត្តមាន ​ឬ​អវត្តមាន​របស់​សម ​រង្ស៊ី​អត់​មាន​ញ័រ​ទេ។​ គណបក្ស​សម​ រង្ស៊ី ​ឬ​សិទ្ធិ​មនុស្ស​មិន​ដែល​មាន​ពេល​ណា​ឈ្នះ​គ​ណបក្ស​ប្រជាជន​ម្តង​ណា​ទេ​ក្នុង​ការ​បោះឆ្នោត​សកល​នោះ»។​

លោក​ជាម ​យៀប​រំពឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​អាច​នឹង​ប្រមូល​អាសនៈ​សភា​ច្រើន​លើស​ពី​៩០​កៅអី​ដែល​ទទួល​បាន​កាល​ពី​អាណត្តិ​មុន៕
XS
SM
MD
LG