ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​សន្យា​បញ្ចុះ​តម្លៃ​អគ្គិសនី​និង​​បញ្ហា​អ្នក​នេសាទ​វៀត​ណាម

  • ហេង រស្មី

លោក​សម រង្ស៊ី​​​ចាប់​ផ្តើម​​ឃោសនា​​បោះឆ្នោត​​ក្រោយពី​​បាន​ទៅ​ដល់​​ប្រទេស​​កម្ពុជា។​​
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​បាន​សន្យា​នឹង​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​ពី​១២០០​រៀល​ មក​នៅ​ត្រឹម​៦០០រៀល​វិញ​នៅក្នុង​ខេត្ត​ពោធិសាត់។ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ។​

ការ​សន្យា​នេះ​បាន​កើតមាន​ឡើង​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​កឹម ​សុខា​និង​លោក​សម រង្ស៊ី​បាន​ចាប់ផ្តើម​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ​នៅក្នុង​ខេត្ត​ប៉ែក​ពាយ្យ​នៃ​ប្រទេស​កម្ពុជា​ដោយចាប់​ផ្តើម​ចេញពី​ខេត្ត​កំពង់​ឆ្នាំ ​និង​ខេត្ត​ពោធិសាត់។​

លោក​កឹម សុខាបានបញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​នៅ​ផ្សារ​សាមគ្គី​ ស្រុគ​គរ​ថា នៅ​ពេល​ដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ គណបក្សនឹង​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​ឲ្យ​បាន​៥០​ភាគ​រយ​នៅ​ក្នុង​ខេត្ត​ពោធិសាត់។ ​លោក​បាន​និយាយ​ថា​ តម្លៃ​ភ្លើង​អគ្គិសនី​បច្ចុប្បន្ន​នេះ​ឡើងថ្លៃ ​ដោយសារ​តែ​អាជ្ញាធរ​នៅក្នុង​ខេត្ត​ពោធិសាត់​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​នឹង​អំពើ​ពុករលួយ។​

លោក​និយាយថា៖​ «អ្នកណា​ដែល​ពុក​លួយ​ជាង​គេ​គឺ​មេ​នៅក្នុង​ខេត្ត​ពោធិសាត់​ហ្នឹង​ហើយ។​ យើង​សន្យា​ថា ​នឹង​បញ្ចុះ​តម្លៃ​ភ្លើង​អគ្គិសនី​ឲ្យ​នៅត្រឹម​តែ​៦០០​រៀល​ទេ»។​

ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ស​ង្គោះ​ជាតិ​នៅ​សប្តាហ៍​នេះ​បាន​ចាប់ផ្តើម​ឃោសនា​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ ដែល​រួមមាន​ខេត្ត​កំពង់ឆ្នាំង​ ពោធិសាត់ ​បាត់ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប ​និង​ខេត្ត​កំពង់ធំ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​គឺ​លោក​កឹម សុខា ​និង​លោក​សម រង្ស៊ី​បាន​ថ្លែង​សារ​នយោបាយ​ម្នាក់​ម្តងៗ​ នៅលើ​រថយន្ត​ដ៏​សាមញ្ញ​មួយ​ដែល​បានរៀបចំ​ឧគ្ឃោ​សន​ស័ព្ទ​បំពង​សម្លេង​រួច​ជា​សម្រេច។​

នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើការ​រិះគន់​ទៅលើ​ការ​ហូរចូល​នៃ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ ដែល​បាន​មក​នេសាទ​ត្រី​ខុស​ច្បាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ​ហិនហោច​ ​បាត់បង់​ពូជ​ត្រី។​

លោក​សម រង្ស៊ី​បាន​ស្តី​បន្ទោស​ថា​ ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ទាំងនេះ​គឺ​បានធ្វើ​ឡើង​ដោយ​គណបក្ស​គ្រប់គ្រង​អំណាច​ ហើយ​លោក​បាន​សន្យា​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សង​មក​វិញ​នៅ​ពេលដែល​គណបក្ស​នេះ​កាន់កាប់​រដ្ឋាភិបាល។​

លោក​និយាយថា៖​ «ខ្ញុំ​សូម​សន្យា​ចំពោះ​បងប្អូន​ថា​ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រគល់​សង​ទឹកដី​របស់​កម្ពុជា​ប្រគល់​សង​ប្រទេស​កម្ពុជា​វិញ»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់យក​ទី​ប្រជុំជន​មួយ​ចំនួន​ ដូចជា​ទីប្រជុំជន​នៅ​តាម​ផ្សា​ដើម្បី​បង្ហាញ​សារ​នយោបាយ​របស់ខ្លួន។​

លោក​សម រង្ស៊ី​បាន​ដើរចូល​ផ្សារ​សាមគ្គី ​ខេត្ត​ពោធិសាត់​ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ក្រុម​អាជីវករ។​

កំពុង​អង្គុយ​លក់​ស្ករ​ត្នោត​នៅក្នុង​ផ្សារ​សាមគ្គី ​ស្រុក​គគរ ​ស្ត្រី​ចំណាស់​ម្នាក់​បាន​សើច​ នៅ ពេល​ដែល​លោក​សម រង្ស៊ី​បាន​ទិញ​ស្ករត្នោត​ពី​អ្នកស្រី។ ​អ្នកស្រី​បាន​និយាយ​ថា​ អ្នក ស្រី​រីករាយ​ នៅពេល​ដែល​ឃើញ​លោក​សម រង្ស៊ី​ចូល​ឃោសនា​នៅ​ក្នុង​ផ្សារ។​ អ្នកស្រី​បាន​និយាយ​ថា​ អ្នកស្រី​នឹង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំនឹង​បោះឆ្នោត​ជូន​គាត់ ​ព្រោះ​អី​គាត់​ជា​អ្នក​ដឹកនាំ​ល្អ»។​

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​គឺ​លោក​សម រង្ស៊ី​មាន​ពេលវេលា​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ឃោសនា​រក​សម្លេង​ឆ្នោត​នៅតាម​បណ្តា​ខេត្ត​ក្រុង​ ក្រោយ​ពេល​ដែល​លោក​បាន​វិញ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG