ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​ផ្តោត​ការ​ឃោសនា​នៅ​តាម​ខេត្ត ​និង​ជនបទ


លោកសម រង្ស៊ី​និង​លោក​កឹម សុខា​ចុះឃោសនា​រួមគ្នា​នៅតាមខេត្ត​ និងជនបទ។​
លោកសម រង្ស៊ី​និង​លោក​កឹម សុខា​ចុះឃោសនា​រួមគ្នា​នៅតាមខេត្ត​ និងជនបទ។​
ខណៈ​ដែល​រយៈពេល​បិទ​បញ្ចប់​រដូវ​កាល​ឃោសនា​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​ទី​បញ្ចប់ ​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​សំរោង ​ខេត្ត​តាកែវ​ ​បាន​សម្លឹង​មើល​តម្រូវ​ការ​មួយ​ចំនួន​ដែល​គណបក្សជាប់​ឆ្នោត​អាច​នឹង​ផ្តល់ជូន​ពួកគាត់។​

កំពុង​ត្បាញ​សូត្រ​នៅ​ក្រោម​ផ្ទះ​ អ្នកស្រី អ៊ូ សុខនា​មាន​សំបុរ​ស្រអែម​ អាយុ​២៦​ឆ្នាំ។​ អ្នក​ស្រីរស់នៅ​ក្នុង​ភូមិ​កញ្ចាង ​ឃុំ​ស្លា ​ហើយ​គាត់​ទើបតែ​បាន​បោះឆ្នោត​ម្តង​គត់​កាលពីឆ្នាំ​២០០៨។​ អ្នក​ស្រី​ថ្លែង​ពី​សមិទ្ធផល​ក្នុង​ភូមិ​របស់អ្នកស្រី​នា​ពេល​កន្លង​មក។​

អ្នកស្រី​និយាយ​ថា៖​ «​នៅ​ភូមិ​ខ្ញុំ​ ឃើញ​ចាក់​ថ្នល់​កៅស៊ូ ​ស្តារ​ប្រឡាយ​ធំ ​សេវា​កម្ម​សុខភាព ដូចជា​ថ្នាំ​ឥឡូវ​នេះ​ ឃើញ​មាន​ពេល​ខ្លះ​អត់​យក​លុយ​ដែរ​ នៅ​មន្ទីរ​ពេទ្យ​ត្រពាំង​ស្រង់​យើង​នេះ។ ​បើ​គេ​ជាប់​ គេ​សន្យា​ធ្វើ​ផ្លូវ​នេះ​ឱ្យ​ធំ។​ គេ​សន្យា​សង់​សាលា​ឆទាន​ឱ្យ​មួយ ​បើ​ប្រឡាយអី​មាន​អស់​ហើយ»។​

ប៉ុន្តែ​ស្រ្តី​ជា​ម្តាយ​កូន​ពីរ​នាក់​នេះ​ចង់​បាន​សាលារៀន​មួយ​ក្នុង​ភូមិ​ដើម្បី​កុំ​ឱ្យ​កូន​ដើរ​ទៅ​រៀន​ឆ្ងាយ។​ បច្ចុប្បន្ន​សាលា​រៀន​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ភូមិ​នេះ។​

នៅ​ផ្ទះ​របង​ជាប់​គ្នា​នោះ​ អ្នកស្រីប្រាក់ សៀប ​អាយុ​៦៩​ឆ្នាំ ​មិន​បាន​ស្នើ​អ្វី​ផ្សេង​សម្រាប់​ជីវភាពទេ ​ក្រៅ​ពី​សន្តិភាព​ទេ ​ទោះ​បី​ជា​គាត់​រក​ចំណូល​បាន​ត្រឹមតែ​ជាង​៣​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ណា​ក្តី។​

អ្នកស្រី​និយាយ​ថា៖​ «ចង់​បាន​សុខ​សប្បាយ។​ កុំ​ឱ្យ​មាន​សង្គ្រាម​ត​ទៅ​ទៀត។ ​ចង់​បាន​តែ​ប៉ុណ្ណឹង។​ អាណិត​កូន​ចៅ​ជំនាន់​ក្រោយ ​ខ្ញុំ​ចំណាស់​ហ្នឹង​ លែង​គិត​ហើយ»។​

ស្រុក​សំរោង​ស្ថិត​នៅភាគ​ខាងត្បួង​រាជធានី​ភ្នំពេញ​ ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ។​ នៅ​ទីនេះ​មាន​គណបក្ស​ធំៗមួយ​ចំនួន​ចូល​ឃោសនា​ ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ជា​ដើម។​

ស្ទើរ​តែ​គ្រប់​ផ្ទះ ពលរដ្ឋ​ ជា​ពិសេស​ផ្ទះថ្នាក់​ដឹក​នាំ​ភូមិ​ ឃុំ​ ​សុទ្ធតែ​បិទ​ស្លាកសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ​រី​ឯស្លាក​គណបក្ស​ទាំង​បី​ត្រូវ​បាន​ដាក់​បញ្ឈរនៅ​តាម​បណ្តោយ​ផ្លូវ​នៅ​តាម​ភូមិ​នានា។​ ជា​រឿយៗ ​មាន​សកម្មជន​បក្ស​ទាំង​បី​ចុះ​ទៅ​ហែ​និង​ចែក​ខិត​ប័ណ្ណ​តាម​ផ្ទះប្រជា​ពលរដ្ឋ។​ ក្នុង​នោះ​ គណបក្ស​ប្រជាជន​មាន​ការ​ឃោសនា​ច្រើន​ជាង​គេ​ តាម​ពី​ក្រោយ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ហ៊្វុនស៊ីន​ប៉ិច។​

តាម​ការឱ្យ​ដឹង​ពី​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​សន្យាធ្វើ​ផ្លូវ ជីក​អណ្តូង ​សាងសង់​សាលារៀន ​និង​មន្ទីរ​សុខា​ភិបាល​ជា​ដើម ​ប្រសិន​បើ​ខ្លួន​ឈ្នះ​ឆ្នោត។​

ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​សន្យា​អនុវត្ត​គោល​ការណ៍​ទាំង​៧​ចំណុចរបស់​ខ្លួន​ រួម​មាន​ដំឡើង​ប្រាក់​បៀវត្សរ៍​យ៉ាង​តិច​១​លាន​រៀល​សម្រាប់​មន្ត្រី​រាជការ​ ៦០ម៉ឺន​រៀល​សម្រាប់​ពលករ ​និង​៤​ម៉ឺន​រៀល​សម្រាប់​មនុស្ស​ចាស់​ជា​ដើម។​ ដោយ​ឡែក​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​មិន​បាន​សន្យា​ជាក់​លាក់​ណា​មួយ​នោះ​ទេ​ ក្រៅ​ពី​រំឭក​ស្ថាដៃ​របស់​ខ្លួន​កាល​ពី​អតីត​កាល។

រំលង​ប្រហែល​២​ភូមិ​ អ្នក​ស្រីអែម សុវណ្ណ ​អាយុ​៣៤​ឆ្នាំកំពុង​យោល​កូន​ក្នុង​អង្រឹង។​ អ្នក​ស្រី​ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួចនៅ​ជាប់​ជើង​ភ្នំ​ជី​សូរ។​ អ្នកស្រី​សុវណ្ណ​បន្ថែម​ថា​ កាល​ពី​អាណត្តិ​មុន ​គណបក្ស​ជាប់​ឆ្នោត​បាន​ជីក​ប្រឡាយ​មួយ​តាម​ការ​សន្យា។ ​ប៉ុន្តែ​អ្នកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដែល​នៅ​សល់​ក្នុង​ភូមិ​របស់​អ្នកស្រី​ គឺ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ថាមពល។​

អ្នកស្រី​និយាយ​ថា៖​ «ត្រូវ​ការ​ជួស​ជុល​ផ្លូវ​ឡើង​វិញ ​ព្រោះ​អត់​មាន​ផ្លូវ ​ហើយ​នៅ​កន្លែង​ខ្លះ​ ភ្លើង​ទៅ​អត់​ទាន់​ដល់។​ គេ​អត់​ទាន់​ដាក់​បង្គោល​មក»។​

នៅ​តាម​ផ្លូវ​កាត់​ភូមិ​ទាំង​នោះ ​គេ​សង្កេត​ឃើញ​មាន​សភាព​ស្ងាត់ ​នៅ​សល់​ភាគ​ច្រើន​តែ​មនុស្ស​ចាស់​ និង​កុមារ​តូចៗ​នៅ​ក្នុង​ភូមិ។​ រី​ឯ​មនុស្ស​វ័យ​ជំទង់​ភាគ​ច្រើន​ធ្វើ​ចំណាក​ស្រុក ​ឬ​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ​នៅ​ទី​ប្រជុំ​ជន។​

រស់​នៅភូមិ​សន្លត់ដៃ ​ឃុំ​រវៀង ​លោកចាន់ ​ឆេង​ អាយុ​៧៦​ឆ្នាំកំពុង​អង្គុយ​ជុំ​ជាមួយ​ចាស់ៗ​៣​នាក់​ផ្សេង​ទៀត។ ​លោក​ថ្លែង​ថា បញ្ហា​នេះ​ដោយ​សារ​ប្រជាជន​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ​មាន​ជីវភាព​ក្រីក្រ។​ លោក​បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​សហគមន៍​របស់​លោក។​

លោក​និយាយថា៖​ «អ្នក​ក្រីក្រ ​ដូចជា​អត់​ឃើញ​គេ​ជួយ​ដិត​ដល់​ទេ។​ ភូមិ​នេះ​ អ្នក​ខ្វះ​ខាត​ច្រើន។ ​ចង់​ឱ្យ​គាត់​ផ្តល់​សម្លៀក​បំពាក់​ និង​អាហារ​ខ្លះៗ។​ កុំ​ឱ្យ​ដូច​អាណត្តិ​នេះ​ ៥​ឆ្នាំជួយ​ម្តង​ ឬ​ពីរ​ដង។ ​និយាយ​រួម​ទៅ​ ពេល​បោះឆ្នោត​ទើប​មាន​ជំនួយ ​ប៉ុន្តែ​ពេល​អត់​ ស្ងាត់​ឈឹង»។

នៅ​ភូមិ​ជា​មួយ​គ្នា​ លោក​អ៊ុង ហឿន ​អាយុ​៥៣ឆ្នាំ​មាន​មុខ​របរ​វាយ​ថ្ម​ និង​ធ្វើ​ស្រែ។ បន្ទាប់​ពី​ដឹក​គោ​ចូល​ក្រោល គាត់​ថ្លែង​ថា​ មាន​គណបក្ស​នានា​បាន​ចុះ​ទៅ​ឃោសនា​ដល់​ផ្ទះ​របស់​គាត់។​ ប៉ុន្តែ​គាត់នៅ​មិន​ទាន់​ជឿ​លើ​ការ​សន្យា​របស់​គណបក្សទាំង​នោះ​ទាំង​ស្រុង​ទេ។​

គាត់​និយាយថា៖​ «សន្យា​ធ្វើ​ខ្លះ​ អត់​ខ្លះ ​បាន​អណ្តូង​ទឹក ​បាន​សាលា​រៀន​ វត្ត​អារាម​ ធ្វើ​បាន​ហូហែរ​ដែរ។ ​គេ​សន្យា​ថា ​បើ​គេ​ជាប់​ គេ​ធ្វើ​ថ្នល់​ជាតិ​ឱ្យ។​ ប៉ុន្តែ​មិន​ដឹង​ជា​ធ្វើ​ឬ​មិន​ធ្វើ​ទេ​ ព្រោះ​ឃើញ​សន្យា​តាំង​ពី​អាណត្តិ​មុន​ម្ល៉េះ»។​

លោក​អ៊ុង ហឿង​ចង់​ឱ្យ​រដ្ឋាភិបាល​ថ្មី​សាងសង់​សាលារៀន​ ផ្លូវ​ថ្នល់ ​និង​មន្ទីរពេទ្យ​នៅ​ក្នុង​ភូមិ​របស់​លោក​ និង​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​នៅ​តាម​មូលដ្ឋាននិង​បង្កើនប្រាក់ខែឱ្យ​បាន​សមរម្យ​ជាង​សព្វ​ថ្ងៃ​នេះ។​

រដូវកាល​ឃោសនា​បោះឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា ​និង​មាន​គណបក្ស​នយោបាយ​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​អាណត្តិ​ទី​៥​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG