ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​ចុះ​ឃោសនា​តាមខេត្ត​នៅភាគពាយ័ព្យ​


លោក​សម រង្ស៊ី​ចុះធ្វើការឃោសនា​បោះឆ្នោត​​នៅ​តាម​ខេត្ត ​នៅថ្ងៃដំបូង មួយថ្ងៃ​ក្រោយ​ពីលោក​​បានទៅដល់​ប្រទេស​កម្ពុជា។​
លោក​សម រង្ស៊ី​ចុះធ្វើការឃោសនា​បោះឆ្នោត​​នៅ​តាម​ខេត្ត ​នៅថ្ងៃដំបូង មួយថ្ងៃ​ក្រោយ​ពីលោក​​បានទៅដល់​ប្រទេស​កម្ពុជា។​
មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​នៅ​ថ្ងៃ​សៅរ៍នេះ​បាន​ចាប់​យក​ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​តាកែវ​ជា​ថ្ងៃ​បើក​ឆាក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត។ ​ការ​បើក​យុទ្ធនាការ​ឃោសនា​លើក​ដំបូង​នេះ​បាន​ធ្វើឡើង​មួយ​ថ្ងៃក្រោយ​ពី​លោក​សម រង្ស៊ី​បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ។​

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​ឃោសនា​រក​សំឡេងឆ្នោត​ជាមួយ​គ្នា​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​ដើម្បី​គៀង​គរ​សំឡេងគាំទ្រ​ពី​ម្ចាស់ឆ្នោត។​

សម្រាប់​ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​តាកែវ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​ម៉ឺន​នាក់​បាន​មក​ស្តាប់​គោល​នយោបាយ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹម​ សុខា។​ ក៏ប៉ុន្តែ​ក្បួន​ឃោសនា​មិន​មាន​អ្វី​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរទេ ​គ្រាន់​តែ​នៅ​ពេល​ដែល​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ឲ្យ​លោក​សម រង្ស៊ី​និយាយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ផ្សារ​ថ្នល់​ទទឹង ​តែ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាក់​ធុង​បាស​ដោយ​បើក​សំឡេងខ្លាំង​រក​ស្តាប់​អ្វី​ពុំឭ។​

ការ​ចាក់​ធុង​បាស​រំខាន​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឲ្យប្រជា​ពល​រដ្ឋ​ដែល​មក​ចង់​ស្តាប់​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ខឹង​សម្បារ។​
ប្រជា​ពលរដ្ឋ​មួយរូបមក​ពី​ខេត្ត​កំពុង​ស្ពឺ​បាន​និយាយ​រិះគន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជាគ្មាន​ធ្វើ​អ្វី​ក្រៅ​ពី​ចាក់​ធុង​បាស​រំខាន​គេ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​យល់​ថា ​អត់​មាន​គោល​ការណ៍អ្វី​និយាយ​នឹង​គេ​ទេ។​នៅតែ​ធ្វើ​ការ​ពុក​រលួយ​រហូត​ ហើយ​អត់​មាន​ពាក្យ​អ្វី​ទៅ​និយាយ​ទេ។​និយាយ​តែ​ប៉ុណ្ណឹង​ចាក់​តែ​បាស​ ឭ​ថ្លង់​ដល់​ពួក​ផ្សារ​ស្តាប់​រក​អ្វី​ និយាយ​អ្វី​អត់បាន​ទេ»។​

លោកសម រង្ស៊ី​និង​លោក​កឹម​ សុខា​បាន​មិន​បាន​និយាយ​សារ​នយោបាយ​នៅ​ផ្សារ​ថ្នល់​ទទឹង​ទេ ​ក៏​ប៉ុន្តែ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ទៀត​និង​នៅ​តាម​ទី​សាធារណៈ​នានា ​លោក​បាន​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​មាន​អ្នក​គាំទ្រ​ជាច្រើន​ចាំស្តាប់​ និង​ស្វាគមន៍​មេដឹក​នាំ​ទាំង​ពីរ។​

សំឡេងស្រែក​ស្វាគមន៍ ​«ជយោ!​ ឯក​ឧត្តម​សម រង្ស៊ី។ ​ជយោ!​ឯក​ឧត្តម​កឹម សុខា។​ ដូរមិនដូរ?​ ដូរ ដូរ​ ដូរ។​ ដូរ​ទៅណា?​ សង្គ្រោះជាតិ​ សង្គ្រោះជាតិ​ សង្គ្រោះជាតិ។​ លេខ​ប៉ុន្មាន? ​លេខ​៧»។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​លើឆាក​មួយ​ដែល​បាន​រៀប​ចំនៅ​លើ​រថយន្តកាំម៉្ញុង។ ​លោក​បាន​និយាយ​ថា ​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះជាតិ​គឺ​បំបាត់​ជន​អន្តោ​ប្រវេសន៍​និង​អំពើ​ពុក​រលួយ។​ ចំណែក​លោក​កឹម សុខា​វិញ​បាន​និយាយ​ថា​បើចង់​បាន​លាន​ត្រូវ​តែ​បំបាត់​សែន។ ​ចំណុច​នេះ​លោក​កឹម សុខា​ពន្យល់​ថា​ បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នេះ​ឆ្នោត​ និង​ផ្តល់​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​និង​កម្មករ​ឲ្យបាន​១​លាន​រៀល។​

លោក​កឹម សុខា​បាន​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បំបាត់​កន្លែង​យក​លុយ​ផ្លូវជាតិ​លេខ​បួន​របស់​ក្រុម​ហ៊ុន​ AZ ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​គ្រង​រដ្ឋាភិបាល។​

លោក​បញ្ជាក់​ថា៖​ «ផ្លូវ​នេះ​ផ្លូវ​អាមេរិកាំង​ធ្វើ​ឲ្យ​ទេ ​មិន​មែន​ឲ្យក្រុម​ហ៊ុន​ហ្នឹង​យក​លុយ​ទេ»។​

ផ្លូវ​ជាតិ​លេខ​បួន ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បានប្រគល់​ជូន​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ តែ​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យក្រុម​ហ៊ុន​ AZ​ របស់​លោក​ឧកញ៉ា​អ៊ឹង ប៊ុនហូវ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​ជាអ្នក​យក​លុយ​ទៅ​វិញ។​

សព្វថ្ងៃ​នេះ​មាន​កន្លែង​យក​លុយ​ចំនួន​បី​កន្លែង​ គ្រាន់​តែ​កំណាត់​ផ្លូវ​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ពី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះ​សីហនុ។​

ចំណែក​នៅ​ក្នុង​ខេត្ត​តាកែវ​វិញ​ មេដឹក​នាំទាំង​ពីរ​បាន​បង្ហាញ​សារ​នយោបាយ​ស្រដៀង​គ្នា​នឹង​ខេត្ត​កំពង់​ស្ពឺដែរ​ ដោយ​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ បើចង់​ឲ្យប្រទេស​មាន​ការ​រីក​ចម្រើន។​

ក្បួន​ឃោសនា​របស់​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​នឹង​បន្ត​ទៅ​ខេត្ត​កំពត​ ខេត្ត​កែប​ និង​ខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃ​អាទិត្យទៀត។​

នៅ​មុន​ពេល​លោក​សម រង្ស៊ី​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោតមាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​មួយ​គ្រាប់ចូល​ក្នុង​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​ ដែល​មាន​ទីតាំង​នៅ​សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួលគោក។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ​តែនៅ​ពុំ​ទាន់​ដឹង​ថា ​ក្រុម​ជនណា​មួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ឡើយ។​

លោក​សម រង្ស៊ី​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័តមាន​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺថា ​លោក​ថ្កោល​ទោស​ការ​បាញ់​ប្រហារ​នេះ។​

លោក​និយាយ​ថា៖​«ខ្ញុំ​ថ្កោល​ទោស​រាល់​អំពើ​ហិង្សា​ ជា​អំពើ​ខុស​ច្បាប់​ ត្រូវតែ​គោរព​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ ដោយ​សន្តិវិធី។​ ដោយ​យើង​គោរព​ច្បាប់​ទាំង​អស់​គ្នា។​ កុំ​ឲ្យមាន​អ្នក​ណា​លួច​បាញ់​ លួច​ប្លន់​ លួច​ប្រើ​អំពើ​ហិង្សា»។​

លោក​សម រង្ស៊ី​មិន​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​ណា​មួយ​នៅ​ពី​ក្រោយ​ខ្នង​ការ​បាញ់​មក​លើ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG