អ្នកសេដ្ឋកិច្ចក្នុងប្រទេសម៉ាឡាវី (Malawi) និយាយថា ប្រទេសម៉ាឡាវីទំនងជាបន្តជួបប្រទះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០១៥ជាមិនខាន ប្រសិនបើរដ្ឋាភិបាលមិនអាចរក្សាទំនុកចិត្តរបស់អ្នកផ្តល់ជំនួយឡើងវិញ ដែលកំពុងបន្តបដិសេធជំនួយ៤០ភាគរយនៃប្រាក់ជំនួយឧបត្ថម្ភសរុបដោយសាររឿងអាស្រូវអំពើពុករលួយដែលគេស្គាល់តាមឈ្មោះថាឃេសហ្គេត (Cashgate) ។ ថវិកាជាង៣០លានដុល្លារត្រូវបានលួចយកចេញពីថវិការដ្ឋនៅក្នុងរឿងអាស្រូវពុករលួយនោះ ហើយមនុស្សជាច្រើននាក់រួមទាំងមន្រ្តីរដ្ឋាភិបាលផងត្រូវបានចាប់ខ្លួន។
ការបដិសេធជំនួយនោះបានបង្ខំឲ្យរដ្ឋាភិបាលម៉ាឡាវីអនុម័តគម្រោងថវិកាជាតិមួយដែលត្រូវបានហៅថា«ជំនួយសូន្យ» (Zero Aid) សម្រាប់ឆ្នាំសារពើពន្ធ២០១៤-២០១៥។ អ្នកវិភាគបាននិយាយថា ការធ្លាក់ចុះនៃការចំណាយបានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លោក Abel Mwanyungwe សាស្រ្តាចារ្យសេដ្ឋកិច្ចមហាវិទ្យាល័យពហុវិជ្ជានៃសាកលវិទ្យាល័យម៉ាឡាវី (University of Malawi) និយាយថា៖ «នេះជាឆ្នាំដែលមានភាពរកាំរកូសដោយសារតែយើងទទួលផលប៉ះពាល់ពីរឿងអាស្រូវ Cashgate ដែលបានជះឥទ្ធិពលខ្លាំងមកលើដំណើរការសេដ្ឋកិច្ច។នៅក្នុងករណីភាគច្រើន យើងឃើញថា មន្ទីរសំខាន់ៗដែលងាយរងការប៉ះពាល់ និងស្ថាប័នផ្តល់សេវាកម្មផ្សេងៗទទួលរងការប៉ះពាល់ តាមរបៀបផ្សេងៗដូចជាការដែលយើងមិនមានថ្នាំគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ។ នៅតាមសាលាជាច្រើន គ្រូបង្រៀនទទូលបានប្រាក់ខែយឺតយ៉ាវ»។
លោក Mwanyungwe ក៏បានផ្សារភ្ជាប់រឿងអាស្រូវពុករលួយ Cashgate ទៅនឹងការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណ kwacha របស់ម៉ាឡាវីផងដែរ ដែលជាលទ្ធផលបានបណ្តាលឲ្យមានកូដកម្មពីសំណាក់មន្រ្តីរដ្ឋាភិបាលដែលទាមទារការតម្លើងប្រាក់បៀវត្សន៍ខ្ពស់ជាងមុន។
ជាឧទាហរណ៍ បុគ្គលិកជំនួយការនៅក្នុងស្ថាប័នយុត្តិធម៌បានធ្វើកូដកម្មអស់រយៈពេល៦សប្តាហ៍ ដោយទាមទារការតម្លើងប្រាក់ខែ៤៥ភាគរយ ដែលជាអ្វីរដ្ឋាភិបាលនិយាយថាខ្លួនមិនអាចមានលទ្ធភាពផ្តល់ឲ្យដោយសារតែកង្វះថវិកា។
ក្រុមបុគ្គលិកនៅការិយាល័យប្រឆាំងអំពើពុករលួយម៉ាឡាវីបានធ្វើកូដកម្មទាមទារការតម្លើងប្រាក់ខែ៧០ភាគរយ រហូតដល់ថ្នាក់រដ្ឋាភិបាលបានគំរាមរឹបអូសយកប្រាក់ខែប្រចាំខែធ្នូរបស់ពួកគេ បើសិនជាពួកគេមិនត្រឡប់ចូលធ្វើការវិញទេនោះ។
លោក Mwanyungwe ក៏បាននិយាយថា រដ្ឋាភិបាលអាចបញ្ជៀសការធ្វើកូដកម្មបាននៅក្នុងឆ្នាំ២០១៥ ប្រសិនបើរដ្ឋាភិបាលព្យាយាមស្តារទំនុកចិត្តម្ចាស់ជំនួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនឡើងវិញ។
«អ្វីដែលខ្ញុំព្រួយបារម្ភគឺថា បើសិនជាយើងមិនអាចកសាងទំនុកចិត្តម្ចាស់ជំនួយ ហើយម្ចាស់ជំនួយមិនត្រឡប់មកវិញទេនោះ រដ្ឋាភិបាលអាចបង្ខំចិត្តខ្ចីលុយក្នុងស្រុកដ៏ច្រើន ដែលអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ តួយ៉ាងអតិផរណា អត្រាប្តូរប្រាក់ ហើយទាំងនេះអាចបង្កនូវស្ថានភាពមួយដែលគេហៅថា «ចាប់ខាងណាក៏ខាត»។
នៅក្នុងចំណោមកត្តាពាក់ព័ន្ធដទៃទៀត ម្ចាស់ជំនួយទាមទារឲ្យរដ្ឋាភិបាលកាត់ទោសមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយនោះ ហើយពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានប្រសើរជាងមុន។
លោក Newton Kambala ជាប្រធានសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡាវី។ លោកបាននិយាយថា រឿងអាស្រូវនោះបានបន្សល់ទុកនូវឆ្នាំ២០១៤ ជា«ឆ្នាំដែលអាក្រក់ខ្លាំងសម្រាប់វិស័យជំនួញ ពីព្រោះតែរដ្ឋាភិបាលបានជំពាក់បំណុលវិស័យឯកជនយ៉ាងធំធេង»។ លោកបានព្រមានថា ប្រសិនបើស្ថានភាពនៅតែបន្ត នោះ«ឆ្នាំ២០១៥ នឹងកាន់តែអាក្រក់ជាងមុន»។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវរដ្ឋប្រចាំឆ្នាំ ប្រធានាធិបតីម៉ាឡាវីលោក Peter Mutharika មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមតែអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាបង្កឡើងដោយរឿងអាស្រូវ Cashgate។
«រដ្ឋាភិបាលរបស់យើងបានពង្រឹងប្រព័ន្ធហិរញ្ញវត្ថុដើម្បីធានាថា រឿងអាស្រូវ Cashgate នឹងមិនកើតឡើងនៅក្នុងប្រទេសម៉ាឡាវីម្តងទៀតទេ។ យើងបានរៀបចំធនធានផ្នែកអនុវត្តន៍ច្បាប់យ៉ាងខ្ជាប់ខ្ជួន រួមទាំងការិយាល័យប្រឆាំងអំពើពុករលួយ ដើម្បីឲ្យពួកគេធ្វើការដោយឯករាជ្យពេញលេញ អាចកាត់ទោសជនសង្ស័យ និងប្រមូលមកវិញនូវធនធានដែលបាត់បង់តាមតែអាចធ្វើទៅបាន»។
លោក Mutharika ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលរបស់លោកកំពុងអនុវត្តកំណែទម្រង់សារពើពន្ធដែលទើបតែអនុម័តនាពេលថ្មីៗ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចឲ្យបាន៥,៥ភាគរយនៅឆ្នាំ២០១៤ ដែលកើនពីកម្រិតព្យាករណ៍៥ភាគរយនៅឆ្នាំ២០១៣៕
ប្រែសម្រួលដោយ នៀម ឆេង