របាយការណ៍ថ្មីមួយជំរុញឲ្យប្រទេសក្រីក្របំផុតក្នុងពិភពលោកប្តូរពីសកម្មភាពផលិតកម្មទាបទៅជាផលិតកម្មខ្ពស់ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនបានប្រសើរឡើង។ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនឈ្មោះរបាយការណ៍អំពីប្រទេសអភិវឌ្ឍន៍តិចបំផុត (Least Developed Countries) អង្គការ UNCTAD ដែលមានន័យថា សន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ និយាយថា ប្រទេសក្រីក្រទាំងនោះត្រូវតែកែទម្រង់រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីចេញពីអន្ទាក់នៃភាពក្រីក្រ ដែលរារាំងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។
ប្រទេសចំនួន៤៨ ដែលអ.ស.ប.សន្និដ្ឋានថា ជាប្រទេសមានការអភិវឌ្ឍតិចតួចបំផុត (Least Developed Countries) នោះ មានតែប្រទេសឡាវទេដែលកំពុងដើរតាមមាគ៌ាដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals) នៅឆ្នាំ២០១៥។ ហើយមានតែប្រទេសនៅទ្វីបអាហ្វ្រិក៤ទេគឺមានប្រទេស Ethiopia ប្រទេស Malawi ប្រទេស Rwanda និងប្រទេស Uganda ទំនងជានឹងអាចសម្រេចបាននូវគោលដៅសំខាន់ៗភាគច្រើននៃគោលដៅសហស្សវត្សរ៍នេះ។
ការសន្និដ្ឋាននេះហាក់ដូចជានៅមានការខ្វះចន្លោះ ដោយហេតុថា មានការប្រឈមមុខធំធេងនៅចំពោះមុខប្រទេសទាំងនេះក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals) នេះកំណត់ផែនការសម្រាប់ប្រទេសនានាកាត់បន្ថយកម្រិតភាពក្រីក្ររបស់ប្រទេសខ្លួនឲ្យបានពាក់កណ្តាលនៅឆ្នាំ២០១៥។ គោលដៅដែលគេហៅថា គោលដៅអភិវឌ្ឍន៍ដោយចីរភាព (Sustainable Development Goals) ដែលអនុវត្តបន្តពីអ្វីដែលគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (Millennium Development Goals) បានបន្សល់ទុកនោះ បានអំពាវនាវឲ្យមានការលុបបំបាត់ភាពក្រីក្រនៅឆ្នាំ២០៣០។
លោក Taffere Tesfachew មន្ត្រីនៃសន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលធ្វើការជាមួយប្រទេសនៅទ្វីបអាហ្វ្រិកនោះ និយាយថា វានឹងមិនមែនជាអព្ភូតហេតុអស្ចារ្យទេ ចំពោះការដែលប្រទេសអភិវឌ្ឍន៍តិចបំផុត (Least Developed Countries) លុបបំបាត់ភាពក្រីក្រនេះ។
លោកនិយាយថា ដើម្បីឲ្យប្រទេសអភិវឌ្ឍន៍តិចបំផុត(Least Developed Countries) សម្រេចភារកិច្ចដ៏អស្ចារ្យនេះបាន ប្រទេសទាំងនេះត្រូវកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។
លោកបានប្រាប់វីអូអេថា នេះមានន័យថា ត្រូវផ្លាស់ប្តូរពលកម្មពីសកម្មភាពដែលមានផលិតកម្មទាប ដូចជាកសិកម្ម និងសេវាកម្មខ្នាតតូច ហើយប្រែក្លាយជាសកម្មភាពផលិតកម្មមានលក្ខណៈចលករ ដែលមានសកម្មភាពផលិតកម្មខ្ពស់ ដូចជារោងចក្រ និងសេវាកម្រិតខ្ពស់។
«ប្រទេសដែលបានងើបពីភាពក្រីក្របណ្តើរៗ គឺប្រទេសដែលកំពុងបង្កើតឱកាសសម្រាប់អ្នកដែលចេញពីកសិកម្ម មកចូលរួមក្នុងកិច្ចការដែលជួយបន្ថែមតម្លៃ ទីដែលគេទទួលបានការបណ្តុះបណ្តាល ហើយក្នុងខណៈនោះ ផលិតកម្មក្នុងវិស័យកម្មន្តសាលមានទិន្នាការបង្កើនឱកាសបែបនេះ ហេតុនេះហើយបានជាមានការអំពាវនាវឲ្យមានផលិតកម្ម។ ប្រទេស ដែលកំពុងប្រើនយោបាយទាំងនេះដើម្បីផ្លាស់ប្តូរ និងបង្វែរទុន និងពលកម្មដ៏មានឥទ្ធិពលទៅរកសកម្មភាពផ្នែកនេះ មាននិន្នាការឆ្ពោះទៅរកភាពប្រសើរឡើង»។
លោក Tesfachew និយាយថា ផ្នែកផលិតកម្មកម្រិតខ្ពស់ទាំងនេះមាននិន្នាការឲ្យប្រាក់ខែខ្ពស់ជាង ហើយបង្កើតការបញ្ជាទិញទំនិញ។ លោកនិយាយថា ស្ថានភាពនេះលើកទឹកចិត្តការវិនិយោគទុន។
មើលពីខាងក្រៅប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) មិនមែនមានផលិតកម្មអន់ថយណាស់ណានោះទេ។
ទិន្នន័យសេដ្ឋកិច្ចរបស់សន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ(UNCTAD) បង្ហាញថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសក្រីក្រទាំងនេះរវាងឆ្នាំ២០០២ និងឆ្នាំ២០០៨មានលើសពី៧% ដែលជាគោលដៅកំណើនសេដ្ឋកិច្ចកំណត់ដោយសហគមន៍អន្តរជាតិ។ ហើយសូម្បីក្រោយពីមានវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៨ ក៏ទិន្នន័យសេដ្ឋកិច្ចរបស់សន្និសីទអន្តរជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ(UNCTAD) កត់សម្គាល់ថា ប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs)មានកំណើនសេដ្ឋកិច្ចច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍ តាមមធ្យមភាគ៥,៧%ក្នុងមួយឆ្នាំ។
ប៉ុន្តែអ្នកសេដ្ឋកិច្ចរបស់អ.ស.ប.និយាយថា ទស្សនវិស័យអំពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDCs) សម្រាប់រយៈពេលខ្លី និងរយៈពេលមធ្យមនោះ គឺនៅមិនទាន់ច្បាស់ទេ។ គេនិយាយថា ការបង្កើនសកម្មភាពផលិតរបស់ប្រជាជនគឺជាមធ្យោបាយប្រសើរបំផុតដើម្បីលុបបំបាត់គំរូនៃការអភិវឌ្ឍតិចតួចខាងសេដ្ឋកិច្ច និងមនុស្ស ដែលទាញប្រទេសនានាឲ្យជាប់នៅក្នុងភាពក្រីក្រ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ