ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ​និយាយ​ថា ​កសិករ​ក្នុង​ទ្វីប​​អាហ្រ្វិក​ត្រូវ​តែ​ទាមទារ​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល


កសិករ​បេះ​ស្លឹក​ថ្នាំ​នៅ​ខាងកើត​ទីក្រុង​ហារ៉ារ៉េ​នៃ​ប្រទេស​ហ្ស៊ីមបាបវ៉េ ​(Zimbabwe)​ ​នៅថ្ងៃ​ទី១៨​ខែកុម្ភះ​ ឆ្នាំ២០១១។

នៅក្នុង​ប្រទេស​អ៊ុយហ្គាន់ដា (Uganda) តម្លៃ​ម្ហូបអាហារ​ខ្ពស់​បាន​ជួយ​ជំរុញឲ្យ​មាន​ការតវ៉ាប្រឆាំង​នឹង​រដ្ឋាភិបាល។​ ភាព​ចលាចល​នេះ​កើត​ឡើង​បន្ទាប់ពី​ភាព​វឹកវរ​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា​ ដែល​នៅ​ក្នុង​នោះ​ ការឡើង​តម្លៃ​ម្ហូបអាហារ​ក៏ជា​កត្តា​មួយ​ផងដែរ។ ចំនួន​ប្រជា​ពលរដ្ឋ​អាហ្រ្វិក​ដែល​កំពុង​តែកើន​ឡើង​យ៉ាង​ឆាប់រហ័ស ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​ទម្ងន់​បន្ថែម​ទៀត​ទៅលើ​ការផ្គត់ផ្គង់​ម្ហូបអាហារ ​នៅក្នុង​ប៉ុន្មានឆ្នាំ​បន្ត​បន្ទាប់​ទៀត​នេះ។ អ្នកជំនាញជាន់​ខ្ពស់​និង​ជា​អ្នកតស៊ូ​មតិ​មួយ​រូប​ ស្តីអំពី​កសិកម្ម​ក្នុង​ទ្វីប​អាហ្រ្វិក ​លោក​ អាគីន អាដេស៊ីណា​ (Akin Adesina) ​និយាយ​ថា ក្រុមកសិករ​នៅក្នុង​ទ្វីប​នេះ ត្រូវតែ​ទាមទារ​បន្ថែមទៀត​ពី​រដ្ឋាភិបាល​របស់​ពួកគេ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ដែលកំពុង​តែកើន​ឡើង។

ជាលទ្ធផល​មួយ​នៃ​ការមិនយក​ចិត្ត​ទុកដាក់អស់ជា​ច្រើន​ឆ្នាំ ផលិតភាព​កសិកម្ម​នៅក្នុង​ទ្វីបអាហ្រ្វិក​ស្ថិត​នៅ​ក្នុង​កម្រិត​ជាប់គាំង​មួយ​ហើយ​មិន​អាច​តាម​ទាន់​នឹង​កំណើនរបស់​ប្រជា​ពលរដ្ឋ​បាន​ទេ។ ទីភ្នាក់ងារ​ស្បៀងរបស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចុះ​បញ្ជី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ចំនួន​៧០ ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ការនាំ​ចូល​ចំណីអាហារ។ នៅក្នុង​ចំណោម​នោះ ប្រទេស​ចំនួន​៣៩​ស្ថិត​នៅក្នុង​ទ្វីប​អាហ្រ្វិក។

លោក អាគីន អាដេស៊ីណា​ អនុប្រធាន​អង្គការ​សម្ព័ន្ធភាព​សម្រាប់​បដិវត្តន៍​បៃតង​មួយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ​និយាយ​ថា ​រដ្ឋាភិបាល​ទុកឱ្យមាន​ការធ្លាក់ចុះ​នូវ​វិស័យ​កសិកម្ម ​ពីព្រោះ​ពួកគេមិន​ទទួល​ផលប៉ះពាល់​អ្វី។

«ជំនឿ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​គឺថា តម្លៃផ្នែក​នយោបាយ​នៃភាព​អសកម្ម ​នៃការមិនចាត់​វិធានការ​ទៅលើ​វិស័យ​កសិកម្ម​ នៅ​ក្នុងទ្វីបអាហ្រ្វិក គឺមាន​លក្ខណៈ​ទាប​ខ្លាំង​ណាស់។ ហើយនេះ​គឺជា​មូលហេតុ​ ដែលអ្នក​នយោបាយ​តែងតែ​ព្រងើយ​កន្តើយ​អំពី​រឿងនេះ»។

ប៉ុន្តែ លោក​និយាយ​ថា ការឡើង​តម្លៃ​ម្ហូបអាហារ​និង​អស្ថិរភាព ​ដែលកើត​ឡើង​ដំណាលគ្នា​នឹង​ការឡើង​តម្លៃ​ទាំង​នេះ​កំពុង​ផ្លាស់ប្តូរ​ការពិចារណា​ទៅលើ​បញ្ហានេះ​ក្នុង​ចំណោមក្រុមមេដឹក​នាំ​នៅ​ទ្វីប​អាហ្រ្វិក។

«ខ្ញុំ​គិតថា ​ពេលវេលា​ទាំងនោះ​បាន​កន្លង​ផុត​ទៅហើយ​ នៅពេល​ដែលបញ្ហា​កសិកម្ម​ត្រូវ​បានគេ​និយាយ​ឱ្យ​រួច​ពីមាត់។ ប្រសិនបើ​អ្នក​នយោបាយ​ចង់បន្ត​អាជីព​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ ​ហើយ​ប្រសិន​បើ​ពួក​គេ​ឆ្លាត ​ពួកគេ​នឹង​ផ្តោត​ទៅលើ​កសិកម្ម ​ហើយ​បង្កើត​ការងារ​សម្រាប់​ក្រុម​យុវជន»។

លោក អាដេស៊ីណា​ បានចំណាយ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មកនេះ ​ធ្វើការ​ដើម្បី​ធ្វើឱ្យ​មានភាពប្រសើរ​ឡើងនូវ​ផលិតភាព​របស់​ក្រុម​កសិករក្នុង​ទ្វីប​អាហ្រ្វិក។ លោក​និយាយ​ថា​ ទ្វីប​នេះ​បាន​ខ្ជះខ្ជាយ​ថវិកា​របស់​ខ្លួន នៅក្នុងការនាំចំណីអាហារ​ចូល ​ពីព្រោះ​សក្តានុពល​គឺថា ទ្វីបនេះ​មិន​ត្រឹមតែ​ចិញ្ចឹម​ខ្លួនឯង​បានប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ចិញ្ចឹម​ពិភពលោក​មួយ​ទាំង​មូល​ថែម​ទៀត​ផង ប្រសិនបើ​រដ្ឋាភិបាល​មានឆន្ទៈ​ក្នុង​ការគាំទ្រ​វិស័យ​កសិកម្ម។

លោកនិយាយ​ថា ប្រទេស ​ម៉ាឡាវី (Malawi) ផ្តល់​ឧទាហរណ៍​ល្អ​មួយ។ បន្ទាប់ពី​តម្រូវ​ការ​ជំនួយ​ម្ហូបអាហារ ​ក្នុងកំឡុង​ពេល​នៃ​គ្រោះរាំង​ស្ងួត​ដ៏ធំ​មួយ នៅដើម​ទសវត្សរ៍២០០០ ​រដ្ឋាភិបាលបាន​ចាប់ផ្តើមឧបត្ថម្ភ​ធន ​សម្រាប់​ជី​និងគ្រាប់​ពូជ។

«នៅក្នុង​រយៈ​ពេល​មួយឆ្នាំ គឺ​តែមួយឆ្នាំ ប្រទេស​នេះ​អាច​ចិញ្ចឹម​ខ្លួន​ឯងបាន។ ប្រទេសនេះ​បាន​ក្លាយ​ទៅ​ជា​អ្នក​នាំចេញ​ពោត​ដ៏ធំ​មួយ។ នៅក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេស ​ម៉ាឡាវី ​គឺជា​អ្នកនាំ​ចេញ​ម្ហូបអាហារ​មួយ។ ដូច្នេះ អ្វីដែល​ប្រាប់​ខ្ញុំ​គឺថា កសិករ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ គឺ​មិនមាន​អ្វី​ខុស​គ្នា​ពី​កសិករ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភព​លោក​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​មិន​ទទួល​បានការ​គាំ​ទ្រ​ឱ្យ​បាន​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ»។

ប៉ុន្តែ ​លោក ​អាដេស៊ីណា​ បាន​បន្ថែម​ថា ​ការគាំទ្រ​ផលិតភាព​របស់​កសិករ​គឺគ្រាន់​តែ​ជាការ​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។

វាគ្មានប្រយោជន៍នោះ​ទេ ប្រសិន​បើ​កសិករ​ផលិត​កសិផល​ ហើយពួកគេ​មិន​មានផ្លូវ​ គឺផ្លូវ​ជាមូលដ្ឋាន​មួយ ដើម្បី​តភ្ជាប់​ពួកគេ​ទៅនឹង​ទីផ្សារ​ ឬធ្វើការ​វិនិយោគ​ទៅលើអគ្គិសនី​ ដើម្បីឱ្យ​ពួកគេ​អាចប្រែ​ក្លាយ​ដំណាំ​កសិកម្ម​សម្រាប់​ទីផ្សារ​បាន»។

លោកបាន​កត់សម្គាល់​ថា ​ប្រទេស​ក្នុង​ទ្វីបអាហ្រ្វិក​ជាច្រើន​កំពុង​បោះ​ជំហាន​នៅ​លើ​ទិសដៅ​ត្រឹមត្រូវ​មួយ។ ប្រទេស​ចំនួន​២៥​បាន​ចុះ​ហត្ថលេខា​ទៅលើ​កិច្ច​ព្រម​ព្រៀង​មួយ ក្នុង​ការប្តេជ្ញា​ផ្តល់​ថវិកា​១០​ភាគរយ​របស់​ពួកគេ​ ទៅលើ​វិស័យ​កសិកម្ម។ ប៉ុន្តែ កន្លងមក មាន​ប្រទេស​តិច​តួច​ណាស់​ ដែល​អាច​បំពេញ​តាម​គោលដៅ​នេះ​បាន​។

លោក អាដេស៊ីណា​ និយាយ​ថា ​ខណៈពេល​ដែល​តម្លៃ​ម្ហូបអាហារ​ឡើង​នៅ​ទូទាំង​ពិភព​លោក ប្រទេស​ផ្សេងៗ​ទៀត​កំពុង​ទិញ​ដីយ៉ាងច្រើន​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ​ដើម្បី​ផលិត​ម្ហូប​អាហារ​សម្រាប់​ខ្លួនរបស់​ពួកគេ។

«ប្រសិនបើ​ប្រទេស​ផ្សេង​ទៀត​ចូលមក​ទ្វីប​អាហ្រ្វិក ហើយ​ចង់​ព្យាយាម​ផលិត​ម្ហូបអាហារ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ប្រការនេះ​ប្រាប់ខ្ញុំ​ថា យើង​មាន​សក្តានុពល​មួយ ដែល​យើង​មិនដែល​បង្ហាញ ហើយដែល​អ្នក​ផ្សេងទៀត​កំពុងមើលឃើញ»។

ប៉ុន្តែ លោក​មិនគិត​ថា វាគួរ​តែជាប្រទេស​ផ្សេង​ទៀត​ ដែល​ជា​អ្នក​បញ្ចេញនូវ​សក្តា​នុពល​នោះ​ទេ។

«គឺមិនអាច​ជាដាច់​ខាត។ ពីព្រោះ​ ប្រសិនបើ​ពួកគេ​ធ្វើដូច្នេះ ពួកគេ​នឹង​ទទួលបាន​ផល​ប្រយោជន៍​ទាំងអស់​ នៃតម្លៃ​ម្ហូបអាហារ​ដែល​ត្រូវ​បានបញ្ចុះ​តម្លៃ។ ពួកគេ​នឹង​បង្កើត​ការងារ​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ​ហើយច្បាស់​ណាស់​ ពួកគេ​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ក្នុងការ​នាំ​ម្ហូបអាហារ​ចូល​នោះទេ។ ទាំងនោះ​គឺជា​អត្ថប្រយោជន៍​ដែល​ទ្វីប​អាហ្រ្វិកគួរតែ​រក្សាទុក​សម្រាប់​ខ្លួន​ឯង។

លោក​និយាយ​ថា រដ្ឋាភិបាល​ទាំងឡាយ​ក្នុង​ទ្វីបអាហ្រ្វិក ​អាច​រក្សាទុក​អត្ថប្រយោជន៍​ទាំង​នោះបាន ដោយ​ធ្វើការ​វិនិយោគ​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាមូលដ្ឋាន ​ដើម្បី​ប្រែក្លាយ​តំបន់​មាន​ជីវជាតិ​ទាំងនោះ​ទៅជា​កន្លែង​ផលិត​ស្រូវ។ បន្ទាប់​មក តំបន់​ទាំងនោះ​អាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេង​ទៀត ដែលកំពុង​ស្វែងរក​ធនធាន​ដើម្បី​បំពេញ​តម្រូវការ ​ដែលកំពុង​តែ​កើន​ឡើង​ ទៅលើម្ហូបអាហារ ​ការផ្តល់​ចំណីអាហារ ​ប្រេង ​និង​កប្បាស។ ប្រការ​នេះ​នឹង​បង្កើត​ស្ថាន​ភាព​ឈ្នះឈ្នះ​មួយ​សម្រាប់​ទាំង​អស់​គ្នា៕

ប្រែសម្រួល​ដោយ​ លី ខាំ​បូលី

XS
SM
MD
LG