ម្តាយរបស់សកម្មជនជនជាតិចិនដែលប្រឆាំងរដ្ឋាភិបាលតាមអ៊ីនធឺណិតម្នាក់ ដែលត្រូវជាប់ឃុំតាំងពីឆ្នាំ២០១៦មក បានចេញផ្សាយសំបុត្រចំហមួយស្នើសុំការអនុញ្ញាតដើម្បីជួបកូនប្រុសមុននឹងអ្នកស្រីបាត់បង់ជីវិត។
លោក ហោង ឈី(Huang Qi) កំពុងជាប់ក្នុងពន្ធនាគាររយៈពេល១២ឆ្នាំពីបទធ្វើឲ្យបែកធ្លាយអាថ៌កំបាំងរដ្ឋ។ ម្តាយអាយុ៨៧ឆ្នាំរបស់លោកបានចេញផ្សាយសំបុត្រមួយដែលកំពុងទទួលការចាប់អារម្មណ៍លើអ៊ីនធឺណិតកាលពីដើមខែឧសភានេះ។
ក្នុងសំបុត្រនោះ ម្តាយលោកហោង គឺអ្នកស្រី ភូ វិនឈីង (Pu Wenqing) និយាយថាអ្នកស្រីកំពុងមានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម និងមហារីក ហើយអ្នកស្រីមិនមានពេលនៅរស់ច្រើនទៀតនោះទេ។
អ្នកស្រីបានសរសេរក្នុងសំបុត្រថា៖ «ខ្ញុំមានសំណើពីរ គឺចង់ឃើញកូនប្រុសរបស់ខ្ញុំជាលើកចុងក្រោយនិងនិយាយជាមួយគាត់អំពីសំណុំរឿងរបស់គាត់»។
លោក ហោង ឈី ជានរណា?
លោក ហោង ឈី ត្រូវបានគេចាត់ទុកថាជាអ្នកប្រឆាំងតាមអ៊ីនធឺណិតដំបូងគេរបស់ប្រទេសចិន។ លោកបានបង្កើតគេហទំព័រមួយឈ្មោះថា «៦៤ ធានវ៉ាង» តំណាងឲ្យព្រឹត្តិការណ៍ការបង្រ្កាបបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមេនកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៨៩។
គេហទំព័រព័ត៌មាននោះត្រូវបានរដ្ឋាភិបាលចិនបិទ ដោយសារតែវាផ្សព្វផ្សាយអំពីអំពើពុករលួយក្នុងប្រទេស ការរំលោភបំពានសិទ្ធិមនុស្ស និងប្រធានបទផ្សេងទៀតដែលតែងតែរឹតត្បិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន។
គេហទំព័រនោះ បានទទួលពានរង្វាន់សេរីភាពតាមអ៊ីនធឺណិត(Cyberfreedom Prize) ពីអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF)កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ ពីរបីសប្តាហ៍ក្រោយមក លោកហោង ត្រូវបានគេឃុំខ្លួន។ ហើយ៣ឆ្នាំក្រោយមកទើបលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំ ពីបទធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់រដ្ឋទៅបរទេសដោយចេតនា។
អង្គការការពារសិទ្ធមនុស្សAmnesty International បានហៅការកាត់ទោសនោះថា «ឃោរឃៅនិងអយុត្តិធម៌»។
លោក ហោង មានជំងឺបេះដូងនិងតម្រងនោម និងសម្ពាធឈាមខ្ពស់។ អ្នកតស៊ូមតិបានបង្ហាញការបារម្ភអំពីផលប៉ះពាល់សុខភាពចំពោះបុរសអាយុ៥៧ឆ្នាំដែលនៅជាប់ឃុំឃាំង។ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន RSF បានស្នើឲ្យប្រធានាធិបតីចិនលោកស៊ី ជិនពីង«បង្ហាញក្តីអាណិត»និងចេញលិខិតលើកលែងទោស។
ការចាប់ខ្លួនច្រើនលើកច្រើនសារ
ការងាររបស់លោកហោងបានទាក់ទាញការចាប់អារម្មណ៍ពីអាជ្ញាធរចិនជាច្រើនដង។
កាលពីឆ្នាំ២០០៣ លោកក្លាយជាមនុស្សទី១ដែលត្រូវបានគេកាត់ទោសពីបទឧក្រិដ្ឋតាមអ៊ីនធឺណិត ក្នុងប្រទេសចិនដោយសារលោកបានផ្សព្វផ្សាយអត្ថបទអំពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៨៩លើគេហទំព័ររបស់លោក។ ពេលនោះលោកត្រូវជាប់ពន្ធនាគារ៥ឆ្នាំ។
កាលពីឆ្នាំ២០០៩ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ទាប់ពីលោកធ្វើយុទ្ធនាការឲ្យក្រុមឪពុកម្តាយរបស់ក្មេងៗដែលបានស្លាប់ក្នុងការរញ្ជួយដីនៅខេត្តស៊ីឈ័ន (Sichuan)កាលពីឆ្នាំ២០០៨។
ហើយកាលពីឆ្នាំ២០១៤ លោក ហោង ត្រូវបានប៉ូលិសឃុំខ្លួនម្តងទៀតបន្ទាប់ពីគេហទំព័ររបស់លោករាយការណ៍អំពីស្ត្រីម្នាក់ដែលព្យាយាមដុតខ្លួនឯងនៅទីលានធានអានមេន (Tiananmen) មុននឹងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃសភាប្រជាជនចិន ដែលជាព្រឹត្តិការណ៍នយោបាយសំខាន់បំផុតមួយរបស់ប្រទេសចិនកាលពីឆ្នាំនោះចាប់ផ្តើម។
ការស្នើសុំចុងក្រោយរបស់ម្តាយម្នាក់
ម្តាយរបស់លោកហោង តែងតែបានធ្វើការតស៊ូមតិដើម្បីកូនប្រុសរបស់អ្នកស្រី។ អ្នកស្រីស្ថិតក្រោមការតាមដានរបស់ប៉ូលិសតាំងពីលោកហោងត្រូវចាប់ខ្លួនក្នុងឆ្នាំ២០១៩មកម្ល៉េះ។
នៅក្នុងសំបុត្រចំហមួយ អ្នកស្រី ភូ អាយុ៨៧ឆ្នាំ ហើយមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនបានទទូចស្នើសុំជួបកូនប្រុសមុននឹងអ្នកស្រីស្លាប់ និងនិយាយអំពីសំណុំរឿងរបស់គាត់។
អ្នកស្រីភូ បាននិយាយថា ទោះបីអ្នកស្រីនៅតែមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិន ក៏អ្នកស្រីជឿថាករណីរបស់កូនប្រុសអ្នកស្រីត្រូវបានកាត់ទោសដោយអយុត្តិធម៌។
អ្នកស្រីភូ បានសរសេរថា «ពួកគេទាំងអស់ដឹងថាហោង ឈី ត្រូវគេដាក់ឲ្យជាប់អន្ទាក់។ គ្មានឯកសារផ្លូវការណាមួយទាក់ទិននឹងការកាត់ទោសរបស់គាត់ត្រូវគេបង្ហាញទេ។រឿងទាំងអស់ត្រូវបានគេរក្សាទុកបិទជិតនៅក្នុងស្រោមសំបុត្រមួយដែលមានស្លាកថាការសម្ងាត់»។ អ្នកស្រីភូ បន្ថែមថា អ្នកស្រីជឿថាអាជ្ញាធរខេត្តស៊ីឈ័ន បានបង្កើតការចោទប្រកាន់ប្រឆាំងនឹងកូនប្រុសរបស់អ្នកស្រី។
លោក ភូ ហ្វេ (Pu Fei) អតីតជនស្ម័គ្រចិត្តម្នាក់ជាមួយនឹងគេហទំព័រ៦៤ ធានវ៉ាង បានប្រាប់វីអូអេថា គ្មានអ្នកណាអាចទៅសួរសុខទុក្ខអ្នកស្រីភូ វិនឈីងបានទេតាំងពីរអ្នកស្រីត្រូវបានដាក់ក្រោមការឃ្លាំមើលពីប៉ូលិស។
លោកបានប្រាប់វីអូអេថា៖ «ស្ថានភាពផ្លូវកាយរបស់អ្នកស្រីកំពុងតែធ្លាក់ចុះ។ វាគ្មានហេតុផលណាដែលត្រូវឲ្យគាត់រងគ្រោះផ្នែកផ្លូវចិត្តទៀតនោះទេ»។
លោក ភូ ហ្វេបាននិយាយថាលោកដឹងថាពន្ធនាគារនិងមន្ទីរឃុំឃាំងត្រូវបានបិទមិនឲ្យមានភ្ញៀវចេញចូលតាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែលោកថា៖ «ទោះយ៉ាងណា យើងសង្ឃឹមថាអាជ្ញាធរអាចលើកលែងចំពោះករណីនេះ ដោយសារតែម្តាយរបស់លោកហោងនៅសល់ពេលមិនច្រើនទៀតនោះទេ ហើយការចូលសួរសុខទុក្ខកូនប្រុសរបស់អ្នកស្រីគឺជាសិទ្ធិរបស់អ្នកស្រី»។
លោក ឈិន យុនហ្វី (Chen Yunfei) សកម្មជនសិទ្ធិមនុស្សលេចធ្លោម្នាក់ក្នុងខេត្តស៊ីឈ័ន អំពាវនាវឲ្យមន្ត្រីក្នុងប្រព័ន្ធច្បាប់របស់ចិន គោរពសិទ្ធិរបស់លោក ហោងនិងម្តាយរបស់លោក ដោយលើកឡើងពីករណីរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ដែលឥឡូវនេះស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភបំពានច្បាប់។
លោកបាននិយាយថា៖ «ខ្ញុំអំពាវនាវឲ្យមន្ត្រីសន្តិសុខសាធារណៈទាំងអស់ឈប់ធ្វើតាមវិធីសាស្ត្ររបស់លោក ស៊ុន លីជុន។ របៀបឆ្លើយតបដ៏ព្រៃផ្សៃរបស់លោកជាមួយសកម្មជនគឺខុសនឹងច្បាប់»។
លោក ស៊ុន លីជុន (Sun Lijun) អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភបំពានវិន័យបក្សនិងច្បាប់ យោងតាមសេចក្តីសង្ខេបលិខិតរបស់ទីភ្នាក់ងារស៊ើបអង្កេតកំពូលរបស់ចិន។
ក្រុមអ្នកវិភាគពិពណ៌នាលោក ស៊ុន ថាជា «ឃាតករលាក់មុខ» ដែលបានដើរតួនាទីសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់មេដឹកនាំកំពូលលោកស៊ី ជិនពីងដើម្បីរក្សាស្ថិរភាពសង្គមដោយការចាប់ខ្លួនក្រុមប្រឆាំងចិន។
អ្នកអង្កេតការបានយកចិត្តទុកដាក់ខ្លាំងដើម្បីតានដានមើលថាតើការចាប់ខ្លួនរបស់លោក ស៊ុន លីជុននឹងមានផលប៉ះពាល់យ៉ាងណាចំពោះច្បាប់កាត់ទោសនៅទូទាំងប្រទេស៕
ប្រែសម្រួលដោយ ទុំ ម្លិះ