ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ស៊ើបការ​សម្ងាត់​អាមេរិក​បញ្ជាក់​ថា​​ ជំងឺ​កូវីដ១៩«​មិនមែន​មនុស្ស​បង្កើតទេ‍»


រូបឯកសារ៖ អ្នកវិទ្យាសាស្ត្រកំពុងពិសោធន៍ការធ្វើតេស្តវីរុសកូរ៉ូណា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកវិទ្យាសាស្ត្រកំពុងពិសោធន៍ការធ្វើតេស្តវីរុសកូរ៉ូណា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ទីភ្នាក់​ងារស៊ើបការ​សម្ងាត់​របស់សហរដ្ឋអាមេរិក បញ្ជាក់​ថា ជំងឺ​កូវីដ១៩ «មិនមែន​មនុស្ស​ធ្វើទេ‍»។ ក៏​ប៉ុន្តែ​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ដ៏កម្រ​មានមួយ ក្រុមមន្ត្រី​និយាយ​ថា ​ទ្រឹស្តី​ឯទៀតៗ​អំពី​ប្រភព​នៃ​ការ​រាតត្បាត​ជា​សាកល​នៃជំងឺនេះ​ ដូចជាគ្រោះ​ថ្នាក់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ជា​ដើម មិន​បានត្រូវ​បដិសេធទេ។

ទីភ្នាក់​ងារ​ស៊ើបការសម្ងាត់​ស.រ.អ. បានបដិសេធ​ទ្រឹស្តី​យ៉ាង​តិច​មួយ អំពី​ប្រភព​នៃវីរុសកូរ៉ូណា​ ដោយ​និយាយ​ថា ​ភ័ស្តុតាងបង្ហាញ​ថា ​វីរុស​នេះមិន​បានត្រូវ​បង្កើត​នៅក្នុងមន្ទីរ​ពិសោធន៍ចិនទេ។​

ក៏ប៉ុន្តែ ​ពួក​គេ​នៅ​តែពិនិត្យ​មើល​ថា ​តើ​ការរាលដាលនៃជំងឺនេះ​ដែល​មាន​ប្រភពចេញពី​ប្រទេស​ចិន​ បានបណ្តាល​មក​ពី​ការប៉ះពាល់​របស់​មនុស្សជា​មួយ​សត្វ ឬ​ថា​ តើ​វា​បាន​ចាប់ផ្តើម​គ្រោះ​ថ្នាក់​ដោយរបៀបណា។

កាលពីថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែមេសា​ ការិយាល័យ​នៃ​នាយក​ផ្នែក​ស៊ើបការ​សម្ងាត់​ជាតិ​ បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​សាធារណៈមួយ អំពីការ​ស៊ើប​អង្កេត​ដែល​កំពុង​មាន​ធ្វើ។

សេចក្តី​ថ្លែងការណ៍នេះ ចែងថា ​សហគមន៍​ស៊ើបការ​សម្ងាត់​ស.រ.អ. «មាន​មតិ​ស្រប​ជា​មួយការមូលមតិគ្នាទូលំទូលាយខាងវិទ្យាសាស្ត្រ ​ដែល​ថា ​ជំងឺ​កូវីដ១៩​ មិន​មែនបង្កើត​ដោយ​មនុស្ស​ទេ ឬត្រូវ​កែប្រែ​ខាងពន្ធុទេ»។​

សេចក្តី​ថ្លែងការណ៍នេះ​ បាននិយាយថា៖ «ដូច​ដែល​យើង​ធ្វើ​នៅ​ក្នុងវិបត្តិទាំងអស់​ ​អ្នក​ជំនាញរបស់​សហគមន៍ស៊ើបការ​សម្ងាត់ឆ្លើយ​តប​ដោយ​បង្កើនធន​ធាន និងធ្វើការ​ស៊ើបការ​សម្ងាត់ ​អំពីបញ្ហា​នានាដែល​មានសារៈសំខាន់​ដល់​សន្តិសុខ​ជាតិ​ស.រ.អ.។ ​សហគមន៍ស៊ើបការ​សម្ងាត់ នឹង​បន្ត​ពិនិត្យ​មើល​ថា​ តើកា​រាល​ដាល​ជំងឺ​នេះចាប់ផ្តើម​មានតាម​រយៈការប៉ះពាល់​សត្វដែល​មានជំងឺ ឬថា​តើជា​លទ្ធផល​នៃ​គ្រោះ​ថ្នាក់​មួយ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​មួយ​នៅ​ក្នុង​ក្រុង​ Wuhan»។

សេតវិមាន​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេតស៊ីជម្រៅ​ជាង​មុន ​អំពី​ប្រភព​នៃ​ជំងឺកូវីដ១៩។​ លោក​ប្រធានាធិបតីអាមេរិក Donald Trump បានសម្តែង​ការ​សង្ស័យ​ច្រើន​ដង​មក​ហើយ ​អំពីសេចក្តី​ថ្លែងការណ៍​ពី​ប្រទេស​ចិន ​និង​អង្គការសុខភាព​ពិភពលោក។​

កាលពី​ថ្ងៃពុធ ទី២៩ ខែ​មេសា លោក Trump បាននិយាយ​ប្រាប់​អ្នកកាសែតថា​ លោក​បានឃើញការរក​ឃើញខ្លះៗ ពី​ការ​ស៊ើប​អង្កេត​របស់​សហគមន៍​ស៊ើបការ​សម្ងាត់។

លោក​ Trump បាន​និយាយថា៖ «មានព័ត៌មានពី​ការ​ស៊ើបការ​សម្ងាត់​ហើយ ហើយ​ខ្ញុំ​បានទទួលព័ត៌មាន​ខ្លះ​ហើយ។​ ហើយ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​អំពីការណ៍​នេះទេ។ រហូត​មក​ដល់​ពេល​នេះ ​យើង​ជា​ប្រទេស​ផ្តល់​វិភាគ​ទានច្រើន​បំផុ​ត​ដល់​អង្គការ​ WHO ហើយ​ពួក​គេធ្វើឱ្យ​យើង​យល់​ច្រឡំ»

លោក Trump បាននិយាយ​បន្ថែមថា​៖ «នៅពេល​នេះ​ ពួក​គេជា​អ្នកជួយបំពង​សំឡេងឱ្យ​ប្រទេស​ចិន។ នេះ​ជា​អ្វីដែល​ខ្ញុំ​យល់​ឃើញអំពី​អង្គការ WHO»​។

កាលពីថ្ងៃពុធ ទី២៩ ខែ​មេសា​ លោករដ្ឋមន្ត្រីការ​បរទេស​អាមេរិក Mike Pompeo ក៏បាន​ចោទសួរ​អំពី​តម្លា​ភាព​របស់​ប្រទេស​ចិន​ដែរ​ ហើយលោក​បានប្រលយ​ពាក្យ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​នៅ​តែ​ធ្វើឱ្យ​ពិភព​លោក​មាន​ហានិភ័យ​ត​ទៅ​ទៀត។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​រូប​នេះបាននិយាយថា៖ «យើងមិនដឹង​ច្បាស់លាស់ទេ​ថា ​វីរុស​នេះមាន​ប្រភព​ពី​ទី​នេះទេ។ ​មានមន្ទីរ​ពិសោធន៍​ជា​ច្រើន​ដែល​កំពុង​ធ្វើការ​តទៅ​ទៀត។ ​យើងមិន​ដឹង​ទេ​ថា​ តើ​មន្ទីរពិសោធន៍​ទាំង​នេះធ្វើ​ប្រតិបត្តិការដោយ​មានសុវត្ថិភាព​ ដើម្បីចៀសវាង​កុំឱ្យមានការណ៍​នេះកើត​ជា​ថ្មីទៀតឬទេ‍»។

ការ​ដែលថា វីរុស​ដែល​នាំ​ឲ្យ​កើត​ជំងឺកូវីដ១៩​ ​ត្រូវ​បានបង្កើតនៅ​ក្នុងមន្ទីរ​ពិសោធន៍​មួយ​ ក្នុង​ប្រទេស​ចិន ឬបាន​លេច​ចេញ​ពីមន្ទីរ​ពិសោធន៍​មួយ ត្រូវបានផ្សព្វផ្សាយ​ជាច្រើន​សប្តាហ៍​មក​ហើយ។​ ទ្រឹស្តី​ឯទៀតៗ ​ក៏​បាន​ត្រូវ​លើក​យក​មករៀបរាប់ច្រើន​ដែរ។ ទ្រឹស្តី​ជា​ច្រើន​ត្រូវបានចាត់​ទុក​ថា​ ជា​ពាក្យ​ចចាមអារាម ឬ​ជា​ផ្នែក​មួយ​នៃយុទ្ធនាការបំភ្លៃ​ព័ត៌មាន។​

ក៏​ប៉ុន្តែ​ សេចក្តី​ថ្លែង​ការណ៍ ​កាល​ពី​ថ្ងៃទី៣០ ខែ​តុលា ពី​ការិយាល័យនាយកនៃ​ផ្នែក​ស៊ើបការ​សម្ងាត់​ជាតិ ហាក់​ដូច​ជា​បញ្ជាក់​ថា មន្ត្រី​ស៊ើ​បការ​សម្ងាត់​អាមេរិក ដឹងកាន់​តែ​ច្រើនឡើង អំពីប្រភព​នៃ​ការ​រាតត្បាត​ជាសាកល​នៃជំងឺនេះ។

កាលពី​ពាក់​កណ្តាលខែ​មេសា ​មន្ត្រី​ម្នាក់​នៃ​ផ្នែក​ស៊ើបការ​សម្ងាត់អាមេរិក បាននិយាយប្រាប់​វីអូអេ​ថា ទោះ​ជា​ទីភ្នាក់ងារទាំងឡាយ​ «បាន​តាម​ដាន​យ៉ាង​សកម្ម​និងយ៉ាង​ខ្លាំង​ ដើម្បី​រក​ព័ត៌មាន​ទាំង​អស់‍​ក៏​ដោយ ក៏សហគមន៍អ្នក​ស៊ើបការ​សម្ងាត់​ «មិន​ទាន់បានមូល​មតិ​គ្នាអំពី​ទ្រឹស្តី​ណា​មួយទេ‍»៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG