ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​ព្រមាន​ថា​រដ្ឋាភិបាល​ចិន​អាច​​ប្រឈម​នឹង​​ការ​តវ៉ា​ពី​ប្រជាជន


អ្នក​ទេសចរ​ម្នាក់​ដែល​ពាក់​ម៉ាស់​ការពារ​មេរោគ​កូរ៉ូណា​ដើរ​កាត់​វិមាន Forbidden City ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
អ្នក​ទេសចរ​ម្នាក់​ដែល​ពាក់​ម៉ាស់​ការពារ​មេរោគ​កូរ៉ូណា​ដើរ​កាត់​វិមាន Forbidden City ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​ដែល​នៅ​ពី​ក្រោយ​គោលនយោបាយ​​ចិន​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​ កំពុង​ផ្ញើ​សារ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាជន​ចិន ដើម្បី​ជំរុញ​បន្ថែម​នូវ​​ក្តី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​របៀប​ដែល​រដ្ឋាភិបាល​ចិន​បាន​ចាត់ការ​ចំពោះ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក Matt Pottinger ទី​ប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ​បាន​ថ្លែង​ជា​ភាសា​ចិន​កុកងឺ​កាល​ពី​ថ្ងៃ​ចន្ទ​ ថា គណបក្ស​កុម្មុយនិស្ត​កាន់​អំណាច​របស់​ចិន កំពុង​ប្រឈម​គ្រោះ​ថ្នាក់​នៃ​ការ​តវ៉ា​ពី​ប្រជាជន​ប្រសិន​បើ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​មិន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។​

ការ​ព្រមាន​នេះ​កើត​មាន​ឡើង​ចំ​ថ្ងៃ​ដែល​ប្រទេស​ចិន​បាន​ប្រារព្ធ​ខួប​ទី​១០១​ឆ្នាំ​នៃ​បដិវត្តន៍​៤ ឧសភា​ ដែល​រំឭក​អំពី​ចលនា​ការ​តវ៉ា​ខាង​នយោបាយ​និង​វប្បធម៌​ដែល​បានរុញ​ច្រាន​ប្រទេស​ចិន​ឲ្យ​ចូល​ក្នុង​សម័យ​ទំនើប។

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​នៃ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​បង្ក​ជំងឺ​កូវីដ១៩​នៅ​ប្រទេស​ចិន អាជ្ញាធរ​ចិន​បាន​បង្ក្រាប​រាល់​អ្នក​រិះគន់​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ឆ្លើយ​តប​នឹង​វិបត្តិ​នេះ។ គ្រូ​ពេទ្យ​ចិន​ម្នាក់ដែល​បាន​ទម្លាយ​រឿង​និង​ព្រមាន​អំពី​វីរុសថ្មី​នេះ​មុន​នឹង​ត្រូវ​ស្លាប់​ដោយ​វីរុស​នេះ​ត្រូវ​បាន​អាជ្ញាធរ​ពិន័យ។ អ្នក​ដទៃ​ទៀត​ដូច​ជា​អ្នក​កាសែត​ពលរដ្ឋ​ដែល​បាន​រិះគន់​ពី​របៀប​ដែល​អាជ្ញាធរ​បាន​ចាត់ចែងក្នុង​វិបត្តិ​នេះ បាន​បាត់​ខ្លួន។

លោក Pottinger ដែល​ជា​អតីត​ទាហាន​ម៉ារីន​អាមេរិក​និង​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​ Wall Street Journal ដែល​រាយការណ៍​ពី​ប្រទេស​ចិន​ជា​ច្រើន​ឆ្នាំ ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ដែល​បាន​បែង​ចែក​គ្នារវាង​រដ្ឋាភិបាលចិននិង​ប្រជាជន​ចិន។ រដ្ឋមន្ត្រី​ការ​បរទេស​លោក Mike Pompeo ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក៏​តែង​បាន​សរសើរ​ប្រជាជន​ចិន​ថា​មាន​ភាព​ឆ្លាត​វៃ​និង​ឧស្សាហ៍​ ខណៈ​ដែល​លោក​រិះ​គន់ការ​ដែល​រដ្ឋាភិបាល​ចិន​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​ប្រជាជន​ខ្លួន។

សារ​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​ចន្ទ​កើត​មាន​ឡើង​ក្រោយ​ពី​មាន​សេចក្តី​រាយការណ៍ពី​បេកាំង​ថា​ឯកសារ​ផ្ទៃ​ក្នុង​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​ព្រមាន​ពីការ​កើន​ឡើង​នៃ​អារម្មណ៍​ប្រឆាំង​ចិន​នៅ​ជុំវិញ​ពិភពលោក​ដោយ​សារ​ការ​ផ្ទុះ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា។

ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយកាណ៍​អំពី​ឯកសារ​ផ្ទៃក្នុង​សម្រាប់​មេដឹកនាំ​ចិន​នេះ ដែល​បាន​សន្និដ្ឋាន​ថា អារម្មណ៍​ប្រឆាំង​ចិន​នៅ​ជុំវិញ​ពិភពលោក​បាន​កើន​ឡើង​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​បង្ក្រាប​បាតុករ​នៅ​ទី​លាន​ធានអានមេន​ឆ្នាំ​១៩៨៩​មក ដែល​អាចផ្ទុះ​ទៅ​ជា​ជម្លោះ​រវាង​ក្រុង​ប៉េងកាំង​និង​ក្រុង​វ៉ាស៊ីនតោន។​

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ដែល​មក​ទល់​នឹង​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​២៥០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG