ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​ជនភៀសខ្លួន​មីយ៉ាន់ម៉ា​នៅ​ថៃ​នៅ​ស្រពិចស្រពិល ទោះ​មាន​ការពិភាក្សា​និង​ការធានា​ក៏ដោយ

រូបឯកសារ៖ ជនភៀសខ្លួន​ដែល​បាន​ភៀសខ្លួន​ចេញពី​ការប្រយុទ្ធគ្នា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ងូតទឹក​ក្នុង​ទន្លេ​នៅ​ជាប់​ព្រំដែន​ថៃ​និង​មីយ៉ាន់ម៉ា ក្នុង​​ក្រុង Mae Sot ដែល​ជា​ក្រុង​មួយ​ស្ថិត​ក្នុង​តំបន់​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង VOA កាលពី​ថ្ងៃ​ទី ១៩ ខែ​មករា​កន្លង​ទៅ​នេះ ទីប្រឹក្សា​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Derek Chollet បាន​និយាយ​ថា៖ «អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រទេស​ថៃ​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​បញ្ហា​ជន​ភៀស​ខ្លួន។ បញ្ហា​ជន​ភៀសខ្លួន​នេះ​ជា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិភាក្សា​ជា​បន្ត​ជាមួយ​នឹង​ប្រទេស​ថៃ។ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ​ទៅ​កាន់​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន វា​ជា​រឿង​អាទិភាព​មួយ​របស់​ខ្ញុំ»។

លោក​បាន​បន្ត​ថា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ថៃ​និង​តំបន់​ព្រំដែន​កាលពី​ឆ្នាំ​មុន «បញ្ហា​ជន​ភៀស​ខ្លួន​នេះ​គឺ​ជា​បញ្ហា​ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​ជា​បន្ត»។ លោក​បាន​បន្ថែម​ថា៖ «ប្រទេស​ថៃ​គឺ​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​និង​សំខាន់​នៅ​ក្នុង​បញ្ហា​នេះ»។

បើ​យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ជន​ភៀសខ្លួន​ជិត ៥០០ នាក់​ត្រូវ​បាន​អនុញ្ញាត​និង​កំពុង​រង់ចាំ​តាំងទី​លំនៅ​ថ្មី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ជន​ភៀស​ខ្លួន​ទាំង​នោះ​កំពុង​ជាប់​គាំង​នៅ​ក្នុង​ក្រុង Mae Sot ដែល​ជា​ក្រុង​មួយ​ស្ថិត​ក្នុង​តំបន់​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​ប្រទេស​មីយ៉ាន់ម៉ា។

រដ្ឋាភិបាល​ថៃ​មិន​ទាន់​បាន​ចេញ​បណ្ណ​អនុញ្ញាត​ឱ្យ​ជន​ភៀស​ខ្លួន​ទាំង​នេះ​ចាកចេញ​ពី​ប្រទេស​ថៃ​នៅ​ឡើយ​ទេ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ។ ជន​ភៀសខ្លួន ៦០០ នាក់​ទៀត​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​តាំងទី​លំនៅ​ថ្មី​នៅ​ប្រទេស​ទី​បី​ផង​ដែរ ប៉ុន្តែ​ក៏​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ប្រទេស​ថៃ​ដែរ។

រូបឯកសារ៖ ជនភៀស​ខ្លួន​មកពី​ប្រទេស​មីយ៉ាន់ម៉ា​រស់នៅ​ក្រោម​តង់​បណ្ដោះអាសន្ន​មួយ​នៅ​តាម​ដង​ទន្លេ Moei ក្នុង​ទីក្រុង Mae Sot ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
រូបឯកសារ៖ ជនភៀស​ខ្លួន​មកពី​ប្រទេស​មីយ៉ាន់ម៉ា​រស់នៅ​ក្រោម​តង់​បណ្ដោះអាសន្ន​មួយ​នៅ​តាម​ដង​ទន្លេ Moei ក្នុង​ទីក្រុង Mae Sot ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Phil Robertson អនុ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​នៅ​ក្នុង​អ៊ីមែល​ផ្ញើ​មក​កាន់ VOA ថា៖ «ប្រទេស​ថៃ​បាន​រារាំង​ដោយ​មិន​ចាំបាច់​នូវ​ការ​ចាកចេញ​របស់​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា​ជា​ច្រើន​នាក់​អស់​រយៈពេល​ជា​យូរ​មក​ហើយ»។ លោក​បាន​បន្ថែម​ថា៖ «វា​ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​ការ​រារាំង​នេះ»។

បន្ថែម​ពី​លើ​នេះ​ទៀត លោក Robertson បាន​ស្នើ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល​ថៃ ដោយ​លោក​និយាយ​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គួរតែ​ដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល​ថៃ​ឱ្យ​ចាប់ផ្ដើម​ចេញ​បណ្ណ​អនុញ្ញាត​ឱ្យ​ចាកចេញ​សម្រាប់​ជន​ភៀសខ្លួន​មីយ៉ាន់ម៉ា​ដែល​គេ​ទទួល​ស្គាល់ ដោយ​ហេតុ​ថា​ប្រទេស​ថៃ​មិន​ឈ្មុសឈ្មុល​ធ្វើ​ដូច្នេះ​ហើយ​នឹង​បន្ត​ប្រើ​លេស​ពន្យារពេល ប្រសិនបើ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដូច្នេះ»។
ក្រសួង​ការបរទេស​ថៃ​មិន​បាន​ឆ្លើយតប​ចំពោះ​សំណួរ​របស់ VOA តាម​អ៊ីមែល​ដែលចង់ដឹង​អំពី​រឿង​ពន្យារពេល​មិន​ចេញ​បណ្ណ​អនុញ្ញាត​នេះ​ទេ។

រូបឯកសារ៖ ក្នុង​រូប​ដែល​ថត​នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ចេញផ្សាយ​ដោយ​សមាគម Metta Charity បង្ហាញ​ពី​ប្រជាជន​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ដែលភៀសខ្លួន​ពីអំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា អង្គុយនៅក្នុង​ក្រុង Mae Sot នៃប្រទេសថៃ ក្បែរ​ព្រំដែន ខណៈ​ដែល​យោធា​ថៃ​ឈរមើល។

បើ​យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ជួយ​ជ្រោមជ្រែង​ជន​ភៀស​ខ្លួន​ទាំង​នេះ មនុស្ស​ជាង ២០.០០០ នាក់​បាន​គេច​ចេញ​ទៅ​កាន់​ប្រទេស​ថៃ នៅ​ចំ​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​តាំងពី​ពេល​ដែល​មាន​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ មក។ មនុស្ស​ចំនួន​ប្រហែល ១១.០០០ នាក់​ក្នុង​ចំណោម​នោះ បាន​ទាក់ទង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន (UNHCR)។

សហរដ្ឋ​អាមេរិក​បាន​ស្វាគមន៍​ជន​ភៀស​ខ្លួន​មីយ៉ាន់ម៉ា​រាប់​រយ​នាក់​តាំងពី​យោធា​បានធ្វើរដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​ ក្នុងឆ្នាំ២០២១​មក៕

ប្រែសម្រួលដោយលោក ភី សុភាដា

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG