ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អ.ស.ប៖ សហគមន៍​អន្តរជាតិ​បរាជ័យ​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ចំពោះ​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ


រូបឯកសារ៖ រូបថត​កាល​ពី​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២​នេះ បង្ហាញ​ពី​ជនរងគ្រោះ​ម្នាក់​​នៅ​ក្នុង​ការវាយប្រហារ​តាម​អាកាស​ទៅ​លើ​អគារ​សាលារៀន​មួយ​នៅ​ក្រុង Depeyin ក្នុង​តំបន់​ Sagaing ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ក្នុង​របាយការណ៍​របស់អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លោក Tom Andrews បាន​បង្ហាញ​ពី​រូបភាព​ដ៏​តក់ស្លុត​ពី​ភាព​ព្រៃផ្សៃ​របស់យោធា​ប្រឆាំង​នឹង​ពលរដ្ឋ​មីយ៉ាន់ម៉ា។ លោក​បាននិយាយថា ស្ថានភាព​បាន​ផ្លាស់ប្តូរ​ពី​អាក្រក់​ទៅ​អាក្រក់​ជាង​មុន ចាប់តាំង​ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារប្រកប​ដោយ​ភាព​វិនាស​មហន្តរាយ​កាល​ពី​ឆ្នាំ​មុន។ ហើយ​លោក​បាន​បន្ត​ថា មនុស្ស​រាប់​លាន​នាក់​ត្រូវ​ប្រឈម​នឹង​ការ​រំលោភបំពាន​ដោយ​ផ្ទាល់ ក៏​ដូចជា​ ការ​បំពាន​សិទ្ធិ​មនុស្ស​របស់​ពួកគេ​ជា​បន្តបន្ទាប់។

​លោក Andrews បាន​លើកឡើង​ពី​ការ​រំលោភ​បំពាន​ដ៏​អាក្រក់​ក្នុង​ទម្រង់​ផ្សេងៗ រួម​មាន​ ការ​បំផ្លាញ​ផ្ទះ​សម្បែង​ជាង ២៨.០០០​ខ្នង និង​ការ​ដុតបំផ្លាញ​ភូមិនានា​ទាំង​មូល​ជា​ដើម។ លោក​បាន​បន្ត​ថា មនុស្ស​ជាង ១២.០០០​នាក់ ក្នុង​នោះ​មាន​ កុមារ​រាប់​រយ​នាក់ ត្រូវ​បាន​គេឃុំ​ខ្លួន​ ហើយ​ឲ្យ​រស់នៅ​ក្នុង​លក្ខខណ្ឌដ៏​អាក្រក់។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ​បានបន្ថែម​ថា ប្រទេស​មីយ៉ាន់ម៉ា​ទាំងមូល​ត្រូវ​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាពសេដ្ឋកិច្ចដ៏​យ៉ាប់យ៉ឺនមួយ​។

លោក​ Andrews បានថ្លែង​ថា៖ «យោធា​មីយ៉ាន់ម៉ា​កំពុង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្ស​ជាតិ​ជារៀង​រាល់​ថ្ងៃ រួម​មាន​ អំពើ​ហិង្សា​ផ្លូវ​ភេទ ការ​ធ្វើ​ទារុណកម្ម ការ​ចាត់គោលដៅ​ដោយ​ចេតនា​មក​លើ​ជនស៊ីវិល និងអំពើ​ឃាតកម្ម»។

យោធា​មីយ៉ាន់ម៉ា​មិន​ទាន់​ឆ្លើយ​តប​នឹង​របាយការណ៍​ខាង​លើ​នេះនៅឡើយទេ។

លោក Andrews កត់សម្គាល់​ថា ពលរដ្ឋមីយ៉ាន់ម៉ា​ពិត​ជា​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​វិបត្តិ​មនុស្សជាតិ​នេះ ដែល​លោក​និយាយ​ថា បាន​ក្លាយ​ទៅ​ជា​គ្រោះមហន្តរាយ​មនុស្សជាតិ​មួយ។

លោក​ Andrews បានថ្លែង​ថា៖ «ពួកគេ​ស្មុគស្មាញ​យ៉ាងខ្លាំង ហើយខឹងសម្បា​នឹង​បណ្តា​ប្រទេស​សមាជិក​អ.ស.ប​ ដែល​កំពុង​គាំទ្ររបប​យោធាខុសច្បាប់​និងដ៏​សាហាវ​ឃោឃៅ​នេះ​តាមរយៈការ​ផ្តល់​ហិរញ្ញប្បទាន ពាណិជ្ជកម្ម អាវុធ និង​ចាត់ទុក​របប​ដឹកនាំ​នេះ​ថា ស្របច្បាប់។ ប៉ុន្តែ​ពួកគេ​ក៏ខកចិត្ត​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត ដែល​ធ្លាប់​បាន​បង្ហាញ​ការ​គាំទ្រ​មក​លើ​ពួកគេ​កន្លង​មក ប៉ុន្តែ​ខកខាន​ក្នុង​ការ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន»។

របាយការណ៍​ខាង​លើបាន​លើកឡើង​ថា ជម្លោះ​កំពុងរីកសាយភាយ​ពាសពេញ​ប្រទេស​មីយ៉ាន់ម៉ា​ ស្រប​ពេល​ជនស៊ីវិល​កាន់​តែ​ច្រើន​ចាប់ផ្តើម​កាន់អាវុធ​ដើម្បី​តស៊ូប្រឆាំង​នឹង​របប​យោធា។ លោក Andrews ក៏​បាន​ព្រមាន​ថា ជម្លោះដែល​កាន់​តែ​មានភាព​តានតឹង​រវាង​យោធា និង​ក្រុម​កុលសម្ព័ន្ធ​ប្រដាប់​អាវុធ​អាច​នាំ​ឲ្យ​មាន​ការ​ភៀសខ្លួន​ទ្រង់ទ្រាយ​ធំ ដូចអ្វី​ដែល​ធ្លាប់​កើត​មាន​កាល​ពី​ប្រាំ​ឆ្នាំ​មុន​អ៊ីចឹង។

ការ​ធ្វើ​ទុក្ខបុកម្នេញ​និង​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៧សែន​នាក់​ ភៀសខ្លួន​ដើម្បី​សុវត្ថិភាព​ទៅ​កាន់​តំបន់ Cox's Bazar ក្នុង​ប្រទេស​បង់ក្លាដែស​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។ អ្នក​រាយការណ៍​ពិសេស​អ.ស.ប​និយាយ​ថា ការ​រើសអើង ការ​គាបសង្កត់ និង​ការបំពាន​សិទ្ធិ​មនុស្ស​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភៀសខ្លួន​ទ្រង់ទ្រាយ​ធំ​គឺ មាន​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក Andrews បាន​លើកឡើង​ថា មនុស្ស​ជា​ច្រើន​នៅ​មីយ៉ាន់ម៉ា​ជឿ​ថា ពិភពលោក​បាន​ភ្លេច​ពី​ពួកគេ ឬ​មិនខ្វល់​ពី​ពួកគេ។ លោកបាន​អំពាវនាវក្រុមប្រឹក្សាសិទ្ធិ​មនុស្សឲ្យ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើសកម្មភាព​ផ្សេងៗ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា។ លោក​ក៏​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​សមាជិក​អ.ស.ប​ បន្ត​ឈរ​ជាមួយ​នឹង​ពលរដ្ឋមីយ៉ាន់ម៉ា​ ដែលកំពុង​ក្លាហានតស៊ូ​ ដើម្បី​ជីវិត​របស់​ពួកគេ កូនៗ​របស់​ពួកគេ និង​អនាគត​របស់​ពួកគេ៕


ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG