ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ មីយ៉ាន់ម៉ា​​មាន​វិបត្តិ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ


រូបឯកសារ៖ កុមារ​រ៉ូហ៊ីងយ៉ា​ ដែល​ឆ្លងព្រំដែន​ពី​មីយ៉ាន់ម៉ា​មក​កាន់​បង់ក្លាដែស​ ប្រជ្រៀតគ្នា​ទទួល​​យក​ម្ហូបអាហារ​ដែល​ចែក​ដល់​ជនភៀសខ្លួន​នៅ​ជំរំ Thaingkhali ប្រទេស​បង់ក្លាដែស ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០១៧។ (AP)

លោក​ស្រី Michelle Bacheletឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស បាន​ព្រមាន​ថា ភាពផ្ដាច់ការ​យោធា​ដ៏​ឃោរឃៅ​របស់​មីយ៉ាន់ម៉ា កំពុង​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​សង្គមនិង​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​មួយ​នេះ​ឈាន​ទៅ​រក​ហានិភ័យ​នៃ​ការ​ដួល​រលំ​កាន់​តែ​ខ្លាំង។ លោកស្រី​ឧត្តម​ស្នងការ បាន​ធ្វើ​បទបង្ហាញ​អំពី​របាយការណ៍​មួយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃចន្ទ។

ក្នុង​របាយការណ៍​របស់​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បង្ហាញ​រូបភាព​ដ៏​គួរ​ឲ្យ​សង្វេគ​របស់​មីយ៉ាន់ម៉ា​ដែល​សេដ្ឋកិច្ច សន្តិសុខ សេរីភាព សិទ្ធិ​មនុស្ស​និង​អនាគត កំពុង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ជា​ប្រព័ន្ធ។ រយៈ​ពេល១៣ខែ បន្ទាប់ពីរដ្ឋប្រហារ​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​កើតចេញ​ពី​ការបោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​បាន​កន្លង​ផុត​ទៅ មក លោក​ស្រី Michelle Bachelet បាន​មាន​ប្រសាសន៍​ថា សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ហើយ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ភាពច្របូក​ច្របល់​ខ្លាំង​បំផុត។

លោក​ស្រី​បាន​បន្ត​ទៀត​ថា តំបន់​នានា​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ពី​មុន​មាន​ស្ថិរភាព កំពុង​ត្រូវ​បាន​យាយី​ទៅ​ដោយ​អំពើ​ហិង្សា​ដែល​បន្ត​រាល​ដាល​ឥតឈប់។ លោកស្រី​ថា សេដ្ឋកិច្ចប្រ ទេស​នេះ​កំពុង​ហៀប​ដួលរលំ ដោយ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជិត​ពាក់​កណ្ដាល​នៃ​ពលរដ្ឋ​សរុប​ជិត ៥៥លាន​នាក់ ត្រូវ​គេ​គិត​ថា នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​នៅ​ឆ្នាំ​នេះ។

លោកស្រី​បន្ត​ថា បើ​ទោះ​បី​ជា​មាន​ផលវិបាក​យ៉ាងណា​ក៏​ដោយ ក៏​ពលរដ្ឋ​នៅ​តែ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការគាបសង្កត់​ដ៏​តឹងរ៉ឹង​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបជុំ​និង​សម្ដែង​មតិ។ លោកស្រី​

ថា ក្រុម​ប្រឆាំង​បាន​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​មាន​អ្នក​ខ្លះ​ត្រូវ​បាន​សម្លាប់​ឬ​ប្រ ឈម​នឹង​ការចាប់​ខ្លួន​តាម​ទំនើងចិត្ត ក៏​ដូចជា​ការធ្វើ​ទារុណកម្ម​ផ្សេងៗ។ លោកស្រី​ថ្លែង​ថា៖ «ប្រភព​គួរ​ឲ្យ​ទុកចិត្ត​បាន​កត់​ត្រា​ចំនួន​មនុស្ស​ស្លាប់​ជាង១ពាន់៦រយ​នាក់​ដែល​ភាគច្រើន​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ មនុស្ស​យ៉ាង​ហោចណាស់​ក៏៣៥០ នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​ស្លាប់​នៅ​ក្នុង​ការឃុំឃាំង​របស់​ពួក​យោធា បើ​គិត​ជា​ភាគរយ​មាន​ជាង២១ ភាគរយ​នៃ​អ្នក​ស្លាប់។ ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១មក មនុស្ស​ជាង៥សែន​លាន​នាក់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រត់​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន»។

លោកស្រី​បាន​កត់​សម្គាល់​ថា យ៉ាងហោច​ណាស់ មនុស្ស១ម៉ឺន៥ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស។ ចំនួន​នេះ មិន​ទាន់​រាប់​បញ្ចូល​ជន​ភៀសខ្លួន​ជាង១លាន​នាក់​ដែល​កំពុង​រស់​នៅ​ប្រទេស​បង់ក្លាដែស​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​អ៊ីស្លាម។ មនុស្ស​ភាគ​ច្រើន​បាន​ស្វែង​រក​ទីជ្រកកោន​ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា​និង​ការធ្វើ​ទុក្ខ​បុក ម្នេញ​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា។

លោកស្រី Bachelet ថ្លែង​ទៀត​ថា ការវាយបក​ខាង​យោធា​ដែល​មិនសមាមាត្រដល់​ការតស៊ូ​ប្រដាប់​អាវុធ បាន​កើត​ឡើង​ដោយ​គ្មាន​មនុស្សធម៌​នៅ​ក្នុង​រដ្ឋ​នានា​ដែល​មាន​ជន​ជាតិ​ភាគតិច​រស់​នៅ។ ប្រតិបត្តិការ​យោធារ​ដ៏​ឃោរឃៅ​ដែល​ធ្វើ​ឡើង​នៅ​តំបន់​ទាំង​នេះ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រតិបត្តិការ​ដូច​អ្វី​ដែល​ត្រូវ​បាន​ធ្វើ​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​រដ្ឋ Rakhine កាល​ពី​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧។

លោកស្រី​ថ្លែង​បន្តទៀតថា ប្រតិបត្តិការ​ទាំង​នេះ ពិត​ជា​បាន​រំលោភ​យ៉ាង​ច្បាស់​ក្រឡែតលើ​ច្បាប់​សិទ្ធិ​មនុស្ស​និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖ «មីយ៉ាន់ម៉ា កំពុង​ស្ថិត​ក្នុង​ហានិភ័យ​កាន់តែ​ខ្លាំង​នៅ​ក្នុង​រដ្ឋ​ដែល​ដួលរលំ ដោយ​ប្រទេស​នេះមាន​ការបែកបាក់​ផ្នែក​ប្រព័ន្ធ​សេដ្ឋកិច្ច អប់រំ សុខាភិបាល​និង​ការគាំពារ​សង្គម។ ការដួល​រលំ​នៃ​ប្រព័ន្ធ​សុខាភិបាល បាន​បណ្ដាល​ឲ្យ​មាន​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មីយ៉ាន់ម៉ា​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​ជំងឺ​កូវីដ១៩។ ការអភិវឌ្ឍ​ដ៏​ល្អ​ដែល​ប្រទេស​នេះ​សម្រេច​បាន​កាល​ពី​មុន​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ជម្លោះ​និង​ការប្រើ​អំណាច​ហួស​របស់​ពួក​យោធា»។

លោក​ស្រី Bachelet បានថ្លែង​ទៀត​ថា ការទទួល​ខុស​ត្រូវ​នៅតែ​ជា​ដំណោះ​ស្រាយ​នៃ​វិបត្តិ​នេះ។ លោកស្រី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​និង​ឆ្លើយតប​ទៅ​នឹង​សេចក្ដីត្រូវការ​ផ្នែក​មនុស្សធម៌​ចាំបាច់​សម្រាប់​ពលរដ្ឋ។

មីយ៉ាន់ម៉ា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ទេ ពីព្រោះ​អង្គការ​សហប្រជាជាតិ​មិន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​យោធា​នេះ៕

ប្រែសម្រួល​ដោយ​លោក ​នៀម ឆេង

XS
SM
MD
LG