ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អ.ស.ប​បដិសេធ​ការ​ជំទាស់​របស់​មីយ៉ាន់ម៉ា ហើយ​នឹង​បើក​សវនាការ​រឿង​ក្តី​ប្រល័យពូជសាសន៍​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា


នៅ​ក្នុង​រូបភាព​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ​បង្ហាញ​ពីជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ាង​រាប់​ពាន់​នាក់​​តវ៉ា​ដើម្បី​អាច​ត្រឡប់​ទៅ​ផ្ទះ​​​របស់​ពួកគេនៅ​​ប្រទេស​មីយ៉ាន់ម៉ា​វិញ​បាន​។

ចៅក្រម​នៅ​តុលាការ​ថ្នាក់​ខ្ពស់​បំផុត​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ ទី២២ ខែ​កក្កដា ​បាន​ច្រានចោល​ការ​ជំទាស់​ជា​បឋម​របស់​ប្រទេស​មីយ៉ាន់ម៉ា​ពាក់ព័ន្ធ​នឹង​រឿងក្តី​ចោទប្រកាន់​លើប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ថា ទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya)។

​សេចក្តី​សម្រេចនេះ​ដែល​បង្កើតជា​យុត្តាធិការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) នឹង​រៀបចំ​ជាសវនាការ​មួយ​ ដែល​នឹង​មាន​ការបង្ហាញភ័ស្តុតាង​អំពី​អំពើ​ឃោរឃៅ​នានា​ប្រឆាំង​នឹង​ជនភាគតិច​រ៉ូហ៊ីងយ៉ា។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ការ​ស៊ើបអង្កេត​មួយ​ដោយ​អ.ស.ប​ថា ​អំពើ​ទាំង​នេះ​បាន​រំលោភ​បំពាន​សន្ធិសញ្ញា​ស្តី​ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ឆ្នាំ ១៩៤៨។ កាល​ពី​ខែ​មីនា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា ការ​គាបសង្កត់​ដោយ​ហិង្សា​មក​លើ​ជន​រ៉ូហ៊ីងយ៉ា​នៅ​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​ស្គាល់​ពី​មុន​ថា ភូមា​នោះ គឺ​ស្មើ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍។

លោក Tun Khin ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជន​រ៉ូហ៊ីងយ៉ា Burmese Rohingya Organization UK ស្វាគមន៍​សេចក្តី​សម្រេច​ខាង​លើ​នេះ ដោយ​និយាយ​ថា ជន​រ៉ូហ៊ីងយ៉ា​ប្រមាណ ៦​សែន​នាក់ «កំពុង​ប្រឈម​មុខ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ឡើយ» ខណៈ​«មនុស្ស​ប្រមាណ ១​លាន​នាក់​នៅ​ជំរំ​ក្នុង​ប្រទេស​បង់ក្លាដែស ពួកគេ​កំពុង​រង់ចាំ​សេចក្តី​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌»។

ប្រទេស​ហ្គំប៊ី​ នៅតំបន់​អាហ្វ្រិក​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ២០១៩ ខណៈ​មាន​ការ​ខឹង​សម្បាពី​សំណាក់​សហគមន៍​អន្តរជាតិ​អំពី​ការ​ប្រព្រឹត្ត​ចំពោះ​ជន​រ៉ូហ៊ីងយ៉ា ដែល​ពួក​គេ​ប្រមាណ​រាប់​សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​បង់ក្លាដែសក្បែរ​ខាង ស្រប​ពេល​មាន​ការ​បង្ក្រាប​ដោយ​កងកម្លាំង​មីយ៉ាន់ម៉ា​កាល​ពី​ឆ្នាំ ២០១៧។ ប្រទេស​ហ្គំប៊ីបានអះអាង​ថា ទាំង​ហ្គំប៊ី​និង​មីយ៉ាន់ម៉ា​ជា​រដ្ឋ​ភាគី​ក្នុង​សន្ធិសញ្ញាស្តី​ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ឆ្នាំ ១៩៤៨ និង​ថា ប្រទេស​ហត្ថលេខី​ទាំង​អស់​មាន​កាតព្វកិច្ច​ធានា​ថា សន្ធិសញ្ញា​នេះ​ត្រូវ​តែ​គោរព​តាម។

ចៅក្រម​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ដែល​ជា​តុលាការ​ថ្នាក់​ខ្ពស់​បំផុត​របស់​អ.ស.បបាន​យល់ស្រប។

ដោយ​អាន​សេចក្តី​សង្ខេប​នៃ​សេចក្តី​សម្រេច ប្រធាន​តុលាការគឺ​ ចៅក្រម​ជនជាតិ​អាមេរិក​ អ្នកស្រី​ Joan E. Donoghue និយាយ​ថា៖ «រាល់​រដ្ឋ​ភាគី​ក្នុង​សន្ធិសញ្ញា​ស្តី​ពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​អាច​លើកឡើង​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​ភាគី​មួយ​ទៀត​ រួម​មាន​តាមរយៈ​ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ នៅ​ចំពោះ​មុខតុលាការ»។

ក្រុម​អ្នក​តវ៉ា​ជា​ជនជាតិរ៉ូហ៊ីងយ៉ា​មួយ​ក្រុម​តូច​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅវិមាន​សន្តិភាព (Peace Palace) ក្នុង​ទី​ក្រុង​ឡាអេ​ប្រទេស​ហូឡង់ ដែល​ជា​ទីស្នាក់ការ​កណ្តាល​តុលាការ នៅ​មុន​ពេល​ចេញ​សេចក្តី​សម្រេច​នេះ​ ជាមួយ​នឹង​បដា​សរសេរ​ថា៖ «ចូរ​ពន្លឿន​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រ៉ូហ៊ីងយ៉ា។ អ្នក​រួច​ជីវិត​ពី​អំពី​ប្រល័យ​ពូជសាសន៍​មិន​អាច​រង់ចាំជា​ច្រើន​ជំនាន់​នោះ​ទេ»។

អ្នក​តវ៉ា​ម្នាក់​បាន​ជាន់​លើ​រូបថត​ដ៏​ធំ​មួយ​នៃ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក​ឧត្តមសេនីយ៍​ Min Aung Hlaing។

តុលាការ​បាន​បដិសេធ​អំណះអំណាង​ផ្សេងៗ​លើក​ឡើង​អំឡុង​ពេល​សវនាការ​កាល​ពី​ខែ​កុម្ភៈ ដោយ​ក្រុម​មេធាវី​តំណាង​ឱ្យ​មីយ៉ាន់ម៉ា​ ដែល​ថា រឿងក្តី​នេះ​គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល​ ពីព្រោះ​តុលាការ​អន្តរជាតិ​អាច​វិនិច្ឆ័យ​និង​សម្រេច​តែ​លើ​ជម្លោះ​រវាង​រដ្ឋនិង​រដ្ឋ​តែ​ប៉ុណ្ណោះ​ ហើយ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ជន​រ៉ូហ៊ីងយ៉ា​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រទេស​ហ្គំប៊ី​ ជំនួស​មុខ​ឱ្យ​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម។

តុលាការ​ក៏​បាន​ច្រានចោល​ការ​អះអាង​របស់​មីយ៉ាន់ម៉ា​ដែលថា ​ហ្គំប៊ី​មិន​អាច​ធ្វើ​ការ​ប្តឹងផ្តល់​លើ​រឿងក្តី​ខាង​លើ​នេះនោះ​ទេ ដោយ​សារ​តែប្រទេស​នេះ​មិន​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​ព្រឹត្តិការណ៍​ផ្សេងៗ​នៅ​មីយ៉ាន់ម៉ា និង​ថា ជម្លោះ​តាម​ផ្លូវ​ច្បាប់​គឺ​ មិន​មាន​នោះ​ទេ​រវាង​ប្រទេស​ទាំង​ពីរ​ មុន​ពេល​រឿងក្តី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង។

តំណាង​របស់​មីយ៉ាន់ម៉ា​ លោក Ko Ko Hlaing រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​រដ្ឋាភិបាល​យោធា និយាយ​ថា ប្រទេស​របស់​លោក​ «នឹងប្រឹងប្រែង​អស់​ពី​លទ្ធភាព​ដើម្បី​ការពារ​ប្រទេស​ជាតិ និង​ផលប្រយោជន៍​របស់​ជាតិ»។

ទី​ប្រឹក្សា​រដ្ឋាភិបាល​ហ្គំប៊ី និង​រដ្ឋមន្រ្តី​យុត្តិធម៌​លោក Dawda Jallow និយាយ​ថា៖ «យើង​មាន​ក្តី​សោមនស្ស​យ៉ាង​ខ្លាំង​ដែល​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ឱ្យ»។

ប្រទេស​ហូឡង់ និង​កាណាដា​បាន​ផ្តល់​ការគាំទ្រដល់​ហ្គំប៊ី ដោយ​និយាយ​កាល​ពី​ឆ្នាំ ២០២០ ថា​ ប្រទេស​នេះ «បាន​បោះជំហាន​ទៅ​មុខ​គួរ​ឱ្យ​ស្ងប់​សរសើរ​មួយ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នៅ​មីយ៉ាន់ម៉ា និង​គោរព​តាម​ការ​ប្តេជ្ញា​នេះ។ កាណាដា​ និង​ហូឡង់​ចាត់​ទុក​ថា​ជា​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​កិច្ចប្រឹងប្រែង​ទាំង​នេះ​ ដែល​មាន​សារៈសំខាន់​ចំពោះ​មនុស្ស​ជាតិ»។

ប៉ុន្តែ​តុលាការ​បាន​ចេញ​សេចក្តីសម្រេច​កាល​ពី​ថ្ងៃ​សុក្រ​ ទី២២ ខែ​កក្កដា​ថា «មិន​មាន​ភាព​សមស្រប» ​ក្នុង​ការ​ផ្តល់​ដល់​ប្រទេស​ទាំង​ពីរ​ខាង​លើ​នេះ​នូវ​ឯកសារ​ចម្លង​និង​ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​ផ្សេងៗ​ ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​រឿង​ក្តី​នេះ​នោះ​ទេ។

យោធា​មីយ៉ាន់ម៉ា​បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា យុទ្ធនាការ​បោស​សម្អាត​ក្នុង​រដ្ឋ Rakhine កាល​ពី​ឆ្នាំ ២០១៧ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​រ៉ូហ៊ីងយ៉ា។ ជន​រ៉ូហ៊ីងយ៉ា​ជាង ៧​សែន​នាក់​បាន​រត់ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់ក្លាដែស​ក្បែរ​នោះ។​ កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ាបាន​រង​ការ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ និង​ការ​សម្លាប់​ទ្រង់ទ្រាយ​ធំ ហើយ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ជន​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់។

កាល​ពី​ឆ្នាំ ២០១៩ មេធាវី​តំណាង​ឱ្យ​ប្រទេស​ហ្គំប៊ី​នៅ​តុលាការ​បាន​លើក​ឡើង​ពី​បទ​ចោទប្រកាន់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ ដោយ​បង្ហាញ​ទៅ​ចៅ​ក្រមនូវ​ផែនទី រូបភាព​ពី​ផ្កាយ​រណប ក៏ដូចជា ​រូបភាពអំពី​ភាព​ឃោរឃៅ​នៃ​យុទ្ធនាការ​របស់យោធា​មីយ៉ាន់ម៉ា។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​តុលាការ​បញ្ជា​ឱ្យ​មីយ៉ាន់ម៉ា​ធ្វើ​អ្វី​តាម​តែ​ខ្លួន​អាច​ធ្វើ​បាន ​ដើម្បី​បញ្ចៀស​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជន​រ៉ូហ៊ីងយ៉ា។ សេចក្តីសម្រេច​បឋមនោះ​គឺ ​មាន​គោលដៅ​ការពារ​ជនភាគ​តិច​នេះ​ ស្រប​ពេល​រឿង​ក្តី​នេះ​នឹង​ត្រូវ​សម្រេច​នៅ​តុលាការ​ក្រុង​ឡាអេ ដែលអាច​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ។

តុលាការយុត្តិធម៌​អន្តរជាតិ​ធ្វើ​សេចក្តី​សម្រេច​លើ​ជម្លោះ​រវាង​រដ្ឋ​និង​រដ្ឋ។ តុលាការ​នេះ​មិន​មាន​ទំនាក់ទំនង​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ​ដូចគ្នានោះ​ទេ។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នាំ​ខ្លួន​បុគ្គល​ផ្សេងៗ​មក​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឃោរឃៅ​នានា។ ព្រះ​រាជអាជ្ញា​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ កំពុង​ស៊ើប​អង្កេតឧក្រិដ្ឋកម្ម​ផ្សេងៗ​ប្រឆាំង​នឹង​ជន​រ៉ូហ៊ីងយ៉ា​ ដែល​ត្រូវ​បង្ខំ​ចិត្តរត់​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG