ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Human Rights Watch៖ វិបត្តិ​សិទ្ធិ​មនុស្ស​មួយ​ឆ្នាំ​កន្លង​ទៅ​កាន់តែ​អាក្រក់​ឡើង​នៅ​ជុំវិញ​ពិភពលោក


រូបឯកសារ៖ មន្ត្រី​យោធា​មីយ៉ាន់ម៉ា​គោរព​ទង់ជាតិ​របស់​ពួកគេ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី ៧២ នៃ​ទិវា​បុណ្យ​ឯករាជ្យ​នៅ​ក្នុង​ទីក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា។

វិបត្តិ​សិទ្ធិ​មនុស្ស​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​មាន​សភាព​កាន់តែ​អាក្រក់​ឡើង​នៅ​ជុំវិញ​ពិភពលោក​តាំងពី​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ប្រទេស​ចិន​និង​ប្រទេស​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១២ ខែ​មករា​កន្លង​ទៅ​នេះ។

ប៉ុន្តែ បើ​យោង​តាម​របាយការណ៍​នេះ គេ​ឃើញ​ថា​សំឡេង​ថ្មីៗ​នៃ​ភាព​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​គាំទ្រ​សិទ្ធិ​មនុស្ស​បាន​លេច​ឡើង។

របាយការណ៍​ពិភពលោក​ឆ្នាំ ២០២៣ របស់​អង្គការ Human Rights Watch នេះ​ផ្ដោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជិត ១០០ ដែល​នៅ​ក្នុង​ប្រទេស​ទាំង​នោះ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង New York នេះ​មាន​ប្រតិបត្តិការ​នៅ​ទីនោះ។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «សេចក្ដី​សន្និដ្ឋាន​ពិត​ប្រាកដ​ដែល​អាច​ទាញ​ចេញ​ពី​វិបត្តិ​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង​ឆ្នាំ ២០២២ ដូចជា​ការ​វាយ​ប្រហារ​ដោយ​ចេតនា​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin លើ​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គុក​ឥត​ជញ្ជាំង​របស់​លោក Xi Jinping សម្រាប់​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) នៅ​ក្នុង​ប្រទេស​ចិន និង​ទង្វើ​របស់​ក្រុម​តាលីបង់ (Taliban) ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​ប្រឈម​នឹង​ភាព​អត់​ឃ្លាន​ជាដើម គឺ​ថា អំណាច​ផ្ដាច់ការ​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​នឹង​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រង​ការ​ឈឺចាប់»។

របាយការណ៍​នេះ​បាន​បន្ថែម​ថា៖ «ប៉ុន្តែ ឆ្នាំ ២០២២ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ផង​ដែរ​អំពី​ការ​ប្រែប្រួល​ជា​មូលដ្ឋាន​នៃ​អំណាច​នៅ​លើ​ពិភពលោក​ដែល​បើក​ផ្លូវ​ឱ្យ​រដ្ឋាភិបាល​នានា​ដែល​ខ្វាយខ្វល់​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ទាំង​នេះ​តាម​រយៈ​ការ​ការពារ​និង​ពង្រឹង​ប្រព័ន្ធ​សិទ្ធិ​មនុស្ស​សាកលលោក»។

អ៊ុយក្រែន

បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​សក្តិសម​នឹង​ទទួល​បាន​ការ​សរសើរ​សម្រាប់​ការ​បញ្ចេញ​នូវ​អ្វី​ដែល​សហគមន៍​នេះ​ថា​ជា «ការ​ប្រមូល​ផ្ដុំ​ពេញលេញ» នូវ​ប្រព័ន្ធ​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ផង​ដែរ។

អ្នកស្រី Tirana Hassan នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់ VOA ថា៖ «យើង​បាន​ឃើញ​មាន​ការ​ឆ្លើយតប​ភ្លាមៗ​ពី​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ការ​រួបរួម​គ្នា​ជុំវិញ​ការ​គាំទ្រ​សំខាន់ៗ​ផ្នែក​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្កើត​នូវ​យន្តការ​យុត្តិធម៌​អន្តរជាតិ [និង] ការ​ប្រមូល​ភ័ស្តុតាង​សម្រាប់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​ដែរ»។

នៅ​ក្នុង​ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​អ៊ុយក្រែន​ដូចជា​ក្រុង Bucha និង​ក្រុង Izyum ជាដើម គេ​ឃើញ​មាន​ភ័ស្តុតាង​ជា​ច្រើន​អំពី​ការ​ធ្វើ​ទារុណកម្ម ការ​សម្លាប់ និង​ការ​ចាប់​រំលោភ​ជន​ស៊ីវិល​អ៊ុយក្រែន​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ទាហាន​រុស្ស៊ី។ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​ការ​សម្លាប់​ជន​ស៊ីវិល​រាប់​រយ​ករណី ដែល​គេ​គិត​ថា​នេះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ឧក្រិដ្ឋកម្ម​សរុប​តែ​ប៉ុណ្ណោះ។

បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​កាលពី​ខែ​ធ្នូ​មក លោក Volker Turk ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) បាន​និយាយ​ថា សង្គ្រាម​នៅ​អ៊ុយក្រែន «នៅ​បន្ត​ឃើញ​មាន​ការ​រំលោភ​ជា​ទូទៅ​លើ​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

លោក Turk បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នានា​កាលពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​ថា៖ «ក្នុង​ករណី​ខ្លះ ទាហាន​រុស្ស៊ី​បាន​សម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​បណ្ដោះ​អាសន្ន។ អ្នក​ខ្លះ​ត្រូវ​បាន​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​បន្ទាប់ពី​បាន​ឆែកឆេរ​សន្តិសុខ​មក ដូចជា​នៅ​ផ្ទះ ទីធ្លា​ផ្ទះ និង​ច្រក​ទ្វារ​ផ្ទះ​របស់​ពួកគេ​ជាដើម សូម្បីតែ​នៅ​ពេល​ដែល​ជន​រងគ្រោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួកគេ​មិន​មែន​ជា​ការ​គំរាមកំហែង​តាម​រយៈ​ការ​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ​ក៏ដោយ។ គេ​ឃើញ​មាន​សញ្ញា​យ៉ាង​ច្បាស់​ថា ការ​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​របាយការណ៍​នេះ​អាច​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ការ​សម្លាប់​ដោយ​ចេតនា»។

អង្គការ Human Rights Watch បាន​បញ្ជាក់​ថា ក្រុម​បស្ចិម​ប្រទេស​គួរតែ​អាច​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី​មុន​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២។

របាយការណ៍​របស់​អង្គការ Human Rights Watch នេះ​បាន​លើកឡើង​ថា៖ «ភាព​គឃ្លើន​ឥត​អៀនខ្មាស់​របស់​លោក Putin អាច​ធ្វើ​ឡើង​ទៅ​បាន​ភាគ​ច្រើន​ដោយសារតែ​លោក​មាន​សេរីភាព​ជា​យូរ​មក​ហើយ​ក្នុង​ការ​អនុវត្ត​ដោយ​គ្មាន​ទោសពៃរ៍។ ការ​បាត់បង់​ជីវិត​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​កើតឡើង​ដូច​អ្វី​ដែល​គេ​រំពឹងទុក គឺ​ដូច​ទៅ​នឹង​ពលរដ្ឋ​ស៊ីរី​ដែល​បាន​រងគ្រោះ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​គាំទ្រ​កង​កម្លាំង​ស៊ីរី​របស់​លោក Bashar al-Assad នៅ​ក្នុង​ឆ្នាំ ២០១៥ ដូច្នេះ​ដែរ»។

ចិន

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើកឡើង​អំពី​ការ​រំលោភ​បំពាន​ជា​បន្ត​នៅ​ក្នុង​ប្រទេស​ចិន ដូចជា​ការ​ឃុំឃាំង​ទ្រង់ទ្រាយ​ធំ ការ​ធ្វើ​ទារុណកម្ម និង​ពលកម្ម​ដោយ​បង្ខំ​ដែល​ប្រព្រឹត្តិ​លើ​អ្នក​កាន់​សាសនា​អ៊ិស្លាម​រហូត​ដល់​មួយ​លាន​នាក់​នៅ​ក្នុង​តំបន់ Xinjiang។ រដ្ឋាភិបាល​ចិន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

កាលពី​ខែ​តុលា​ឆ្នាំ​មុន សេចក្ដី​សម្រេច​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បើក​ឱ្យ​មាន​ការ​ជជែក​ដេញដោល​អំពី​ការ​រំលោភ​បំពាន​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​បាន​បរាជ័យ​ដោយ​សំឡេង​ឆ្នោត​ចំនួន​ពីរ​សំឡេង។

ទោះជា​យ៉ាង​នេះ​ក្ដី របាយការណ៍​របស់​អង្គការ Human Rights Watch បាន​បញ្ជាក់​ថា ការ​បោះឆ្នោត​គាំទ្រ​ដែល​ខ្វះ​តែ​ពីរ​សំឡេង​នេះ «បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​សក្តានុពល​នៃ​សម្ព័ន្ធភាព​ឆ្លង​តំបន់​និង​ការ​រួបរួម​កម្លាំង​គ្នា​ដើម្បី​តតាំង​នឹង​ក្ដី​រំពឹងទុក​របស់​រដ្ឋាភិបាល​ចិន​អំពី​និទណ្ឌភាព»។

អ្នកស្រី Hassan បាន​និយាយ​ថា ការ​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ​លើ​សេចក្ដី​សម្រេច​នេះ​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​ជា​លើក​ដំបូង​បង្អស់​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នេះ​គឺ​ការ​ប្រេះ​បែក​នៃ​រនាំង​ការពារ​របស់​ក្រុម​ជន​ផ្ដាច់ការ»។

អាហ្វហ្គានីស្ថាន

នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រុម​តាលីបង់​បាន​ដាក់​ច្បាប់​ជា​ច្រើន​ដែល​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ស្ត្រី​និង​កុមារី ដូចជា​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ សិទ្ធិ​ធ្វើ​ការ​និង​សិទ្ធិ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​និង​សេវា​ថែ​រក្សា​សុខភាព​ជាដើម។

របាយការណ៍​របស់​អង្គការ Human Rights Watch បាន​លើកឡើង​ថា៖ «កង​កម្លាំង​សន្តិសុខ​របស់​ក្រុម​តាលីបង់​បាន​អនុវត្ត​ពេញ​មួយ​ឆ្នាំ​កន្លង​មក​នូវ​ការ​ឃុំឃាំង​ដោយ​ខុស​ច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ភ្លាមៗ​លើ​អតីត​មន្ត្រី​សន្តិសុខ​និង​សត្រូវ​ដែល​គេ​ចាប់​ថ្នាក់​បាន»។

អ៊ីរ៉ង់

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ការ​តវ៉ា​ដែល​បណ្ដាល​មកពី​ការ​ស្លាប់​របស់​នាង Mahsa Amini បន្ទាប់ពី​នាង​ត្រូវ​បាន​ប៉ូលិស​ឃុំឃាំង បាន​រីក​ក្លាយជា​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​ថា ការ​សម្លាប់​អ្នក​តវ៉ា​យ៉ាង​តិច ៤ នាក់​នៅ​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​អាច​នឹង​បណ្ដាល​ឱ្យ​មាន​ការ​ឆ្លើយតប​ខ្លាំងក្លា​ជាង​នេះ​ពី​សហគមន៍​អន្តរជាតិ។

អ្នកស្រី Hassan បាន​ប្រាប់ VOA ថា៖ «យើង​ចាំបាច់​ត្រូវ​ធ្វើ​ហួស​ពី​ការ​សាមគ្គី​ជា​អន្តរជាតិ​សម្រាប់​ក្រុម​អ្នក​តវ៉ា និង​ចាំបាច់​ត្រូវ​ធ្វើ​ឱ្យ​ច្បាស់​ថា​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​នឹង​ធ្វើ​ឱ្យ​មន្ត្រី​អ៊ីរ៉ង់​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ»។

មីយ៉ាន់ម៉ា

របាយការណ៍​នេះ​បាន​លើកឡើង​អំពី​ការ​រំលោភ​បំពាន​កើនឡើង​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​នៅ​ទីនោះ អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​និយាយ​ថា របប​យោធា​មីយ៉ាន់ម៉ា​កំពុង​វាយ​ប្រហារ​លើ​សហគមន៍​នានា​នៅ​ទូទាំង​ប្រទេស​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០២១។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា៖ «កង​កម្លាំង​សន្តិសុខ​របស់​របប​យោធា​មីយ៉ាន់ម៉ា​បាន​ប្រព្រឹត្តិ​នូវ​ការ​សម្លាប់​ទ្រង់ទ្រាយ​ធំ ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ ការ​ធ្វើ​ទារុណកម្ម អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត​ដែល​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

របាយការណ៍​នេះ​បាន​បន្ថែម​ថា៖ «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ជួបជុំ​ប្រឈម​នឹង​ការ​រឹតត្បិត​តឹងតែង។ ប្រតិបត្តិការ​យោធា​ដែល​បង្កើន​ឡើង​បាន​បណ្ដាល​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ជា​ច្រើន​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ជាតិ​សាសន៍​ភាគ​តិច​នៅ​ក្នុង​រដ្ឋ Kachin រដ្ឋ Karen រដ្ឋ Karenni និង​រដ្ឋ Shan»។

អេត្យូពី

នៅ​ក្នុង​ប្រទេស​អេត្យូពី អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​បញ្ជាក់​ថា ដំណើរការ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​សហភាព​អាហ្វ្រិក​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បណ្ដាល​ឱ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​មួយ​ដែល​ប្រេះស្រាំ។

អ្នកស្រី Hassan បាន​និយាយ​ថា៖ «ការ​ធានា​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​ហួសហេតុ​ដែល​បាន​កើតឡើង​នៅ​ក្នុង​តំបន់ Tigray គឺ​ជា​រឿង​សំខាន់​សម្រាប់​ធ្វើ​ឱ្យ​កិច្ច​ឈប់​បាញ់​គ្នា​នេះ​មាន​ប្រសិទ្ធភាព»។

បង់ក្លាដែស

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស អង្គការ Human Rights Watch បាន​រិះគន់​រដ្ឋាភិបាល​ថា​បាន​រំលោភ​បំពាន​លើ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya)។

របាយការណ៍​របស់​អង្គការ​នេះ​បាន​លើកឡើង​ថា៖ «ជន​ភៀសខ្លួន​រ៉ុហ៊ីងយ៉ា ដែល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ដ៏​លំបាក​សម្រាប់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដោយ​ស្ម័គ្រចិត្ត​និង​មាន​សុវត្ថិភាព​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​វិញ បាន​រងគ្រោះ​ដោយសារ​ការ​គំរាមកំហែង ការ​ជំរិត​ទារ​ប្រាក់ និង​ការ​ធ្វើបាប​ដោយ​កង​កម្លាំង​សន្តិសុខ​បង់ក្លាដែស​និង​អាជ្ញាធរ​ផ្សេងៗ​ទៀត»។

អង្គការ Human Rights Watch ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជន​ភៀសខ្លួន​បាន​រាយការណ៍​អំពី​ការ​គំរាមកំហែង ការ​ជំរិត​ទារ​ប្រាក់ ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ការ​ធ្វើ​ទារុណកម្ម​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ប៉ូលិស។

បញ្ហា​ប្រែប្រួល​អាកាសធាតុ

អង្គការ Human Rights Watch បាន​បញ្ជាក់​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​កំពុង​មាន​ផល​ប៉ះពាល់​កើនឡើង​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​នៅ​គ្រប់​ជ្រុង​ទាំង​អស់​នៅ​លើ​ពិភពលោក ដែល​មាន​តាំងពី​ទឹក​ជំនន់​ដ៏​មហន្តរាយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​រហូត​ដល់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

អង្គការ​នេះ​បាន​បន្ថែម​ថា រដ្ឋាភិបាល​នានា​មាន​កាតព្វកិច្ច​ផ្នែក​ផ្លូវ​ច្បាប់​និង​ផ្នែក​សីលធម៌​នៅ​ក្នុង​ការ​ដាក់​កំហិត​លើ​ឧស្សាហកម្ម​នានា​ដូចជា​ឧស្សាហកម្ម​ទាញ​យក​ឥន្ធនៈ​ផូស៊ីល​ជាដើម ដែល​មិន​ស្រប​ទៅ​តាម​ការ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន។

របាយការណ៍​របស់​អង្គការ​នេះ​បាន​លើកឡើង​ថា៖ «រដ្ឋាភិបាល​នានា​គួរតែ​ចាត់​វិធានការ​ជា​បន្ទាន់​នៅ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ការ​ឆ្លើយតប​របស់​ពួកគេ​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​ផ្នែក​អាកាសធាតុ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​មិន​អាច​ចៀស​ផុត​រួច​ទៅ​ហើយ និង​នៅ​ក្នុង​ការ​ការពារ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​ដូចជា​ជនជាតិ​ភាគ​តិច ស្ត្រី កុមារ មនុស្ស​ចាស់ ជន​ពិការ និង​ជន​ក្រីក្រ​ជាដើម»៕

លោក Shaikh Azizur Rahman រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG