ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទោះ​បី​មាន​បទ​ឈប់​បាញ់​គ្នា​ ការ​ឈឺ​ចាប់​​បង្ក​ឡើង​ដោយ​គ្រាប់​មីន​នៅ​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត


លោក Kyaw Win និង​មិត្ត​រួម​ការងារ​ដែល​ទាំង​ពីរ​នាក់គឺ​ជា​អតីត​ជ​ន​សកម្ម​ប្រយុទ្ធ​អំបូរ​ Karenni ដែល​បាន​បាត់​បង់​ជើង​របស់ពួក​គេ​ដោយសារ​គ្រាប់​មីន ស្ថិត​នៅក្នុង​រោងជាង​របស់ពួក​គេ​នៅ​ក្នុង​ទីក្រុង Loikaw។

មីយ៉ាន់ម៉ា​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​រង​គ្រោះ​ដោយសារ​គ្រាប់មីន​ខ្ពស់​ជាង​គេ​​ចំណាត់​ថ្នាក់​ទីបី​ បន្ទាប់​ពីប្រទេស​កូឡុំប៊ី ​និង​ប្រទេស​អាហ្វហ្គានីស្ថាន។ ទោះ​ជា​មាន​កិច្ច​ឈប់​បាញ់គ្នា​ក៏​ដោយ​ បញ្ហា​គ្រាប់មីនមិនត្រូវ​បាន​ដោះ​ស្រាយ​នៅឡើយ។

​នៅ​ក្នុង​រោង​ជាង​តូច​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ធូលីស្ថិត​នៅ​តាម​ដង​ផ្លូវ​ស្ងាត់​មួយ​នៃ​ទី​ក្រុង ​Loikaw​ បុរស​បីនាក់​កំពុង​មមាញឹក​រៀបចំ​សំបក​ប្លាស្ទិច​និងបន្ទះ​ឈើ។ ​ពួកគេ​កំពុង​ធ្វើ​ជើង​សិប្បនិម្មិត​សម្រាប់​ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ដែល​មើល​មិន​ឃើញ​ប៉ុន្តែ​នៅ​តែបន្ត​កើត​មាននៅ​ក្នុង​រដ្ឋ Karenni។ នោះ​គឺ​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន។​

ដូច​នៅ​តំបន់​ជន​ជាតិភាគ​តិច​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែរ​ រដ្ឋ​ដាច់​ស្រយាល​ដែល​នៅ​ភាគ​អាគ្នេយ៍​ដ៏​ក្រីក្រ​មួយ​នេះ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ជម្លោះ​ជាតិពន្ធរាប់​ទសវត្សរ៍​មក​ហើយ ​ហើយ​តំបន់​ជនបទ​ជា​ច្រើន​នៃ​រដ្ឋ​នេះ​មានពោរពេញ​ទៅ​ដោយគ្រាប់​មីន​កប់​ក្នុង​ដី​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រទេស​នេះ។​

បុរស​ទាំង​អស់​នៅ​រោង​ជាង​នោះ​ដឹង​ពី​ផលប៉ះ​ពាល់​ដោយ​សារ​គ្រាប់​មីន​កប់​ក្នុង​ដី​យ៉ាង​ច្បាស់។ ពួក​គាត់​ទាំង​បីនាក់​នោះ​គឺ​ជា​អតីត​យុទ្ធជន​ ជន​ជាតិ​ភាគ​តិច​អំបូរ​ Karenni (Kayah) ​ដែល​ពិការជើង​ដោយសារ​គ្រាប់មីន។​ លោក ​Kyan Win ​អាយុ​៤០​ឆ្នាំ​ គឺ​ជា​អ្នក​ដឹកនាំ​កិច្ចការ​នៅ​ក្នុង​រោងជាងនេះ។ លោក​បានរៀបរាប់​អំពី​ឧប្បត្តិហេតុ​ដែល​ធ្វើ​អោយ​លោក​ពិការ​នោះ​ថា៖

«នៅ​ខែ​មិថុនា​ឆ្នាំ​២០០៣​ យើង​បាន​ដើរ​ក្បួន​តាម​ព្រៃ​និង​ទន្លេ​ ក្នុង​ជួរ​កងទ័ព​ KNPLF ​ដើម្បីទៅ​ប្រមូលអ្នក​ភូមិ ​ហើយ​ខ្ញុំ​ក៏​ដើរ​ជាន់មីន។ គឺ​វា​វេទនា​ណាស់»។ លោក​បាន​និយាយដូច្នេះ​ ដោយ​ប្រើ​អក្សរ​កាត់​នៃ​ឈ្មោះ​របស់ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ប្រជាជន​ Karni​ ដែល​បាន​ប្រែក្លាយ​ទៅ​ជា​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ​១៩៩៤។

លោក ​Kyaw Win ​ត្រូវ​បាន​គេ​យក​ទៅ​ក្រុង ​Loikaw ​និង​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​គ្លីនិក​ Mae Tao ​ក្នុង​ក្រុង​ Mae Sot​ នៅ​ឯ​ព្រំដែនថៃ​ ដែល​គ្លីនិក​នោះ​ព្យាបាល​ប្រជាជន​សហគមន៍​ដែល​ហែកហួរដោយ​សង្គ្រាម​នៅ​ភាគ​អាគ្នេយ៍នៃ​ប្រទេស​មីយ៉ាន់ម៉ា។ បន្ទាប់​ពី​ជា​សះស្បើយ​ពី​ការ​វះកាត់​ជើង​របស់​គាត់ ​គ្លីនិក​នេះ​បាន​បណ្តុះ​បណ្តាល​ឲ្យ​គាត់​ចេះ​នូវ​ជំនាញធ្វើ​អវយវៈ​សិប្បនិម្មិត​ ហើយ​គាត់​ក៏​បាន​ត្រឡប់​មកបង្កើត​រោងជាង​គាំទ្រ​ដោយ​ក្រុម ​KNPLF ​ក្នុង​ឆ្នាំ ​២០០៧។​ ចាប់​តាំង​ពីពេល​នោះ​មក​ រោង​ជាង​នេះ​បាន​ផ្តល់​អវយវៈ​សិប្បនិម្មិត​ដល់​មនុស្ស​ចំនួន ​៧៥០​នាក់​ ដែល​ភាគ​ច្រើនគឺ​ជា​ជន​ស៊ីវិល​រងគ្រោះ​ដោយ​សារ​គ្រាប់​មីន។​

លោក ​Kyan ​Win​ បាន​និយាយ​អំពី​ទឹក​ចិត្ត​របស់​លោក​ថា៖ «ខ្ញុំ​ចង់​តស៊ូ​ដើម្បី​ជីវិត​ថ្មី​មួយ​នៅ​ពេល​ដែល​ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​ខ្លាំង​នៅ​ឡើយ។ ជន​រងគ្រោះ​ទាំង​នោះ​គឺ​ជា​អ្នកភូមិ​ក្រីក្រ​ដែល​ទៅ​នេសាទ​ និង​ធ្វើ​កសិកម្ម​នៅ​ក្នុង​តំបន់​របស់​ពួក​គេ ​ហើយ​ក៏​បានជាន់​គ្រាប់​មីន​ទាំង​នោះ​ទៅ។ ​ពួក​គេ​ត្រូវ​ការ​ជំនួយ»។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ ក្នុង​ពេល​ថ្មីៗ​នេះ​ រោង​ជាង​របស់​លោក​កំពុង​ជួប​ប្រទះ​ការខ្វះ​ខាត​ការ​ផ្គត់ផ្គង់មូលនិធិ។​

ពោរពេញ​ទៅ​ដោយ​មីន

មីយ៉ាន់ម៉ា​គឺ​ជា​ប្រទេស​ដែល​មាន​អត្រា​រង​គ្រោះ​ដោយសារ​គ្រាប់មីន​ខ្ពស់​ជាង​គេចំណាត់​ថ្នាក់​ទីបី​ទូទាំង​ពិភពលោក​ បន្ទាប់​ពីប្រទេស​កូឡុំប៊ី ​និង​ប្រទេស​អាហ្វហ្គានីស្ថាន ​នេះ​បើ​យោ​តាម​មជ្ឈមណ្ឌល​ឃ្លាំ​មើល​គ្រាប់មីន​កប់​ក្នុង​ដី​និង​គ្រឿងផ្ទុះ​ចង្កោម (Landmine and Cluster Munition Monitor)។ មជ្ឈមណ្ឌល​នេះ​និយាយថា​ ខ្លួន​បាន​ធ្វើ​ការ​តាម​ដាន ​និង​កត់​ត្រានូវ​ករណី​រង​គ្រោះ​ចំនួន​៣៧៤៥នាក់​ ដែល​ក្នុង​នោះ​មាន៣៩៦នាក់​បាន​ស្លាប់ ​ចន្លោះ​ពី​ឆ្នាំ​១៩៩៩ ​ដល់​ឆ្នាំ​២០១៤។ ដោយ​សារ​ប្រទេស​មីយ៉ាន់ម៉ា​មិន​មាន​តួលេខ​ផ្លូវការ​អំពី​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន​នោះ ​ក្រុម​នេះ​បាន​និយាយ​ថា៖ «ចំនួន​នេះ​ត្រូវ​បាន​គេ​ជឿថា​ ជា​ការ​កត់ត្រា​ចំនួន​តូច​មួយ​នៃ​តួលេខ​ពិតប្រាកដប៉ុណ្ណោះ»។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ឃ្លាំ​មើល​គ្រាប់​មីនគប់​ក្នុង​ដី​និង​គ្រឿងផ្ទុះ​ចង្កោម ដែល​ចេញ​ផ្សាយ​ចុង​ក្រោយ​កាល​ពី​ខែ​វិច្ឆកា​ឆ្នាំ​២០១៥ គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​២០១៤ ​មាន​អ្នក​រង​របួស​២៥១​នាក់​ ហើយ​នៅ​ក្នុង​នោះ​មាន​៤៥​នាក់​បាន​ស្លាប់។​ នៅ​ក្នុង​ឆ្នាំ​២០១៣​ មានគ្រោះ​ថ្នាក់​ចំនួន​១៤៥​ករណី។​ ដោយ​មិន​មាន​ទិន្នន័យច្បាស់​លាស់​ ក្រុម​នេះ​ក៏​បាន​ផ្អាក​ធ្វើ​ការ​វែកញែកលើ​និន្នាការ​ ប៉ុន្តែ​បាន​និយាយ​ថា​ ការ​ប្រើប្រាស់​អវុធ​បែប​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ឥត​ស្រាកស្រាន្ត។

បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​២០១៤ ​មាន​ការ​ស្លាប់ ​និង​របួស​ដោយសារ​គ្រាប់មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១៥៧​ករណី​ ​នេះ​បើ​យោង​តាមអាជ្ញាធរកម្ចាត់​មីន​កម្ពុជា។

លោក ​Yeshua ​Moser-Puanguswan​ អ្នក​ស្រាវជ្រាវ​ជន​ជាតិ​មីយ៉ាន់ម៉ា​នៃ​មជ្ឈមណ្ឌល​គ្រាប់​មីន​និង​គ្រឿង​ផ្ទុះ​ចង្កោម ​បាន​និយាយ​ថា​៖ «សង្គ្រាម​ដោយ​ប្រើ​គ្រាប់​មីន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជម្លោះ​ប្រដាប់​អាវុធ​មួយ​ប្រភេទ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​មិន​មាន​ការផ្លាស់​ប្តូរ»។

យោងតាម​មជ្ឈមណ្ឌល​ដដែលនេះ​ ប្រទេសនេះ​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ Ottawa ដែល​ហាម​ឃាត់​ការ​ប្រើប្រាស់​គ្រាប់​មីន​ទេ ​នៅ​ឆ្នាំ ​១៩៩៧ ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៤​ ប្រទេស​មីយ៉ាន់ម៉ា ​ស៊ីរី​ និង​ប្រទេស​កូរ៉េ​ខាងជើង​ គឺជា​ប្រទេស​ដែល​ «ត្រូវ​បាន​គេ​បញ្ជាក់​ថា​មាន​ការ​ប្រើប្រាស់​គ្រាប់​មីន​សា​ជា​ថ្មី»។​

កង​យោធា​ត្រូវ​បាន​គេ​សង្ស័យ​ថា​ បាន​ដាក់​ពង្រាយ​គ្រាប់​មីន​ប្រឆាំង​នឹង​មនុស្ស​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​រោងចក្រ​អាវុធ​របស់​ខ្លួន ​ខណៈ​ពេល​ដែល​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ប្រើប្រាស់​គ្រាប់​មីន​ផលិត​នៅ​បរទេស​និង​មីន​ច្នៃ​ជា​អាវុធ​ការពារ​ខ្លួន ដើម្បីការពារ​ពួក​គេ​ពី​ការ​លុកលុយ​រាត​ត្បាត​របស់​សត្រូវ។

តំបន់​ Bago​ ក៏​ដូច​ជា​រដ្ឋ ​Kerenni ​និងរដ្ឋ ​Karen​ នៅ​ភាគ​អាគ្នេយ៍​នៅ​តែ​ជា​តំបន់​ដែល​មាន​គ្រាប់​មីន​យ៉ាង​ច្រើន​ ​និង​មាន​ឧប្បត្តិហេតុ​ផ្ទុះ​មីនញឹក​ញាប់​បំផុត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ហើយ​បើ​យោង​តាម​មជ្ឈមណ្ឌល​ឃ្លាំ​មើល​គ្រាប់​មីន​និង​គ្រឿង​ផ្ទុះ​ចង្កោម​ រដ្ឋ ​Kachin​ និងរដ្ឋ​ Shan ​នៅ​ភាគ​ខាងជើង​គឺ​ជា​រដ្ឋ​បន្ទាប់​ដែល​មាន​គ្រាប់​មីន​ច្រើន​និង​មាន​គ្រោះ​ថ្នាក់​ជា​ញឹក​ញាប់។

បទ​ឈប់​បាញ់​គ្នា​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​មុន​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ បាន​នាំ​ឲ្យជម្លោះ​មាន​ការ​ធ្លាក់​ចុះ​នៅ​ភាគ​អាគ្នេយ៍​ ហើយ​បាន​នាំឱ្យ​មាន«បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​ចំនួន​ប្រាំបី​ក្រុម​នៅ​ទូទាំង​ប្រទេស​ នៅ​ខែ​កញ្ញា​ឆ្នាំ ​២០១៥»​ ​ ប៉ុន្តែ​មាន​ការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ​លើ​បញ្ហា​គ្រាប់​មីន។

នៅ​ភាគ​ខាងជើង​ ការ​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​ទាម​ទារ​ឯករាជ្យ​ Kachin ​និង​ក្រុម​ដ៏ទៃ​ទៀត​កាន់​តែ​អាក្រក់​ឡើងៗ ហើយ​ការ​ប្រើប្រាស់​គ្រាប់​មីន​និង​ការ​បាត់​បង់​ទី​លំនៅ​របស់ជន​ស៊ីវិល​ក៏​កាន់​តែ​អាក្រក់​ដូច​គ្នា​ដែរ។

ជំនួយ​អន្ដរជាតិ

សហគមន៍​អន្តរជាតិ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​កោត​សរសើរ​ការ​ចរចា​ឈប់​បាញ់គ្នា​របស់​រដ្ឋាភិបាល​ ហើយ​នៅឆ្នាំ​២០១៣​ សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ចំនួន​៣,៥ ​លាន​អឺរ៉ូ ​ស្មើរ​នឹង​៤,៦ លាន​ដុល្លារ ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​មីយ៉ាន់ម៉ា​ (Myanmar Mine Action Center) ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល។ អង្គការ​ក្រៅរដ្ឋាភិបាល​អន្តរជាតិ​ ​ដូច​ជា​អង្គការ ​MAG​ អង្គការ Halo Trust​ និង​អង្គការ​ផ្តល់​ជំនួយប្រជាជន​ន័រវែស (Norwegian People's Aid) ​បាន​មក​ដល់​ប្រទេស​នេះ​ ដោយ​ចង់​ជួយ​លើ​ការ​ធ្វើ​ផែន​ទី​និងដោះមីន​ ​ការ​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ​ និងការ​លើក​កម្ពស់​ការ​យល់ដឹងសាធារណៈ ​ដែលការ​ងារ​ទាំងអស់​នេះ​ត្រូវ​បាន​ហាម​ឃាត់​ដោយ​អតីត​របប​យោធា​ភូមា។

ជនជាតិអំបូរ Karenដែលបានវះកាត់ជើងរបស់គាត់ដោយសារគ្រាប់មីន កំពុងសម្រាកនៅគ្លីនិក Mae Tao នៅក្រុង Mae Sot ព្រំដែនថៃ។
ជនជាតិអំបូរ Karenដែលបានវះកាត់ជើងរបស់គាត់ដោយសារគ្រាប់មីន កំពុងសម្រាកនៅគ្លីនិក Mae Tao នៅក្រុង Mae Sot ព្រំដែនថៃ។

ទោះ​ជា​យ៉ាងណា​ក្តី ​រដ្ឋាភិបាល​និង​ពួក​យោធា​បាន​បរាជ័យ​ក្នុងការផ្តល់​អំណាច​ឲ្យ​អន្ដរជាតិ​បោស​សម្អាត​មីន ​និង​គូស​ផែនទី​ ដោយ​និយាយ​ថា ​ការ​ចរចា​លើ​បទ​ឈប់បាញ់​គ្នា​គួរ​តែ​ត្រូវ​បាន​បញ្ចប់ជាមុន​សិន។ បទ​ឈប់​បាញ់​គ្នា​ទូទាំង​ប្រទេស​ឆ្នាំ​២០១៥ ​បាន​ធ្វើការ​ប្តេជ្ញា​កម្ចាត់​មីន​ «ដោយអនុលោម​តាម​ការ​រីក​ចម្រើន​នៃ​ដំណើរ​ការ​សន្តិភាព» ​ប៉ុន្តែ​ចាប់​តាំង​ពី​ការ​ចុះហត្ថលេខានោះ​មក ​នៅ​ពុំទាន់​មាន​ការ​អនុញ្ញាត​ឲ្យ​បោស​សម្អាត​មីន​នៅ​ឡើយ​ទេ។

លោក​ Bjarne​ Ussing ​អ្នក​គ្រប់គ្រង​កម្ម​វិធី​នៅ​អង្គការ​ជំនួយ​ព្រះ​វិហារ​ដាណឺម៉ាក​ផ្នែក​សកម្មភាព​កម្ចាត់​មីន​ដើម្បី​មនុស្សធម៌ (DanChurchAid Humanitarian Mine Action) ​ដែល​ធ្វើ​ការ​នៅ​ភាគ​អាគេ្នយ៍​នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ថា៖ «មជ្ឈមណ្ឌលកម្ចាត់​មីន​បាន​បរាជ័យ​ទាំង​ស្រុង។ មជ្ឈមណ្ឌល​នេះ​មិនមាន​នោះ​ទេ។ ចំណែក​មួយ​នៃ​ប្រាក់​ជំនួយ​របស់​សហភាព​អឺរ៉ុប​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បណ្តុះ​បណ្តាល​និង​ទិញ​រថយន្ត​មួយ​ចំនួន​ ក៏​ដូច​ជាការ​ស្ទង់​មតិ​តូច​មួយ»។

លោក​បាន​កត់​សម្គាល់​ថា ​បទ​ឈប់​បាញ់​នៅ​លើ​ក្រដាស​អំពី​ការ​ដោះ​មីន​ «ត្រូវ​បាន​សរសេរ​ដោយ​ប្រើ​ពាក្យ​ពេចន៍ទូលំទូលាយ​មិន​ច្បាស់​លាស់។ យើង​នឹង​រង់​ចាំ​មើល​ថា​តើ​វា​មាន​ន័យ​យ៉ាង​ដូច​ម្តេច»។

លោក​បន្ថែម​ថា​ ការ​ដែល​មិន​មាន​ការ​រីកចម្រើន​លើ​ការ​កម្ចាត់​មីន​ បាន​គំរាម​កំហែង​ដល់​ផែន​ការ​របស់​មីយ៉ាន់ម៉ា ​និង​ថៃ​ ក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍នៃ​ជនភៀសខ្លួន​ចំនួន​១៥០.០០០​នាក់នៅ​តំបន់​ភាគ​អាគ្នេយ៍ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy​)​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​បទ​ឈប់​បាញ់​គ្នា​ឡើង​វិញ​ ប៉ុន្តែ​បញ្ហា​សន្តិសុខ​នៅ​តែ​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ពួក​យោធា​ដ៏​មាន​ឥទ្ធិពល​ដដែល។

ទោះ​យ៉ាង​ណា​ លោក​ Melissa ​Andersson ​នាយក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​របស់​អង្គការ​ជំនួយ​របស់​ប្រជាជន​ន័រវែស​ (Norwegian People's Aid) ​នៅ​តែ​មាន​សង្ឃឹម​ថា​ ការ​បោះ​ជំហាន​ទៅ​មុខនឹង​កើត​មាន​នៅ​ទី​បំផុត។​

លោក​មាន​ប្រសាសន៍​ថា៖ «វា​នៅ​តែ​អាច​ធ្វើ​បាន​ តាម​រយៈការ​ចាប់​ផ្តើមបោស​សម្អាត​នៅ​តំបន់​មួយ​ចំនួន​ដែល​មិនសូវ​មាន​លក្ខណៈ​រសើប​ផ្នែក​យុទ្ធសាស្រ្ត»៕​

ប្រែ​សម្រួល​ដោយ​ ផន ​បុប្ផា

អត្ថបទ​ទាក់ទង

XS
SM
MD
LG