ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​បន្ត​​ហៅ​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​នៅ​មីយ៉ាន់ម៉ា​ថា «រ៉ូហ៊ីងយ៉ា‍»


លោក​ Scot Marciel ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា។
លោក​ Scot Marciel ​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា។

ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា ​និយាយ​ថា ​លោក​នឹង​បន្ត​ប្រើប្រាស់​ពាក្យ​ «រ៉ូហ៊ីងយ៉ា‍»​ ដើម្បី​ពណ៌នា​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ដែល​ត្រូវ​បាន​គេ​ធ្វើ​ទុក​បុកម្នេញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ Scot Marciel ​បានប្រាប់​សន្និសីទ​កាសែត​នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ថា «របៀប​ដោះ​ស្រាយ​ជា​សាកលហើយ​និង​ការ​អនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ​ធម្មតា​របស់​យើង គឺ​ទទួល​ស្គាល់​សហគមន៍​នានា​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​លទ្ធភាព ​ពួកគេ​អាច​ជ្រើសរើស​អ្វី​ដែល​ពួកគេ​ចង់​ឲ្យ​គេ​ហៅ‍»។

លោក​ឯក​អគ្គរដ្ឋ​ទូត​មាន​ប្រសាសន៍​ទៀត​ថា «ការណ៍​នេះ​ជា​ការ​ប្រតិបត្តិអន្តរជាតិ​ដ៏​សំខាន់​ហើយ​យើង គោរព​ការ​ប្រតិបត្តិនេះ​ហើយ​នេះ​ជា​របៀប​ដោះ​ស្រាយ​របស់​យើង​នៅ​ទី​នេះ ​ហើយ​ការណ៍​នេះ ​នឹង​បន្ត​ជា​របៀប​ដោះ​ស្រាយ​របស់​យើង​នៅ​ទី​នេះ‍»។

ពួក​អ្នក​កាន់​សាសនាព្រះ​ពុទ្ធ​មីយ៉ាន់ម៉ា​ជា​ច្រើន ​បាន​ចាត់​ទុក​ក្រុម​ជន​ជាតិ​ភាគ​តិច​នោះ​ថា​ជា​បង់ហ្គាលី​ដែល​មាន​ន័យ​ថា ​ពួកគេជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស ​ថ្វីបើ​ពួកគេ​ជា​ច្រើន ​បាន​រស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​អស់រាប់​ជំនាន់​មក​ហើយ​ក៏​ដោយ។​ រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​មិន​បាន​ទទួល​ស្គាល់​ជន​ជាតិរ៉ូហ៊ីងយ៉ា​ជា​ផ្លូវការថា​ជា​ជន​ជាតិ​ភាគ​តិច​ទេ ដោយ​បដិសេធ​មិន​ផ្តល់​សេរីភាព​សំខាន់ៗ​និង​សញ្ជាតិ​ដល់​ពួកគេ​ទេ។

រ៉ូហ៊ីងយ៉ា​មួយ​ផ្នែក​ធំ​បាន​ត្រូវ​គេ​រារាំង​មិន​ឲ្យ​បាន​ទទួល​ការ​សិក្សាអប់រំ​ជាន់​ខ្ពស់​ហើយ​ប្រឈម​ការ​គំរាម​កំហែង​ហិង្សា​ជាប្រចាំនៅពេល​ដែល​ពួក​ជ្រុល​និយម​កាន់​ព្រះ​ពុទ្ធ​សាសនា​កើន​ចំនួន។

ជន​ជាតិ​រ៉ូហ៊ីងយ៉ា​១សែន​២ម៉ឺននាក់ ​បាន​រស់​នៅ​ក្នុង​ជំរំ​ដ៏​កខ្វក់​សម្រាប់​អ្នក​គ្មាន​ទី​ជម្រក​បន្ទាប់​ពីបាន​ត្រូវ​បង្ខំ​ឲ្យ​រត់​ចាក​ចេញ​ពីផ្ទះ​សម្បែង​របស់​ខ្លួន​បន្ទាប់​ពី​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine រវាង​ពួក​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ និង​អ្នកកាន់​សាសនា​ឥស្លាមនៅ​ឆ្នាំ​២០១២។

​លោក​ឯក​អគ្គរដ្ឋ​ទូត ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ធ្វើ​ការ​ដោះ​ស្រាយ​ជាបន្ទាន់​នូវ​វិបត្តិ​មនុស្ស​ធម៌​នៅ​ក្នុង​រដ្ឋ Rakhineដែល​នៅ​ទី​នោះ ​មានជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ប្រហែល​១លាននាក់​រស់​នៅ។

លោក​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​បាន​មាន​ប្រសាសន៍​ថា «ភាព​ជោគ​ជ័យ​តម្រូវ​ឲ្យ​មាន​ចំណាត់​ការ​ហួស​ពី​អតីត​កាលហើយ​ធ្វើ​ការ​រួមដើម្បី​ជម្នះ​រាល់​ឧបសគ្គខ្វែង​គំនិត​ហើយ​នឹង​បង្កើត​ឱកាស​និង​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់‍»។

លោក​ឯក​អគ្គ​រដ្ឋ​ទូតមាន​ប្រសាសន៍​ទៀត​ថា «ឧទាហរណ៍ ​នៅ​ក្នុង​រដ្ឋ Rakhine ការណ៍​សំខាន់​ដើម្បីលើក​ទឹកចិត្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចយ៉ាង​ទូលំទូលាយ ​រួម​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​សិក្សា​អប់រំ ​និង​ការ​ថែទាំ​សុខភាព និង​ស្ថាបនា​ការ​សន្ទនា​ហើយ​នឹង​ទំនុក​ចិត្ត​ក្នុង​ចំណោម​សហគមន៍​នានា ​ដើម្បី​ដោះ​ស្រាយ​សេចក្តី​ត្រូវ​ការ​ខាង​មនុស្ស​ធម៌​ជាបន្ទាន់​ និង​ការ​រឹតត្បិត​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​នានា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន​

XS
SM
MD
LG