ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាស VOA៖ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​បន្ត​ជួយ​ដោះមីន​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កំណត់​និពន្ធ៖ សហរដ្ឋ​អាមេរិក​បាន​ជួយ​ប្រទេស​កម្ពុជា​ដោះមីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​ដោយ​បាន​ចំណាយ​អស់​ទឹកប្រាក់​ជាង​៦០លាន​ដុល្លារ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​នេះ។ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅនេះលោក​ឧត្តម​នាវី​ត្រី​Samuel Perez ឧបការីរង​នៃ​ក្រសួង​ការ​បរទេស​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​និង​ឡាវ​ដើម្បី​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​ដោះមីន​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នោះ។​ លោក​បាន​ផ្តល់​បទសម្ភាស​ដល់​លោក​ម៉ែន គឹមសេង​នៃ​ VOA ​ពី ដំណើរ​ទស្សនកិច្ច​នោះដូច​តទៅ៖

VOA: ​សូម​ជម្រាបសួរ​លោក​ឧត្តម​នាវី​ត្រី​ Samuel Perez។ ខ្ញុំ​ឈ្មោះ ម៉ែន គឹមសេង​នៅ​ VOA ​ផ្នែក​ខេមរភាសា។ សូម​អរគុណ​ណាស់​ចំពោះ​ឱកាស​ដែល​បាន​ជួប​សម្ភាសលោក​បន្ទាប់​ពី​ដំណើរ​របស់​លោក​ទៅ​ប្រទេស​កម្ពុជា​និង​ឡាវ។ ខ្ញុំ​ដឹង​ថា​លោក​បាន​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ក្នុង​ពេល​ទស្សនកិច្ច​ប្រទេស​កម្ពុជា។ តើ​លោក​មាន​ការ​វាយ​តម្លៃ​យ៉ាង​ម៉េច​ដែរ​ចំពោះ​ប្រតិបត្តិការ​ដោះមីន​នៅ​ប្រទេស​កម្ពុជា?

Rear Admiral Perez: ​យើង​ពិត​ជា​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា​ គឺ​បាន​ជួប​ជាមួយ​នឹង​លោក​នាយក​មជ្ឈមណ្ឌល​នោះ។ ហើយ​ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា​ ការវាយ​តម្លៃ​របស់​ខ្ញុំ​គឺ​ ពួកគេ​មាន​កម្មវិធី ​ល្អ​ណាស់​។ វាជាការ​ច្បាស់​លាស់​ណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​មនុស្ស​ដែល​មាន​ឋាម​ពល​និង​ទេពកោសល្យ​ធ្វើការងារ​ផ្នែក​នេះ។ ខ្ញុំ​គិត​ថា​ពួកគេ​មាន​ផែនការ​ល្អ។ ពួកគេ​មាន​ប្រព័ន្ធ​ទិន្នន័យ​ថ្នាក់​ជាតិ​ដែល​ល្អ​ជាងគេ​បំផុត​។ ជាការ​រីករាយ​ណាស់​ដែល​យើង​ធ្វើ​ការ​ជាមួយ​ពួកគេ។​

VOA: ខ្ញុំ​ដឹង​ថា​ក្នុង​រយៈ​កាល​ជាង​២០​ឆ្នាំ​មក​នេះ​សហរដ្ឋ​អាមេរិក​បាន​វិនិយោគ​ជាច្រើន​លើ​ការជួយ​ដោះមីន​នៅ​កម្ពុជា​។ ជាសរុប​គឺ​មាន​ជាង​៦១​លាន​ដុល្លារ​ដោយ​ផ្តល់​ទៅ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ផ្សេងៗ។ ដូច្នេះ​តើ​ក្នុ​ង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​ទើ​ប​ប្រទេស​កម្ពុជា​អាច​នឹង​រួចផុត​ពី​គ្រោះថ្នាក់នៃ​គ្រាប់​មីន?

Rear Admiral Perez: ​នេះ​គឺ​ជាសំណួរ​មួយ​ដែល​ពិបាក​រកចម្លើយ​ណាស់។ ខ្ញុំ​មិន​ច្បាស់​ថា​នេះ​គឺ​ជា​សំណួរ​ត្រឹម​ត្រូវ​ដែល​ត្រូវ​សួរ​ទេ។ ប្រហែល​ជា​យើង​ត្រូវ​សំឡឹង​មើល​បញ្ហា​នេះ​ពី​ជ្រុង​មួយ​ខុស​ពី​នេះ បន្តិច។ សំណួរ​ដ៏​ត្រឹម​ត្រូវ​គួរ​តែ​សួរ​គឺ​តើ​នៅ​ពេល​ណា​ដែល​យើង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​រួចផុត​ពីផល​ប៉ះពាល់​នៃ​គ្រាប់​មីន។ ប្រសិន​បើលោក​មើល​ទៅ​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច។ នៅ ទីនោះ​នៅ តែ មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​បន្សល់​ទុក​តាំង​ពី​សង្គ្រាម​លោក​លើក​ទីមួយ​គឺ​មាន​រយៈ​ពេល​១០០​ឆ្នាំ​មុន។ តើ​ចំណុច​ខុស​គ្នា​នោះ គឺ​យ៉ាង​ម៉េច​ដែរ? ចំណុច​ខុសគ្នា​នោះ គឺ​ប្រទេស​នៅ អឺរ៉ុប​ខាងលិច​បាន​រៀបចំ​នូវ​មធ្យោបាយ​និង​វិធី​ដែល​ពេល​ណា​ដែល​គេ​រក​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនេះ​គឺ​គេ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។ ដូច្នេះ​ជំហាន​ដំបូង​គឺ​ត្រូវ​បោសសម្អាត​កន្លែង​មាន​មីន​ណា​ដែល​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ហើយ​ដែល​យើង​ដឹង​ថា​មាន​គ្រោះថ្នាក់​។ ជំហាន​បន្ទាប់​គឺ​ប្រើ​ប្រាស់​ប្រព័ន្ធ ​ទិន្នន័យ​ជាតិ​នោះ​ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​មួយ​ពេល​ដែល​យើង​បោស​សម្អាត​មីន​រួច​ហើយ​ដោយ​អប់​រំ ពលរដ្ឋ​ឱ្យ​យល់​ថា​នៅ​ពេល​ដែល​គេ​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ពី ​សង្គ្រាម​គឺ​ពួកគេ​មិន​ត្រូវ​ប៉ះពាល់​ទេ។ កុំ​យក​មក​ធ្វើ​ជា​ដែក​អេតចាយ។ ត្រូវ​ទុក​វានៅ ​ទីនោះ។​ ត្រូវ​ប្រាប់​អ្នក​ជំនាញ។ ពេល​អ្នក​ជំនាញ​មក​ដល់​ដើម្បី​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព។ នេះ​គឺ​ជា​ការ​ខុសប្លែក​គ្នា​រវាង​បោសសម្អាតមីន​នៅ​តំបន់​ដ៏​ធំ​ដែល​ប្រហែល​ជា​មិន​ចាំបាច់​ដោះមីន​ទេនិង​ការ​ដោះមីន​នៅ ​តំបន់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ។​

VOA: ​ហើយ​តើ​លោក​ឃើញ​មាន​ការផ្តល់​នូវ​ផល​ខាងផ្នែក​សេដ្ឋកិច្ច​យ៉ាង​ណា​ដែរ​ពី​ការដោះមីន?

Rear Admiral Perez: ​យើង​បាន​ឃើញ​ផលខាងផ្នែក​សេដ្ឋកិច្ច​ច្រើន​ភ្លាមៗ​តែម្តង។ យើ​ងបាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ភូមិ​មួយ​ដែល​មាន​ពលរដ្ឋ​ប្រហែល​១២​ឬ​១៥​គ្រួសារ។ យើង​បាន​ដោះមីន​នៅ ទីនោះ​ដែល​ទើបតែ​ផ្តល់​ឱ្យ​ដល់​ក្រុម​គ្រួសារ​ទាំងនោះ។ ដីមួយ​កន្លែង​នោះ​អាច​ជួយ​ចិញ្ចឹម​ពលរដ្ឋ​បាន​៦គ្រួសារ។ ដូច្នេះ​មាន​គ្រួសារ​ចំនួន​៦​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ភ្លាមៗ​ពី​ដី​ដែល​យើង​បាន​ដោះមីន​រួច​។ ហើយ​យើង​កំពុង​តែ​ដោះមីន​នៅ​កន្លែង​ជាច្រើន​ទៀត។ តើ​នេះ​មាន​ន័យ​ថា​យ៉ាង​ម៉េច។ គឺ​មាន​ន័យ​ថា​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​គេ​ចូល​មកតាំង​ទីលំនៅ​គឺ​មិន​មាន​ការ​រារាំង​រំខាន​ពួកគេ​ទេ​គឺ ​ពួកគេ​នឹង​ទទួលបាន​ផល​ពី​ផលិតកម្ម​របស់​គេ​ភ្លាម។

VOA: ​ពេល​ដែល​ខ្ញុំ​សំឡឹង​មើល​កម្ពុជា​ ខ្ញុំ​ឃើញ​ថា​នេះ ជាប្រទេស​មួយ​ដែល​មាន​លទ្ធភាព​ប្រែក្លាយ​វិបត្តិ​ឱ្យ​ទៅ​ជា​ឱកាស​មួយ។ កម្ពុជា​កំពុងតែ​ចែក​រំលែក​បទពិសោធដោះមីន​របស់​ខ្លួន​ជាមួយ​នឹង​ពិភពលោក​ដោយ​ចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ​ទៅ​ដោះមីន​នៅ​ប្រទេស​មួយ​ចំនួន។ តើ​យើង​អាច​ដកស្រង់​មេរៀន​យ៉ាង​ម៉េច​ពី​ប្រទេស​កម្ពុជា?

Rear Admiral Perez: ខ្ញុំ​គិត​ថា​មេរៀន​ដែល​យើង​អាច​រៀន​សូត្រ​បាន​គឺ​ប្រទេស​កម្ពុជា​មាន​គំនិត​ចែក​រំលែក​មេរៀន​ដែល​ពួកគេ​បាន​រៀនសូត្រ​។ ហើយ​តាម​ការពិត​ទៅ​គឺ​ពួកគេ​បាន​មក​ទាក់​ទង​នឹង​យើង​ហើយ​ស្នើ​សុំ​ថា​តើ​យើង​អាច​ជួយ​ឧត្ថម្ភ​មជ្ឈមណ្ឌល​មួយ​ដែល​ជួយ​ហ្វឹកហ្វឺន​នៅ​ថ្នាក់​តំបន់​បាន​ទេ។ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ​គឺ​ជា​អ្វី​ដែល​អាច​ទាក់​ទាញ​ការចាប់​អារម្មណ៍​នៅ​ទូទាំង​ពិភពលោក​ដែល​យើ​ង​អាច​អញ្ជើញ​អ្នក​ឯកទេស​មក​ពី​ទូទាំង​តំបន់​ដើម្បី​ចែក​រំលែក​ពី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​និង​ការដោះមីន​ក៏​ដូច​ជា​ការ​ដោះមីន​នៅ​ក្រោម​ទឹក។ ពួកគេ​ទើប​តែ​បាន​រៀបចំ​ក្រុម​ដោះមីន​នៅក្រោម​ទឹក​ដែល​កំពុង​ធ្វើ​ការ​យ៉ាង​ល្អ​អស្ចារ្យ។

VOA: ​សំណួរ​មួយ​ដែល​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​តែ​ងតែ​លើក​ឡើង​គឺ​សន្ធិ​សញ្ញា​ស្តី​ពីការ​ហាមឃាត់​គ្រាប់​បែក​ចង្កោម។ ប្រទេស​កម្ពុជានៅ​មិន​ទាន់​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​នេះ​នៅឡើយ​ដែល​មាន​ន័យ​ថា​នៅ​អាច​រក្សា​ទុក​និង​ប្រើប្រាស់​បាន។ តើ​លោក​អាច​បញ្ជាក់​ពី​ផល​ប្រយោជន៍​និង​គុណវិបត្តិ​ក្នុង​ការ​មិន​ចូលរួម​ក្នុង​សន្ធិសញ្ញា​នោះទេ?

Rear Admiral Perez: ​ខ្ញុំ​មិន​បាន​ផ្តោ​ត​ខ្លាំង​ប៉ុន្មានទេ​លើបញ្ហា​សន្ធិ​សញ្ញា​ហាម​ឃាត់គ្រាប់​បែក​ចង្កោម។​ យើង​ផ្តោត​ខ្លាំង​លើ​ថា​តើ​យើង​អាច​ជួយ​បាន​អ្វី​ខ្លះ ​ដើម្បី​កំណត់​បញ្ហា​ ដែល​យើង​មើល​ឃើញ​ថា​ជា​បញ្ហា​ធំ​បំផុត​ហើយ​នោះ​គឺជា​បញ្ហា​គ្រាប់​មីន។ បើ​លោក​សំឡឹង​មើលគ្រាប់​មីនដែល​គេ​បាន​យក​មក​បង្ហាញ ​និង​បញ្ហា​ដ៏​ធំ​ដែល​មាន។ នៅមាន​គ្រាប់​មីន​ដែល​នៅ​ផ្នែកមួយ​នៃចង្កេះភ្នំដែល​មាន​សុទ្ធ​តែ​ជីជាតិ​ និង​ដី​ដែល​អាច​ដាំ​ពោត​បាន។ យើង​បាន​ឃើញ​ភ្នំមួយ​ដែល​នៅ​ជាប់​នោះ​នៅ​មាន​មីនហើយ​នៅ​ពេល​ដែល​តំបន់​ជាប់​នោះ​ត្រូវ​ដោះចេញ​ហើយ​គឺគេ​នឹង​ដាំ​ពោត​ដែរ។ ដូច្នេះ​គឺ​យើង​ផ្តោត​តែ​លើ​បញ្ហា​គ្រាប់​មីន​ជាជាង​លើ​គ្រាប់​បែកចង្កោម។ ​

VOA: ​ការសិក្សា​ស្រាវជ្រាវ​ខ្លះ​បាន​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ប្រហែល​ជា​២,៧លាន​តោន​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​អំឡុងពេល​សង្គ្រាម​វៀតណាម​ប៉ុន្តែ​នៅ​តែ មិន​អាច​ទប់​ស្កាត់​ពួកកំម្មុយនិស្ត​ខ្មែរ​ក្រហម​ចូលកាន់​អំណាច​បាន​ ហើយ​ជា​ផលវិបាក​គឺ​យើង​ឃើញ​ថា​មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​សម្លាប់​និង​ធ្លាក់​ខ្លួន​ពិការ។ តើ​មេរៀន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀនសូត្រ​ពីបញ្ហា​នេះ?

Rear Admiral Perez: ​មេរៀន​ដែល​យើ​ង​អាច​រៀន​សូត្រ​បាន​ពី​នេះ​គឺ​ថា​សង្គ្រាម​ ទោះបី​ជា​ប្រយុទ្ធ​គ្នានៅ​ពេល​ណា​ទេ​គឺ​មនុស្ស​គ្រប់​រូប​ជាអ្នក​ចាញ់។​ មាន​មនុស្ស​នឹង​បាត់​បង់​កូនចៅ​ទាំងសងខាង។ តើ​មាន​ហេតុផល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​សង្គ្រាម​ទេ? ប្រាកដ​ហើយ​ប៉ុន្តែ​មនុស្ស​គ្រប់​រូប​នឹង​រងផលប៉ះពាល់​ខ្លាំង។ ជាការ​គួរ​ឱ្យ​សោកស្តាយផលប៉ះពាល់​នោះ​មិន​ឈប់​ត្រឹម​ការ​ចុះ​ហត្ថលេខា​នោះ​ ទេ។ នៅ គ្រប់​សង្គ្រាម​ដែល​លោក​ឃើញ​គឺ​មាន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះនិង​កាកសំណល់សង្គ្រាម​ដែល​នៅ​តែ​បង្ក​គ្រោះថ្នាក់​។​ ខ្ញុំ​គិត​ថា​មេរៀន​ដែល​យើង​យក​ពី​ចំណុចនេះ​គឺ​យើង​ត្រូវ​តែ​ចាប់​ដៃ​គូ​ជាមួយ​នឹង​ប្រទេស​នោះ​នៅ​ក្រោយ​ពី​សង្គ្រាម​បាន​បញ្ចប់​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​នោះ ​មាន​សុវត្ថិភាព។ យើង​ចាត់ទុក​បញ្ហា​នោះ​ថា​ជា​ការប្តេជ្ញា​របស់​ប្រទេស​យើងពីព្រោះ​នោះ​គឺ​ជា​រឿង​ត្រឹម​ត្រូវ។

VOA: ​សូម​អរគុណ​លោក​ឧត្តម​នាវី​ដែល​បាន​ផ្តល់​បទសម្ភាស​ដល់​វីអូអេ​ខ្មែរ។​

Rear Admiral Perez: សូមអរគុណ៕

XS
SM
MD
LG