ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បដិសេធ​ការ​ដាក់​គ្រាប់​បែក​នៅ​ក្បែរ​ព្រំដែន


ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ក្បែរ​កន្លែង​ផ្ទុះ​គ្រាប់​មីន​នៅ​ខាង​ក្នុង​តំបន់​គ្មាន​កងទ័ប​នៅ​ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង។
ទាហាន​កូរ៉េ​ខាង​ត្បូង​ឈរ​យាម​នៅ​ក្បែរ​កន្លែង​ផ្ទុះ​គ្រាប់​មីន​នៅ​ខាង​ក្នុង​តំបន់​គ្មាន​កងទ័ប​នៅ​ក្នុង​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រទេស​កូរ៉េខាង​ជើង​កំពុង​បដិសេធ​ថា ​ខ្លួន​មិន​បាន​ស្ថិត​នៅ​ពី​ខាង​ក្រោយ​នៃ​ការ​ផ្ទុះ គ្រាប់​មីន​កាលពី​សប្តាហ៍​មុន​ដែល​បាន​ធ្វើ​ឲ្យ​ទាហាន​កូរ៉េ​ខាង​ត្បូង​២​នាក់​រង​របួស ​ហើយ​បាន​បង្កើន​ការ​តានតឹង​ខាង​យោ​ធា​ជាមួយ​រដ្ឋា​ភិបាល​ទីក្រុង​សេអ៊ូល។

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ ​គណៈកម្មការ​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ជើង ​បាន​ប្រាប់​ឲ្យ​ដឹង​ថា វា​ជា​ការ​មិន​សម​ហេតុផល​ដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​ទាហាន​ឆ្លង​កាត់​ព្រំដែន​ទៅ​បង្កៃ​គ្រាប់​មីន​នោះ។

សេចក្តី​ថ្លែការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រាប់​មីន​របស់​កូរ៉េ​ខាង​ជើង​សម្រាប់​គោល​បំណង​ការពារ​ប្រទេស​តែ​មួយ​គត់ ​ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ចង់​វាយ​ប្រហារ​កូរ៉េ​ខាង​ត្បូង ​យើង​នឹង​ប្រើប្រាស់​អាវុធ​ធន់​ធ្ងន់​ហើយ។

ការ​ស៊ើប​អង្កេត​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក ​និង​កូរ៉េខាង​ត្បូង​បាន​ចោទ​ប្រកាន់​យោធា​កូរ៉េ​ខាង​ជើង​ពី​ការ​ឆ្លង​កាត់​ខុស​ច្បាប់​ចូល​ក្នុងតំបន់​គ្មាន​កងទ័ព​ខាង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​ហើយ​បាន​កប់​គ្រាប់​មីន។

ទាហាន​ម្នាក់​បាន​បាត់​ជើង​ទាំង​សង​ខាង ​ហើយ​ទាហាន​ម្នាក់​ទៀត​បាន​បាត់​ជើង​ម្ខាងនៅ​ក្នុង​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​សីហា ​ដែល​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ​បាន​ហៅ​ថា ​ជា​ការ​រំលោភ​កិច្ចព្រមព្រៀង​យុទ្ធ​សន្តិភាព​របស់​ប្រទេស​ទាំង​២។

នៅ​ក្នុង​ការ​ឆ្លើយតប​នៅ​សប្តាហ៍​នេះ​ កូរ៉េ​ខាងត្បូង​បាន​បន្ត​ការ​ផ្សព្វផ្សាយ​ឃោសនាការ​ឆ្លង​កាត់​ព្រំ​ដែនតាម​រយៈ​ឧឃោសនស័ព្ទដ៏​ធំមួយ​ជាលើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេលជាង​មួយ​ទសវត្សរ៍​នេះ​។

ទំនាក់​ទំនងរវាង​កូរ៉េ​ទាំង​២​មាន​ការតានតឹង​រួច​ទៅ​ហើយពី​ព្រោះ​តែ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​ និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដែល​មាន​គម្រោង​ចាប់​ផ្តើម​នៅពេល​ឆាប់ៗ​នេះ៕

XS
SM
MD
LG