សេចក្តីសម្រេចរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងការបន្តដាក់ទណ្ឌកម្មមួយចំនួនទៅលើប្រទេសមីយ៉ាន់ម៉ានឹងមិនធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះនោះទេ។ នេះបើយោងតាមលោកស្រី អង់សាន ស៊ូជី ដែលជាទីប្រឹក្សាជាតិ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់លោកអូបាម៉ាបានបន្ធូរបន្ថយទណ្ឌកម្មហិរញ្ញវត្ថុទៅលើប្រទេសមីយ៉ាន់ម៉ា ដើម្បីគាំទ្រដល់កំណែទម្រង់នយោបាយ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ និងដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។
ប៉ុន្តែសហរដ្ឋអាមេរិកក៏បានពង្រីកទណ្ឌកម្មដទៃទៀតនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់ការរំលោភបំពានសិទ្ធិមនុស្សនិងការដោះដូរផ្នែកយោធាជាមួយនឹងកូរ៉េខាងជើងផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Channel NewsAsia បានរាយការណ៍ថា នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងបង្អស់របស់លោកស្រី អង់សាន ស៊ូជី អំពីការពង្រីកទណ្ឌកម្មមួយចំនួន លោកស្រីបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា «ទណ្ឌកម្មទាំងអស់នោះមិនមែនជាបញ្ហាធំដុំនោះទេ ហើយវាក៏មិនប៉ះពាល់ដល់យើងនោះដែរ។ យើងមានកម្លាំងនិងមធ្យោបាយក្នុងការយកឈ្នះលើឧបសគ្គនានាដែលបានដាក់ឡើង»។
លោកស្រី អង់សាន ស៊ូជី បានបន្ថែមថា សហរដ្ឋអាមេរិកគឺជាមិត្តដ៏ល្អនិងនៅតែមិត្តដ៏ល្អរបស់មីយ៉ាន់ម៉ា។
ក្រុមមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានប្រកាសអំពីសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃមុនពេលដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry ធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានី ណៃពិដោរ នៅថ្ងៃទី២២ ខែឧសភាខាងមុខនេះ។
សហគ្រាសមីយ៉ាន់ម៉ាចំនួន៧របស់រដ្ឋនិងធនាគារ៣របស់រដ្ឋត្រូវបានដកចេញពីបញ្ជីស្បែកខ្មៅ។ នេះបើយោងតាមវិសោធនកម្មរបស់ក្រសួងរតនាគារជាតិជាមួយនឹងក្រសួងការបរទេស។
សហរដ្ឋអាមេរិកបានបន្សល់ទុកនូវទណ្ឌកម្មទៅលើយោធាដ៏មានអំណាចរបស់មីយ៉ាន់ម៉ា ដោយសារតែវាពាក់ព័ន្ធនឹងសេដ្ឋកិច្ចធំដុំ៕