ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ទោះ​ត្រូវ​ប្រឈម​​ការ​ចាប់​ខ្លួន​និង​ការ​បំភិតបំភ័យ​ក៏​អ្នក​សារព័ត៌មាន​តង់សានី​បន្ត​​តស៊ូ​ការពារ​សេរីភាព​សារព័ត៌មាន​​ក្នុង​ប្រទេស


លោកស្រី Sandra Mims Rowe (ឆ្វេង)​ និង​លោក Maxence Melo Mubyazi ថត​រូប​នៅ​លើ​ឆាក​ក្នុង​ពីធី​ប្រគល់​​​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​លើក​ទី​២៩​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

​អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ក្នុង​ពិភពលោក​មួយ​ បាន​ប្រកាស​ជ័យលាភី​នៃ​ពាន​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៩​នេះ ដល់​​លោក Maxence Melo ដែល​ជា​អ្នក​សារព័ត៌មាន​ជាតិ​តង់សានី​និង​ជា​ស្ថាបនិក​គេហទំព័រ​ព័ត៌មាន​ឈ្មោះ Jamii​ Forums។

លោក Maxence Melo បាន​ហៅ​ខ្លួន​លោក​ថា​ជា ​«អ្នក​សារព័ត៌មាន​ដោយ​ចៃដន្យ»។ លោក​ថា ​គេហទំព័រ​ដែល​លោក​បាន​បង្កើត​នៅ​ប្រទេស​តង់សានី ឈ្មោះ Jamii Forums មាន​បេសកកម្ម​យ៉ាង​សាមញ្ញ គឺ​ផ្តល់​សំឡេង​ដល់យុវជននៃ​ប្រទេស​អាហ្រ្វិក​មួយ​នេះ ផ្តល់​កន្លែង​សម្រាប់​បញ្ចេញ​មតិ​ដោយ​សេរី​និង​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

ប៉ុន្តែ​ឥទ្ធិពល​នៃ​គេហទំព័រ​នេះ​និង​ប្រតិកម្ម​នៃ​អាជ្ញាធរតង់សានី​មិន​សម​នឹង​ភាព​សាមញ្ញ​នៃគេហទំព័រ​នេះ​ទេ។ លោក Melo បាន​ត្រូវ​ទៅ​តុលាការចំនួន​១៣៧​លើក​រួច​មក​ហើយ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ត្រូវ​គេ​ចាប់​ខ្លួន​ពីរ​លើក ហើយ​ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ចំនួន​១៤​យប់។

លោក​ប្រាប់ VOA ថា៖ «ខ្ញុំ​បាន​ទទួល​រង​ការ​រឹត​ត្បឹត​ជា​ច្រើន​ខាង​សេរីភាព​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​នេះ​ជា​ ការ​លះបង់​មួយ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​សេរីភាព​ជា​មូលដ្ឋាន​ទាំង​នេះ»។

កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ លោក Melo ត្រូវ​បាន​គេ​ផ្តល់​រង្វាន់​សេរីភាព​សារព័ត៌មាន​អន្តរជាតិ (International Press Freedom Award) របស់អង្គការ​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន។ លោក​បាន​ទទួល​ពាន​រង្វាន់​ដ៏​មាន​កិត្តិនាម​មួយនេះ ​រួម​ជាមួយ​អ្នក​សារព័ត៌មាន​ដទៃ​ទៀតមក​ពី​ប្រទេស​ប្រេស៊ីល ឥណ្ឌា និង​នីការ៉ាហ្កា។

គេហទំព័រ Jamii Forums ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ហើយ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​ស្វាហ៊ីលី (Swahili) ជា​ចម្បង​ សម្រាប់​អ្នក​អាន​នៅ​ក្នុង​ប្រទេស​តង់សានី កេនយ៉ា និង​អ៊ូហ្គាន់ដា។ គេហទំព័រ​ព័ត៌មាននេះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ស្គាល់​ខ្លាំងនៅ​ឆ្នាំ​២០០៧ ក្រោយ​ពី​មាន​ការ​ផ្សាយរឿង​មួយ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​នៅ​ធនាគារ​កណ្តាល​តង់សានី ដែល​នៅ ទី​នោះ​មាន​ការ​លួច​យក​លុយ​ចេញ។ លោក Melo ថា ពេល​នោះ​ជា​លើក​ទី១​ដែល​គេហទំព័រ​នេះ​បានទទួល​រង​ការបំភិត​បំភ័យ​ពី​សំណាក់​រដ្ឋាភិបាល​ ហើយ​អាជ្ញាធរ​ចង់​ដឹង​ថា​អ្នក​ណា​ជា​អ្នក​គ្រប់គ្រង​គេហទំព័រ​នេះ។

នៅ​ឆ្នាំ​២០០៨ គេហទំព័រ​នេះ​ក៏​បាន​ផ្សាយ​រឿងរ៉ាវ​ព័ត៌មាន​អំពី​អំពើ​ពុករលួយទាក់ទង​នឹង​កិច្ចសន្យា​ម៉ាស៊ីន​ភ្លើង ដែល​នៅ​ទី​បំផុត​បាន​នាំ​ឲ្យ​មាន​ការ​លាលែង​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​និង​ការ​រំលាយ​គណៈរដ្ឋមន្ត្រី។ លោក​ Melo និយាយ​ថា ចាប់​ពី​ពេល​នោះ​មក លោក​ត្រូវ​បាន​អាជ្ញាធរ​តាមដាន​យ៉ាង​ជាប់​លាប់។​

លោក​មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋាភិបាល​ សមាជិក​សភា និង​មន្ត្រី​គណបក្ស​ប្រឆាំង​តែង​ចូល​ទៅវេទិកា​គេហទំព័រ​នេះ​ ជា​ទៀងទាត់​ដើម្បីទៅ​ទាក់ទង​ជាមួយ​នឹង​អ្នក​ប្រើប្រាស់​គេហទំព័រ​នេះ។ លោក​ថា កំហឹងដែល​លោក​ទទួល​ពី​មន្ត្រី​មាន​អំណាច​ទាំង​នោះ​មិន​មែន​ទាក់ទង​នឹង​ការ​រាយការណ៍​ព័ត៌មាន​ខុស​នោះ​ទេ គឺ​ទាក់ទង​នឹង​ការ​រាយការណ៍​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ពួក​មន្ត្រី​មិន​ចូល​ចិត្ត។

លោក Melo បញ្ជាក់​បន្ថែម​ទៀត​ថា៖​ «មិន​មាន​អ្នក​ណា​ម្នាក់​បាន​ចោទ​ថា​យើង​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ទេ។ មិន​មាន​នរណា​ម្នាក់​បាន​ចោទ​យើង​អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នោះ​ទេ។ យើង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​មិន​បាន​សហការ​ជាមួយ​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​បង្ហាញ​មុខ​ប្រភព​ព័ត៌មានរបស់​យើង។ ហើយ​យើង​ជឿជាក់​ថា សម្រាប់អ្នក​សារព័ត៌មាន សម្រាប់​ស្ថាប័ន​សារព័ត៌មាន​មួយ ប្រភព​ជាបុគ្គល​គន្លឹះសម្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​សរសេរ​អំពីរាល់ព័ត៌មាន​ដែល​ពួក​គេ​កំពុង​សរសេរ»។

ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​តង់សានី​កាន់​តែ​មាន​ភាព​គ្រោះថ្នាក់​ឡើង​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​ដែល​រដ្ឋាភិបាល​តង់សានី​បាន​អនុម័ត​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។ ច្បាប់​នេះ​បាន​កំណត់​ឲ្យ​មាន​ទោស​ឧក្រិដ្ឋ​ចំពោះ​ខ្លឹម​សារ​តាម​អ៊ីនធឺណិត​ណា​ដែល​ត្រូវ​បានអាជ្ញាធរចាត់​ទុក​ថាមិន​ពិត មាន​លក្ខណៈ​បោក​បញ្ឆោត ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ ឬ​មាន​ខ្លឹមសារ​ខុស។ ច្បាប់​នេះ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​កាត់​ទោស​គេហទំព័រ​ព័ត៌មាន​ដូច​ជា Jamii Forums នេះ។

លោក Melo បានប្រាប់​ VOA ថា «វា​មិនត្រឹម​តែ​ត្រូវ​បាន​គេ​ប្រើ​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាននិង​អ្នកសារព័ត៌មាន​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រឆាំង​ទៅ​នឹង​សំឡេង​រិះគន់នោះ​ទៀតផង។ ច្បាប់​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រឆាំង​ទៅ​នឹង​មនុស្សស្ទើរតែ​គ្រប់​គ្នា​ទាំង​អស់។

លោក​បន្ថែម​ថា មាន​ច្បាប់​បន្ថែម​ទៀត​ដែល​បានរឹត​ត្បឹត​អ្នក​សារព័ត៌មាន​មិន​អាច​ឲ្យ​ទទួល​បាន​ព័ត៌មាន​និង​ស្ថិតិ​ពី​រដ្ឋាភិបាល។

លោក Melo ពន្យល់​ថា៖ «មាន​ច្បាប់​ជា​ច្រើន។ អ្នក​ត្រូវ​តែ​ដឹង​ពី​របៀប​ធ្វើ​ការ​ជាមួយ​ច្បាប់​ទាំង​នេះ ហើយ​ពេល​ខ្លះ​វា​មាន​ការ​លំបាក។ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​អាន​ច្បាប់​ទាំង​នេះ​ស្ទើរ​តែ​ទាំង​អស់ គឺ​សរុប​ប្រមាណ ១៣​ច្បាប់ ដែល​មាន​នៅ​ក្នុង​វិស័យ​ព័ត៌មាន។ អ្នក​នឹង​ឃើញ​មាន​ចន្លោះ​ប្រហោង​ខ្លះ​ក្នុង​ច្បាប់​ទាំង​នេះ ឬ​មាន​ផ្នែក​ខ្លះ​ដែល​ការពារ​អ្នក»។

យ៉ាង​នេះ​ក្តី​លោក Melo បាន​ប្តេជ្ញា​ថា លោក​នឹង​បន្ត​កិច្ចការ​ជាអ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​របស់​លោក៖ «ប្រទេស​តង់សានី​ជា​ឧទាហរណ៍​ល្អ​មួយនៅ​ទ្វីប​អាហ្វ្រិក។ យើង​ប្រដូច​បាន​នឹង​អង្គ​ទូត​តំណាង​ឲ្យ​ការ​ផ្លាស់ប្តូរ​នៅ​ទ្វីប​អាហ្វ្រិក។ ប្រទេស​យើង​បាន​ឆ្លង​កាត់​ស្ថានភាព​លំបាក​បែប​នេះ​អស់​រយៈពេល​ជិត​៥​ឆ្នាំមក​ហើយ ដែល​ពោរពេញ​ដោយ​ការ​លំបាក​ចំពោះអ្នក​សារព័ត៌មាន​និង​សំឡេង​អ្នក​រិះគន់​នៅ​ប្រទេស​តង់សានី។ ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា មាន​លំហ​ខ្លះ​សម្រាប់​ការ​ផ្លាស់ប្តូរ។ ហើយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​យើង​មាន​លទ្ធភាព​ខ្លះ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ខាង​គោល​នយោបាយ»។​

លោក Melo បាន​ប្រឆាំង​តាម​ផ្លូវ​តុលាការ​ទៅ​នឹង​ផ្នែក​ខ្លះ​នៃ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ឺនធឺណិត ប៉ុន្តែ​មិនបាន​ជោគជ័យ។ យ៉ាង​នេះ​ក្តី លោក​ថា​លោក​នឹង​មិន​បោះបង់​ចោល​ការ​ប្រឆាំង​តវ៉ា​នេះ​ទេ។

លោក​បញ្ជាក់​ថា៖ «យើង​មាន​លទ្ធភាព​ខ្លះ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ច្បាប់​ទាំង​នេះ។ ខ្ញុំ​ដឹង​ថា ការ​ប្រឆាំង​របស់​យើង​នេះ​នឹង​ផ្តល់​ផល​វិបាក​ធ្ងន់ធ្ងរ​វិញ​ដល់​យើង។ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​បាន​ព្យាយាម​អស់​ពី​លទ្ធភាពផ្ទាល់​ខ្លួន​ហើយ។ ខ្ញុំ​បាន​ឡើង​ដល់​តុលាការ​ជាន់​ខ្ពស់។ ខ្ញុំ​បាន​ប្រឆាំង​ទៅ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ឺនធឺណិត ជំពូក​៣២ និង​ជំពូក​៣៨​នៃ​ច្បាប់​នេះ។ ខ្ញុំ​នៅ​តែ​ជឿជាក់​ចំពោះ​ជន​ទាំង​ឡាយ​ដែល​អាច​នាំ​ការ​តវ៉ា​នេះ​ទៅ​កាន់​កម្រិត​មួយ​ទៀត។ យើង​នៅ​តែ​មាន​លទ្ធភាព​អាចតទល់​នឹង​ច្បាប់​នេះ​បាន»៕

ប្រែសម្រួល​ដោយ លោក សឹង សុផាត

XS
SM
MD
LG