ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បន្ត​ធ្លាក់​ចុះ​នៅ​កម្ពុជា


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន ដោយ​កត់​សម្គាល់​ឃើញ​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​បន្ត​ធ្លាក់​ចុះ​ ជាពិសេស​មុន​និង​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០១៨។

អ្នកនាង Allie Funk អ្នក​ស្រាវជ្រាវ​ប្រចាំ​អង្គការ​អន្តរជាតិ Freedom House ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា៖

«ខ្ញុំ​យល់​ថា សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ។ យើង​បាន​ឃើញ​មាន​ការ​កើន​ឡើង​នៃ​ករណី​រាំង​ខ្ទប់​គេហទំព័រ​ដោយ​រដ្ឋាភិបាល នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដោយ​រដ្ឋាភិបាល។ យើង​ក៏​បាន​កត់​សម្គាល់​ឃើញ​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​និង​រឹតត្បិត​លើ​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត‍»។

ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០១៨ ដល់​ខែ​ឧសភា​ ឆ្នាំ​២០១៩ នៅ​កម្ពុជា​ មាន​ករណី​គាប​សង្កត់​មួយ​ចំនួន​ដោយ​រដ្ឋាភិបាល​កម្ពុជា​លើ​សេរីភាព​របស់​បុគ្គល និង​ស្ថាប័ន​ឯករាជ្យ ​ក្នុង​ការ​បញ្ចេញ​មតិរបស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​និង​សង្គម ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​បណ្តាញ​សង្គម និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​ជាដើម។

ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពិន្ទុ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ធ្លាក់​ចុះ​២​ពិន្ទុ ពី​៤៥​លើ​១០០​ សម្រាប់​ឆ្នាំ​២០១៨ មក​ត្រឹម ៤៣លើ​១០០ សម្រាប់​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា Freedom on the Net: The Crisis of Social Meida របស់​អង្គការ​អន្តរជាតិ Freedom House ដែល​ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាលពី​ថ្ងៃទី១២ ខែ​វិច្ឆិកា។ អង្គការ​ Freedom House កំណត់​ថា ពិន្ទុ​ពី​៧០ដល់​១០០ មាន​ន័យ​ថា មាន​សេរីភាព​ពេញលេញ ពី​៤០​ដល់​៦៩ មាន​សេរីភាព​ខ្លះ និង​ពី​០​ដល់​៣៩ មិន​មាន​សេរីភាព​ទាល់​តែ​សោះ។

រូបផែនទីបង្ហាញពី​ស្ថានភាពនៃ​សេរីភាព​ក្នុងការបញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ជុំវិញពិភពលោកដោយអង្គការអន្តរជាតិ Freedom House សម្រាប់ឆ្នាំ២០១៩។
រូបផែនទីបង្ហាញពី​ស្ថានភាពនៃ​សេរីភាព​ក្នុងការបញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ជុំវិញពិភពលោកដោយអង្គការអន្តរជាតិ Freedom House សម្រាប់ឆ្នាំ២០១៩។

ជាក់ស្តែង ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៨ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន រួមមាន​លោក គង់ ម៉ាស់ និង​អ្នកស្រី សំ សុខា ត្រូវបាន​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ ឬ​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ក្រោយ​ពេល​ពួក​គេ​បាន​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្រៅ​ពី​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ក៏​មាន​ករណី​បង្ខំ​ឲ្យ​លុប​ចោល​ខ្លឹមសារ​បទ​ចម្រៀង​ចំនួន​ពីរ​ ដែល​រៀបរាប់​អំពី​ស្ថានភាពការងារ​លំបាក​របស់​កម្មករ និង​អំពី​វិសមភាព​ខាង​សេដ្ឋកិច្ច​រវាង​អ្នក​មាន​និង​អ្នកក្រ និង​អំពើ​ពុក​រលួយ​ជាដើម។

អ្នកស្រី​ ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​សម្តែង​ការ​សោកស្តាយ​ដែល​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ។

នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA អ្នក​ស្រី​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ច្បាប់ និង​បទ​បញ្ញត្តិ​កម្ពុជា ដែល​ជាក់​ស្តែង​មាន​តួនាទី​គាំពារ​សិទ្ធិ​ពលរដ្ឋ មក​គាប​សង្កត់ រឹតត្បិត និង​ការ​ចាប់​ខ្លួន​អ្នក​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ។

«‍អ៊ីចឹង​ទាំង​អស់​នេះ​គឺជា​មធ្យោបាយ​នៃ​ការ​គំរាម​កំហែង ហើយ​វា​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ដាក់​ពិរុទ្ធ​លើ​ខ្លួន​ឯង​ គេហៅ​ថា Self-censorship នេះ​ ដែល​មាន​ការ​កើន​ឡើង។ អ៊ីចឹង​នេះ​វា​ប៉ះពាល់​ច្រើន​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

ច្បាប់​និង​បទបញ្ញត្តិ​កម្ពុជា​មួយ​ចំនួន​ដែល​ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​នោះ រួម​មាន​ច្បាប់​បរិហារកេរ្តិ៍ និង​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ។ កម្ពុជា​បាន​បង្កើត​បញ្ញត្តិ​ច្បាប់​ស្តីពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ដ៏​ចម្រូង​ចម្រាស់​មួយ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ ដោយ​គេ​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៨​នាក់ ត្រូវបាន​ជាប់​ចោទ ឬ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ ចាប់តាំង​ពីបញ្ញត្តិ​ច្បាប់​នេះ​បានយក​មក​អនុវត្ត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ចក់ សុភាព។

លោក ណុប វី ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ឬ Cambodian Center for Independent Media (CCIM) យល់​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ទំនោរ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​សង្គម។

«សម្រាប់​ខ្ញុំ​ ខ្ញុំ​មើល​ឃើញ​ទំនោរ​នៃ​ការ​ឈាន​ទៅ​ការ​គ្រប់គ្រង​លើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​អ៊ីនធឺណិត​ហ្នឹង ច្រើន​ជាង​គោលការណ៍​នៃ​ការ​បម្រើ​ផល​ប្រយោជន៍​ជា​ទូទៅ‍»។

លោក​ ណុប វី បាន​បន្ថែម​ថា៖ «ខ្ញុំ​លើក​ឧទាហរណ៍​មួយ ទាក់ទង​ជាមួយ​នឹង​ការ​បង្កើត​នូវ​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម យើង​ឃើញ​ថា នៅក្នុង​សេចក្តី​ព្រាង​ដែល​គេ​មើល​ឃើញ​ហ្នឹង​គឺថា វា​មាន​មាត្រា​ខ្លះ គឺ​មាន​ទំនោរ​ក្នុង​ការ​រឹតត្បិត​ ឬ​ក៏​បង្ក​ទៅ​ការ​ឈាន​ទៅ​គ្រប់គ្រង​ទៅ​លើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាដើម។ នេះ​គឺជា​ចំណុច​មួយ​ដែល​យើង​ឃើញថា​ជា​ទំនោរ​នៃ​ការ​រឹតត្បិត វា​មាន​រូបភាព​ច្រើន​ជាង ការ​ធ្វើ​ឲ្យ​មាន​ការ​បម្រើ​ផល​ប្រយោជន៍ប្រជាពលរដ្ឋ​ទូទៅ‍»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នកស្រី ចក់ សុភាព បាន​រំឭក​ពី​កាតព្វកិច្ច​របស់រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ធានា​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ យោង​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកា​សញ្ញា​អន្តរជាតិ​ផ្សេងៗ​ទៀត ដែល​កម្ពុជា​បាន​ព្រមព្រៀង​អនុវត្ត។

«ខ្ញុំ​មាន​តែ​ស្នើ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ឡើង​វិញ ក្នុង​ការ​លុប​ចោល​នៃ​បទ​ចោទ​ប្រកាន់​នេះ និង​បទ​បញ្ញត្តិ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដូច​ច្បាប់​បរិហារកេរ្តិ៍​ដើម។ ហើយ​នេះ​គឺជា​អ្វី​ដែល​យើង​តែងតែ​តស៊ូ​មតិ និង​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​ក្នុង​ការ​ពិចារណា និង​ធានា​ថា បទដ្ឋាន​គតិយុត្តិ​របស់​ប្រទេសកម្ពុជា​យើង​ហ្នឹង វា​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ‍»។

យោង​តាមមាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា កម្ពុជា​គោរព​សិទ្ធិមនុស្ស​ដែល​ដើរ​ស្រប​តាម​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ ​សន្ធិសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិមនុស្ស និង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ទៀត ដែល​គាំពារ​សិទ្ធិ​មនុស្ស ​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​កុមារ។

រូបឯកសារ៖ និស្សិតនិងសកម្មជនសិទ្ធិមនុស្សថៃពីរនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារពួកគេបានបំពានច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ កាលពីឆ្នាំ២០១៥។
រូបឯកសារ៖ និស្សិតនិងសកម្មជនសិទ្ធិមនុស្សថៃពីរនាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារពួកគេបានបំពានច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ កាលពីឆ្នាំ២០១៥។

រូបឯកសារ៖ ​លោក​ស្រី Maria Ressa នាយិកា​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន Rappler ប្រចាំ​ប្រទេស​ហ្វីលីពីន​ដែល​រាយការណ៍​លម្អិត​ពី​គោលនយោបាយរបស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពេល​ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ​ហ្វីលីពីន​បាន​ចេញ​ដីកា​នេះ​ដើម្បី​ចាប់​ខ្លួន​លោកស្រី កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបឯកសារ៖ ​លោក​ស្រី Maria Ressa នាយិកា​គ្រប់គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន Rappler ប្រចាំ​ប្រទេស​ហ្វីលីពីន​ដែល​រាយការណ៍​លម្អិត​ពី​គោលនយោបាយរបស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ពេល​ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​ជាតិ​ហ្វីលីពីន​បាន​ចេញ​ដីកា​នេះ​ដើម្បី​ចាប់​ខ្លួន​លោកស្រី កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

យុទ្ធសាស្ត្រ​រឹតត្បិត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​តំបន់

ការ​រឹតត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​រដ្ឋាភិបាល​កម្ពុជា មិន​ខុស​ប្លែក​ខ្លាំង​ពី​រដ្ឋាភិបាល​មួយ​ចំនួនផ្សេង​ទៀត នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ឡើយ។ ការ​ប្រើប្រាស់​ច្បាប់ និង​បទ​បញ្ញត្តិ​នានា ​ក្នុង​ឥរិយាបទ​គាប​សង្កត់​ការ​បញ្ចេញ​មតិ​បែប​រិះគន់​រដ្ឋាភិបាល កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាង Allie Funk អ្នក​ស្រាវជ្រាវ​ប្រចាំ​អង្គការ Freedom House។

«នេះ​គឺជា​និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភដែល​កើត​ឡើង​នៅ​ក្នុង​តំបន់។ បើ​យើង​មើល​ប្រទេស​ជិត​ខាង​កម្ពុជា ប្រទេស​ថៃ​និង​បង់ក្លាដេស បានរាំង​ខ្ទប់​គេហទំព័រ និង​គំរាម​ឲ្យ​មាន​ការ​លុប​ខ្លឹមសារ​នៅ​លើ​អ៊ីនធឺណិត។ រដ្ឋាភិបាល​ទាំង​នេះ​យល់​ថា នេះ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​រឹតត្បិត​ព័ត៌មាន​ឯករាជ្យ។ ជា​អកុសល អាជ្ញាធរ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍​ជា​ច្រើន បាន​រៀន​យុទ្ធសាស្ត្រ​នេះ​ពី​គ្នា​ទៅ​វិញ​ទៅ​មួយ‍»។

ស្រដៀង​គ្នា​នឹង​កម្ពុជា នៅ​វៀតណាម​និង​មីយ៉ាន់ម៉ា ការ​បំពាន​ច្បាប់​បរិហារកេរ្តិ៍​ អាច​មាន​ទោស​ជាប់ពន្ធនាគារ​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ទឹក​ប្រាក់​ជាដើម។

លោក Daniel Bastard នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ឬ Reporters Without Borders (RSF) យល់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​យក​គំរូ​តាម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​ប្រទេស​ថៃ និង​សិង្ហបុរី​ជាដើម ក្នុង​ការ​ប្រើប្រាស់​ច្បាប់​និង​បទ​បញ្ញត្តិ​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ។

លោក​បាន​សរសេរ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA តាម​សារអេឡិចត្រូនិក ឬ​អ៊ីម៉ែល ថា៖

«នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ ការ​បញ្ចេញ​មតិ​ប្រឆាំង​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​ចាត់វិធានការ​ធ្ងន់ធ្ងរ​តាម​ផ្លូវ​តុលាការ។ ​រដ្ឋាភិបាល​ថៃ អនុវត្ត និង​ប្រើប្រាស់​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​ ដើម្បី​គំរាម​កំហែង​អ្នក​សារព័ត៌មាន។ រីឯ​នាយករដ្ឋ​មន្ត្រី​សិង្ហបុរី Lee Hsien-loong ដាក់​ទោស​ផ្ទាល់​ដល់​អ្នក​សរសេរ​ប្លុក​និង​អ្នក​សារព័ត៌មាន ដែល​ហ៊ាន​សួរ​ដេញដោល​រដ្ឋាភិបាល​របស់​លោក។ ហើយ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត [ឲ្យ​ធ្វើ​ដូច្នេះ] ដោយ​យក​តាម​គំរូ​ប្រទេស​ទាំង​ពីរ​នេះ‍»។

យ៉ាងណាមិញ លោក ណុប វី និង​អ្នកស្រី ចក់ សុភាព បាន​កត់​សម្គាល់​ថា ស្ថានភាព​រឹត​ត្បិត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ មាន​លក្ខណៈ​ប្រសើរ​ជាង​ប្រទេស​ជិតខាង ដូចជា​ថៃ និង​វៀតណាម​ជាដើម។ អង្គការ​ Freedom House បាន​ឲ្យ​ពិន្ទុ​ប្រទេស​ថៃ ត្រឹម ៣៥​លើ​១០០ រីឯ​វៀតណាម បាន​ពិន្ទុ ២៤​លើ​១០០ ដែល​មាន​ន័យ​ថា មិន​មាន​សេរីភាព។

ដោយ​ឡែក លោក Daniel Bastard ក៏​កត់​សម្គាល់​ថា ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ និង​និន្នាការ​ប្រឆាំង​សារព័ត៌មាន​ដែល​មិន​រណប​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាមេរិកនា​ពេល​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ជា​កត្តា​ជំរុញ​ឲ្យ​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក ​រឹតត្បិត​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ពលរដ្ឋ​ខ្លួន។

អ្នក​ជំនាញ​ខាង​សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​រូប​នេះ បាន​សរសេរ​ឆ្លើយ​តប​នឹង​សំណួរ​របស់ VOA តាម​អ៊ីម៉ែល​ថា៖

«‍កត្តា​ទីមួយ​ គឺ​ចិន។ ចិន​គឺជា​ប្រទេស​មួយ​ដែល​ព្យាយាម​ដាក់​គំរូ​របស់​ខ្លួន​ក្នុងការ​គ្រប់គ្រង​ និង​រឹតត្បិត​ព័ត៌មាន ដល់​ប្រទេស​ជុំវិញ​ពិភពលោក។ កត្តា​ទីពីរ គឺ​លោក ដូណាល់ ត្រាំ ដែល​លោក​មាន​និន្នាការ​ស្អប់​អ្នក​សារព័ត៌មាន​ ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិមនុស្ស​ជា​ទូទៅ។ ការណ៍​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក»។

អ្នក​ជំនាញ​ខាង​សិទ្ធិ​មូលដ្ឋាន​និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ បញ្ជាក់​ថា ជាក់ស្តែង​ទៅ ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​សង្គម ​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទៅ មាន​សារប្រយោជន៍​ដល់​សង្គម​ជាតិ​ ជាពិសេស​ក្នុង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​មន្ត្រី​មាន​សមត្ថកិច្ច និង​ពលរដ្ឋ​តាម​មូលដ្ឋាន និង​ការ​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា។

ដើម្បី​ចៀសវាង​ការ​តាក់តែង​ច្បាប់ ឬ​បទ​បញ្ញត្តិ​ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ លោក ណុប វី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​និង​ទទួល​យក​ការចូលរួម​ជា​មតិ និង​ប្រឹក្សា​យោបល់​ពី​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

«‍ទាក់ទង​ករណី​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ និង​គោលនយោបាយ​ផ្សេងៗ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​មាន​ភាព​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទូទៅ ខ្ញុំ​គិតថា ការ​កៀរគរ​ឲ្យ​មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ និង​ភាគី​ផ្សេងៗ ដែល​ធ្វើ​កិច្ចការ​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ គួរ​តែ​ជា​ភាព​ចាំបាច់​ដែល​រដ្ឋាភិបាល​មិន​អាច​ខ្វះ​បាន»៕

XS
SM
MD
LG