ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​​ទោស​ពីរ​ឆ្នាំ​​របស់​​លោក​រ៉ាត់ រត្នមុនី​អ្នក​បកប្រែ​ឲ្យ​ទូរទស្សន៍​រុស្ស៊ី RT


រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)
រូបឯកសារ៖ លោក រ៉ាត់ រត្នមុនី ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកកាលពីថ្ងៃសុក្រនៅពេលដែលលោកបានព្យាយាមធ្វើដំណើរទៅប្រទេសហូឡង់ជាមួយគ្រួសាររបស់លោក។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

ភាពយន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​RT ជា​វីដេអូ​ឯកសារ​​រៀប​រាប់​ពី​ម្តាយ​ម្នាក់ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​រុំព័ទ្ធ​ដោយ​បំណុល ហើយ​សុខ​ចិត្ត​លក់​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ជន​បរទេស​ដើម្បី​យក​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។​​​​​​​​​​​​​​

ចៅក្រម​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះប្រកាសច្រាន​ចោល​បណ្តឹង​ជំទាស់របស់​លោក​រ៉ាត់​ រត្នមុនី​ ដែល​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បន្ទាប់ពី​លោក​ជួយ​បកប្រែ​ឲ្យ​អ្នក​យក​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​RT​ (Russia Today) ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។

លោក​ ទូច ថារិទ្ធ​ មន្ត្រី​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ VOA ថា ប្រធាន​អង្គ​ជំនុំ​ជម្រះលោក​ចៅក្រម​ ប្លង់ ​សំណាង​ បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាត់ទោស​លោក រ៉ាត់ រត្នមុនីឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ ទុក​ជា​បាន​ការ។

លោក​បញ្ជាក់​ថា៖ «មូលហេតុ​គាត់​យោង​នៅ​ក្នុង​សាលដីកា​ហ្នឹង គាត់​បាន​សរសេរ​ហើយ ដោយ​សារ​តែ​សម្អាង​ហេតុ និង​ភស្តុតាងដែលសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចៅក្រម​ស៊ើបសួរ​គាត់​បាន​សម្រេច​នេះ គឺ​ស្រប​តាម​លក្ខណៈ​ច្បាប់​អស់​ហើយ»។

កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​ រ៉ាត់ រត្នមុនី​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ពី​បទ ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង» ​ពាក់​ព័ន្ធនឹង​ការ​ចេញ​ផ្សាយ​ខ្សែ​ភាពយន្ត​ឯកសារ ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​ផលិត​ដោយសារព័ត៌មានរដ្ឋ​រុស្ស៊ី RT។ ​តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​លោក​បង់ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ៧០​លាន​រៀល​ ឬ​ស្មើ​នឹង​ប្រមាណ​១៧,៥០០​ដុល្លារ​អាមេរិក ​ដល់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​ពីរនាក់​ ដែល​ជា​តួសម្តែង​ក្នុង​ភាពយន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» នេះ។

លោក​ ឡោ ជុនធី មេធាវី​មួយ​រូប​របស់​លោក រ៉ាត់ រត្នមុនី​ និយាយ​ថា ការ​សម្រេច​របស់​សាលាឧទ្ធណ៍​មាន​ភាព​អយុត្តិធម៌ និងមិន​សម​ហេតុ​ផល​នោះ​ទេ។ លោក​បន្តថា ក្នុង​លិខិត​របស់​សារព័ត៌មាន RT អះអាង​ថា កូនក្តី​របស់​លោក​គ្រាន់តែ​ជា​អ្នក​បកប្រែ មិនមែន​ជា​អ្នក​ដឹកនាំ​ផលិត​វីដេអូ​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ឃើញ​ថា វា​អត់​សូវ​សម​ហេតុ​ផល។ យើង​បាន​តវ៉ា​ក្នុង​សវនាការ​កន្លង​ទៅ គឺថា​គាត់​អត់​មាន​តួនាទី​ក្នុងការ​ផលិត​ខ្សែ​វីដេអូ​ហ្នឹង​ទេ គាត់​គ្រាន់តែ​ជា​អ្នក​ចូលរួម គ្រាន់តែ​អ្នក​ស៊ី​ឈ្នួល​គេ»។

មេធាវីរូប​នេះ​បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក ថា​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​កំពូល​ជា​បន្តទៀត ឬ​យ៉ាងណា។

មុន​ការ​កាត់​ទោស​លោក​ រ៉ាត់ រ័ត្ន​មុន្នី កាលពី​ចុង​ខែ​មិថុនា​នេះ​ អ្នកស្រី​ Ekaterina Yakovleva ប្រធាន​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​របស់​បណ្តាញ​ព័ត៌មាន ​RT បាន​សរសេរ​លិខិត​មួយ​ទៅ​លោក កែ​ វិចិត្រ​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី​ ដោយ​បាន​បញ្ជាក់​ជាថ្មី​ថា ​លោក មុនី ពិត​ជា​អ្នក​បក​ប្រែ និង​សម្រប​សម្រួល​ការ​ទំនាក់​ទំនង​ឲ្យ​បណ្តាញ​ព័ត៌មាន RT​ ប្រាកដ​មែន។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយា​របស់​លោក រ៉ាត់ រត្នមុនី​ និងជា​អតីត​មន្ត្រី​ការពារ​សិទ្ធិ​លំនៅឋាន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជាមួយ​កូនប្រុស ប្រាប់​ VOA ថា​អ្នកស្រី​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់សាលា​ឧទ្ធរណ៍៖​

«ថ្ងៃនេះ​គ្រួសារ​ខ្ញុំ ប្តី​ខ្ញុំ រង​ទុក្ខ​អយុត្តិធម៌ ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​កម្ពុជា សម្រេច​ដោយ​អយុត្តិធម៌​មក​លើប្តី​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម ខក​ចិត្តនឹង​តុលាការ​កម្ពុជាខ្លាំង​ណាស់​ ហើយ​ពិត​ជា​មិន​រំពឹង​ទេ​ថាមាន​យុត្តិធម៌សម្រាប់​គ្រួសារ​ខ្ញុំ ប្តី​របស់​ខ្ញុំ»។

អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយជាមួយ VOA ខណៈកំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)
អ្នកស្រី ឡុង គឹមហ៊ាង ភរិយាលោក រ៉ាត់ រត្នមុនី អ្នកបកប្រែភាពយន្តឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» និយាយជាមួយ VOA ខណៈកំពុងស្ថិតក្នុងបន្ទប់ជួលមួយក្នុងប្រទេសដែលអ្នកស្រីកំពុងភៀសខ្លួន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (កាន់ ​វិច្ឆិកា/VOA)

​ភាពយន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ជា​វីដេអូ​ឯកសាររៀប​រាប់​ពី​ម្តាយ​ម្នាក់ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​រុំព័ទ្ធ​ដោយ​បំណុល ហើយ​សុខ​ចិត្ត​លក់​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ជន​បរទេស​ដើម្បី​យក​ប្រាក់​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។

បន្ទាប់​ពី​វីដេអូ​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ រដ្ឋា​ភិបាល​កម្ពុជា​មាន​ការខឹង​សម្បារ ហើយ​បាន​ចោទ​ប្រកាន់​ថា​លោក រ៉ាត់ រត្នមុនី​ និង​ទូរទស្សន៍​រុស្ស៊ី​នោះ ​បាន​បង្កើត​សាច់​រឿង និង​បាន​សូក​លុយ​ជន​រងគ្រោះ​ក្នុង​វីដេអូ ឲ្យ​សម្តែង​ដើម្បី​បង្ខូច​កិត្តិយស​របស់​រដ្ឋាភិបាល។ យ៉ាង​ណា​ក្តី រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណាមួយ​ប្រឆាំង​នឹង​ទូរទស្សន៍​បរទេស​នោះ​ទេ ប៉ុន្តែ​បាន​ចាប់​ឃុំ​ខ្លួន​លោក រ៉ាត់ រត្នមុនី ដែល​ជា​អ្នក​បកប្រែ​តែ​ប៉ុណ្ណោះ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho)លើក​ឡើង​ថា ​ការ​សម្រេច​ទោស​លើ​លោក រ៉ាត់ រ័ត្នមុនី គឺ​មិន​សម​ហេតុ​ផលហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​នៅ​កម្ពុជា។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បញ្ជាក់​ថា៖ «ខ្ញុំគិត​ថា ​វា​មិន​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​សម្រេច​ទោស​លើ​គាត់ វា​ជារឿង​មួយ​អយុត្តិធម៌​ណាស់​សម្រាប់​គាត់​ហ្នឹង។ បញ្ហា​ទីពីរ​យើង​ដឹង​ហើយ​ថា ​ការ​សម្រេច​ក្តី​នេះ​ប៉ះពាល់​ដល់សកម្មភាព​របស់​សង្គម​ស៊ីវិល ព្រោះ​គាត់​ធ្វើ​ការពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម​ស៊ីវិល​នេះ​ដែរ ហើយ​ក្នុង​នាម​ចង់​ជួយ​ប្រយោជន៍​សង្គម»។

លោក អំ សំអាត បន្ថែមថា រដ្ឋាភិបាល​កម្ពុជា​គួរ​ព្យាយាមទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស ជា​ជាង​ចាប់​ខ្លួន​អ្នក​ផ្សាយ​វីដេអូ​បង្ហាញ​អំពី​បញ្ហា​នេះ។​

កាលពី​ឆ្នាំ​២០១៧​ លោក រ៉ាត់ រត្នមុនី​ ដែល​ជា​សកម្មជន​សិទ្ធិ​ពលករ ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​ RT ​ជួល​ឲ្យ​ជួយ​ការងារផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»។

ក្រោយ​ពី​វីដេអូ​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ​រដ្ឋា​ភិបាល​កម្ពុជា​បានចោទ​ថា​ ភាព​យន្ត​ឯកសារ​នោះ​គឺ​ជា​ការ​ប្រឌិត​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កម្ពុជា។ ដោយ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា លោក ​រ៉ាត់ រត្នមុនី​ និង​គ្រួសារ​ ​បាន​គេច​ទៅ​ប្រទេស​ថៃ​ ដើម្បី​ស្វែង​រក​សុំ​សិទ្ធិ​ជ្រកកោន។

លោក​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ចាប់​ខ្លួន ​និង​បញ្ជូនមក​កម្ពុជា​វិញ​ កាល​ពីខែ​ធ្នូ​ ឆ្នាំ​២០១៨ ទៅ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល​កម្ពុជា។

ការ​ចាប់​ខ្លួន និង​កាត់​ទោស​លោក ​រ៉ាត់ រត្នមុនី​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស។​ ហើយ​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក៏​បាន​ទាមទារ​ឲ្យ​ដោះលែង​លោក​ដោយ​ឥត​លក្ខខណ្ឌ៕​

XS
SM
MD
LG