អ្នកបោះឆ្នោតនៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ បានចេញទៅបោះឆ្នោតជាលើកទីមួយក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ ហើយក្រុមអ្នកវិភាគនិយាយថា លទ្ធផលបោះឆ្នោតអាចមានឥទ្ធិពលលើលទ្ធិប្រជាធិបតេយ្យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
យោធានៅប្រទេសថៃបានធ្វើរដ្ឋប្រហារ កាលពីខែ ឧសភា ឆ្នាំ ២០១៤។ រដ្ឋប្រហារនោះដឹកនាំដោយមេបញ្ជាការកងទ័ពលោក Prayuth Chan-ocha និងបានផ្តួលរំលំរដ្ឋាភិបាល។ ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងរវាងលទ្ធិប្រជាធិបតេយ្យ និងរបបយោធា។
លោក Prayut បានថ្លែងថា ប្រសិនបើលោកឈ្នះឆ្នោត គឺក្រុមអ្នកបោះឆ្នោតនឹងប្រែក្លាយពីការគ្រប់គ្រងប្រទេសរបស់លោក ដោយសាររដ្ឋប្រហារទៅជាលទ្ធិប្រជាធិបតេយ្យ។
ប្រទេសថៃ គឺជាសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្លុកពាណិជ្ជកម្មនេះ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការបោះឆ្នោតនេះ បើទោះបីជាសមាគមន៍នេះមានគោលនយោបាយមិនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកណាផ្សេងទៀត និងកម្រធ្វើអាត្ថាធិប្បាយអំពីកិច្ចការផ្ទៃក្នុងទៅវិញទៅមកក៏ដោយ។
សារព័ត៌មាន The ASEAN Post បានគូសបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងសេរីភាពនៃសារព័ត៌មានបានធ្លាក់ចុះ ចាប់តាំងពីរដ្ឋប្រហារយោធាកាន់អំណាចកាលពីឆ្នាំ ២០១៤ មក ដែលជាការកាន់អំណាចដោយរបបយោធាយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសថៃ។
សារព័ត៌មាននេះបានបញ្ជាក់នៅក្នុងបទវិចារណកថា នាពេលថ្មីៗនេះថា «ក្រុមសកម្មជននិងក្រុមប្រឆាំងរាប់រយនាក់ ដែលបានបញ្ចេញមតិរបស់ពួកគេដោយសន្តិវិធី ត្រូវបានចោទប្រកាន់ថា បានគំរាមកំហែងដល់សន្តិសុខជាតិ និងបានប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជាការបះបោរ ប្រព្រឹត្តបទឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ និងប្រមាថព្រះមហាក្សត្រថៃជាដើម។
ការធ្វើរដ្ឋប្រហារលើកនេះ គឺជារដ្ឋប្រហារទី១៣ ចាប់តាំងពីឆ្នាំ ១៩៣២ មក ដែលបានបណ្តេញអតីតនាយករដ្ឋមន្រី្តលោកស្រី Yingluck Shinawatra និងបានធ្វើឲ្យមានការរិះគន់ពីសំណាក់អន្តរជាតិ។
ពួកយោធាសង្ឃឹមថា ការបោះឆ្នោតមិនទាន់ចេញជាលទ្ធផលនេះ នឹងជួយលុបបំបាត់ការរិះគន់នានា។ ការបោះឆ្នោតនៅប្រទេសថៃមានទម្រង់ដូចការបោះឆ្នោតកាលពី ២០១៥ នៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាង ដែលក្តីសង្ឃឹមនៃសេរីភាពតាមបែបលទ្ធិប្រជាធិបតេយ្ យត្រូវបានគ្របដណ្តប់ដោយរបបយោធាដែលបានរក្សាឥទ្ធិពលលើរដ្ឋបាលស៊ីវិល តាមរយៈការកំណត់យកអាសនៈនៅក្នុងរដ្ឋសភាឲ្យយោធា។
មានរឿងរ៉ាវជាច្រើនបានកើតឡើងនៅប្រទេសនានាជាប់ព្រំដែនភាគខាងកើតប្រទេសថៃ។
ប្រទេសកម្ពុជាបានផ្លាស់ប្តូរទៅជារដ្ឋឯកបក្សកាលពីឆ្នាំមុន បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងការបោះឆ្នោត បណ្តាញផ្សព្វផ្សាយត្រូវបានបិទ ហើយពួកអ្នកនយោបាយប្រឆាំងត្រូវបានជាប់ឃុំ។ រឿងរ៉ាវទាំងអស់នេះបានធ្វើឲ្យសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូណេស៊ីក៏នឹងរៀបចំការបោះឆ្នោតនៅខែ មេសា នេះ នៅស្របពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី នឹងត្រូវរៀបចំឡើងនៅប្រទេសហ្វីលីពីន នៅខែក្រោយនេះ ដែលនៅទីនោះការបែងចែកអំណាចតាមបែបលទ្ធិប្រជាធិបតេយ្យ គឺតុល្យភាពអំណាចត្រូវបានធ្លាក់ចុះ ខណៈរដ្ឋាភិបាលធ្វើសង្គ្រាមបង្ក្រាបថ្នាំញៀន។
ប្រទេសសិង្ហបុរីត្រូវបានគ្រប់គ្រងដោយគណបក្សតែមួយ ចាប់តាំងពីទទួលបានឯករាជ្យកាលពីឆ្នាំ ១៩៦៥។
ប្រទេសកុម្មុយនិស្តវៀតណាម និងប្រទេសឡាវ បានចាប់ផ្តើមបង្ក្រាបពួកប្រឆាំង ខណៈប្រទេសប្រ៊ុយណេ ដែលកាន់សាសនាឥស្លាម បានបង្កើតច្បាប់ឥស្លាមមួយឈ្មោះថាច្បាប់ sharia។
លោក David Welsh នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលសាមគ្គីភាពនៅតំបន់អាស៊ីអាគ្នេយ៍ Southeast Asia for the Solidarity Center បានថ្លែងថា សិទ្ធិមនុស្សគឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង នៅមុនការបោះឆ្នោត ហើយថា យុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ពួកយោធាដែលលម្អៀងទៅខាងអាជីវកម្មធំៗ កំពុងធ្វើឲ្យប៉ះពាល់ដល់កម្មករ។
លោក David Welsh បាននិយាយថា៖ «យុទ្ធសាស្រ្តនេះប្រហែលជាល្អសម្រាប់អាជីវកម្មនិងពាណិជ្ជកម្ម ប៉ុន្តែមិនល្អសម្រាប់ច្បាប់ការងារនិងការការពារកម្មករទេ។ ទោះណាជាខ្ញុំពេញចិត្តចំពោះអ្វីដែលបានកើតឡើងនៅប្រទេសម៉ាឡេស៊ីក៏ដោយ ក៏យើងនៅតែរង់ចាំមើលតទៅទៀតដែរ»។
នៅប្រទេសម៉ាឡេស៊ីមានការលេចចេញលទ្ធិប្រជាធិបតេយ្យ ពីរបីចំណុចក្នុ ងចំណោមប្រទេសជាសមាជិកអាស៊ានទាំង ១០ បន្ទាប់ពីតំណាងម្ចាស់បោះឆ្នោត ដែលធុញទ្រាន់នឹងការចោទប្រកាន់អំពើពុករលួយ បានធ្វើឲ្យអ្នកស្ទង់មតិភ្ញាក់ផ្អើល និងបានបណ្តេញអតីតនាយករដ្ឋមន្រ្តីលោក Najib Razak ចេញពីតំណែង ហើយឥឡូវនេះ លោកកំពុងប្រឈមនឹងការកាត់ទោស។
ក៏ប៉ុន្តែ ពួកអ្នកសង្កេតការណ៍បាននិយាយថា ឱកាសនៃការបាត់អំណាចរបស់របបរដ្ឋប្រហារយោធាថៃ នៅក្នុងការបោះឆ្នោត ហាក់ដូចជាមិនអាចទៅរួចទេ។ តាមរដ្ឋធម្មនុញ្ញថ្មី នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃនឹងត្រូវជ្រើសរើសដោយសភាដែលមានអាសនៈចម្រុះ។
សមាជិកព្រឹទ្ធសភា ២៥០ នាក់ នឹងត្រូវតែងតាំងដោយយោធា ហើយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គណបក្សនយោបាយទាំងអស់ប្រកួតគ្នាដណ្តើមយកអាសនៈនៅក្នុងសភាតំណាងរាស្រ្តតែ ៥០០ អាសនៈតែប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញថ្មីនេះបានភាពលម្អៀងខ្លាំងទៅលើលោក Prayuth Chan-ocha អ្នកដែលដឹកនាំរដ្ឋប្រហារ ហើយលោកសង្ឃឹមថា ការដឹកនាំរបស់លោកនឹងក្លាយជាស្របច្បាប់ តាមរយៈការឈរឈ្មោះធ្វើជានាយករដ្ឋមន្រ្តី។
សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងការដឹកនាំរបស់លោក ដោយបានលើកឡើងអំពីការបង្ក្រាបលើសេរីភាពនៃការបញ្ចេញមតិ ខណៈបណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតសេរី បានព្រមានអំពីភាពមិនប្រក្រតីនៅមុនការបោះឆ្នោត។
ភាពមិនប្រក្រតីនេះក៏ត្រូវបានគូរបញ្ជាក់ដោយអ្នកស្រី Laddawan Tantiyitayapitak អនុប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនៅប្រទេសថៃផងដែរ។ អ្នកស្រីបាននិយាយថា ការទិញសន្លឹកឆ្នោតនៅតាមបណ្តាខេត្តក្រីក្រ បានបង្កជាបញ្ហា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្តែកន្លងមក គណៈកម្មការបោះឆ្នោតថៃបានបរាជ័យក្នុងការដោះស្រាយពាក្យបណ្តឹងទាំងនោះ។
អ្នកស្រី Laddawan បានថ្លែងបន្តថា៖ «មានការឲ្យប្រាក់ទៅអ្នកបោះឆ្នោតពី ១០០បាត ២០០បាត ៣០០បាត រហូតដល់ ៥០០បាត ហើយឥឡូវរហូតដល់ ១០០០បាត ដើម្បីឲ្យគេបោះឆ្នោតឲ្យ»។
អ្នកស្រី Laddawan និយាយទៀតថា អ្នកបោះឆ្នោតក៏ត្រូវបានរៀបចំជាក្រុមធំៗដឹកតាមរថយន្តទៅបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតនានា ដែលពួកគេត្រូវបានណែនាំឲ្យទៅបោះឆ្នោតឲ្យគណបក្សតែមួយដូចៗគ្នា បន្ទាប់មកគណបក្សនយោបាយបានរៀបចំធ្វើពីធីជប់លៀងឲ្យពួកអ្នកបោះឆ្នោតទាំងនោះ។
អ្នកស្រី Laddawan ថា៖ «ពួកអ្នកនយោបាយមិនបានដឹងថា អ្វីដែលពួកគេកំពុងធ្វើនេះ គឺជាទង្វើរខុសច្បាប់ទេ។ ប៉ុន្តែសព្វថ្ងៃនេះ ប្រជាពលរដ្ឋមានការយល់ដឹងថាការទិញសន្លឹកឆ្នោតមិនសុទ្ធតែប៉ះពាល់ដល់លទ្ធផលបោះឆ្នោតទាំងអស់ទេ»។
អ្នកស្រី Laddawan មិនបានប្រាប់ឈ្មោះគណបក្សនយោបាយ ដែលអ្នកស្រីបាននិយាយថា បានផ្តល់ប្រាក់ប្តូរនឹងសន្លឹកឆ្នោតទេ ប៉ុន្តែអ្នកស្រីបានបន្ថែមថា មានគណបក្សច្រើនបានធ្វើដូចនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំដល់ពលរដ្ឋអាមេរិកាំង ដោយព្រមានអ្នកធ្វើដំណើរមិនឲ្យចូលទៅតំបន់ណា ដែលមានការរឹតបន្តឹងសន្តិសុខ និងមានវត្តមានយោធានៅទូទាំងប្រទេស ជាពិសេសគឺមិនឲ្យទៅជិតមណ្ឌលបោះឆ្នោតនានា។
សហរដ្ឋអាមេរិកកំពុងណែនាំឲ្យប្រជាពលរដ្ឋរបស់ខ្លួនគោរពច្បាប់ប្រទេសថៃ ដែលហាមឃាត់មិនឲ្យរិះគន់ព្រះមហាក្សត្រ និងជៀសវាងកុំចូលទៅកន្លែងណាដែលមានការជួបជុំពាក់ព័ន្ធនឹងរឿងនយោបាយ និងតាមដានបណ្តាញផ្សព្វផ្សាយថៃ និងអន្តរជាតិទាំងនៅមុន អំឡុងពេល និងក្រោយការបោះឆ្នោត៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា