ប្រទេសនីហ្សេរីយ៉ាបានងើបឡើងពីដំណេកដើម្បីទទួលប្រធានាធិបតីជាប់ឆ្នោតថ្មីកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ គឺលោក Muhammadu Buhari។ ក៏ប៉ុន្តែ ប្រជាលរដ្ឋនិយាយថា គឺលទ្ធិប្រជាធិបតេយ្យទេដែលជាអ្នកឈ្នះពិតប្រាកដនោះ នៅខណៈពេលដែលប្រទេសនេះកំពុងតែចាប់ផ្តើមការប្រគល់អំណាចដោយសន្តិវិធីជាលើកដំបូងចាប់តាំងពីការគ្រង់គ្រងដោយយោធាបានបញ្ចប់កាលពីឆ្នាំ១៩៩៩។
ការប្រារព្ធពិធីអបអរបានកើតមានឡើងតាំងពីមុនពេលដែលលទ្ធផលចុងក្រោយត្រូវបានប្រកាស។
ល្បែងសម្រាប់គណបក្សប្រជាធិបតេយ្យប្រជាជន (PDP) ដែលបានគ្រប់គ្រងនយោបាយប្រទេសនីហ្សេរីយ៉ាតែម្នាក់ឯងអស់រយៈពេល១៦ឆ្នាំមកហើយនោះ បានចប់ជាស្ថាពរហើយ។ ប្រធានាធិបតី Goodluck Jonathan បានទទួលស្គាល់ថា លោកចាញ់ ហើយអំពាវនាវឲ្យមានសន្តិភាពនៅក្នុងប្រទេសនេះ។
លោកមានប្រសាសន៍ថា៖ «សាមគ្គីភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសជាទីស្រឡាញ់របស់យើងគឺសំខាន់ជាងអ្វីទាំង»។
លោក Buhari បានគោរពភាពជារដ្ឋបុរសនៃគូប្រកួតរបស់លោក ហើយបានអបអរដល់ពលរដ្ឋនីហ្សេរីយ៉ាទាំងអស់។ លោកបានមានប្រសាសន៍ថា ការគ្រប់គ្រងដោយឯកបក្សបានបញ្ចប់ហើយ។
លោក Buhari មានប្រសាសន៍ថា៖ «យើងបានបង្ហាញដល់ពិភពលោកថា យើងជាពលរដ្ឋដែលចាប់យកលទ្ធិប្រជាធិបតេយ្យ ហើយជាពលរដ្ឋដែលស្វែងរករដ្ឋាភិបាលមួយកើតឡើងដោយពលរដ្ឋ ដើម្បីពលរដ្ឋ និងជារបស់ពលរដ្ឋ»។
នេះជាលើកទីបួនហើយសម្រាប់អតីតមេដឹកនាំយោធាមានមន្តស្នេហ៍រូបនេះក្នុងការឈរជាបេក្ខជនប្រធានាធិបតី។
ការបោះឆ្នោតនេះត្រូវបានគេលើកសរសើរថា មានសេរីភាព និងប្រកបដោយតម្លាភាពបំផុតសម្រាប់ប្រទេសនីហ្សេរីយ៉ារហូតដល់ពេលនេះ ទោះបីជាមានការពន្យារពេលដោយមូលហេតុការរៀបចំ និងបញ្ហាបច្ចេកទេសនៅការិយាល័យបោះឆ្នោតក៏ដោយ។
គណបក្សប្រឆាំងបានរួបរួមគ្នានៅឆ្នាំ២០១៣ ដោយបង្កើតបានជាគណបក្សមួយឈ្មោះថា សមាជសម្រាប់ការរីកចម្រើនទាំងអស់គ្នា (All Progressives Congress)។ គណបក្សនេះប្តេជ្ញាថា នឹងធ្វើឲ្យមានផ្លាស់ប្តូរ នៅខណៈដែលប្រទេសនេះមានពោរពេញទៅដោយអំពើពុករលួយយ៉ាងទូលំទូលាយ មានការដាច់ភ្លើងស្ទើរតែគ្រប់ពេល និងមានសេដ្ឋកិច្ចពឹងលើប្រេងកាតដែលកំពុងតែធ្លាក់ថ្លៃ។
អ្នកគាំទ្រគណបក្សប្រឆាំង APC បានចាប់ផ្តើមប្រមូលគ្នានៅឯទីស្នាក់ការធំរបស់គណបក្សនេះនៅទីក្រុង Abuja កាលពីថ្ងៃអង្គារ ដើម្បីរង់ចាំលោក Buhari នៅខណៈពេលដែលលទ្ធផលនៃការបោះឆ្នោតត្រូវបានគេប្រកាស។
លោកស្រី Hadja Lamisila និយាយថា៖ «យើងដឹងថា គាត់នឹងផ្លាស់ប្តូរប្រទេសនេះ។ ប៉ុន្តែវាត្រូវការចំណាយពេលយូរបន្តិច ពីព្រោះប្រទេសនេះគឺស្ថិតនៅក្នុងសភាពមួយដែលដុនដាបទាំងស្រុង។ ដូច្នេះ យើងមិនត្រូវឲ្យមានការយល់ខុសដោយសារការឆ្ពិនភ្នែកថា នឹងមានអព្ភូតហេតុអស្ចារ្យកើតឡើងភ្លាមៗនោះទេ»។
នៅខណៈពេលដែលលោក Buhari ចូលកាន់តំណែង ពួកបះបោរ Boko Haram បានបង្កភាពក្តៅក្រហាយនៅឯភាគឦសាននៃប្រទេសនេះ។ វាមានភាពតានតឹងកាន់តែខ្លាំងក្នុងពេលដែលលោក Jonathan នៅគ្រប់គ្រងប្រទេស ដែលមានជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាងមួយលាននាក់បានរត់ចោលផ្ទះសម្បែង។ រដ្ឋ Borno ទទួលរងការវាយប្រហារខ្លាំងជាងគេ ហើយលទ្ធផលនៃការបោះឆ្នោតនៅក្នុងរដ្ឋនេះក៏ត្រូវបានគេប្រកាសក្រោយគេដែរ។
ជនជាតិនីហ្សេរីយ៉ាម្នាក់បានសរសេរក្នុងទ្វីតទ័រ ដោយលេងពាក្យ Born-o ថា៖ «សករាជថ្មីជិតកើតមានឡើងហើយ»។
ក្នុងការបោះឆ្នោតនេះ គណបក្ស APC បានមានប្រៀបនៅក្នុងរដ្ឋភាគខាងកើត ហើយបានជ័យជម្នះចម្បងៗនៅក្នុងរដ្ឋភាគនិរតី ដែលនេះជាការប្រែប្រួលយ៉ាងខ្លាំង ដោយហេតុថា តំបន់នេះ គណបក្សកាន់អំណាច PDP ធ្លាប់បានទទួលជ័យជម្នះកាលពីឆ្នាំ២០១១។
ក្នុងទីក្រុង Kano ដែលជាទីក្រុងធំជាងគេនៅភាគខាងជើង មានការជប់លៀងអបអរនៅរហូតដល់យប់។ ពួកគេបានហោរកញ្ជ្រៀវ នៅខណៈដែលអ្នកបើកបរឡានបានបើកវិលជុំវិញកាត់តាមផ្លូវរង្វង់មូល។ នៅទីនោះ នៅលើដងផ្លូវទាំងនោះ មានភាពសប្បាយវីវក់ក្នុងសភាពមួយហាក់ដូចជាពួកគេមានអំណាច។ មនុស្សម្នារបានច្រៀងរាំ និងលោតចុះលោតឡើង។ នៅឯទីក្រុង Abuja ពួកគេបានស្រែកពាក្យស្លោក និងច្រៀងជាភាសា Hausa ថា «លោកឪពុក លោកឪពុក»។
ក៏ប៉ុន្តែ ពួកគេក៏បាននិយាយដែរថា ពួកគេចង់ឃើញលទ្ធផល ហើយពួកគេនឹងធ្វើឲ្យលោក Buhari ដឹងថា តើលោកនឹងត្រូវធ្វើបែបណាក្នុងពេលបួនឆ្នាំនេះ ដើម្បីមានមុខនៅក្នុងការបោះឆ្នោតលើកក្រោយ៕
ប្រែសម្រួលដោយ នៀម ឆេង