ពួកយោធានីហ្សេរីយ៉ា (Nigeria) បាននិយាយថា ពួកទាហានរដ្ឋាភិបាលបានវាយយកបានក្រុង Gwoza មកវិញ ដែលជាក្រុងមួយក្នុងបណ្តាតំបន់ចុងក្រោយនៅក្នុងប៉ែកឦសាននៃប្រទេសនីហ្សេរីយ៉ា ដែលត្រូវត្រួតត្រាដោយពួកជនសកម្មប្រយុទ្ធ Boko Haram។
ពួកយោធាបាននិយាយតាមបណ្តាញ Twitter ថាពួកទាហានបានវាយយកបានក្រុងនេះនៅក្នុងរដ្ឋ Borno កាលពីព្រឹកថ្ងៃសុក្រហើយបានបំផ្លាញទីស្នាក់ការធំរបស់ពួក Boko Haram ដែលបានប្រកាសខ្លួនឯងថាជាអ្នកស្នងនៃសាសនាអ៊ីស្លាម (caliphate)។ ពួកយោធាបាននិយាយថា នឹងមានការផ្សាយសេចក្តីលម្អិតនៅពេលបន្ទាប់ទៀត។
របាយការណ៍ដែលមិនទាន់ត្រូវបានបញ្ជាក់ថាពិតឬយ៉ាងណានោះ ធ្វើទ្បើង២៤ម៉ោងនៅមុនការបោះឆ្នោតប្រធានាធិបតីនិងបោះឆ្នោតសភានៃប្រទេសនីហ្សេរីយ៉ា។
លោកប្រធានាធិបតី Goodluck Jonathan និងគណបក្ស PDP គ្រប់គ្រងប្រទេសរបស់លោក ប្រឈមមុខនឹងការប្រជែងយ៉ាងខ្លាំងពីគណបក្សប្រឆាំង APC និងបេក្ខជនប្រធានាធិបតីរបស់គណបក្សនេះ គឺលោក Muhammadu Buhari ដែលជាអតីតអ្នកគ្រប់គ្រងយោធា។ ការស្ទង់មតិបានបង្ហាញថា ការប្រកួតប្រជែងគ្នានេះមានភាពប្រកិតគ្នាណាស់៕