ក្រុមជនសកម្មប្រយុទ្ធ Boko Haram បានសម្លាប់មនុស្សយ៉ាងតិចណាស់២១នាក់នៅក្នុងការវាយប្រហារនៅជិតភូមិ Chibok នាប៉ែកខាងជើងនៃប្រទេស នីហ្សេរីយ៉ា (Nigeria) នេះបើតាមព័ត៌មានដែលមានប្រភពនៅក្នុងប្រទេសនេះដែលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាននានាកាលពីថ្ងៃសុក្រ។
គេបានរាយការណ៍ថាក្រុមឧទ្ទាមបានរត់គេចខ្លួនចេញពីការវាយលុកដោយរដ្ឋាភិបាលនៅពេលពួកគេបានធ្វើការឆ្មក់វាយប្រហារលើភូមិយ៉ាងតិចណាស់ ពីរ។
កាលពីខែមេសាមុន ភូមិ Chibok ត្រូវបានគេស្គាល់ជាសាធារណៈ នៅពេល ក្រុមយុទ្ធជន Boko Haram បានចាប់ពង្រត់នារីសិស្សសាលាជាង២០០នាក់នៅទីនោះ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមយោធារដ្ឋាភិបាលនីហ្សេរីយ៉ាបាននិយាយថាពួកគេបានធ្វើការវាយប្រហារតាមអាកាសលើមូលដ្ឋានក្រុម Boko Haram នៅក្នុងប៉ែកឦសានប្រទេសហើយបានសម្លាប់ក្រុមជនសកម្មប្រយុទ្ធ «មួយចំនួនធំ»។
សេចក្តីថ្លែងការណ៍មួយបាននិយាយថាកងទ័ពអាកាសនីហ្សេរីយ៉ាបានយកជំរុំហ្វឹកហ្វឺននិងឃ្លាំងអាវុធរបស់ក្រុម Boko Haram នៅក្នុងព្រៃ Sambisa និងក្នុងក្រុង Gwoza ដែលជាសំបុកពីររបស់ក្រុម Boko Haram ជាទីដៅនៃការវាយប្រហារនេះ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថានៅក្រោយការវាយប្រហារទាំងនេះ ក្រុមជនសកម្មប្រយុទ្ធច្រើននាក់បានរត់គេចខ្លួនចេញពីមូលដ្ឋានរបស់ពួកគេ។ គេមិនអាចបញ្ជាក់បានថាតើការអះអាងដោយក្រុមយោធានេះជាការពិតនៅទ្បើយទេ៕