ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Buhari ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នីហ្សេរីយ៉ា


អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ Muhammadu Buhari និង​គណបក្ស Alll Progressive Congress (APC) របស់​លោក​អបអរ​សាទរ​នៅ​ក្នុង​ក្រុង Kano កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

លោក Muhammadu Buhari បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា (Nigeria) ដោយ​បាន​ទទួល​ជ័យជំនះ​លើ​លោក​ប្រធានាធិបតី​កំពុង​កាន់​តំណែង​ Goodluck Jonathan ដែល​បាន​ទទួល​បាន​ស្គាល់​បរាជ័យ​ហើយ​នោះ។​

លោក Ibrahim Ahmed និង​លោក​ Peter Clottey អ្នករាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ដែល​ឋិត​នៅ​ក្នុង​ក្រុង​អាប៊ូហ្សា (Abuja) និយាយ​ថា​លោក Jonathan បាន​ហៅ​ទូរស័ព្ទ​ទៅប្រធានាធិបតី​ជាប់​ឆ្នោត​កាលពី​រសៀល​ថ្ងៃ​អង្គារ​ដើម្បី​សរសើរ​លោក​ដែល​បាន​ឈ្នះ​ឆ្នោត។​

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មិន​ទាន់​បាន​ប្រកាស​អ្នកឈ្នះ​នៅ​ទ្បើយទេ។​ ក៏​ប៉ុន្តែ​លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​នេះ​បង្ហាញ​ថា​លោក Buhari មានការ​នាំ​មុខ​ខ្លាំង។ ​ជាមួយ​នឹង​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​សឹង​តែ​ទាំង​អស់​ត្រូវ​បាន​រាប់​ហើយ​នោះ​ លោក​ Buhari បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​ភាគច្រើន​ក្នុង​រដ្ឋ​ទាំង​អស់​៣៦​នៃ​ប្រទេស​នីហ្សេរីយ៉ា​ហើយ​បាន​នាំ​មុខ​លោក​ Jonathan ជាង​២លាន​សន្លឹក​ឆ្នោត​នៅ​ទូទាំង​ប្រទេស។​

ជ័យជំនះ​លោក​ Buhari បាន​បញ្ចប់​ការ​គ្រប់គ្រង​១៦​ឆ្នាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រជារាស្ត្រ​ហៅ​កាត់​ថា​ PDP នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ហើយ​ជា​លើក​ដំបូង​ដែល​តំណែង​ប្រធានាធិបតី​បាន​ប្តូរ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​តាមរយៈ​ការ​បោះឆ្នោត។​

លោក Buhari មាន​អាយុ​៧២ឆ្នាំ​ហើយ​ធ្លាប់​ជា​អ្នក​គ្រប់គ្រង​យោធា​នៃ​ប្រទេសនីហ្សេរីយ៉ា​ចំនួន​២០ខែ​នៅ​ក្រោយ​ក្រុម​នាយ​ទាហាន​បាន​ក្តាប់​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ឆ្នាំ១៩៨៣៕

XS
SM
MD
LG