ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជាប់ឆ្នោត​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ទាំង​១៥​ចំណុច​នៃ​​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត


លោកសម រង្ស៊ី​ ប្រធាន​​គណបក្ស​​​សង្គ្រោះជាតិ​ ​និង​​លោក​​ស ខេង​ ​តំណាង​គណបក្ស​​ប្រជាជន​​កម្ពុជា​​ធ្វើ​សន្និសីទ​​កាសែត​រួមគ្នា។​​​
លោកសម រង្ស៊ី​ ប្រធាន​​គណបក្ស​​​សង្គ្រោះជាតិ​ ​និង​​លោក​​ស ខេង​ ​តំណាង​គណបក្ស​​ប្រជាជន​​កម្ពុជា​​ធ្វើ​សន្និសីទ​​កាសែត​រួមគ្នា។​​​

កាលពី​ល្ងាច​ថ្ងៃសៅរ៍នេះ ​ក្រុម​ការងារ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​គ្នា​លើ​៥​ចំណុច​ចុង​ក្រោយ​នៃ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​មាន​វិសោធន​កម្ម​ចំនួន​១៥​ចំណុច។​

ក្រុម​ការងារ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា​ ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​ដោយ​លោក​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ បាន​ព្រម​ព្រៀង​គ្នា​លើ​៥​ចំណុច​ដែល​នៅ​សល់​ចុង​ក្រោយ​នៃ​ធ្វើវិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​មាន​១៥​ចំណុច។​ ចំណុច​ព្រម​ព្រៀង​៥​ចុង​ក្រោយ​នេះ​មាន​៣​ចំណុច​ចែង​អំពី​ទោស​បញ្ញត្តិ​និង​ពីរ​ចំណុច​ចែង​អំពី​អន្តរ​បញ្ញត្តិ។​

អន្តរ​បញ្ញត្តិ​គឺ​បញ្ញត្តិ ​ឬ​ច្បាប់​សម្រាប់​ជា​ច្រក​បើក​ផ្លូវ​ច្បាប់​ក្នុង​ករណី​មាន​ឧបសគ្គ​ខាង​ផ្លូវ​ច្បាប់។​

លោក​យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​គ្រាន់​តែ​ជា​ជំហាន​ទីមួយ​ទៅ​រក​ការ​បោះ​ឆ្នោត​សេរី​ និង​យុត្តិធម៌​តែប៉ុណ្ណោះ។​

«មក​ទល់​ពេល​នេះ​យើង​បាន​សប្បាយ​ចិត្ត​ដោយ​សារ​ថា​ យើង​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​កែ​ទម្រង់​ហ្នឹង។​ ​ទោះ​ជា​ភាគី​ទាំង​សងខាង​មិន​បាន​ពេញ​ចិត្ត​១០០%​ក៏​ដោយ​ ​ ក៏​ប៉ុន្តែ​យើង​បាន​ព្រមព្រៀង​គ្នា​ជ្រើស​រើស​យក​ផ្លូវ​កណ្តាល​មួយ​ដែល​អាច​ចាត់​ទុក​ថា ​សមាស​ភាព​គ.ជ.ប.​ក្តី​ សេចក្តី​ស្នើ​ច្បាប់​ក្តី​គឺ​យើង​នឹង​អាច​កែ​លម្អ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ហ្នឹង​បាន»។​

លោក​បន្ត​ថា ​មាន​កិច្ចការ​ច្រើន​ទៀត​ត្រូវ​ធ្វើ​ ដូចជា​សមាស​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​ខេត្ត ក្រុង ​ស្រុក​ ខណ្ឌ ​និង​ឃុំ​ សង្កាត់​ត្រូវ​មាន​សមាស​ភាព​ដូច​ថ្នាក់​ជាតិ ​ដែល​មាន​សមាស​ភាព​៤​នាក់​មក​ពី​គណបក្ស​នីមួយៗ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ ​តែ​សមាស​ភាព​គណៈ​កម្មការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​នេះ​នឹង​ត្រូវ​សម្រេច​ដោយ​គណៈ​កម្មាធិការ​ជាតិ​ថ្មី​ដែល​កើត​ចេញ​ពី​វិសោធន​កម្ម​នេះ។​ លោក​បាន​បន្ត​ថា ​ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​សេរី ​និង​យុត្តិ​ទាមទារ​ការ​អនុវត្ត​ជាក់ស្តែង​ក្នុង​ការ​គោរព​ច្បាប់​ដែល​មាន​ចែង។​

«បាទ ​នេះ​ជា​ដំណាក់​កាលទី​មួយ។ ​ដំណាក់​កាលទី​ពីរ​គឺ​យើង​នៅ​រៀបចំ​សមាសភាព​គ.ជ.ប.​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ ​ថ្នាក់​ខេត្ត​ ថ្នាក់ឃុំ ​ហើយ​នឹង​ការ​ដែល​យើង​អនុវត្ត​ច្បាប់​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋសភា​ ដែល​យើង​នឹង​ត្រូវ​អនុម័ត​ឆាប់ៗ​ខាង​មុខ»។​

លោក​ប៊ិន ឈិន ​ប្រធាន​ក្រុម​ការងារ​បោះឆ្នោត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។​ លោក​ឈាង វុន ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អបអរសាទរ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ។

«អឺ ​អាហ្នឹង​គេ​ហៅ​ថា ​វប្បធម៌​សន្ទនា​នោះ​ កុំឲ្យ​តែ​ឈ្លោះ​គ្នាតាម​ចិញ្ចើម​ថ្នល់​ បាទ!»​

សូម​រំឭក​ថា​ ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា​១០​ចំណុច​កាល​ពី​ថ្ងៃ​ទី២៣​កុម្ភៈ​ ក្រោយពី​ពិភាក្សា​គ្នា​តាំងពី​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០១៤។​

លោក​គួយ ប៊ុនរឿន ​ប្រធាន​ក្រុម​ការងារ​បោះឆ្នោត ​និង​ជា​អ្នក​នាំ​ពាក្យកិ​ច្ច​ប្រជុំ​នេះ​ខាង​គណបក្ស​សង្គ្រោះជាតិ​និយាយ​ថា ប្រាំ​ចំណុច​ចុង​ក្រោយ​នេះ​មាន​ទោស​បញ្ញត្តិ​ចំនួន​៣​ចំណុច ​និង​ពីរ​ចំណុច​ជា​អន្តរ​បញ្ញតិ។​

«ទោស​បញ្ញត្តិ​ហ្នឹង​ទាក់ទង​នឹង​គណបក្ស​នយោបាយ​ធ្វើការ​ឃោសនាការ​ក្នុង​ន័យ​មួយ​បន្តុះ​បង្អាប់​ ឬមួយ​ក្នុង​ការមាន​ការ​រើសអើង​ពូជសាសន៍ ​ពូជ​អី​ហ្នឹង​ណា!​ គេ​ហាម​អាហ្នឹង! ​វា​ស្រប​ទៅ​តាម​ក្រម​ព្រហ្ម​ទណ្ឌ»។​

ទោស​បញ្ញត្តិ​៣​ចំណុច​ទាក់ទង​នឹង​ច្បាប់​ដែល​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​មាន​ជំហរ​អព្យាក្រិត្យ​មិន​លម្អៀង​ទៅខាង​គណបក្ស​ណាមួយ ​ហើយ​ត្រូវ​មាន​ក្រម​សីលធម៌ ​មិន​ជេរ​ប្រមាថ​គណបក្ស​នយោបាយ។​

«ហើយ​ចំណុច​មួយ​ទៀត​ទាក់ទង​នឹង​អង្គការ​សង្គម​ស៊ីវិល​ដែល​បរិហារ​កេរ្តិ៍​ ឬ​វាយ​តម្លៃ​ ធ្វើការ​ជេរ​ប្រមាថ​ អី​អញ្ចឹង​ទៅ​ណា! ​ ហើយ​មួយ​ទៀត​ទាក់ទង​ទៅនឹង​ឯករាជ្យ​ភាពរបស់​គាត់។ ​អញ្ចឹង​គាត់​អាច​ចូល​រួម​រិះគន់​លើ​ដំណើរ​ការ​បាន ​ប៉ុន្តែ​ហាម​កុំឲ្យ​ជេរ​ប្រមាថ​ទៅ​លើ​គណបក្ស​នយោបាយ​ ឬបេក្ខជន។ ​គេ​ហាម​អញ្ចឹង​ទេ។ ​ប៉ុន្តែ​ជា​ស្មារតី​នៃ​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ​អី ​អា​ហ្នឹង​យើង​នៅ​តែ​គោរព»។​

លោក​គុល ​បញ្ញា ​នាយក​ប្រតិបត្តិ​របស់​អង្គការ ​Comfrel​ ដែល​ធ្វើ​កិច្ចការ​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សេរី​និង​យុត្តិ​ធម៌​ថ្លែង​ថា​ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​គួរតែ​បារម្ម​អំពី​ប្រព័ន្ធ​ឃោសនាការ​ឯកជន​ដែល​គណបក្ស​នយោបាយ​ប្រើប្រាស់ ​ឬ​បម្រើ​គណបក្ស​នយោបាយ​ណាមួយ​ដើម្បី​ផល​ប្រយោជន៍​ខ្លួន ​ឬ​គណបក្ស​នោះ។​

«ប្រទេស​ប្រជា​ធិបតេយ្យ​គេ​ប្រយ័ត្ន​នឹង​ក្រុមហ៊ុន​រក​ស៊ី ​ព្រោះ​ក្រុមហ៊ុន​រកស៊ី​មិនមែន​គ្រាន់តែ​ជះ​ឥទ្ធិពល​នយោបាយ​ទេ ​គាត់​ទាញ​យក​ផល​ប្រយោជន៍​ទៀត​ ព្រោះ​គាត់​ត្រូវ​ការ​យក​ផល​ប្រយោជន៍​ យក​លុយ​មក​ចែក​គ្នា​ណា៎។​ អង្គ​ការ​សង្គម​ស៊ីវិល​អត់​មាន​ទាក់ទិន​នឹង​ផល​ប្រយោជន៍​យក​មក​ចែក​គ្នា​អី​ទេ។ ​ឧទាហរណ៍​គណបក្ស​មួយ​គាត់​បើក​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​គាត់​យក​ប្រព័ន្ធ​ហ្នឹង​ឃោសនា​ឲ្យ​គាត់។ ​មែនទែន​អ្នក​រក​ស៊ីវិញ​ទេ​ដែល​គេ​ត្រូវ​ប្រុង​ប្រយ័ត្ន»។​

លោក​បន្ថែម​ថា ​ក្រុម​ការងារ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​នេះ​មិន​គួរ​បារម្ភ​អំពី​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​រកម្រៃ​ មិន​រក​ប្រាក់​ចំណេញ ​ដូច​ក្រុម​ហ៊ុន​នោះ​ទេ។​ ​លោក​បន្តថា ​សង្គម​ស៊ីវិល​ធ្វើ​ការ​ងារ​បោះឆ្នោត​មាន​ក្រម​សីលធម៌​ជាមួយ​គ.ជ.ប.​គឺ​អព្យាក្រិត្យ​ ឥត​លម្អៀង៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG