ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម រង្ស៊ី៖ ការគាប​សង្កត់​នយោបាយ​ពេល​ចរចា មិន​ធ្វើ​ឲ្យ​លោក​ប្តូរ​ជំហរ​ទេ


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ពេល​ដែល​លោក​បាន​ចូលរួម​ជា​វាគ្មិន ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ពេល​ដែល​លោក​បាន​ចូលរួម​ជា​វាគ្មិន ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០១៥។

មេដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​ សម រង្ស៊ី​បានថ្លែង​ថា ទោះជា​មាន​ការ​គាប សង្គត់​ក្នុង​ពេល​ចរចា​អំពី​រឿង​កែទម្រង់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មែន តែ​លោក នឹង​មិន​តក់ស្លុត​ទេ។ លោក សម រង្ស៊ី​ថ្លែង​យ៉ាងដូច្នេះ​ក្នុងពេល​លោក​អញ្ជើញ ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​យប់​ថ្ងៃព្រហស្បតិ៍។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

«អំពី​ការគាប​សង្កត់​គេ​មាន​បំណង​គាបសង្កត់​យើង​មែន តែ​យើង​អត់​តក់​ស្លុត​ទេ។ យើង​នៅតែ​រក្សា​គោលដៅ​របស់​យើង​ដដែល។ អ្វី​ដែល​យើង​ចង់​បាន គោល​ការណ៍​ដែល​យើង​ការពារ គឺ​យើង​នៅ​តែ​រក្សា​ដដែល»។

មន្ត្រី​របស់​លោក និង​ក្រុម​អ្នកគាំទ្រ​លោក​សកម្មជន​ដីធ្លី ចំនួន​១៩នាក់ រួមទាំង​ ព្រះសង្ឃ​បី​អង្គ​ផង ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា ហើយ តំណាង​រាស្ត្រ​៧នាក់​របស់​លោក​រងការ​គំរាម​កំហែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា​នឹង​មិន​រួច​ខ្លួន​ពី​តុលាការ​ទេ ពាក់ព័ន្ធ​នឹង​បាតុកម្ម​កាលពី​ដើមឆ្នាំ​នោះ។

តែលោក​ សម រង្ស៊ី និង​លោក កឹម សុខា ដែល​បាន​ទៅសួរ​សុខទុក្ខ​ក្រុម​អ្នក​ជាប់​ឃុំឃាំង​នៅ​គុក​ព្រៃស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ទទួល​ការ​លើក​ទឹក​ចិត្តពី​ក្រុមអ្នក​ជាប់ឃុំ​ទាំង​នោះ។

«យើង​បាន​ជួប​ពួកគាត់​នៅ​ក្នុង​គុក ហើយ​ពួកគាត់​បាន​ផ្តាំ​ផ្ញើរ​មក​យើង​វិញ​ថា​កុំ ឲ្យ​រវល់​ជាមួយ​ពួកគាត់។ ពួកគាត់​អត់ធ្មត់ ពួកគាត់​ទោះជា​លំបាក​យ៉ាងណា​ប៉ុន្តែ ពួកគាត់​យល់​ឃើញ​ថា​អ្វី​ដែល​សំខាន់​គឺ​បញ្ហា​ជាតិ។ គាត់​បាន​ផ្តាំ​ផ្ញើ​ឲ្យ​យើង ឲ្យ លោក កឹម សុខា ហើយ​នឹង​ខ្ញុំ សម រង្ស៊ី ឲ្យ​តស៊ូ ឲ្យ​ទាមទារ​ឲ្យ​បាន​អ្វី​ដែល​យើង កំពុងតែ​ទាមទារ មាន​គ.ជ.ប ឯករាជ្យ ឲ្យ​រក្សា​ជំហរ​យើង​ឲ្យ​រឹងមាំ។ នេះ​ហើយ​ជា ស្មារតី​នៃ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ»។

គណបក្ស​ទាំងពីរ​កំពុង​ចរចា​គ្នា​ដើម្បី​បញ្ចប់​យន្តការ​កំណែ​ទម្រង់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ គឺ​ទាំង​ច្បាប់​បោះឆ្នោត​និង​ការជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​បាន​ចប់​នៅខែ​ចុង​ខែកុម្ភៈ ខាង​មុខ​នេះ។

ក្រុមមន្ត្រី​សង្គម​ស៊ីវិល​មាន​ក្តីបារម្ភ​ខ្លាច​ថា​កិច្ចព្រម​ព្រៀង​ជាច្រើន​គ្មាន​ប្រសិទ្ធិភាព​ដោយសារ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​ប្រកាន់​តឹងរឹង​ក្នុង​នាម​ជា គណបក្ស​មាន​ប្រៀប​នយោបាយ​នោះ ធ្លាប់​គំរាម​ជា​មុន​ថា បើគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប) មិន​អាច​កើតឡើង​ទេ នឹង​ប្រើ គ.ជ.ប ចាស់។

តែ​មេដឹកនាំ​គណបក្ស​ជំទាស់​ថា លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ជាង​មុន៕

XS
SM
MD
LG