ជំនួបលើកដំបូងរវាងថ្នាក់ដឹកនាំតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះ ជាតិនៅថ្ងៃព្រហស្បតិ៍នេះមិនទទួលបានលទ្ធផលទេហើយក៏គ្មានរបៀបវារៈណាមួយត្រូវបានកំណត់ទេក្នុងរយៈពេលនៃការជួបគ្នាប្រមាណជិតមួយម៉ោងតែប៉ុណ្ណោះ។
ភាគីម្ខាងៗមានគ្នាចំនួន៣នាក់ គឺ ខាងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ស ខេង ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ លោក គាត ឈុន និង លោកស្រី ម៉ែន សំអន អនុប្រធាន។ ចំណែកខាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ លោក កឹម សុខា អនុប្រធាននិងលោក យឹម សុវណ្ណ។
ក្រោយពីជំនួបរយៈពេលខ្លី លោក ស ខេង ប្រធានថ្នាក់ដឹកនាំអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ក្នុងសន្និសីទកាសែតថាជំនួបគ្នាលើកនេះមិនទាន់កំណត់របៀបវារៈទេគឺយើងខិតខំអនុវត្តនូវកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ និង កិច្ចព្រមព្រៀងដទៃទៀតដែលមានជាបន្តបន្ទាប់។
លោកនិយាយថា៖ «ការជួបគ្នាលើកទីមួយនេះគឺយើងមិនទាន់បានដាក់ជារបៀបវារៈជាក់លក្ខណ៍ទេ ហើយសំខាន់នោះគឺថាការជួបគ្នាដើម្បីយើងពិភាក្សាគ្នាទៅលើរបៀបដែលយើងនឹងត្រូវធ្វើការនៅពេលខាងមុខនេះ»។
លោក សម រង្ស៊ី ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រខាងគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាជំនួបនេះបង្ហាញឱ្យឃើញថានេះជាទម្លាប់មួយដែលយើងកំពុងតែកសាងក្នុងការលើកកម្ពស់វប្បធម៌សន្ទនាដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។
លោកនិយាយថា៖ «ខ្ញុំជឿថានេះជាទម្លាប់ថ្មីដែលយើងកំពុងបង្កើត កំពុងតែកសាងដែលឆ្លុះបញ្ចាំងផង លើកកម្ពស់វប្បធម៌សន្ទនាពីព្រោះវប្បធម៌សន្ទនាគឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ។ ទាល់តែមានវប្បធម៌សន្ទនាបានលទ្ធិប្រជាធិបតេយ្យអាចលូតលាស់ អាចរឹងមាំ អាចរស់រវើក»។
ជំនួបរវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សគូជម្លោះទាំងពីរបានកើតមានឡើងក្រោយពីលោកហេង សំរិន ប្រធានរដ្ឋសភា បានតែងតាំងកាលពីសប្តាហ៍មុននូវថ្នាក់ដឹកនាំកំពូលដែលមានសមាសភាពម្ខាងៗចំនួន៣នាក់សម្រាប់ជួបពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាភាពជាប់គាំងនយោបាយក្នុងប្រទេសកម្ពុជា។
ក្រោយពីកិច្ចប្រជុំរយៈពេលជិតមួយម៉ោងមេដឹកនាំគណបក្សទាំងពីរមិនទាន់បានកំណត់របៀបវារៈនិងការកំណត់ជួបគ្នាលើកក្រោយនៅពេលណាទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយឈ្មោះខុមហ្រ្វែលមានប្រសាសន៍ថាបើទោះបីជាជំនួបមិនបានលទ្ធផលក៏ដោយក៏នេះបង្ហាញថាគណបក្សទាំងពីរបានបង្កើតនូវវប្បធម៌ការអត់អោនឱ្យគ្នា ដែលមានសារៈសំខាន់សម្រាប់ប្រយោជន៍ដល់ប្រទេសជាតិ។
លោកមានប្រសាសន៍ថាគណបក្សទាំងពីរគួរតែកំណត់ពេលឱ្យបានច្បាស់ថាតើគួរជួបគ្នាមួយសប្តាហ៍ ឬ ក៏មួយខែម្តង។
លោកនិយាយថា៖ «ការសន្ទនាគួរតែមានពេលវេលាឱ្យច្បាស់លាស់ហើយមានកំណត់ហេតុអញ្ចឹងទៅ។ កត់ត្រាតាមមើលការសម្រេច ការជជែកគ្នាការផ្តល់សិទ្ធិដំណោះស្រាយណាមួយសម្រាប់ប្រទេសជាតិ»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤បានព្រមព្រៀងគ្នាថានិងបញ្ចប់វិបត្តិនយោបាយនិងសន្យាថាបង្កើតស្ថាប័នគជបថ្មីដោយឯករាជ្យនិងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់។
ជាថ្នូរនឹងកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដានេះគណបក្សសង្គ្រោះជាតិបានសុខចិត្តចូលរួមប្រជុំសភាដើម្បីបំពេញភាពស្របច្បាប់ដល់រដ្ឋាភិបាលអណត្តិទី៥នេះ។ ក៏ប៉ុន្តែក្រោយពីបានស្បថចូលកាន់មុខតំណែងមិនបាន៥ខែផងសង្គ្រាមពាក្យសម្តីគ្នាបានកើតឡើងសារជាថ្មី។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានថានឹងបញ្ចប់រាល់ជំនួបថ្នាក់កំពូលទាំងអស់រវាងគណបក្សទាំងពីរដើម្បីជាការឆ្លើយតបនឹងការរិះគន់ពីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានរិះគន់ឥតសំចៃទៅលើរបបគ្រប់គ្រងរយៈពេល៣០ឆ្នាំដោយគណបក្សប្រជាជនកម្ពុជា៕